បង្ក្រាបមុនដើម្បីឈ្នះ
ល្បិច (វាយមុនឈ្នះ) ឬ (ធ្វើសកម្មភាពមុនដើម្បីបង្រ្កាប) គឺជាការិះរកមធ្យោបាយដណ្តើមឱកាសឲ្យបានមុន គឺរហ័សជាងគូរប្រកួតមួយជំហ៊ាន តែមិនមែនបានន័យថាជាការប្រកួតប្រជែងដោយសន្តិវិធី
(អ្នកទៅដល់មុនឈ្នះ) នោះទេ ក៏ពុំមែនក្នុងស្មារតីព្រមព្រៀងគ្នា (អ្នកទៅដល់មុនជាស្តេច អ្នកទៅដល់ក្រោយជាមន្រ្តី) ក៏ទេដែរ។ ពីព្រោះ (បង្រ្កាបមនុស្ស) ដើម្បីឈ្នះ គឺត្រូវតែ (ធ្វើសកម្មភាពមុន) ពេលនោះធម្មតាទេវាត្រូវតែមានការប្រយុទ្ធគ្នា ដ៏ស្វិតស្វាញមួយ បើមិនជោគជ័យ គឺបរាជ័យ ដូច្នេះអ្វីដែលហៅថាៈ យុត្តិធម៌ ការស្រឡាញ់ ធម៌មេត្តា ឬការអាណិតអាសូរ វាមិនអាចកើមានឡើងនៅក្នុងចន្លោះរវាងយើង និងសត្រូវជាដាច់ខាត។
ក្រឡេកមើលប្រវត្តិសាស្រ្ត សម្លឹងមើលពិភពលោកស្ទើរគ្មានមនុស្សណាគ្មានមនុស្សណាម្នាក់ដែលថាគ្មានគំនិតចង់ “លេបផលម្នាក់ឯង” នោះទេ ពេលណាក្តី ទីណាក៏ដោយ សុទ្ធតែមានរឿងបែបនេះកើtឡើង។ ឲ្យតែមានការដណ្តើម ត្រូវមានការ (បង្រ្កាប) ដណ្តើមធំ (បង្រ្កាបធំ) ដណ្តើមតូច “បង្រ្កាបតូច” ទោះបីជាត្រូវបង្ហូរឈាមក៏ដោយចុះ និយាយរួម (របស់យើង ត្រូវតែជារបស់យើង របស់អ្នកឯង ក៏ត្រូវតែក្លាយជារបស់យើង) វត្ថុបំណងបែបនេះ គឺផ្តើមចេញពីប្រភព “អាត្មានិយម” នោះឯង។
អាត្មានិយម វាជាចរិតធម្មជាតិរបស់មនុស្ស ក៏ជាភាពស្មុគស្មាញដែលបន្តបន្សល់នៅក្នុងសង្គមប្រវត្តិណសាស្ត្រកន្លងមកដែលហៅថា “មិនលំអៀងមិនអាត្មានិយម” វាគ្រាន់តែជាភាសារបោកប្រាស់ និងជាសំដីនិយាយឲ្យពិរោះស្តាប់របស់មនុស្សដែលក្រោយពីបានបាយយ៉ាងពេញមាត់ ផឹកយ៉ាងពេញពោះតែប៉ុណ្ណោះ។ ការនិយាយឲ្យពិរោះស្តាប់ វាមិនធ្វើឲ្យខូចផលប្រយោជន៍ខ្លួនទេ តែវាអាចប៉ះពាល់ដល់អ្នកដទៃ។
ធ្វើសកម្មភាពមុនដើម្បីបង្រ្កាបវាជាវិធី “រហ័សវៃយឺត” តែត្រូវវាយរបៀបណា? គឺត្រូវមើលថា អ្នកដែលត្រូវវាយជាមនុស្សប្រភេទណាមានស្ថានភាពយ៉ាងម៉េច?
រឿងបែបនេះ មានកើតឡើងច្រើនណាស់ ឲ្យតែយកចិត្តទុកដាក់តាមដាន ហើយមានការសម្រេចចិត្ត និងស្មារតីឈានទៅមុខពិជាអាចធ្វើបានយ៉ាងល្អ។
ឱកាសដែលអាចប្រើប្រាស់ល្បិចកលនេះ មានគ្រប់ពេលវេលា ចំណែកនៅក្នុងប្រវត្តិសាស្រ្តដែលបានកត់ត្រាទុកភាគច្រើនសុទ្ធតែជាប្រភេទរឿងដែលទាក់ទងនឹងកិច្ចការយោធា ឬកិច្ចការនយោបាយ។ រឿងឆ្ងាយមិនបាច់និយាយ ទីរហោឋានពេកមិនបាច់រំលឹក និយាយតែចំពោះអ្នកដែលយើងធ្លាប់ដឹងធ្លាប់ឮដូចជា លី-ស៊ឺម៉េង ដណ្តើមយកក្រុងវូម៉ែន អ៊ូ-ជឺធៀន កំទេចស្តេច លី-លូ វេជិន ប្លន់រាជ
បល្ល័ងម្ចាស់ក្សត្រី។ ឈឺ-ស៊ី សម្លាប់គួង-ជូ, ខុង-ម៉េង ប្រើបញ្ញាដណ្តើមយកខេត្តហាន-ជុង, ស៊ឺ-ម៉ាកាយ ប្រើល្បិចចាប់ ម៉ឺងតាក់ គឺសុទ្ធតែប្រើវិធី (រហ័សវៃយឺត) ដណ្តើមយកជោគជ័យ។
មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត គឺ (ប៉ានឆាវ បង្រ្កាបតំបន់ ស៊ី-អ៊ី) ។ (ប្រវត្តិពិត) ប៉ានឆាវ នារជ្ជកាលហាន គឺជាយុវជនម្នាក់ដែលមានចិត្តអង់អាច និងសេចក្តីក្លាហាន ក្រោយពី “ក្រវាត់ជក” បំណងចង់ធ្វើឲ្យុខ្លួនល្បីឈ្មោះនៅនគរក្រៅចង់សម្រេចកិច្ចការអ្វីមួយឲ្យវាល្បីល្បាញខ្ទរខ្ទាដល់ដល់ព្រះនគរ។
មានម្តងនោះ ស្តេចហាន បានតែងតាំងគេជាជំនួការអមជាមួយលោក គួ-ស៊ុន តំណាងរាជទៅ ស៊ី-អ៊ី (ក្នុងតំបន់ស៊ីងជាងបច្ចុប្បន្ន) ពួកគេបានទៅដល់នគរ ជីន-សាន។ នគរនេះជានគរជិតខាងជាមួយនគរ
សុង-លួ ជាចំណុចដែលអាណាចក្រកហាន និងនគរ សុង-លូ កំពុងតែដណ្តើមគ្នា។ ស្តេចនគរនេះ ព្រះនាម សឺ នៅក្រោមការគំរាមកំហែងរបស់នគរធំទាំងពីរ។ ស្តេច សឺ មិនអាចសម្រេចចិត្តបានថាគួរចងសម្ព័ន្ធនឹងងនគរណាមួយឡើយ។ ថ្ងៃនេះ ឃើញតំណាងរាជទូតនគរ ហាន មកដល់ស្តេច សឺ ទទួលយ៉ាងរាក់ទាក់ និងជិតដល់បំផុត ហើយគិតថា នឹងឆ្លៀតឱកាសនេះកសាងទំនាក់ទំនងជាមួយនគរ ហាន តែម្តង។
មិនបានប៉ុន្មានថ្ងៃផង ភាពរាក់ទាក់បែបនេះ ស្រាប់តែប្រែក្លាយទៅជាសោះអង្គើយ។ ប៉ាន់-ឆាវ ឃើញសភាពបែបនេះយល់ថាវាខុសប្លែកពីធម្មតា ក៏កើតការសង្ស័យ រួចក៏និយាយទៅកានកូនចៅដែមកជាមួយ៖
– ពិតជាចម្លែកណាស់ បងប្អូនចាប់អារម្មណ៍ទេ មុននេះស្តេចជីង-សាន ទទួលពួកយើងរាក់ទាក់បំផុត ឥឡូវស្រាប់តែផ្លាស់ប្តូរមកសោះអង្កើយរឿងនេះ ប្រាកដជាមានមូលហេតុអ្វីហើយ ខ្ញុំគិតថា ប្រហែលជាខាងនគរ សុង-លូ បានបញ្ជូនរាជទូតមកដល់ទីនេះហើយ។ ឥឡូវ ពិតជាកំពុងធ្វើការប្រកួតប្រជែងជាមូយពួកយើងខាងការទូត ដែលធ្វើឲ្យស្តេច ជីង-សាន រារែកក្នុងព្រះទ័យមិនអាចសម្រេចចិត្តថាគួរតែដើរតាមផ្លូវណា តាមផ្លូវហាន ឬក៏ផ្លូវសុង-លូ? ពិសេស ការប្រកាន់ឥរិយាបថរបស់ពួកគេ អាចសម្គាល់បានយ៉ាងងាយបំផុត។
ប៉ាន-ឆាវ បានធ្វើការវិភាគសភាពការណ៍បែបនេះ អ្នកទាំងអស់គ្នាក៏ឯកភាពតាមការយល់ឃើញរបស់គេដែរ។ ប៉ាន់-ឆាវ បន្តរ៖
– បើដូចច្នេះមែន ពួកយើងកំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ហើយ។ ប៉ាន-ឆាវ ក៏ប្រញ៉ាប់ហៅអ្នកបម្រើដែលជាជនជាតិ ហ៊ូ នោះឲ្យចូលមកជួបរួចគម្រាម៖
– យើងមានពាក្យខ្លះសួរឯង ឯងត្រូវឆ្លើយឲ្យបានច្បាស់ និងស្មោះត្រង់បំផុត យើងនឹងឲ្យរង្វាន់ឯងយ៉ាងពេញចិត្តបំផុត។ យើងនឹងកាប់ឯងឲ្យដាច់ជាពីរកំណាត់ស្តាប់បានទេ?
ប្រាប់មក! តើពួករាជទូតសុង-លូមកដល់ប៉ុន្មានថ្ងៃហើយ? មានគ្នាប៉ុន្មាននាក់? ឥឡូវស្នាក់នៅកន្លែងណា? ជនជាតិ ហ៊ូ នេះជាមនុស្សដំឡូងមូលស្រាប់ គ្រាន់តែត្រូវ ប៉ាន់-ឆាវ គម្រាមប៉ុណ្ណឹងភ័យឡើងរួញខ្លូនដូចឌុកឌឿ ក៏រៀបរាប់ប្រាប់ ប៉ាន-ឆាវ គ្មានចន្លោះ។
ស្តាប់ចប់ ប៉ាន-ឆាវ យល់ថាសភាពការណ៍ពេលនេះពិតជាធ្ងន់ធ្ងរ ទឹកឡើងដល់ច្រមុះ ភ្លើងឆេះដល់ចិញ្ចើមហើយ ក៏ប៉ុន្តែគេគ្មានតក់ស្លុតបន្តិចបន្ទួចឡើយ។ ពេលនេះនៅជាមួយគេមានកម្លាំងទ័ពតែ ៣៦នាក់ ប៉ុណ្ណោះ។ ប៉ាន់-ឆាវ ប្រមូលផ្តុំពួកគេទាំងអស់ឲ្យជុំគ្នា…។ ហើយក៏បើកអង្គប្រជុំជាំបន្ទាន់មួយ ជាដំបូងគឺចាប់ជនជាតិ ហ៊ូ នោះចងទុកមួយកន្លែងការពារកុំឲ្យទៅរាយការណ៍ បន្ទាប់មកក៏ក្រាលកន្ទេលអង្គុយផឹកផ្ទាល់ដីតែម្តង។ កំពុងតែផឹកយ៉ងសប្បាយស្រាប់តែ ប៉ាន់-ឆាវ ងើបឈរឡើងរួចនិយាយទៅកាន់អ្នកទាំងអស់គ្នាដោយក្តីរំភើប៖
– ពួកយើងជាជនជាតិហាន ហេតុអ្វីបានជានាំគ្នាមកដល់វាលខ្សាច់នេះ? គឺចង់សម្រេចកិច្ចការខ្លះដល់នគរ ប្តូរយកផលប្រយោជន៍តិចតួច ក៏ប៉ុន្តែពេលនេះពួកយើងត្រូវឡោមព័ទ្ធហើយ ទៅមុខ
ក៏មិនរួច ថយក្រោយក៏មិនកើត។ ពេលទើបមកដល់ ស្តេច ជីង គួសមយ៉ាងណាចំពោះពួកយើងនោះទាំងអស់គ្នា ដឹងស្រាប់ហើយប៉ុន្មានថ្ងៃនេះ ខាង សុង-លូ ក៏បានបញ្ជូនរាជទូតមកដល់ដែរ។ អាកប្បកិរិយារបស់គេ ក៏ផ្លាស់ប្តូរទៅជាសោះអង្គើយ នេះសរបញ្ជាក់ឲ្យឃើញថាគេពិតជាមានគំនិតមិនល្អចំពោះពួកយើងហើយ បើសិនជាគេដើរមួយជំហ៊ានទៀតគឺចាប់បញ្ជូនពួកយើងទៅនគរ សុង-លូ ពិតជាវីវរធំហើយ ដល់ពេលនោះ ពួកយើង ពិតជាស្លាប់គ្មានដីកប់ សូម្បីតែសាកសពក៏ត្រូវឆ្កែចចកហែកស៊ីដែរ។ ស្ថានភាពពេលនេះកាន់តែធ្ងន់ធ្ងរឡើងៗ បងប្អូនទាំងអស់គ្នាជួយគិតមើល តើធ្វើយ៉ាងណាទើបអាចរួចផុតពីមាត់ខ្លាបាន?
ឮនិយាយបែបនេះ អ្នកទាំងអស់គ្នាក៏សម្លឹងមើលមុខគ្នា ក្នុងចំណោមនោះម្នាក់និយាយ៖
– រឿងរ៉ាវដល់ថ្នាក់នេះទៅហើយ ទុកឲ្យលោកម្ចាស់ជាអ្នកសម្រេចទៅចុះ។
– ត្រូវ! ពួកយើងដើរតាមលោកម្ចាស់ទាំងអស់គ្នា! និយាយព្រមតែម្តង។
ប៉ាន់-ឆាវ បន្ត៖
– ពេលនេះ មានតែផ្លូវពីរប៉ុណ្ណោះត្រូវជ្រើសរើស ឬមួយក៏រត់ ឬមួយក៏ប្រយុទ្ធ តែបើរត់ក៏រត់រកសេចក្តីស្លាប់ដែរ ព្រោះថាយើងមានគ្នាតែជាង ៣០នាក់ ប៉ុណ្ណោះ។ សួរថាតើអាចរត់ទៅដល់ទីណា? ខ្លាចមិនទាន់ទាំងបានពាក់កណ្តាលផ្លូវផង ត្រូវសម្លាប់បាត់អស់ទៅហើយ។ ខ្ញុំយល់ថាមានតែបធ្យោបាយមួយប៉ុណ្ណោះ គឺត្រូវតែប្រយុទ្ធ អ្នកណាវាយមុនពិតជាឈ្នះ បើយើងមិនចូលរូងខ្លាម្តេចនឹងចាប់
ខ្លាបានទាំងអស់គ្នាយល់ស្របទេ?
– យល់ព្រម!
– ល្អយើងដឹងថាពួករាជទូត សុង-លូ មានគ្នាប៉ុន្មាននាក់ ហើយស្នាក់នៅទីណា។ យប់នេះ យើងចាត់ការតែម្តង ពេលនោះ ពួកវានឹងស្លន់ស្លោរ ព្រោះឥឡូវនេះពួកវាកំពុងបានចិត្តសម្បើមដៃណាស់ មិនស្មានថាពួកយើងមានការសម្រេចចិត្តនឹងសកម្មភាពបែបនេះទេ ដូច្នេះពិតជាគ្មានការប្រុងប្រយ័ត្នចំពោះការវាយឆ្មក់របស់ពួកយើងឡើយ ទំរាំតែដឹង គឺវាចប់កិច្ចការបាត់ទៅហើយ។ ពេលដោះស្រាយពួកអាចោលម្សៀតនេះចប់ហើយ ស្តេចជីង ពិតជាយល់ព្រមដើរតាមពួកយើងដោយស្លាប់ចិត្តមិនខាន។ បែបនេះ ក្តីបំណងរបស់ពួកយើងមិនបានជោគជ័យហើយឬ? ម្នាក់នោះក៏ហារមាត់និយាយ៖
– រឿងនេះវាធំដុំណាស់ វាប៉ះពាល់ដល់ទំនាក់ទនងការទូត យកល្អគួរតែពិភាក្សាជាមួយលោកម្ចាស់ គួរ ជាមុនសិន
– ឈើយ! ប៉ាន់-ឆាវ ក្តៅឆេវនិយាយទាំងក្តៅក្រហាយ៖
– គ្រោះល្អ គ្រោះអាក្រក់ ជោគជ័យ ឬបរាជ័យ គឺសម្រេចគ្នានៅក្នុងយប់នេះឯង. លោកម្ចាស់គួរជាអ្នករៀនសូត្រ មានចរឹតទន់ខ្សោយ បើគេដឹងរឿងនេះពិតជានៅធ្វើសង្រ្គាមត្រជាក់មិនខានឲ្យតែចូលរឿងចរចារពិភាក្សាពិតជាយប់វែង សុបិនច្រើន ហើយចៃដន្យផែនការរបស់ពួកយើងត្រូវលេចឮទៅក្រៅមិនវីវរធំទៅហើយ?
ហើយក៏បែរមុខមកាន់អ្នកទាំងអស់គ្នា រួចនិយាយ៖
– អ្នកទាំងអស់គ្នាយល់ថាត្រូវឬទេ ហេតុអ្វីយើងត្រូវយកជីវិតរបស់ខ្លួនទៅផ្ញើលើជនម្នាក់ដែលមិនហ៊ានទាំងអារករមាន់ផងនោះ? ដល់តំណាក់កាលចុងក្រោយនេះទៅហើយ នៅសង្ឃឹមថាអាចចរចារបានឬយ៉ាងម៉េច?
ត្រូវ! ស្រែកឯកភាពទាំងអស់គ្នាតែម្តង។
– សម្រេចចិត្តតាមលោកម្ចាស់ ប្រយុទ្ធប្តូរស្លាប់រស់ជាមួយពួកវាឲ្យដឹងស-ខ្មៅម្តង។ ទាំងអស់គ្នាក្តាប់ដៃ ខាំមាត់ ទឺកចិត្តអង់អាចឡើងដល់កម្រិត រួចក៏ប្រញ៉ាប់ប្រញ៉ាល់ផ្លាស់ប្តូរសម្លៀកបំពាក់ ទាញអាវុធមកកាន់គ្រប់ដៃ រង់ចាំទទួលបញ្ជាចេញដំណើរ។
មិនយូរប៉ុន្មាន មេឃក៏ងងឹត ភាពងងឹតនៅពេលយប់មើលអ្វីក៏ឃើញតែស្ទុងៗប៉ុណ្ណោះ។ សន្ធឹកខ្យល់បក់វូៗ កួចខ្សាច់ហើរមកប៉ះពេញមុខកូនប្រុសដ៏អង់អាចក្លាហាន។ មួយក្រុមនេះបានលបលួចចូលទៅដល់ជំរុំស្នាក់អាស្រ័យរបស់ពួករាជទូតសុង-លូ, ប៉ាន់-ឆាវ បានបែងចែកកម្លាំងត្រៀមប្រយុទ្ធជាស្រេចទាំង ៣៦នាក់ ចែកចេញជាពីរក្រុម ១០នាក់ លាក់ខ្លួននៅខាងក្រៅ ដៃកាន់ស្គរគ្រប់គ្នា ដល់ពេលនោះត្រូវ “វាយកម្លា” ។ ប៉ាន់-ឆាវ ក៏ខ្សឹបប្រាប់ពួកគេ៖
– ឲ្យតែឃើញក្នុងជំរុំមានភ្លើងឆេះ ត្រូវប្រឹងវាយស្គរ និងស្រែគំហកកុំឈប់ឲ្យសោះរហូតទាល់តែទទួលបានជោគជ័យទាំងស្រុងចាំឈប់។ ក្រៅពីនេះ សល់គ្នាជាង ២០នាក់ ដោះអាវអាក្រាត់ផ្នែកខាងលើ។
ទាំងអស់គ្នា ដៃកាន់កាំបិត ក្រោមការដឹកនាំរបស់ ប៉ាន់-ឆាវ ប្រៀបបាននឹងខ្លាកំណាចចុះពីភ្នំសម្រុកចូលជំរុំពួក សុង-លូ ។ តែម្តង ដុតជំរុំបណ្តើរ ស្រែកបណ្តើរ ជួបសេះកាប់ផូង ស្ទាបប៉ះមនុស្សមានអាវចាក់វ៉ឹប។ ពេលនេះ ពួករាជទូត សុង-លូ ទាំងអស់កំពុងតែដេកសុបិននៅក្នុងភួយនៅឡើយ ស្រាប់តែត្រូវសម្លេងវាយប្រហារស្រែកឲ្យភ្ញាក់ស្លន់ស្លោរពេកក្រៃ។ ក្រឡេកទៅឃើញមនុស្សគ្មានពាក់អាវមួយក្រុមកាប់ឆ្វេង ចាក់ស្តាំ ឮសំឡេងស្គរលាន់ឮដូចរន្ទះ សំឡេងសម្លាប់កងរំពងជ្រែកយប់ងងឹត ចង់បោលតែគ្មានផ្លូវរត់ ចង់ប្រយុទ្ធក៏រកអាវុធមិនឃើញ នៅពីមុខជាខ្លាកំណាច នៅពីក្រោយគឺភ្លើងដ៏សន្ធោ សន្ធៅ ហេតុនេះហើយ ដូចសត្វជ្រូកដែលធ្លាយទ្រុងខ្លះរត់ទៅលិច ខ្លះបោលទៅកើត ខ្លះត្រូវស្លាប់ដោយភ្លើងឆេះ ខ្លះត្រូវសម្លាប់ដោយកាំបិត តែកន្លះនាក់ក៏រត់មិនរួចដែរ។ មនុស្សជាង ១០០នាក់ ត្រូវស្លាប់
អស់គ្មានសល់។
ដល់ព្រឹកឡើង ប្រមូលកម្លាំងត្រួតពិនិត្យ ឃើញត្រូវរបួសប៉ុន្មាននាក់ដែរ តែនៅគ្រប់ចំនួនទាំងអស់ ពិតជាទៅគ្នា ៣៦នាក់ មកវិញ ១៨គូ មែន។ រួចរាល់អស់ហើយ ទើបយករឿងនេះទៅរាយការណ៍ឲ្យលោកម្ចាស់ គួ-ស៊ុន ។ មិនខុសមែន គ្រាន់តែឮភ្លាម ភ្ញាក់ក្រញ៉ាងផ្លាស់ប្តូរទឹកមុខតែម្តង។
ប៉ាន-ឆាវ យល់ពីចិត្តគំនិតរបស់គេ ក៏បបួលទាំងអស់គ្នាស្រែកព្រមគ្នាថា៖
– ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកម្ចាស់ យើងបានសម្រេចភារៈកិច្ចដ៏ត្រចះត្រចង់ដលនគរ។ ក្រោយពីបានស្រែកអបអរមក ទើបលោកម្ចាស់គួរផ្លាស់ប្តូរទឹកមុខមកជាសប្បាយរីករាយវិញ។ ប៉ាន់-ឆាវ ក៏ដឹកនាំអ្នកទាំងអស់គ្នាទៅកាន់រាជតំណាក់ស្តេច ជិង-សាន រួចបោះក្បាលពួករាជទូត សុង-លូ ទៅដីព្រូសបង្ហាញ ស្តេចជីង-សាន ត្រូវធ្វើឲ្យភ័យឡើងស្លេកមុខលោះព្រលឹង សេនាឆ្វេងស្តាំក៏បញ្ឈរភ្នែកស្លាក់វាចារគ្រប់គ្នាដែរ។ តែប៉ាន់-ឆាវ គ្មានអំនួតបន្តិចណាទេ គេប្រើពាក្យទន់ភ្លន់ទៅលួងលោម និងផ្សព្វផ្សាយជំហរនយោបាយរបស់រាជការហានដល់ពួកគេ។ ហេតុនេះស្តេចជីង ក៏យល់ព្រមទាំងកាយសប្បាយទាំងចិត្ត ស្លាប់ទាំងគំនិតដើរតាមផ្លូវនគរហាននាពេលនោះតទៅ។
ដកស្រង់ពីសៀវភៅ ល្បិចទល់មេឃ
ប្រភពរូបភាព (រូបតំណាង) Dragon Army
អត្ថបទទាក់ទង