ព្រះរាជសម្ភារ និងការវិនាស​អន្តរាយយ៉ាង​ទារុណ​ក្រោម​អំណាច​នៃ​សេចក្តីស្នេហា

ព្រះរាជសម្ភារ កាល​នៅ​ជា​កុមារ ទ្រង់​ព្រះនាម​ថា ពញា តូ (​ឬ ពញា​សូ) ។ ទ្រង់​ជា​បុត្រ​ច្បង​នៃ​ព្រះបាទ ជ័យ ជេដ្ឋា (​ឬ ព្រះជេស្តា​ទី​ ២) មាតា​គឺអ្នក​ម្នាង សុខ (​ឬ អ្នក​ម្នាង សុន​), ចំពោះ​ឯកសារ​ដែល​អះអាង​ថា មាតា​របស់​ទ្រង់​គឺ​ព្រះអង្គចូវ ដែល​ជា​បុត្រី​នៃស្តេច​អណ្ណាម​នោះ (​គួរតែ​មិនអាច​ចាត់​ជា​ការ​ត្រឹមត្រូវ​ឡើយ) ។ ចៅ​ពញា តូ (​ឬ ពញា សូ ) ត្រូវបាន​បិតា គឺ​ព្រះបាទជ័យ​ជេដ្ឋា ផ្សំផ្គុំ​ជាមួយនឹង​អ្នកអង្គម្ចាស់​ក្សត្រីយ៍ អង្គ​វត្តី (​ឬ បុប្ផា​វ​តី, យួរ​វត្តី, ចន្ទ​វត្តី, ព្រះ​ម៉ែ​យួរ​វត្តី) ជា​បុត្រី របស់​ព្រះបាទ​ជ័យ​ជេដ្ឋា និង អ្នក​ម្នាង​ទង ។ ហេតុនេះ រាជ​កុមារ ពញ្ញា តូ និង រាជ​ធិតា អង្គ​វត្តី គឺជា​ព្រះ​រៀម (​បងប្រុស) និង កន្និដ្ឋា (​ប្អូនស្រី) ដែល​មាន​បិតា (ព្រះ​បាទ​ជ័យ​ជេដ្ឋា ) ជាមួយគ្នា ប៉ុន្តែ​ទីទៃ​មាតា ។

​​ទ្រង់​ជា​រាជ​ទាយាទ ដែល​ទទួលបាន​ការអប់រំ​យ៉ាង​តឹងរឹង​ពី​បិតា លុះ​ព្រះជន្ម​ ២១ (​ឬ ២២) វស្សា បាន​យាង​ទៅ​សាង​ព្រះ​ផ្នួស​ក្នុង​ព្រះពុទ្ធសាសនា នៅ​នគរវត្ត (​ឬ វត្ត​សុគន្ធ​មានបុណ្យ) ។ បិតា គឺ​ព្រះបាទជ័យ​ជេដ្ឋា ចូល​ទីវង្គត​នៅ គ​.​ស. ១៦២៨ ក្នុង​ព្រះ​ជន្មាយុ ៥២ ព្រះវស្សា ហើយ​កិច្ចការ​នគរត្រូវបាន​ប្រគល់​ទៅអោយ​ព្រះអនុជរបស់​ព្រះអង្គ​ គឺ​ព្រះអង្គម្ចាស់​ឧទ័យ ដោយហេតុ​ពេលនេះ​ ព្រះ​រាជទាយាទ គឺ​ព្រះអង្គម្ចាស់ ពញា តូ នៅ​ទ្រង់​ជា​បព្វជិត​នៅឡើយ ។

​​ព្រះ​រាជពង្សាវតារ​សរសេ​រ​ដៃ​នៅ​ពុទ្ធ​សាសន​បណ្ឌិត​ខ្សែ​ ៤ បាន​ចារ​ថា ការទាក់ទង​គ្នា​រវាង​ព្រះរាជានុសិទ្ធ ឧ​ទ័យ និង ព្រះ​នាង អង្គ​វត្តី បាន​កើតមានឡើង​កាល​ព្រះបាទ​ជ័យ​ជេដ្ឋា​ បានព្រះជន្ម​ ៤១ ​វស្សា គឺ​នៅ​ខែ​កត្តិក ឆ្នាំ​ឆ្លូវ នព្វស័ក ​ទ្រង់​អា​ពាធ (ឈឺ) ​ហើយ​ព្រះអង្គម្ចាស់ ឧ​ទ័យ ចូល​ទៅ​ថែ​ព្រះរាជ​រោគ​ព្រះរាជា ដែល​ជា​ព្រះ​រៀម​ជា​រៀង​រាល់​ថៃ្ង ជាហេតុ​នាំ​អោយ​បាន​ជួប​នឹង​ព្រះ​នាង​អង្គ​វត្តី​ហើយ​កើតក្តី​ប្រតិព័ទ្ធ​ ចំពោះ​ព្រះនាង​ដែ​ល​ជា​ភគ្គ​និយោ (ក្មួយ​ស្រី) បង្កើត ។

​ឯកសារ​ដដែល​នេះ​បាន​បន្ថែមថា ព្រះ​នាង អង្គ​វត្តី ក៏​បាន​ព្រមព្រៀង​នឹង​រាជា​នុ​សិទ្ធ​ឧទ័យ ដោយ​ពុំ​មានក្តី​អាល័យ​ចំពោះ​ព្រះ​រាជទាយាទ ជា​គូ​កំណាន់​របស់ខ្លួន​ដែល​កំពុង​ទ្រង់​បព្វ​ជា និង ដោយ​មាន​ការផ្សំផ្គុំ​ពី​បិតា ហើយមាន​ការដឹងឮ​ពីសេនាមុខ​មន្ត្រី​ឡើយ ។ ព្រះអង្គម្ចាស់​ឧទ័យ បាន​អភិសេកព្រះ​នាង​អង្គ​វត្តី ជា​ទេពី​ទី​ពីរ​របស់​ព្រះអង្គ​ ។

​មាន​ភាព​មិន​ចុះសម្រុង​គ្នា​អំពី​ដំណើរ​ជួប​គ្នា​រវាង​ព្រះ​នាង អង្គ​វត្តី និង ព្រះរាជទាយាទ ពញា តូ ឯកសារ​ខ្លះ​អះអាង​ថា ​ខត្តិយ​ពង្ស​ទាំង​ទ្វេ​អង្គា​ដែលជា​អតីត​គូស្នេហ៍ និង ជា​គូ​ដណ្តឹងផង​នេះ បាន​ជួបគ្នា​នៅ​នគរវត្ត នៅពេល​ដែល​រាជា​នុ​សិទ្ធឧ​ទ័យ នាំ​រាជវង្សានុវង្ស​ទៅ​ទទួល​ព្រះ​រាជទាយាទ ពេល​ដែល​បណ្ឌិត​ពុទ្ធសាសនិក​អង្គ​នេះ លា​ចាក​សិក្ខាបទ ។ ខណៈ​ឯកសារ​ខ្លះនិយាយថា ជួប​គ្នា​នៅ​នគរវត្ត​ដែរ ប៉ុន្តែ​នៅពេលដែល​ព្រះ​ពញា តូ វិលត្រឡប់​ពី​ធ្វើ​សង្គ្រាម​ជាមួយ​សៀម​វិញ ។ រីឯ​ឯកសារ​ខ្លះ​ទៀត​ និយាយ​ថា ជួប​គ្នា​នៅ​រាជវាំង​ឧដុង្គ បន្ទាប់ពី​ព្រះអង្គលា​ចាក​សិក្ខាបទ ឡើង​សោយរាជ្យ រួច​ហើយ​ព្រះ​ឧទ័យ​មាន​ជំងី ទើប​ព្រះ​ចៅ​ពញា តូ យាង​ទៅ​មើល​ព្រះ​បិតុលា (មា ឬ ពូ) ក៏​បាន​ជួប​ព្រះ​នាង​អង្គ​វត្តី ជា​អតីត​គូ​កំណាន់ ដែល​បាន​ក្លាយជា​ព្រះ​ទេពីរបស់​ព្រះ​ឧទ័យទៅហើយនោះ នាំអោយ​រោគ​ស្នេហ៍​ចាស់​រើ​ឡើងវិញ​នៅក្នុង​ដួង​ហ​ឫ​ទ័យ នៃ​ខត្តិយ​ពង្ស​ទាំង​ទ្វេ ។​

​ទោះ​មាន​ភាព​ផ្សេង​គ្នា​យ៉ាង​នេះ​ក្តី អ្វី​ដែល​ជា​ភាព​រួមគ្នា​នោះ​គឺថា ទ្រង់​ជា​បុត្រ​ច្បង​នៃ​ព្រះបាទជ័យ​ជេដ្ឋា (​ឬ ចេស្តា​​ទី ​២) មាតា គឺ​អ្នក​ម្នាង សុខ ឬ សុន ។ កាល​នៅ​ជា​កុមារ ទ្រង់​មាន​នាម​ថា ពញា តូ ឬ ពញា សូ , ហើយ​ចេញ​សាង​ព្រះ​ផ្នួស​នៅពេល​មាន​ព្រះជន្ម ២១ ឬ ២២ ព្រះវស្សា នៅ​នគរវត្ត ឬ វត្ត​សុគន្ធ​មាន​បុណ្យ ។ លា​ចាក​សិក្ខាបទ បន្ទាប់​មក​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ​ឧទ័យ​ជា​ម្ចាស់​មា នៅ​ព្រះជន្ម​ ២៦ ព្រះវស្សា ហើយ​ត្រូវបានគេ​ថ្វាយ​ព្រះនាម​ថា “​ព្រះបាទ​សម្តេច ស្តេច​ព្រះរាជ​ឱង្ការព្រះ​ស្រី​ធម្មោ​រាជា​ធិ​រាជ រាមា​ធិបតី​” ប៉ុន្តែ​ពង្សាវតារ​កំណត់ ព្រះនាម​ទ្រង់​ត្រឹមតែ “​ព្រះ​ស្រី​ធម្មោ​រាជា” ​ប៉ុណ្ណោះ ។

ដើមឡើយ ​ទ្រង់​គង់នៅ​រាជវាំង​ឧដុង្គ នា​ក្រុង​ឧដុង​ឮជ័យ លុះ​ក្រោយមក ទ្រង់​បាន​យាង​ទៅ​គង់ប្រថាប់​នៅ​ឯ​វាំង​កោះ​ឃ្លោក ដែល​សព្វ​ថៃ្ង​ហៅថា កោះឧកញ៉ា​តី ហើយ​ទ្រង់​បានត្រាស់​បង្គាប់​អោយ​គេ​ហៅ​ព្រះអង្គ​ថា ព្រះ​រាជសម្ភារ​បរម​ពិសេសវិញ ។ ទ្រង់​ជា​ធម្ម​រាជា និង ជា​បណ្ឌិត ហើយ​ជា​ពុទ្ធសាសនិក​ដ៏​ឆ្នើម ទ្រង់​ពុំ​សូវសព្វព្រះទ័យ​ចំពោះ​អំណាច​ឡើយ ទើប​ទ្រង់​បានប្រគល់​សិទ្ធិ និង កិច្ចការ​នគរ​ទៅ​ព្រះឧទ័យ​វិញ ហើយ​ទ្រង់​បាន​យាង​មក​លាក់​ព្រះកាយ​ធ្វើ​កិច្ចការ​ផ្នែក​អក្សរសាស្ត្រ ដោយ​ទ្រង់​បាន​ចងក្រង​ប្រវត្តិសាស្ត្រ និង កែប្រែ​រាជ​ស័ព្ទ និង និពន្ធ​ច្បាប់​ផ្សេងៗ​ជាច្រើន ។ មិនតែប៉ុណ្ណោះ ទ្រង់​បាន​រៀបចំ​កងទ័ព​ ដើម្បី​ទៅ​ច្បាំង​ដណ្តើម​យក​ខេត្ត​ខូរ៉ាត (នគរ​រាជ ) ពី​សៀម ។

ចម្បាំង​នេះមិនទាន់​ជោគជ័យ​សម​តាម​ព្រះរាជ​បំណង​ឡើយ ហើយ​ទ្រង់បាន​ដកទ័ព​មកវិញ​ជាមួយនឹង​ឈ្លើយសឹក​មួយចំនួន ។ ការជួបគ្នា​រវាង​ព្រះ​យុវ​ក្សត្រ ប្រកប​ដោយ​បញ្ញាញាណ មាន​ព្រះទ័យ​សន្តោស ជា​ធម្ម​រាជា និង ជា​រាជកវី​បណ្ឌិត​ពុទ្ធសាសនិក អង្គ​នេះ​ជាមួយនឹង​ព្រះ​នាង អង្គ​វត្តី ដែល​ពេល​នេះ​បាន​ក្លាយ​ជា​ព្រះ​ទេ​ពី​របស់​ព្រះ​ឧទ័យ​ទៅ​ហើយ​នោះ ធ្វើអោយ​ស្នេហា​ចាស់​បាន​ពុះពោរ​កញ្ជ្រោល​រញ្ជួយ​កក្រើក​ឡើង​សាជាថ្មី​រវាង​​ខត្តិយ​ជាតិ​ទាំ​ងទ្វេ បាន​នាំអោយ​មាន​ចម្បាំង​គ្នាឯង​រវាង​ព្រះ​ឧទ័យ និង ក្សត្រ​ព្រះ​រាជសម្ភារ ដែល​ត្រូវជា​មា និង ក្មួយបង្កើត​ទៅវិញ ។

ព្រះរាជសម្ភារ បាន​បរាជ័យ​សង្គ្រាម​នេះ ហើយ​មេ​ទ័ព​របស់​ទ្រង់​ ៤ ​រូប (​ឯកសារ​ជា​ទូទៅ​និយាយថា មេ​ទ័ព​ទាំង​ ៤ ​រូប​នេះ​ជា​ជនជាតិ​ចិន​គឺ​៖ ចុង​តុ​ក ១, ឡុក​ចុង​អៀ ​១, សាម​ចាន់​ទៀវ ​១ និង ថុង​ចិន​តុ​ក​ ១) ហើយ​យុវ​ក្សត្រ និង ព្រះ​នាង​អង្គ​វត្តី បាន​ភៀស​ព្រះកាយ​ទៅដល់​ខេត្ត​កញ្ជ​រ គឺ​ខេត្ត​ក្រចេះ​សព្វថៃ្ងនេះ​ឯង ទើប​កងទ័ព​បារាំង (​ឯកសារ​ខ្លះ​ថា​កងទ័ព​ព័រទុយហ្កាល់ ព្រោះ​ពាក្យ​បារាំង​សម័យ​នោះ​សំដៅ​ដល់​ជា​ជាតិ​លោក​ខាង​លិច ជា​ពិសេស​ជន​ជាតិ​ព័រទុយហ្កាល់ និង​ អេស្ប៉ាញ មិន​មែន​ជា​បារាំងសែស​ទេ) ដែល​ជា​កងទ័ពរបស់​ព្រះ​ឧទ័យ​ បាន​ដេញតាម​ទៅ​ទាន់ ហៀបនឹង​ធ្វើ​គត់ ។ ប៉ុន្តែ​ ព្រះអង្គ​បាន​ស្រែក​ឃាត់​ពួកកងទ័ព​បរទេស​ទាំង​នេះ​ថា កុំ​ទាន់​អាល​ធ្វើ​គត់​ទ្រង់ ។ ទ្រង់​បាន​ឡើង​ដើមត្នោត ហើយ​បាន​ទ្រង់​លិខិត​បណ្តាំ​ដល់​បច្ឆាជន (​ជន​ជំនាន់​ក្រោយ) ដោយ​ទ្រង់​ចារ​ជា​កំណាព្យ នៅលើ​ស្លឹកត្នោត​នោះ ។ កំណាព្យ​នោះ​សព្វ​ថៃ្ង ត្រូវបាន​គេ​ស្គាល់​ថា កំណាព្យ​​ចារ​ឰដ៏​ចុង​ត្នោត (​មុន​ពេល​ទ្រង់សុគត) ដែល​មាន​ខ្លឹមសារ​ដូចតទៅ​នេះ​៖

សាធុ​សម្ទាយ ​កុំបី​រាយមាយ ​នឹង​ក្តី​កាមា​
​តែ​ឱ្យ​វង្វេង ក្នុង​វដ្ត​សង្សារ ​ ស្លាប់​ទៅ​កាលណា
បាន​សោយ​តែ​ទុក្ខ ។

​ហេតុតែ​ក្សត្រី នាំ​ឱ្យ​អប្រីយ៍ ដូច​ត្រី​ក្នុង​ភក់
បើ​បុរស​ផង ចង់​ឆ្លង​ន​រក កុំ​ធ្វើ​វីវក់​
​ដូច​អញ​ច្នេះ​ណា ។

ពីព្រោះ​កា​មេ ឥឡូវ​ទាល់តែ​ ក្សិណក្ស័យ​មរណា​
សូវ​ស្លាប់ទៅ​គាប់​ ឱ្យ​ជា​ប់ធ​ម្មា សូម​អស់​ទេ​វា​
ជួយ​ជា​ទិព្វ​ញ្ញាណ ។​

​ទើប​ព្រះ​ភូមិ​- ន្ទ្រា​ធិបតិន​ ទ្រង់​អធិដ្ឋាន​
​ពី​នេះ​ទៅ​មុខ ខ្ញុំ​សូម​ឱ្យ​បាន ជា​ព្រះ​ពុទ្ធញ្ញាណ​
​នាំ​សត្វ​ទាំងឡាយ ។​

​ឱ្យ​អ្នក​ទាំងពួង ជា​ទាហាន​ហ្លួង​ នាំយក​ទៅ​ថ្វាយ
​ព្រះ​បិតុច្ឆា (​ពូ) ទ្រង់​ជ្រាប​អធិប្បាយ កុំ​ទ្រង់​រាយមាយ នឹង​ក្តី​កាមេ ។​

(​ព្រះ​រាជពង្សាវតារ ទំព័រ ៣៩១-៣៩២)

​លុះ​ទ្រង់​ចារ​បណ្តាំ​នេះ​ចប់ ទ្រង់​ក៏​ស្រែក​ប្រាប់​ទៅ​កងទ័ព​ទាំង​នោះ ហើយ​ក៏​ត្រូវ​កងទ័ព​បរទេស​ទាំងនោះបាញ់​នឹង​កាំភ្លើង ឯកសារ​ខ្លះ​ថា ​គ្រាប់កាំភ្លើង​មាស ត្រូវ​ព្រះអង្គ​ធ្លាក់​ពីលើ​ចុង​ត្នោត​សោយ​ទីវង្គត ក្នុង​ព្រះជន្ម ២៩​ ព្រះវស្សា ។ ចំណែក​ព្រះ​នាង​អង្គ​វត្តី ក៏​ត្រូវ​កងទ័ព​ព្រះ​ឧទ័យ​ប្រហារ​នៅ​គ្រា​នោះ​ដែរ ។ គុណធម៌ គុណភាព គំនិត​ប្រាជ្ញា ផែនការ​ក្នុង​ការដណ្តើមយក​ទឹកដីរបស់​ខ្លួន​មក​វិញ​ពី​បច្ចាមិត្រ សុទ្ធតែ​ត្រូវ​បរាជ័យ និង វិនាស​សាបសូន្យ​​ទាំងអស់ បន្សល់ទុក​នៅ​តែ​វិនាសកម្ម និង សោកនាដកម្ម​ប៉ុណ្ណោះ ។ ទាំងនេះជា​មហន្តរាយដែល​កើតចេញពី​កំហុស​ក្នុង​ធម៌កា​មេ ។

ទាញយកសៀវភៅ៖ ព្រះរាជសម្ភារ


អត្ថបទទាក់ទង

សស្រ្តវិជ្ជា និងសាស្រ្តវិជ្ជា

Leave a Reply

Your email address will not be published. Required fields are marked *