តើអ្នកដឹងទេ! ថាពាក្យសម្បថរបស់ព្រះមហាក្សត្រខ្មែរ នៅសិលាចារឹកប្រាសាទភិមានអាកាស មានន័យដូចម្តេច?
ក្នុងរជ្ជកាលព្រះបាទសុរិយាវរ្ម័នទី១ ដែលជាសម័យកាលមួយដែលប្រទេសកម្ពុជាមានភាពរំជើបរំជួលដោយមាន ការបះបោរពីសំណាក់ប្រជាជននៅខេត្តបាត់ដំបង និងមនខ្មែរនៅក្នុងខេត្តលពបុរីតម្រូវឲ្យមានការស្បថស្បែរពីសមាជិកគ្រប់ជាន់ថ្នាក់ក្នុងរាជរដ្ឋាភិបាលរបស់ទ្រង់។ ដោយសារតែខ្លឹមសារដែលព្រះអង្គបានបន្សល់ទុកលើផ្ទាំងសិលាចារឹក (k.292-ka 501) ទើបធ្វើឲ្យដឹងអំពីសារៈសំខាន់នៃពាក្យសម្បថនាស.តទី១១ ដែលមានខ្លឹមសារដូចតទៅ៖
“នៅមហាសករាជ៩៣៣. ៩កើតខែភទ្របទថ្ងៃអាទិត្យនេះគឺជា ពាក្យសម្បថយើងទាំងអស់គ្នា ដែលនៅជាភាគតម្រួច (ឯក, ទោ, ត្រីណិនិងចត្វាវិ) វេលាសម្បថនេះយើងសូមកាត់ដៃថ្វាយជីវិតដោយភក្តីភាពដ៏បរិសុទ្ធរបស់យើង ចំពោះព្រះបាទសម្តេចព្រះស្រីសូរ្យវរ្ម័ន យើងសូមធ្វើសម្បថនៅចំពោះមុខព្រះអគ្គី (ព្រះភ្លើង) ព្រះរតនវត្ថុនិងព្រាហ្មណាចារ្យទាំងអស់។ យើងមិនគោរពថ្វាយដល់ព្រះមហាក្សត្រត្រិយណាដទៃទៀតក្រៅពី ព្រះអង្គឡើយ។ យើងមិនក្លាយទៅជាខ្មាំងសត្រូវចំពោះព្រះអង្គឡើយ។
“អំពើទាំងឡាយណាដែលកើតចេញពីសេចក្តីកតញ្ញូភក្តី ចំពោះព្រះបាទស្រីសូរ្យវម៌ទេពនោះយើងគប្បីខិតខំធ្វើ។ បើសិនជាពេលមានចម្បាំងយើងខិតខំច្បាំងយ៉ាងមោះមុតឲ្យអស់ពីសន្តានចិត្តយើងមិនគិតស្ងួន(សំចៃ) នូវជីវិតយើងដោយភក្តីភាពរបស់យើង ចំពោះព្រះអង្គឥតរត់គេចវេសពីសង្គ្រាមចម្បាំងឡើយទោះបីពេលឥតមានចម្បាំង។ បើសិនជាយើងស្លាប់ដោយសារ ជំងឺប្រចាំខ្លួនយើងនឹងសូមឲ្យការទទួលផលល្អនៃភាពស្មោះត្រង់ចំពោះព្រះមហាក្សត្រិយ៍កើតមានដល់យើង។ បើសិនជាយើងអាចបម្រើរាជការរហូតដល់អស់ជីវិតនុះយើងស្លាប់ដោយប្រការណាៗមួយគួរយើងស្លាប់យ៉ាងនេះដោយភក្តីភាព។
“ប្រឹសិនបើក្នុងរាជការនៃព្រះស្រីសូរ្យវម៌ទេពព្រះអង្គមានព្រះរាជបន្ទូលមកប្រើយើងឲ្យទៅទីដ៏ឆ្ងាយព្រោះទ្រង់ត្រូវការព័ត៌មានផ្សេងៗនោះយើងនឹងខិតខំស្វែងរកថ្វាយឲ្យដឹងអស់ហេតុការណ៍ពិតៗឲ្យបានក្បោះក្បាយតាមគន្លងពាក្យសម្បថនៃយើងគ្រប់ៗប្រាណ។
“បើសិនជាយើងមិនបានគោរពតាមព្រះរាជបញ្ជាពាក្យសម្បថនេះទេយើងសូមឲ្យព្រះមហាក្សត្រិយដែលសោយរាជ្យក្នុងថ្ងៃអនាគតដាក់ទណ្ឌកម្មដល់យើងខ្ញុំកុំឲ្យខ្វះប្រការណាមួយឡើយ។
“បើសិនជាយើងបានប្រព្រឹត្តអំពើក្បត់ខុសអំពីពាក្យសម្បថនេះសូមឲ្យយើងទៅកើតនៅឋាននរក៣២ជាន់រហូតដល់អស់ព្រះអាទិត្យនិងព្រះចន្ទ។
“បើសិនជាយើងទាំងអស់គ្នាគោរពតាមព្រះរាជបញ្ជាដោយបរិសុទ្ធតាមពាក្យសម្បថនេះសូមឲ្យព្រះមហាក្សត្រិយចេញព្រះរាជបញ្ជាដើម្បីឲ្យទូលបង្គំបាននៅថែរក្សាការកសាងបុណ្យបារមីព្រះអង្គនៅក្នុងព្រះនគរយើងនិងសូមសម្បត្តិទាំងពួងចូរមានដល់គ្រួសារយើងដោយសេចក្តីសុខ។ស្វាមីភក្តីរបស់យើងចំពោះព្រះស្រីសូរ្យវម៌ទេពដែលព្រះអង្គទ្រង់បានគ្រងរាជពេញលក្ខណៈតាំងពីមហាសករាជ៩២៤(ត្រូវនឹងឆ្នាំ១០០២នៃគ្រិស្គសករាជ) ។លទ្ធផលនៃស្វាមីភក្តីរបស់យើងតាំងពីលោកយើងនេះរហូតដល់បរលោក។”
ប្រភព៖ មរតកកម្ពុជា
អត្ថបទទាក់ទង