ស្វែងយល់អំពីជីវិត និងស្នាដៃរបស់បិតារូបវិទ្យាសតវត្ស៏ទី២០ លោក អាល់បឺត អាញស្តាញ (Albert Einstein)
សម្រាប់ខាងផ្នែកវិទ្យាសាស្រ្ត អាញស្តាញ ជាអ្នកធ្វើឲ្យពិភពលោកស្គាល់ម៉ូលេគុលរបស់ទឹក ហើយនឹងអាចរកឃើញទំហំម៉ូលេគុល ជាលើកដំបូងដែលធ្វើឲ្យពិភពលោកដឹងថាពន្លឺមានគុណសម្បត្តិជាចុណ្ណភាគ ដឹងថានៅក្នុងម៉ាស់មានថាមពលមហាសាលនៅបង្កប់ ដឹងថាពន្លឺកោងបាន ថេរវេលានិងចម្ងាយផ្លូវអាចរួញឬយឺតបាន អវកាសពត់ពែនបាន ស្គាល់អន្លង់ងងឹត (Black Hole) ទំនាញ ។ល។ ទ្រឹស្តីរបស់គាត់ គឺជាគ្រឹះដ៏សំខាន់នៃតិចណូឡូជីជាច្រើនប្រភេទ ដូចជា ថ្មពិល ថាមពលពន្លឺព្រះអាទិត្យ អប្រិយថតរូប ប្រព័ន្ធ GPS ប្រព័ន្ធអគ្គិសនីអូតូម៉ាទិច ឧបករណ៍ត្រួតពិនិត្យខ្យល់ដកដង្ហើម បារ៍កូតកុំព្យូទ័រ ឌីវីឌី ទូរទស្សន៍ កែវឆ្លុះមេក្រូទស្សន៍អេឡិចត្រុង ទូរស័ព្ទដៃ ឧបករណ៍ហ្វូតូកូពី សរសៃកែវនាំពន្លឺ កាំរស្មីលេស៊ើរ៍ ថាមពលនុយក្លេអ៊ែរ វិទ្យុសកម្ម ។ល។ ចំណែកក្នុងរឿងចក្រវាឡ ធ្វើឲ្យយើងដឹងថាតារានិករបញ្ចេញពន្លឺបានដូចម្តេច ចក្រវាឡមានរូបរាង្គដូចម្តេច កើតមកពីណា ហើយនឹងសាបសូន្យទៅដូចម្តេច។ តែគួរឲ្យស្តាយដែលគាត់គិតទ្រឹស្តីកម្លាំងទំនាញឯកភាពមិនបានជោគជ័យ កុំអីយើងអាចបានឃើញឧបករណ៍បញ្ឈប់ពេលវេលា ឧបករណ៍បង្រួញចម្ងាយផ្លូវ ដាវលេស៊ើរ៍ រឺរថយន្តហោះដូចក្នុងរឿងភាពយន្តក៏ថាបាន ។ល។
ដោយតិចណូឡូជីរបស់អាញស្តាញ អាចនឹងធ្វើឲ្យបណ្ណល័យក្នុងអនាគតកាលគ្មានសៀវភៅក៏ថាបាន ព្រោះយើងអាចអង្គុយនៅក្នុងបន្ទប់តូចមួយ តែអាចចូលទៅដល់សៀវភៅទាំងអស់ក្នុងពិភពលោកបានត្រឹមមួយពព្រិចភ្នែកប៉ុណ្ណោះ។
រឿងដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រទូទាំងពិភពលោកមានការចំឡែកចិត្ត គឺបន្ទាប់ពីទាំងអស់គ្នាយល់ទ្រឹស្តីសម្ព័ន្ធភាពហើយថាវាអស្ចារ្យប៉ុណ្ណា ហេតុអ្វីទើបមិនពិចារណារង្វាន់ណូបែលផ្នែករូបវិទ្យាឲ្យអាញស្តាញម្តងទៀតជាលើកទីពីរ? ដើមឡើយគណៈកម្មការពិចារណារង្វាន់ណូបែល មិនឲ្យអាញស្តាញទទួលរង្វាន់ណូបែលសម្រាប់ទ្រឹស្តីសម្ព័ន្ធភាព ព្រោះគ្មាននរណាយល់ ទាំងដែលទ្រឹស្តីនេះជ្រាលជ្រៅអាថ៌កំបាំងជាង ទ្រឹស្តីពន្លឺជាចុណ្ណភាគ ដែលធ្វើឲ្យគាត់បានទទួលរង្វាន់ជាប្រភេទដែលនិយាយបានថាមិនអាចធៀបគ្នាបានឡើយ។ អ្នកខ្លះដល់ថ្នាក់ពោលថា គាត់សមគួរនឹងបានទទួលរង្វាន់ណូបែលយ៉ាងហោចណាស់ ៤ដង គឺទទួលពីទ្រឹស្តីសម្ព័ន្ធភាពពិសេស ១ សម្ព័ន្ធភាពទូទៅ ១ ការរកឃើញថា ពន្លឺជាចុណ្ណភាគ ១ ហើយនឹងការរកឃើញម៉ូលេគុល ១ ទៀត។ ក្រៅពីនេះគាត់ថែមទាំងបានក្រាលគ្រឹះទ្រឹស្តីខ្វនត័ម (Quantum) អធិប្បាយការបម្លាស់ទីតាមបែបប្រោណនៀន(Brownian Motion, គឺការបម្លាស់ទីបែបគ្មានរបៀបរបស់ចុណ្ណភាគតូចៗ ដូចជា ធូលីក្នុងអាកាស កេសរផ្កាលើផ្ទៃទឹក ដែលក្រោយមក អាញស្តាញ រកឃើញថាកើតមកពីម៉ូលេគុលរបស់ទឹក ឬអាកាសរត់ជល់ចុណ្ណភាគទាំងនោះ។) អធិប្បាយរបកគំហើញរបស់រូបវិទូជំនាន់ក្រោយជាច្រើនរូបផ្សេងទៀត រហូតធ្វើឲ្យរូបវិទូទាំងនោះបានទទួលរង្វាន់ណូបែល។
ពួកបស្ចឹម (Westerner) លើកតម្កើងអាញស្តាញប្រដូចសាស្តា ហើយគ្មាននរណាឥច្ឆាក្នុងភាពជោគជ័យរបស់គាត់ឡើយ ព្រោះជាជោគជ័យដែលបានមកពីសមត្ថភាពហួសវិស័យមនុស្សធម្មតា។ លើសពីនេះគាត់មិនឈ្លក់វង្វេងជាមួយនឹងកិត្តិយសកេរ្តិ៍ឈ្មោះដែលបានមក។ អាញស្តាញ នៅតែជាមនុស្សចាស់សក់បាស់ជ្រោង ដើរដី ចូលចិត្តអង្គុយគិតអ្វីម្នាក់ឯង សុភាព ដាក់ខ្លួន អាចលេងជាមួយក្មេងៗបានវាល់ល្ងាច។ កំឡុងពេលធ្វើដំណើរពីសកលវិទ្យាល័យត្រឡប់ទៅផ្ទះ គេឃើញគាត់ឈៀងចូលរាក់ទាក់ក្មេងៗ ជួយក្មេងជួសជុលរបស់លេង ឬទោចក្រយានជាប្រចាំ បើថ្ងៃណាបានឮសម្លេងក្មេងយំ គាត់ដើររកទាល់តែឃើញហើយចូលទៅលួងលោម។ មានគ្រាមួយ នោះ គាត់ឃើញក្មេងស្រីដែលជាកូនភ្នាក់ងារធ្វើការនៅសកលវិទ្យាល័យកំពុងអង្គុយយំ ហើយក៏សាកសួរ ទើបដឹងរឿងថា យំព្រោះមិនយល់វិជ្ជាគណិតសាស្ត្រ អាញស្តាញប្រាប់ថា គាត់ក៏មិនសូវយល់រឿងលេខដូចគ្នា តែជួនកាលបើយើងជួយគ្នាគិត អ្វីៗអាចនឹងល្អប្រសើរឡើងក៏ថាបាន ហើយគាត់ប្រើពេលរសៀលថ្ងៃនោះជួយអធិប្បាយគណិតសាស្រ្តទាល់តែក្មេងស្រីនោះយល់បាន។
អាញស្តាញ ជាមនុស្សមានពាក្យកំប្លែងជ្រៅៗ ហើយព្យាយាមតបសំបុត្រគ្រប់ច្បាប់ដែលសរសេរទៅរកគាត់ អ្នកខ្លះសតិអណ្តែតអណ្តូងគិតវត្ថុប្រឌិតក្រៅលោកបញ្ជូនមកឲ្យ ដែលមនុស្សទូទៅអានរួចនៅចង់សើច តែគាត់អានយ៉ាងយកចិត្តទុកដាក់ហើយសរសេរសំបុត្រតបត្រឡប់ទៅវិញថា “ជួយសិក្សាមូលដ្ឋានរូបវិទ្យាឲ្យបានច្បាស់ជាងនេះបន្តិច ព្រោះយើងកំពុងនៅលើលោកមួយនេះ” ចំណែកទ្រឹស្តីរូបវិទ្យាដែលលំបាកៗ ឬនិក្ខេបទថ្នាក់បណ្ឌិតដែលគណៈកម្មការអានហើយមិនយល់ ក៏តែងបញ្ជូនទៅឲ្យគាត់វិភាគ ទើបគាត់មានចំណែកជួយធ្វើឲ្យអ្នកវិទ្យាសាស្ត្រជាច្រើននាក់បានទទួលរង្វាន់ណូបែល ព្រោះរបកគំហើញទាំងអស់នេះ។
បើគ្មានអាញស្តាញកើតមក ម៉្លេះពិភពលោកនឹងឈប់ទ្រឹងត្រឹមតិចណូឡូជីញូវតុនតទៅទៀតមិនដឹងប៉ុន្មានឆ្នាំ ដូចគ្នានឹងយុគក្រិច យុគបុរាណលោកសម័យនោះក៏មានត្រឹមទ្រឹស្តីអាគិមីដេស (Archimedes, គឺជាអ្នកគណិតវិទូ តារាវិទូ ទស្សនវិទូ រូបវិទូ ហើយនឹងជាវិស្វករជនជាតិក្រិច អ្នកក្រាលគ្រឹះទ្រឹស្តីកម្លាំងគម្នាស់ (Law of the Lever) គុណសម្បតិ្តវត្ថុរាវ កែវរួមពន្លឺ ។ល។ របកគំហើញរបស់គាត់មានឥទ្ធិពលចំពោះពិភពលោកតាំងពីកំឡុងពេលមុនគ្រឹស្តរាជរហូតដល់សតវត្សទី១៧។) អារីស្តូត មិនបានធ្វើឲ្យកើតបម្លាស់ប្តូរផ្នែកខាងតិចណូឡូជីអ្វីឡើយ។ របកគំហើញរបស់ញូវតុនជារឿងអស្ចារ្យបំផុតរបស់លោកយុគថ្មី រហូតមានអ្នកខ្លះលើកតម្កើងគាត់ថាជាបុគ្គលដែលព្រះអាទិទេពបញ្ជូនមកកើត ដើម្បីបើកអាថ៌កំបាំងរបស់ព្រះអង្គ គ្មាននរណាគិតស្មានដល់ថា បន្ទាប់ពីនោះព្រះអាទិទេពនឹងបញ្ជូនអភិមហាអច្ឆរិយៈម្នាក់ទៀតមកកើតផង ដែលអាចបើកបង្ហាញអាថ៌កំបាំងរបស់អាទិទេពបានជ្រាលជ្រៅជាងមុនទៅទៀត ហើយមនុស្សម្នាក់នោះ គឺ អាល់បឺត អាញស្តាញ។
ដើមឡើយអ្នកវិទ្យាសាស្ត្រគិតថា តិចណូឡូជីយុគញូវតុនប្រហែលជាកំពូលនៃរបកគំហើញហើយ រូបវិទ្យាដល់ផ្លូវទ័លហើយ តែលុះពេល វ៉ុលតា (Alessandro Volta, បុគ្គលដែលនាំយកចរន្តអគ្គិសនីមកបម្រើប្រយោជន៍រហូតបានទទួលការលើកតម្កើងឲ្យហៅ ប៉ូតង់ស្យែលចរន្តអគ្គិសនី ថា “វ៉ុល” តាមឈ្មោះរបស់គាត់) រកឃើញថ្មពិលកំណើតចរន្តអគ្គិសនី តិចណូឡូជី ក៏លោតផ្លោះពីយុគគ្រឿងចក្រ ច្រវ៉ាក់ ហើយនឹងស្ពឺ មកកាន់យុគអគ្គិសនី។ របស់លេង នាឡិកា ប្តូរពីមួលឡានមកដាក់ថ្មវិញ គ្រឿងអង្គុលីលេខប្តូរពីការប្រើកម្លាំងផ្ទប់នៃលោហៈទៅលើក្រណាត់ទឹកមឹកមកជាគ្រឿងអង្គុលីលេខអគ្គិសនីជំនួសវិញ។ តែនៅទីបំផុត បច្ចុប្បន្ននេះគ្រឿងអង្គុលីលេខអគ្គិសនីក៏បានហួសសម័យទៅហើយដែរ ព្រោះគ្រឿងអង្គុលីលេខកុំព្យូទ័រដែលផលិតចេញពីមូលដ្ឋានទ្រឹស្តីអាញស្តាញប្រើការបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ជាង។ នៅពេលអនាគតបើមានទ្រឹស្តីថ្មីកើតឡើងមកទៀត ម៉ាស៊ីនថតរូបឌីជីថលដែលនាំគ្នាគិតថាទាន់សម័យហើយក្នុងពេលនេះក៏អាចនឹងហួសសម័យទៅទៀតក៏ថាបាន។
អត្ថបទទាក់ទង
លោក វីនស្តុន ឆឺចឈីល (Winston Churchill) ពន្យល់ប្រាប់អំពីរបៀបទទួលបានជោគជ័យ