ប្រវត្តិនៃការបង្កើតជណ្តើរយោង

ក្នុងអំឡុងឆ្នាំ១៨៥៧ ជណ្តើរយន្ត គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរជាងមធ្យោបាយធ្វើដំណើរ។ ពិភពលោកនៅពេលនោះ មិនទាន់មានអគារខ្ពស់នៅឡើយ ហើយជាន់ក្រោម គឺជាជាន់ដែលគួរឱ្យចង់បានបំផុត ព្រោះវាមិនតម្រូវឱ្យមនុស្សឡើងជណ្តើរច្រើនជាន់ទេ។ ជាន់កាន់តែខ្ពស់ ថ្លៃជួលកាន់តែទាប។

ដោយសារតែការរីកចម្រើនរបស់បច្ចេកវិទ្យានិងសេដ្ឋកិច្ច​ ប្រទេសជាច្រើននៅជុំវិញពិភពលោក បាននិងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ហើយជាមួយគ្នានេះ អគារខ្ពស់ៗកប់ពពក ក៏ត្រូវបានសាងសង់ផងដែរ។ វត្តមានរបស់អគារខ្ពស់ៗទាំងនោះ ត្រូវការចាំបាច់នូវជណ្តើរយោង ដើម្បីធ្វើជាដំណោះស្រាយក្នុងការដឹកជញ្ជូនអ្នកដំណើរពីជាន់មួយទៅជាន់មួយទៀតនៅក្នុងអគារ។ ខាងក្រោមនេះ​ យើងនឹងឈ្វេងយល់អំពីប្រវត្តិនៃការបង្កើតជណ្តើរយោង ដែលយើងកំពុងប្រើសព្វថ្ងៃ។

គំនិតនៃការបង្កើតជណ្តើរយោង ត្រូវបានចាប់ផ្តើមដោយការប្រើខ្សែដើម្បីយោងវត្ថុមួយពីទីទាបទៅទីខ្ពស់។ នៅឆ្នាំ២៣៦មុនគ្រិស្តសករាជ គណិតវិទូ និងរូបវិទូជនជាតិក្រិកឈ្មោះ អាឈីមីដេស (Archimedes) បានបង្កើតប្រព័ន្ធខ្សែយោងដោយប្រើខ្សែ និងដុំរ៉ក ហើយភ្ជាប់ខ្សែជាមួយនឹងដុំកង់កមួយដែលមានដៃសម្រាប់បង្វិលទាញខ្សែ។

ក្រោយមកទៀត ជនជាតិរ៉ូម៉ាំង បានច្នៃឧបករណ៍យោងនេះ ដោយប្រើដុំទម្ងន់ធ្វើជាកម្លាំងប្រឈម (counterweight) ដើម្បីទាញខ្សែ។ លុះមកដល់ពាក់កណ្តាលសតវត្សរ៍ទី១៩ ជណ្តើរយោង ត្រូវបានកែច្នៃ និងអភិវឌ្ឍទៅជាច្រើនទម្រង់។ លោក អេលីហ្សា អូទីស (Elisha Otis) ជាជនជាតិអាម៉េរិក បានបង្កើតជណ្តើរយោងដែលដំណើរការដោយប្រើចំហាយទឹកនៅឆ្នាំ១៨៥៧ ដោយអាចប្រើបានសម្រាប់អគារកម្ពស់ ៥ជាន់  ផ្ទុកបានទម្ងន់ ៤៥០គីឡូក្រាម និងមានល្បឿនអតិបរមា ១២ម៉ែត្រ/នាទី។ នៅទ្វីបអឺរ៉ុបវិញ លោក ឡេអុន អ៊ីដូក (Leon Edoux) ដែលជាជនជាតិបារាំង បានបង្កើតជណ្តើរយោងដោយប្រើកម្លាំងទឹក ​(Hydraulic Power) ដែលមានល្បឿនអតិបរមា ១៥០ម៉ែត្រ/នាទី។ ឆ្នាំ១៨៨០ ក្រុមហ៊ុនអាល្លឺម៉ង់ឈ្មោះ Siemens បានផលិតជណ្តើរយោងដែលប្រើថាមពលអគ្គីសនី។ ត្រឡប់ទៅសហរដ្ឋអាម៉េរិកវិញ នៅឆ្នាំ១៨៨៩ ​លោក ណូតុន អូទីស (Norton Otis) ដែលជាកូនប្រុសរបស់លោក អេលីហ្សា អូទីស បានបន្តបង្កើតជណ្តើរ​យោងតពីឪពុករបស់ខ្លួន ដោយបានផលិតជណ្តើរយោងដឹកមនុស្សដែលអាចផ្ទុកបានដល់ ៦៧៥គីឡូក្រាម និង ១តោន១២៥គីឡូក្រាម សម្រាប់ដឹកទំនិញ និងមានល្បឿនអតិបរមា ៣០ម៉ែត្រ/នាទី សម្រាប់ប្រើជាមួយនឹងអគារដែលមានកម្ពស់រហូតដល់ ២១ម៉ែត្រ។

អស់រយៈពេលជាងពីរសតវត្សរ៍ចុងក្រោយនេះ ជណ្តើរយោង ត្រូវបានកែសម្រួល និងអភិវឌ្ឍឱ្យកាន់តែទំនើប ដោយអាចផ្ទុកទម្ងន់កាន់តែច្រើន និងមានល្បឿនកាន់តែលឿន ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យសំណង់ខ្ពស់ៗ រួមជាមួយនឹងការបំពាក់ប្រព័ន្ធសុវត្ថិភាពកាន់តែច្រើននិងទំនើបជាងមុន។

សម្រួលពិ៖

  • History of Elevator លើគេហទំព័រ Mitsubishi Electric 
  • A short history of the elevator លើគេហទំព័រ CNN Style
  • វីដេអូ How Elevators Changed the World | Origins: The Journey of Humankind លើឆាណែលយូធូប National Geographic

អត្ថបទទាក់ទង

វិធីសាស្រ្តចំនួន ៨ ដែលអ្នកអាចធ្វើការសាកល្បងមនុស្សម្នាក់ទៅលើអត្តចរិត និងភាពស្មោះត្រង់របស់គាត់

 

Leave a Reply

Your email address will not be published.