ស្វែងយល់ពីសម័យបុរេប្រវត្តិប្រទេសចិន
សម័យបុរេប្រវត្តិ យោងតាមអាយុកាលប្រហែល ១ ៧០០ ០០០ឆ្នាំកន្លងមកហើយ ទើបរាជវង្ស ស៊ា បានចាប់កំណើតនៅរវាងសតវត្សរ៍ទី២១ មុន គ.ស.។ នៅអំឡុងរជ្ជកាលនេះ មហាវប្បធម៌ និងការរីកលូតលាស់ បានបន្តស្នាដៃពីសម័យបុរេប្រវត្តិរបស់ប្រជាជាតិចិន។ អាយុកាលនៃបុរេប្រវត្តិ គេអាចហៅម្យ៉ាងទៀតថា យុគសិលា ដោយសារតែប្រជាជនរស់នៅសម័យនោះបានអភិវឌ្ឍជីវភាពរស់នៅរបស់គេដោយប្រើឧបករណ៍ធ្វើអំពីថ្ម។
យោងតាមប្រដាប់ប្រដាផ្សេងៗដែលមនុស្សសម័យនោះបានប្រើប្រាស់បន្តបន្ទាប់មក ជំនាន់នោះត្រូវបែងចែកជាពីរសម័យកាល៖ យុគថ្មបំបែក (Paleolithic Age) និងយុគថ្មរំលីង (Neolithic Age)។ ជាមួយនឹងការរីកចម្រើននៅយុគថ្មបំបែក និងយុគថ្មរំលីង មហាវប្បធម៌ និងភាពរីកលូតលាស់ បានកកើតនៅក្នុងសម័យកាលទាំងពីរនេះ រួមមាន វប្បធម៌ប៉ាន់ផ (Banpo) និងវប្បធម៌ហ័ងទី (Huangdi) វប្បធម៌យ៉ាងសាវ (Yangsao) និងវប្បធម៌ឡុងសាន (Longshan)។ វប្បធម៌ទាំងនេះ វាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតកម្លាំងចិត្តប្រជាជនចិន។
រហូតដល់សព្វថ្ងៃនេះ ប្រជាជនចិនបានធ្វើសក្ការបូជាដល់ ហ័ងទី ហើយមានជំនឿថា ហ័ងទី គឺជាវីរបុព្វបុរសជនជាតិចិនដំបូងគេបង្អស់។ ក្រៅពី ហ័ងទី នៅមានមហាបុរសដទៃទៀត ដែលបានបង្កើតឲ្យមានមហាវិភាគទាននៅក្នុងប្រវត្តិសាស្ត្រចិនផងដែរ។ មហាបុរស អ៊ី គឺជាតួយ៉ាងសំខាន់មួយនៅជំនាន់នោះ។ គាត់ត្រូវបានប្រជាជនទទួលស្គាល់ថាជាអ្នកគ្រប់គ្រងគ្រោះទឹកជំនន់ដ៏អង់អាចក្លាហាន។ ដោយសារមហាវិភាគទានរបស់គាត់ ប្រជាជនបានហៅគាត់ថា តាអ៊ី (Da Yu) នៅក្នុងភាសាចិន “តា” មានន័យថាធំ។ នេះគឺជាមហាវីរភាពនៃមហាបុរស ដែលបានសម្ពោធឲ្យមានមហាវប្បធម៌នៃជំនាន់បុរេប្រវត្តិនេះឡើង។
បើប្រៀបធៀបគ្នារវាងយុគថ្មបំបែក និងយុគថ្មរំលីង គឺជាយុគសម័យមានគុណសម្បត្តិច្រើនជាង។ ប្រជាជន បានចាប់ផ្តើមចេះសាងសង់ផ្ទះ និងធ្វើស្រែចំការដោយសំលៀងថ្មធ្វើជាឧបករណ៍ប្រើប្រាស់របស់ពួកគេ។ ការរីកចម្រើនយ៉ាងអស្ចារ្យ ត្រូវបានបង្កើតនៅក្នុងអំឡុងពេលនេះ មិនថាតែជំនាញក្រឡឹង និងឆ្លាក់ ឬក៏បច្ចេកទេសផលិតយានជំនិះ និងឧបករណ៍តន្ត្រីនោះទេ។ វប្បធម៌ដ៏ល្បីល្បាញ គឺយ៉ាងសាវ និងឡុងសាន ក៏ឋិតនៅក្នុងសម័យនេះដែរ។ ជីវភាពរស់នៅក្នុងបុរេប្រវត្តិ មានភាពលំបាក និងពោរពេញទៅដោយការប្រណាំងប្រជែង។ ប្រជាជនរស់នៅប្រមូលផ្តុំគ្នា ដើម្បីប្រឆាំងទប់ទល់នឹងលក្ខខណ្ឌធម្មជាតិដ៏គួរឲ្យភ័យខ្លាច និងគ្រោះធម្មជាតិគ្រប់ប្រភេទ។
ប្រមុខអ្នកដឹកនាំ ត្រូវបានជ្រើសរើសយោងទៅតាមសមត្ថភាពតែមួយគត់នៅក្នុងប្រព័ន្ធដែលគេហៅថា “ប្រព័ន្ធដាក់រាជ្យឲ្យអ្នកឈ្នះ”។ មានប្រមុខដឹកនាំសំខាន់បីរូបនៅក្នុងសម័យនោះ ដែលរួមមាន ស៊ុន យ៉ាវ និង អ៊ី។
- ទី១ ស៊ុន ត្រូវបានគេទទួលស្គាល់ថាជាប្រមុខដឹកនាំដំបូងគេបំផុតនៅក្នុងសម័យនោះ។
- បន្ទាប់មក ទី២ យ៉ាវ គឺជាជនដែលមានជ័យជម្នះបន្តតំណែងពីនោះ។
- ក្រោយមកទៀត ទី៣ អ៊ី បានក្លាយជាប្រមុខដឹកនាំវិញម្តង ដោយសារគាត់បានបរិច្ចាគនូវកម្លាំងកាយចិត្ត ដើម្បីគ្រប់គ្រងគ្រោះទឹកជំនន់។
ប្រព័ន្ធគ្រប់គ្រងរបៀបនេះ បានបន្តរហូតដល់ឆ្នាំ២០៧០ មុន គ.ស. នៅពេលដែល ប៉យី ត្រូវបានបន្តតំណែងពី អ៊ី។ កូនរបស់ អ៊ី បានសម្លាប់ ប៉យី ចោល ហើយប្រកាសខ្លួនឯងធ្វើជាស្តេច។ ទោះបីប្រព័ន្ធផ្ទេររាជ្យសម្បត្តិទៅអ្នកផ្សេងបានបញ្ចប់ក៏ដោយ។ រាជវង្សដំបូងគេបំផុត គឺសន្តតិវង្សស៊ា (Xia) ជារាជវង្សដំបូងគេ ដែលបានបន្តការគ្រប់គ្រងប្រទេសនៅក្នុងប្រវត្តិសាស្ត្រចិនចាប់ពីពេលនេះតទៅ។
និយាយអំពីការចម្រើនជឿនលឿននៅក្នុងសម័យបុរេប្រវត្តិ មានរឿងទេវកថា និងរឿងនិទាន មានតួនាទីសំខាន់សម្រាប់ឆ្លុះបញ្ចាំងពីការរីកចម្រើននាសម័យកាលនោះ។ រឿងនិទានដែលទទួលបានការគាំទ្រ និងល្បីជាងគេ មានចំណងជើងថា “ការកកើតនៃពិភពលោក” និពន្ធដោយផាន់គូ រឿង “ការកកើតនៃមនុស្សជាតិ” និពន្ធដោយនីវ៉ា និងរឿងនិទាន “តាអ៊ី គ្រប់គ្រងគ្រោះទឹកជំនន់” ។ល។
អត្ថបទទាក់ទង់
ឥទ្ធិពលពលនៃកំណែទម្រង់នយោបាយរបស់ ស្សាង យ៉ាង (Shang Yang) នាសម័យបុរាណចិន “ចក្រភពឈីង”