សម្លាប់មាន់បំភ័យស្វា

ពីព្រេងនាយមក គេនិយាយតគ្នាថា៖ ស្វាជាសត្វឈ្លាសវៃបំផុត តែខ្លាចឈាម។ អ្នកដែលបង្ហាត់ស្វា ជាដំបូងត្រូវតែចាប់មាន់មកសម្លាប់នៅនឹងមុខវាឲ្យវាឃើញមេរៀនឈាមដែលកំពុងស្រក់តក់ៗ ទើបចាប់ផ្តើមបង្ហាត់វា។ អ្នកដែលរកស៊ីចាប់ស្វា ក៏ប្រើវិធីនេះដើម្បីបំភ័យស្វាដែរមិនថាស្វារឹងរូសប៉ុណ្ណាទេ ឲ្យតែឮសម្លេងមាន់ស្រេក “កាក” ឈាមមាន់បាញ់វូ ស្វាឃើញភ្លាមពិតជាទន់ខ្លួនតែម្តង។

ដែលហៅថា “សម្លាប់មាន់បំភ័យស្វា” ក៏បានន័យថា “សម្លាប់មួយបំភ័យមួយរយ” ដែលមានន័យគំរាមកំហែងនេះ គឺជាយុទ្ធវិធីជាមធ្យោបាយគ្រប់គ្រងសមូហភាព។ នៅពេលដែលមានយោបល់ខែ្វងគ្នាសន្ធឹកសន្ធាប់ ពេលដែលការងារត្រូវជួបការរាំងស្ទះ និងឧបសគ្គ ដើម្បីឈានដល់ការឯកភាពត្រូវអនុវត្តដាច់ខាតតាមច្បាប់ត្រូវប្រើវិធីដាច់ខាតបំផុតដើម្បីទប់ទល់។

មានពាក្យមួយឃ្លានិយាយថា “បើមិនប្រើវិធីឃោរឃៅ ម្តេចនឹងអាចសម្ដែងឲ្យឃើញចិត្តត្រាប្រណីរបស់ព្រះពោធិសត្វ។” បង្រា្កបសង្គមដែលច្របូកច្របល់ត្រូវតែប្រើច្បាប់ឲ្យតឹងរឹង បង្រ្កាបកងទ័ពដែលខ្វះវិន័យត្រូវតែប្រើទ័ណ្ឌកម្មដ៏ម៉ឺងមាត់។ ខុងជឺ សម្លាប់សាវចិនយីងមួយកាំបិត នេះបានធ្ចើឲ្យមន្រ្តីទាំងតូចទាំងធំបាក់បប់ខ្លបខ្លាច រាស្រ្តបានរស់នៅយ៉ាងសុខសាន្ត។ ខុងម៉េងនៅពេលដែលសម្លាប់ម៉ាជីន និយាយថា ពីដើម ស៊ុនវូ ដែលអាចគ្រប់គ្រងផែនដីបាន គឺការប្រើច្បាប់ដ៏ម៉ឺងមាត់ ពេលនេះគ្រប់ទិសទីកើតចលាចល ទាហាន ជនខិលខូចមានគ្រប់ទីកន្លែង បើបោះបង់ច្បាប់ចោលម្តេចនឹងបង្រ្កបជនខិលខូចបាន? បើមិនប្រើវិន័យតឹងតែងម្តេចនឹងអាចបង្រ្កាបទាហានខិលខូចបាន?

នេះហើយគឺជាយុទ្ធវិធីដើម្បីបង្រ្កាបភាពចលាចល គឺជាល្បិច (សម្លាប់មាន់បំភ័យស្វា) ដ៏អស្ចារ្យនេះឯង។ 

មនុស្សគឺអាថ៌កំបាំងណាស់។ សង្គមរឹតតែជឿនលឿន ភាពក្រឡិចក្រឡុចរឹតតែសម្បូរបែប។ ម្នាក់ៗមានគំនិតរៀងខ្លួន មានផ្លូវដើរទីទៃពីគ្នា បើមិនធ្វើការកំណត់នូវព្រំដែនមួយ ប្រាកដជាបែងចែកមិនច្បាស់អ្វីដែលល្អត្រឹមត្រូវ និងអ្វីដែលមិនត្រឹមត្រូវបានទេ មនុស្សកាន់តែអាក្រក់ឡើងៗ សណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំប្រជារាស្រ្តរស់នៅបានសុខសាន្តចំពោះមនុស្សដែលបង្កចលាចលបែបនេះ

ត្រូវតែប្រើទ័ណ្ឌកម្មឲ្យបានធ្ងន់ធ្ងរបំផុតខី្ចក្បាល មនុស្សមួយចំនួនឲ្យគេមើល។ នេះហើយគឺ (មិនឃើញក្តាម្ឈូស មិនស្រក់ទឹកភ្នែក ឃើញក្តាម្ឈូសពេលណាទើបយំមិនឈប់) អត្ថន័យសម្លាប់មាន់បំភ័យស្វា គឺនៅត្រង់នេះឯង។

ក្រោយសម្លាប់ សានហ្វូកសាងឡើងនគរចូវជាងថៃកុង ត្រូវការប្រមូលអ្នកចេះដឹងដើម្បីជួយកសាងនគរ។ នៅនគរ ឈី មានមនុស្សម្នាក់ប្រកបដោយការចេះដឹងឈ្មោះ វ៉ាង-អ៊ិ ត្រូវបានការសរសើរពីសំណាក់ប្រជារាស្រ្តនៅទីនោះ ជាងថៃកុង ល្បីឈ្មោះក៏មានបំណងអញ្ញើញគាត់ឲ្យចេញមកជួយធ្វើកិច្ចការទៅសួរសុខទុក្ខបីដងសុទ្ធតែមិនត្រូវបានទទួល។ ស្រាប់តែ ជាងថៃកុង យកគេទៅសម្លាប់ចោលតែម្តង។ ចូវ-កុង ចង់ជូយក៏មិនទាន់ដែរ ហើយក៏សួរ ជាងថៃកុង ថា៖ លោក វ៉ាង ជាមនុស្សចេះដឹងខ្ពងខ្ពស់ម្នាក់ មិនទាមទារចង់មានចង់បាន សុខចិត្តផឹកស៊ីតែឯង ធ្វើស្រែចិញ្ចឹមក្រពះ គឺពិតជារស់នៅស្ងៀមស្ងប់ មិនសួរនាំពីរឿងមនុស្សលោក ហេតុអ្វីបានជាសម្លាប់គេចោល?

ជាងថៃកុង តប៖

– ក្នុងសមុទ្រទាំងបួន គឺជាទឹកដីរបស់ព្រះអង្គ អ្នកដែលដឹកនាំលើទឹកដីទាំងនោះ គឺសុទ្ធសឹងជាមន្រ្តីរបស់ព្រះអង្គ។ នៅពេលដែលនគរទើបទទួលបានសន្តិភាព ម្នាក់ៗត្រូវតែមានភារៈកិច្ចជួយកសាងនគរ គឺមានជំហរតែពីរពីរប៉ុណ្ណោះ បើមិនគាំទ្រទេ គឺប្រឆាំង។ មិនអនុញ្ញាតិឲ្យមានភាពស្ទាក់ស្ទើរ ឬអព្យាក្រិត្យឡើយ អាកប្បកិរិយាមិនព្រមសហការណ៍របស់ វ៉ាង បើម្នាក់ៗយកគេធ្វើជាគំរូ តើមានប្រជារាស្រ្តណាដែលអាចប្រើការបាននោះ? ហេតុនេះបានជាយើងសម្លាប់គេចោល គឺជាមេរៀនសម្រាប់អ្នកដទៃ។

ពិតជាអ៊ីចឹងមែន ក្រោយពីសម្លាប់ហើយមន្ត្រីក្នុងវាំង ដែលប្រុងលាឈប់គ្រប់គ្នា ពិតជាលែងហ៊ាន និងធ្វើឫកពារបែបហំហាន ចង់សម្ងំលាក់ខ្លួនទៀតហើយ។

ហាង-ស៊ីង ក្នុងរជ្ឋកាល ហាន កើតក្នុងត្រកូលក្រខ្សត់។ ក្រោយពីបានស្តេច លីវ-ប៉ាង លើកឲ្យធ្វើជាមេទ័ព ត្រូវទទួលការមើលស្រាលពីពួកមន្រ្តីចាស់ៗ មានយោបល់ក្រោយខ្នងមិនចេះចប់។ ក្រោយឡើងកាន់តំណែង ក៏ប្រើច្បាប់តឹងតែងម៉ឺងម៉ាត់បំផុត។ ថ្ងៃមួយ ត្រូវជុំគ្នាដើម្បីហ្វឹកហាត់កំណត់យាមប្រាំត្រូវតែជុំគ្នា ហៅឈ្មោះចប់សព្វគ្រប់ បាត់តែមេបញ្ជាការ ភីកាយ ម្នាក់គត់ដែលមិនទាន់ឃើញមកដល់។ ហាង-ស៊ីង ក៏មិនសួរដេញដោល ហើយក៏ចាប់ផ្តើមហ្វឹកហាត់។ ថ្ងៃត្រង់បានកន្លងផុតទៅ ទើបឃើញ ភីកាយ ត្រឡប់មកវិញមកដល់មាត់ទ្វាច្រកចូលបន្ទាយ។ រៀបដើរចូលទៅ តែត្រូវអ្នកយាមឃាត់ជាប់៖

– លោកអគ្គមេបញ្ជាការហ្វឹកហាត់កន្លះថ្ងៃទៅហើយ គ្មានបញ្ជាមិនអនុញ្ញាតិឲ្យចូលទេ។

ភីកាយ ក្តៅឆេវ៖

– អគ្គមេបញ្ជាការ ឬមិនមែនបញ្ជាការស្អី ពិតជាអំពិលដុះពីអាចម៌ ហ៊ានធ្វើផ្តេសផ្តាស់ផង! ល្អណាស់ ឯងចូលទៅប្រាប់មួយម៉ាត់ទៅ! មួយសន្ទុះក្រោយមក សេនាកាន់ផ្លាកបញ្ជាមក ហើយស្រែកប្រាប់ថា៖

– សូមអញ្ជើញ!

– ភីកាយ ដើរចូលដោយឫកពារក្រអឺតក្រទមជួប ហាង-ស៊ីង គ្រាន់តែលើកដៃហាក់ដូចជានៅមានកំហឹង។

ហាង-ស៊ីង សួរ៖

– ទ័ពមានបទបញ្ជា ស្តេចហានក៏បានឡាយព្រះហត្ថដែរ ក្នុងនាមលោកជាមេបញ្ជាការ ហេតុម្តេចបានជាមកយឺតពេល? ហើយក៏បែរមកសួរសេនាយាម។

– ឥឡូវថ្មើណាហើយ?

– ហួសពេលថ្ងៃត្រង់ហើយ ។ សេនាយាម ឆ្លើយ៖

– ពេលនេះ គឺយាមមួយរសៀលហើយ បទបញ្ជាកំណត់យាមប្រាំភ្លឺមកជួបជុំ ឥឡូវនេះឯងមកយឺតពេល ៧-៨យាម ឯណោះ! គឺជាអំពើមើលស្រាលបទបញ្ជាររបស់កងទ័ព តាមច្បាប់ត្រូវសម្លាប់ចោល… ហាង-ស៊ីង និយាយយ៉ាងម៉ឺងមាត់ដាក់ ភីកាយ ។

ភីកាយ មិនចាប់អារម្មណ៍ទេ នៅតែវែកញ៉ែកយ៉ាងចចេស មិនចាត់ទុក ហាង-ស៊ីង ក្នុងកែវភ្នែកឡើយ។

ហាង-ស៊ីង ក្តៅឆាវ ស្រែកបញ្ជាឲ្យសេនាឆ្វេងស្តាំចាប់ ភីកាយ ចងហើយឲ្យលុតជង្គង់ រួចសូត្រពីទោសកំហុស៖

– ក្នុងនាមឯងជាមេទ័ព ភ្លេចថ្ងៃដែលទទួលបញ្ជាបានន័យថា៖ គឺភ្លេចលំនៅខ្លួន មិនគោរពវិន័យកងទ័ព គឺភ្លេចសាច់សារលោហិត ពេលប្រយុទ្ធជាមួយសត្រូវ ឬក៏ភ្លេចរួបខ្លួនដែរ? ក្នុងនាមជាខ្សែលោហិតក្សត្រ ធ្វើបែបនេះ បានគិតពីទំនាក់ទំនងឪពុក និងកូនដែរឬទេ?

ហៅទាហានផ្នែកនិតិកម្មមកសួរ៖

– ភីកាយ មិនគោរពបញ្ជា ត្រូវទទួលទោសអ្វី?

ទាហានផ្នែកនិតិកម្ម ស្រែកខ្លាំងៗ៖

– មិនគោរពបទបញ្ជា ដឹងពេលវេលាហើយមានចេតនាមកយឺតពេល គឺមលើស្រាលបញ្ជាកងទ័ព ត្រូវកាត់ទោសប្រហារជីវិតនៅនឹងកន្លែង។

ពេលនេះ ភីកាយ ដឹងថាពិតជាធ្វើឲ្យកើតរឿងធំ ហើយភ័យព្រលឹងរត់ចេញពីខ្លួនបាត់ ប្រញ៉ាប់សម្លឹងមើលមុខ ឈី-ហ៊ូយ ចង់ឲ្យជួយនិយាយសុំការយោគយល់តែ ឈី-ហ៊ួយ ក៏មិនហ៊ានចេញស្តី ហើយក៏មិនអាចចេញពីបន្ទាយបាន បានត្រឹមជ្រួលច្របល់ប៉ុណ្ណោះ។ ខាងក្រៅបន្ទាយ មានអ្នកដឹងពីរឿងនេះ ក៏បំបោលសេះយ៉ាងលឿន ទៅទូលស្តេចហាន លីវ-ប៉ាង។ លីវ-ប៉ាង ភ្ញាក់ក្រញ៉ាងប្រញ៉ាប់បញ្ជាទៅ លី-ស៊ីន យករាជសារ… ទៅសុំការលើកលែងទោស។

លី-ស៊ីន ជាមួយនឹងកូនចៅ បោះពួយសេះលឿនស្លេវដូចហោះដល់ច្រក់ទ្វាបន្ទាយភ្លាម ក្រឡេកឃើញ ភីកាយ កំពុងតែលុតជង្គង់រង់ចាំទទួលទោស ក៏ស្រែកពីចម្ងាយ៖

– មានសាររបស់ព្រះអង្គ សូមផ្អាកការកាត់ទោសសិន! សេះទាំងពីរ ក៏បោលយ៉ាងលឿនសម្រុកចូលក្នុងបន្ទាយ តែត្រូវអ្នកយាមទ្វាឃាត់ជាប់ ទើបដឹកសំដៅទៅជួប ហាង-ស៊ីង ។

ហាង-ស៊ីង និយាយ៖

– នៅក្នុងបន្ទាយមិនអនុញ្ញាតិឲ្យបំផាយសេះ លោកម្ចាស់ លី ដឹងពីវិន័យនេះច្បាស់ណាស់ ហេតុអ្វីបានជាប្រព្រឹត្តិល្មើសនឹងបញ្ជាដោយចេតនា?

លី-ស៊ីន តប៖

– គឺទទួលរាជបញ្ជារបស់ព្រះអង្គឲ្យមកកាន់ទីនេះ។

– ត្បិតតែទទួលរាជបញ្ជាឲ្យមក ផ្អែកតាមច្បាប់នៅតែមានការប៉ះពាល់ និយាយចប់ក៏សួរទៅផ្នែកនិតិកម្ម៖

– តើលោកម្ចាស់ លី ត្រូវទទួលទោសអ្វី?

– អ្នកដែលហ៊ានបំបោលសេះនៅក្នុងបន្ទាយ ត្រូវទទួលទោសពីបទមើលងាយបទបញ្ជាកងទ័ព គឺត្រូវតែកាត់ទោសប្រហារជីវិតនឹងកន្លែង ដើម្បីបង្ហាញជាមេរៀនដល់កងទ័ពទាំង ៣ ប្រភេទ។

ហាង-ស៊ីង និយាយ៖

– ដោយមានរាជសារនៅជាប់នឹងខ្លួន អាចឲ្យរួចផុតពីសេចក្តីស្លាប់ខ្លួនឯងបាន តែត្រូវតែសម្លាប់អ្នកបរសេះ ដើម្បីបញ្ជាក់ប្រសិទ្ធភាពរបស់បទបញ្ជាកងទ័ព។

មួយសន្ទុះក្រោយ ភីកាយ និងអ្នកបរសេះ ត្រូវកាត់ក្បាលនៅនឹងកន្លែងតែម្តង។ ចាប់ពីពេលនោះមក មេទ័ព កូនទាហ៊ានទាំងអស់ ក៏លែងហ៊ានប្រព្រឹត្តល្មើសនឹងវិន័យទៀត ហើយគោរពតាមការដឹកនាំរបស់ ហាង-ស៊ីង គ្រប់ដប់។ អាស្រ័យហេតុនេះហើយ បានជាទ័ពរបស់ ហាង-ស៊ីង អាចកំទេចស្តេច ស៊ាង-យី ឲ្យស្លាប់នៅទន្លេខ្មៅបាន និងបានជួយបើកផ្លូវ លីវ-ប៉ាង គ្រប់គ្រង់ទឹកដីនាពេលនោះ។

នៅសម័យ ចាន់-គួក យ៉ាងជាក៏ធ្លាប់ប្រើវិធីនេះសម្លាប់ ជួន-ជៀក សាងនគរ ឈី ឡើងវិញដែរ។ សម័យ សាមកុក លី-ម៉ុង បានសម្លាប់មិត្តរួមអាវុធម្នាក់ដែលមានស្រុកកំណើតជាមួយគ្នាធ្វើឲ្យវិន័យកងទ័ពមានប្រសិទ្ធភាព។

ឃើញថាល្បិចកលនេះ គោលបំណងរបស់វានៅត្រង់ “កម្លា” និងមានចរិតគៀបសង្កត់ឲ្យនៅស្ងប់ស្ងៀម។

(ប្រ/ជ១) សម័យ ឈុន-ឈីវ, ស៊ុន-វូ មានសៀវភៅក្បួនទ័ពដែលមាន១៣ជំពួក៖

ក្រោយពីស្តេច អ៊ូ ទតចប់ សរសើរថាពិតជាអស្ចារ្យកម្រមាន ហើយក៏ឲ្យ អ៊ូ-ជីស៊ី ទៅអញ្ជើញគាត់ជួយធ្វើកិច្ចការ។ ពេលជួបមុខ ស្តេច អ៊ូ ក៏បានប្រាប់អំពីភាពទន់ខ្សោយរបស់កងទ័ពហើយសួរថា៖

តើធ្វើយ៉ាងណាទើបអាចពង្រឹងសម្ថភាពកងទ័ពប្រែក្លាយនគរឲ្យខ្លាំងបាន?

ក្រោយពីធ្វើការវិភាគទៅលើសភាពការណ៍ចប់សព្វគ្រប់ ហើយនិយាយថា៖ ក្បួនទ័ព ១៣ ជំពូក របស់ទូលបង្គំ មិនត្រិមតែអាចអនុវត្តក្នុងជួរកងទ័ពបានប៉ុណ្ណោះទេ តែក៏អាចបង្ហាត់ឲ្យស្រ្តីភេទប្រើការបានយ៉ាងពូកែទៀតផង។

ស្តេច អ៊ូ សើចក្អាកក្អាយ ហើយមានបន្ទូល៖

– យើងពិតជាមិនដែលឮថាអាចបង្ហាត់ស្រ្តីភេទឲ្យចូលសមរភូមិសម្លាប់សត្រូវបានសោះ។ ស្តេច អ៊ូ មានបន្ទូលក្នុងន័យរបៀបមើលស្រាល។

ស៊ុន-វូ តប៖

– បើព្រះអង្គមិនជឿ អាចសាកល្បងចំពោះមុខតែម្តង បើមិនបានជោគជ័យទេទូលបង្គំសុខចិត្តទទួលទោសបានបោកប្រាស់ព្រះអង្គ។

– ពិតមែនឬ? ស្តេច អ៊ូ មានបន្ទូល៖ ល្អយើងរង់ចាំមើលសមត្ថភាពរបស់ឯង។

ហើយក៏ជ្រើសរើសនារីចំនួនបីរយនាក់នៅក្នុងរាជវាំង ប្រគល់ឲ្យទៅ ស៊ុន-វូ ធ្វើការហ្វឹកហាត់។

ស៊ុន-វូ ក៏បានសំណូមពរស្នើរសុំស្នំពីនាក់របស់ព្រះអង្គមកចូលរួមទទួលមុខងារជាមេកងដើម្បីដឹកនាំ។ ស្តេច អ៊ូ ក៏យល់ព្រមតាមសំណូមពរ ហើយក៏ឲ្យទៅហៅស្នំទាំងពីរ អ៊ីវ-ជី និង ចរ-ជី មកគាល់។
រួចមានបន្ទូលទៅកាន់ ស៊ុន-វូ ៖

– ស្នំដ៏ស្រស់ស្អាតទាំងពីរនាក់នេះ យើងស្រឡាញ់ជាងគេ។ តើអាចទទួលនាទីជាមេកងបានឬទេ?

ស៊ុន-វូ តប៖

– ប្រាកដជាបាន តែកិច្ចការក្នុងមានវិន័យតឹងតែងណាស់ មានសរសើរ ហើយក៏មានពិន័យ បែបនេះបទបញ្ជាទើបមានប្រសិទ្ធភាព។ ជាមួយគ្នានោះ ក៏បានតែងតាំងអ្នកទាំងពីរជាមេកង ហើយតែងតាំងអ្នកផ្សេងម្នាក់ទៀតកាន់ផ្នែកនិតិកម្ម ពីរនាកទៀតទទួលបន្ទុកផ្នែកបទបញ្ជា និងជ្រើសរើសអ្នកដែលមានមាឌមាំប៉ុន្មាននាក់ផ្សេងទៀត ទទួលវាយស្គរបញ្ជាទ័ព។

ស៊ុន-វូ បែងចែកនារីទាំងនោះជាពីរកង កងខាងឆ្វេង និងកងខាងស្តាំ។ អ៊ីវ-ជី ទទួលខាងស្តាំ ចរ-ជី ទទួលខាងឆ្វេង។ គ្រប់គ្នាបានបំពាក់ដោយអាវុធ ហើយប្រកាសពីវិន័យទ័ព៖

ទី១. ហាមមិនឲ្យច្របួកច្របល់ជួរពេលហ្វឹកហាត់,

ទី២. ហាមមិនឲ្យជជែកគ្នា

ទី៣. ហាមល្មើសវិន័យធ្វើសកម្មភាពដោយចិត្តឯង។

ព្រឹកឡើង ទាំងអស់គ្នាបានមកជួបជុំនៅទីលានហ្វឹកហាត់ ស្តេច អ៊ូ ក៏អង្គុយទតពីរាជតំណាក់ខាងលើ។ នារីបីរយនាក់ក្នុងឯកសណ្ឋានកងទ័ព ដៃស្តាំកាន់ដាវដៃឆ្វេងកាន់ខែលចែកគ្នាឈរជាពីរជួរ។ ស្តេច អ៊ូ ទតឃើញស្នំទាំងពីរជាទីស្រឡាញ់របស់ខ្លួនមានឫកពារយ៉ាងអង់អាចពិតជាគួរឲ្យពេញព្រះទ័យ។

ស៊ុន-វូ ចាប់ផ្តើម ហើយដាក់បញ្ជាឲ្យរៀបចំក្បួន និងបានយកទង់លឿងពីរប្រគល់ឲ្យទៅមេកងទាំងពីរ បញ្ជាឲ្យជាអ្នកដឹកនាំកើរមុខ នារីទាំងអស់ត្រូវដើរតាមពីក្រោយមេកងប្រាំនាក់

ជាផ្នែកដប់នាក់ ជាក្រុមត្រូវដើរតាមឲ្យជាប់បន្តបន្ទាប់គ្នា មិនត្រូវឃ្លាតគ្នា ហើយត្រូវស្តាប់សំឡេងស្គរ ថយក្រោយ ឬទៅមុខ ជំហានដាច់ខាតមិនត្រូវច្របួកច្របល់។ សូត្រចប់បញ្ជាអ្នកទាំងអស់គ្នាឲ្យលុតជង្គង់រងចាំស្តាប់បញ្ជា។ មួយសន្ទុះ ស៊ុន-វូ បញ្ជាមកម្តងទៀត៖

ពេលស្គរវាយលើកទី១ ទាំងពីរកងត្រូវងើបឈរឲ្យបានព្រមគ្នា

វាយស្គរលើកទី២ កងឆ្វេងត្រូវស្តាំបែរ ឯកងស្តាំត្រូវឆ្វេងបែរ

វាយស្គលើកទី៣ ត្រូវចាប់ផ្តើមប្រយុទ្ធ

ពេលឮសូរអាគាំងត្រូវដកថយជាបន្ទាន់។

គ្រាន់តែចេញបញ្ជា នារីទាំងអស់ខ្ទប់មាត់សើចស្ញេញស្ញាញ។ អ្នកវាយស្គរ រាយការណ៍ថា៖

– ស្គទី១. បានវាយរួចទៅហើយ តែអ្នកខ្លះអង្គុយ រញ៉េរញ៉ៃគ្មានរបៀប។

ស៊ុន-វូ ងើបពីជើងម៉ា ហើយនិយាយដោយម៉ឺងម៉ាត់៖

– មិនគោរពវិន័យ មិនស្តាប់បទបញ្ជា ជាកំហុសរបស់មេដឹកនាំ ឥឡូវសូត្របទបញ្ជាឡើងវិញម្តងទៀត ហើយពន្យល់ឲ្យបានច្បាស់លាស់។ ផ្នែកបទបញ្ជា ក៏សូត្របញ្ជាឡើងវិញម្តងទៀត។ អ្នកវាយស្គរ ក៏ចាប់ផ្តើមវាយស្គឡើងវិញ តែនារីទាំងអស់នៅតែសើចលេងខ្សឹបខ្សៀវហី ខ្លះផ្អៀងស្មាទៅឆ្វេង ខ្លះទៅស្តាំ ដូចកំពុងនាំគ្នាគយគន់ផ្កាអ៊ីងចឹងដែរ។

ស៊ុន-វូ រលាស់ដៃអាវ ហើយងើបឈរ រួចទៅទូងស្គខ្លួនឯងម្តង ហើយឲ្យចាប់សូត្របទបញ្ជាឡើងវិញម្តងទៀត តែចាប់ពីថ្នាក់ក្រោមមេកងគ្មាននរណាម្នាក់ ដែលថាមិនសើចក្អាកក្អាយនោះទេ។ សំឡេងខ្ញៀវខ្ញាដូចចាបចូលសំបុក។

ស៊ុន-វូ បើកភ្នែកសំលក់ត្មែរ ស្រែកគំហក៖

– ផ្នែកនិតិកម្មនៅទីណា?

– ចា!

– មិនគោរពវិន័យ មិនស្តាប់បទបញ្ជា ជាទោសកំហុសរបស់អ្នកដឹកនាំ។ ពេលនេះបានប្រកាសយ៉ាងម៉ឺងម៉ាត់បីដងទៅហើយ តែទាហានមិនស្តាប់តាមវិន័យ ត្រូវទទួលទោសបែបណា?

– សម្លាប់នៅនឹងកន្លែង។

– កងទ័ពមិនអាចសម្លាប់ទាំងអស់បានទេ ទោសកំហុសត្រូវធ្លាក់ទៅលើអ្នកដឹកនាំ។ សេនាចាប់មេកងសម្លាប់ចោលភ្លាម។

សេនាឃើញ ស៊ុន-វូ កំពុងតែមានកំហឹង មិនហ៊ានប្រឆាំងទេ ក៏ចាប់ស្នំទាំងពីរចងយ៉ាងជាប់។

ស្តេច អ៊ូ ទតឃើញ ភ្ញាក់ក្រញ៉ាង បញ្ជាមនុស្សឲ្យប្រញ៉ាប់ទៅជួយដោយបញ្ជាថា៖

– យើងដឹងពីសមត្ថភាពបញ្ជាទ័ពរបស់លោកហើយ តែអ្នកទាំងពីរគឺជាស្នំជាទីស្រឡាញ់របស់យើង បើគ្មានអ្នកទាំងពីរយើងពិតជាសោយមិនឆ្ងាញ់ ផ្ទុំមិនលក់ទេ សូមយោគយល់ចំពោះយើង លើកសែងទោសឲ្យគេម្តងចុះ។

ស៊ុន-វូ បដិសេធ៖

– ក្នុងកងទ័ព គ្មានពាក្យភូតកុហក ទូលបង្គំត្រូវព្រះអង្គតែតាំងជាមេទ័ព មេទ័ពនៅផ្ទាល់ជាក់ស្តែង ពេលខ្លះមិនអាចទទួលធ្វើតាមរាជបញ្ជាបានទេ បើមិនគោរពវិន័យកងទ័ព ហើយលើកលែងទោសបែបនេះ តើទូលបង្គំអាចគ្រប់គ្រងកងទ័ពបានឬទេ? សម្លាប់!

មួយស្ទុះ ក្បាលស្នំទាំងពីរ ត្រូវព្យួរឡើងយ៉ាងខ្ពស់។ គ្មាននារីណាម្នាក់ដែលមិនញាក់សាច់រណ្តំធ្កៀមនោះទេ ហើយនាំគ្នាលុតជង្គង់គ្រឹបទាំងភ័យខ្លាចដើម្បីរងចាំបញ្ជា។

ឆ្លងកាត់ការសម្លាប់លើកនេះ ធ្វើឲ្យនារីទាំងអស់ខ្លបខ្លាចគ្រប់គ្នា។ ការហ្វឹកហាត់់់់់់់់់់់់់ក៏មានដំណើរការទៅមុខយ៉ាងលឿននិងត្រឹមត្រូវ។ មានតែស្តេច អ៊ូ អង្គឯង ដែលនៅកលតែនឹកស្រណោះអាល័យមិត្តរួមអាវុធលើគ្រែដ៏ស្និទ្ធស្នាលទាំងពីរទឹកភ្នែកជោគថ្ពាល់ស្ទើរបាតបង់ស្មារតី។

ដកស្រង់ពីសៀវភៅ ល្បិចទល់មេឃ


អត្ថបទទាក់ទង

គោលការណ៍ ទាំង៦ របស់ ស៊ុនអ៊ូ (Sun Tzu) និង សិល្បៈនៃអាជីវកម្ម (The Art of Business)

Leave a Reply

Your email address will not be published. Required fields are marked *