៥ យ៉ាង ដែលចាស់បុរាណប្រដូចទៅនឹងមនុស្ស

មនុស្ស (មៈនុស បា. ឬ​ សំ.) ( ន. ) (មនុឞ្យ) ជន​អ្នក​ដឹង​ការ​ខុស​ត្រូវ, សត្វ​វិសេស​មួយ​ប្រភេទ​ជា​ពូជ​វង្ស​នៃ​មនុ, នរៈ ។ មនុស្ស​ជាតិ (មៈនុស-សៈជាត) ជាតិ​ជា​មនុស្ស, ពួក​មនុស្ស ។ 

ជូរបំផុតគឺពាក្យសំដី ផ្អែមបំផុតក៏ពាក្យសម្តី ក្រអូបបំផុតគឺកេរ្តិ៍ឈ្មោះ ស្អុយបំផុតក៏កេរ្តិ៍ឈ្មោះ! មនុស្សក្នុងលោក ចាស់បូរាណលោកប្រដូចទៅនឹង៖

១. មនុស្សននោង

ននោងនៅខ្ចីស្លទៅផ្អែមឆ្ងាញ់ លុះចាស់ទៅសាញទំពារមិនដាច់គ្មានរសជាតិប្រែជាល្វីងចត់លេបមិនរួច មនុស្សបែបនេះពីក្មេងងាយប្រដៅ តែដល់ចាស់ទៅមានះរឹងទទឹង គ្មានចេះស្តាប់គេឯង ដូចជាក្របីខ្វាក់ប្រើការមិនកើតហើយគ្រោះថ្នាក់ដល់គេឯងបានទៀតផង បើជាមនុស្សដែលមានឥទ្ធិពលក្នុងសង្គម។

២. មនុស្សកង្កែប

កង្កែបជាសត្វខ្ជិល តែងលបសំងំសុខក្នុងរន្ធក្តាម វេលាមានភ្លៀងធ្លាក់ក៏ស្រែកមិនដឹងទិសតំបន់ធ្វើឲ្យវិនាសទាំងជីវិតក្តាមទៀតផង មនុស្សប្រភេទនេះមិនចេះផ្តល់ក្តីសុខឲ្យគេឯងឡើយ « កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប»។

៣. មនុស្សត្នោត

រុក្ខជាតិដែលមានប្រយោជន៍សឹងតែគ្មានទោសសោះ គឺត្នោត មនុស្សត្នោតពេញមួយជីវិតផ្តល់តែប្រយោជន៍ដល់សង្គម មិនដែលប្រទូស្តរាយដល់អ្នកណាឡើយ ជានិមិត្តរូបនៃវឌ្ឍនធម៌ កើតមកមួយៗសុទ្ធតែមានអភិនិហារ។

៤. មនុស្សក្រូចឆ្មា

ក្រូចឆ្មាគឺជូរតាំងពីក្តិបរហូតទុំ មនុស្សបែបនេះគឺជូរចត់ខ្មោះខ្មួរ ធ្វើតែរឿងអាក្រក់ តាំងពីក្មេងទល់ចាស់ស្លាប់ មនុស្សប្រភេទនេះកុំសង្ឃឹមថាចេះកែខ្លួនឲ្យសោះ អស់យ៉ាងធ្វើពុតមួយរយះ តែសន្តានពីខាងក្នុង ពីមនោមកគឺក្រខ្វក់មានកន្លែងល្អតិចបំផុតសឹងតែគ្មាន នៅប្រទេសខ្លះគេមានច្បាប់ប្រហារជីវិតមនុស្សដែលមិនចេះកែខ្លួនលើសពីបីដង។

៥. មនុស្សស្វាយ

ស្វាយជូរពីនៅខ្ចី លុះទុំក៏ផ្អែមក្រអូបសឹងមិនគួរឲ្យជឿ មនុស្សប្រភេទនេះអាក្រក់ពីតូច លុះធំដឹងក្តីចេះកែខ្លួនធ្វើអំពើល្អ មិនឲ្យលំបាកដល់សង្គម ជាមនុស្សដែលព្រះប្រោសបាន ។


អត្ថបទទាក់ទង

លក្ខណៈ​ ៣​ យ៉ាង ​របស់​មនុស្ស​ដែលមាន​សំណាង​

 

Leave a Reply

Your email address will not be published. Required fields are marked *