ស្វែងយល់អំពីទ្រឹស្តីសង្គមពុទ្ធិ (Social Cognitive Theory)

ទ្រឹស្ដិ

(ទ្រឹស) នាមសព្ទ (សំ. ទ្ឬស្ដិ; បា. ទិដិ្ឋ) មើលពាក្យ ទិដ្ឋិ។ ពាក្យនេះ សព្វថ្ងៃប្រើជា ទ្រឹស្ដី (ជើង ដ) គឺការឃើញដោយភ្នែក ឬការយល់ឃើញដោយគំនិតប្រាជ្ញាយោបល់, គោលការណ៍ដែលពន្យល់ចង្អុលប្រាប់នូវដំណើរទំនងនៃកិច្ចការទាំងពួងដែលត្រូវធ្វើយ៉ាងណាៗ។

រឿងនេះគ្រាន់តែជាទ្រឹស្ដីទេ, បុគ្គលនេះមានតែទ្រឹស្ដី តែមិនទាន់មានការប្រតិបត្តិ ឬការពិសោធនៅឡើយទេ; ទ្រឹស្តីទុកជាមូលដ្ឋាននៃកិច្ចប្រតិបត្តិ។

សង្គម 

សង់-គំ ឬ–គៈមៈ សំ. បា. ( ន. ) ការ​ជួប​ជុំ​គ្នា, ការ​ប្រជុំ​គ្នា ; ការ​រាប់​រក​គ្នា, ការ​ប្រមូល​រួប​រួម​ផ្តុំ​មនុស្ស​ឬ​សត្វ : សង្គម​មនុស្ស, សង្គម​សត្វ ។ វេវ. សង្គតិ។ សង្គម​កិច្ច (សង់គៈមៈកិច ឬ សង់គំ-ម៉–) កិច្ច​ការ​ក្នុង​សង្គម​ឬ​របស់​សង្គម; កិច្ច​ការ​ដែល​ធ្វើ​ឡើង​ដើម្បី​ជួយ​យឹតយោង​សង្គម​មនុស្ស​ឲ្យ​បាន​សុខ​ចម្រើន។ ឈ្មោះ​ក្រសួង​រដ្ឋ​មន្រ្តី​មួយ​កាន់កាប់​មុខ​ការ​ដូច​ពោល​ខាង​លើ​នេះ : ក្រសួង​សង្គម​កិច្ច។ សង្គមដ្ឋាន, –មាល, –សភា, –សាលា ទី​ឬ​រោង​សម្រាប់​ប្រជុំ។ សង្គម​ភាព ភាព​នៃ​សង្គម ។ល។

ពុទ្ធិ  

ន.(សំ.បា.) ប្រីជា ប្រាជ្ញា ការ​យល់ មនុស្ស​មាន​ពុទ្ធិ (ប្រើ​ក្នុង​កាព្យ) អ្នក​សុទិដ្ឋិ ដែល​មាន​ពុទ្ធិ ប្រសើរ​ឆើតឆាយ តែង​មាន​យោបល់ យល់​ការ​វែង​ឆ្ងាយ ញ៉ាំង​ជន​ទាំងឡាយ​ឲ្យបាន​ក្ដី​សុខ។

ពុទ្ធិ គឺសំដៅយកចំណេះដឹងទូទៅរបស់មនុស្ស ទោះក្នុងខ្លួនយើងក្តី ខ្លួនអ្នកដទៃក្តី ឬនៅលើធម្មជាតិក្រៅខ្លួនយើងក្តី ឬក្នុងធម្មជាតិក្រៅខ្លួនយើងក្តី ដែលបានមកពីការស្រាវជ្រាវផ្សេងៗ។​ ប៉ុន្តែពុទ្ធិពុំមែនត្រឹមតែជាចំណេះដឹងស្រពេចស្រពិល ឬមានប្រព័ន្ធច្បាស់លាស់ដែលមនុស្សបង្កើតប៉ុណ្ណោះទេ តែវាជារបៀបដែលញ៉ាំងអោយចំណេះទាំងនោះ កើតឡើងថែមទៀតផង។ គេចែកពុទ្ធិជាបីគឺ (សូមចុចទីនេះដើម្បីអានបន្ត)

ក្រឡេកមើលតាមប្រវត្តិសាស្រ្ត ទ្រឹស្តីបទជាច្រើនត្រូវបានគេបង្កើតឡើង ដើម្បីបរិយាយអំពីឥរិយាបថ ឬប្រតិកម្មរបស់មនុស្ស។ មុនការកើតឡើងនៃទ្រឹស្តីសង្គមពុទ្ធិ ទ្រឹស្តីបទទាក់ទងធម្មជាតិមនុស្សជាច្រើន បានព្យាយាមលើកតម្កើងជ្រុលដល់តួនាទីនៃជីវសាស្រ្ត និងសង្គមបរិយាកាសជុំវិញ ក្នុងការកំណត់ឥរិយាបថ ឬប្រតិកម្មរបស់មនុស្ស ដោយគេពុំសូវគិតដល់កត្តាខាងក្នុងផ្សេងៗទៀត ដែលត្រូវបានគេទទួលស្គាល់ថា ជាកត្តាកំណត់​ដ៏មានសារៈសំខាន់។ ទ្រឹស្តីពុទ្ធិបែបក្រុមឥរិយាបទ បានផ្តោតយ៉ាងតឹងរឹងលើកត្តាបរិយាកាសសង្គមជុំវិញ ដោយគេបានសន្និដ្ឋានថា ការសម្របខ្លួន ការអភិវឌ្ឍន៏ខ្លួន និងការសិក្សារៀនសូត្ររបស់មនុស្ស កើតឡើងជាឯកតោភាគី តាមរយៈកម្លាំងជម្រុញខាងក្រៅ។ លើសពីនេះទៅទៀត គេក៏ផ្តោតសំខាន់ លើការវិវត្តន៏នៃជីវសាស្រ្ត គឺថាវាជាកម្លាំងរុញច្រានដ៏សំខាន់នៃឥរិយាបថ ឬប្រតិកម្មរបស់មនុស្ស ដោយគេភ្លេចគិតទៅដល់ឥទ្ធិពល​សង្គម និងច្ចេកវិទ្យា (Technology) ដែលវាក៏ជាកត្តាសំខាន់ផងដែរ នៃការជះឥទ្ធិពលដល់ការវិវត្តន៍នេះ (Pajares, 2002)

ក្នុងការប៉ុនប៉ង ដើម្បីពន្យល់ឲ្យកាន់តែច្បាស់ពីសមត្ថភាព ឬមុខងាររបស់មនុស្ស (Human Functioning) Miller និង Dollard (1941) បានបង្ហាញជាលើកដំបូងនូវគំនិតទ្រឹស្តីសង្គមពុទ្ឋិ ដោយគេយកគំរូតាម ក្រុមទ្រឹស្តីពុទ្ឋិបែបក្រុមឥរិយាបទ។​ បើទោះបីជាទ្រឹស្តីបទថ្មី​ មានលក្ខណៈប្រសើរជាង​ទ្រឹស្តីបទចាស់ក៏ដោយ ប៉ុន្តែវានៅតែបរាជ័យ​ គឺថាទម្រង់ថ្មីនៃប្រតិកម្មការឆ្លើយតបរបស់ឥរិយាបថ ឬប្រតិកម្មរបស់មនុស្ស និងដំណើរការចម្លងតាម (នៅពេលមនុស្សម្នាក់ធ្វើការសង្កេត ហើយចម្លងឥរិយាបថមនុស្សម្នាក់ទៀត) ត្រូវការប្រើពេលវេលាយូរ ​បូករួមទាំងការដែលមិនត្រូវបានគេពង្រឹងក្នុងឥរិយាបថ ឬប្រតិកម្មរបស់មនុស្ស។ ដើម្បីដោះស្រាយបញ្ហានេះ Bandura បានផ្តូចផ្តើមបង្កើតទ្រឹស្តីថ្មីមួយ នាដើមស.វ ទី៦០ ដោយគាត់ហៅទ្រឹស្តីនេះថា ទ្រឹស្តីសង្គមពុទ្ធិ។ គាត់ចង់ផ្តោតសំខាន់ទៅលើ ពុទ្ឋិ (Cognitive) ដែលសំដៅលើ សមត្ថភាព ឬមុខងារមនុស្ស បានដល់សេចក្តីដឹង ឬការស្គាល់ខ្លួន ការទទួលដឹង (ឬស្គាល់ដោយវិញ្ញាណ)  ហេតុផល និង​ការវិនិច្ឆ័យ នៃឥរិយាបថ ឬប្រតិកម្ម (Pajares 2002)

ទ្រឹស្តីសង្គមពុទ្ធិ (បង្ហាញឲ្យគេស្គាល់នៅឆ្នាំ 1963 ដោយ Bandura និង Walters) បានយកចិត្តទុកដាក់ ផ្តោតសំខាន់លើតួនាទីចម្បង នៃការរៀនដឹងដោយសង្កេត និងរបស់ជំនួយដល់ការសង្កេត​ (Vicarious​ មានន័យថា មនុស្សរៀនដឹងដោយការសង្កេតរបស់ជាគំរូ) ក្នុងមុខងាររបស់មនុស្ស។​ ក្រោយមក Bandura (1977) បានអភិវឌ្ឍន៏ទ្រឹស្តីគាត់បន្ថែមទៀត ដោយដាក់បញ្ចូលអង្គសំខាន់ថ្មីមួយទៀត គឺ ជំនឿលើខ្លួនឯង ដែលជាកត្តាចម្បងនៃឥរិយាបថ ឬប្រតិកម្មរបស់មនុស្ស។ ក្នុងទ្រង់ទ្រាយលក្ខណៈនៃដំណើរការបច្ចុប្បន្ន ទ្រឹស្តីសង្គមពុទ្ធិ បានគាំទ្រការដែលលើកឡើងថា ឥរិយាបថ ឬ ប្រតិកម្មរបស់មនុស្ស ការសម្របខ្លួន និងការផ្លាស់ប្តូរប្រែប្រួល មានមូលដ្ឋានគ្រឹះលើការរៀនសូត្រដោយសង្កេត ការចាត់របៀបរបបខ្លួនឯង និងដំណើរការឆ្លុះបញ្ចាំង ឬការជះត្រឡប់មកវិញនៃការរៀនសូត្រ គឺវាមិនមានមូលដ្ឋានគ្រឹះលើដំណើរឥរិយាបថ ឬប្រតិកម្មឆ្លើយតប ដែលបានលើកឡើងដោយទ្រឹស្តីបទអ្នកឥរិយាបទ ឬប្រតិកម្មនិយមនោះទេ។ Bandura  ហៅពហុធម្មជាតិនៃមុខងារឥរិយាបថ ឬប្រតិកម្មរបស់មនុស្សថាជា លក្ខណៈកំណត់ឲ្យគ្នាទៅវិញទៅមក ដើម្បីអធិប្បាយដល់ ឥទ្ធិពលនៃការកើតឡើងរបស់អ្វីមួយនៃបុគ្គល (ឧទាហរណ៏ បញ្ញា អារម្មណ៏ ឬការរំជួលចិត្ត និងព្រឹតិ្តការណ៏ជីវសាស្រ្ត) ឥរិយាបទ និងកត្តាសង្គមបរិយាកាស ដល់សកម្មភាពមនុស្ស (Bandura, 1986)។​

មនុស្សធ្វើការបកប្រែលទ្ធផល​ និងការផ្តល់ព័ត៌មានដល់ឥរិយាបថ ឬប្រតិកម្ម ព្រមទាំងឥទ្ធិពលនៃកត្តាបរិយាកាសសង្គម ដែលពួកគេបានជួបប្រទះ និងជំនឿនៃការលើកទឹកចិត្ត ការទទួលដឹង (ឬស្គាល់ដោយវិញ្ញាណ) និងការរំជួលចិត្ត។ សង្គម (កត្តាបរិយាកាស)​ ​និង ពុទ្ឋិ (កត្តាផ្ទាល់ខ្លួន) ទាំងនេះមានឥទ្ធិពលដល់បុគ្គលិកលក្ខណ: (ឥរិយាបថ ឬប្រតិកម្មនាពេលអនាគត)។

ទ្រឹស្តីសង្គមពុទ្ធិ មានមូលដ្ឋានគ្រឹះលើគំនិត គឺថាមនុស្សពិតជាម្ចាស់លើមុខងារឥរិយាបថ ឬប្រតិកម្មរបស់ខ្លួន។ មុខងារនេះផ្តល់ឲ្យពួកគេនូវប្រភព ឬធនធាននៃបញ្ញា ដែលជិះឥទ្ធិពលដល់វាសនារបស់គេ។ គេអាចរាប់បញ្ចូលសមត្ថភាព ឬមុខងារ ដូចជា គេអាចគូសវាសជានិមិត្តសញ្ញា ការបង្កើតគម្រោងផ្សេងៗ រៀនសង្កេត​ អនុវត្តន៏ និងប្រើប្រាស់ យន្តការការចាត់របៀបរបបខ្លួនឯង និងការឆ្លុះបញ្ចាំង ឬជះត្រឡប់មកវិញនៃបញ្ញា។ សមត្ថភាព ឬមុខងារទាំងនេះ មនុស្សបានប្រើប្រាស់វា តាមសភាវគតិជារៀងរាល់ថ្ងៃ។

ការគូសវាសជានិមិត្តសញ្ញា គឺជាសព្ទដែល Bandura ប្រើប្រាស់ដើម្បីពន្យល់ដល់ដំណើរការការគិតរបស់មនុស្ស។ គាត់បានអធិប្បាយថា វាគឺជាយាន ឬមធ្យោបាយសម្រាប់ការគិត។ រីឯ សមត្ថភាព ឬមុខងារនៃការបង្កើតគម្រោងផ្សេងៗ ត្រូវបានយកទៅប្រើប្រាស់ ដើម្បីសម្រួលដល់ដំណើរការសម្រេចចិត្តជាបឋមរបស់មនុស្ស ពោលគឺមុនមនុស្សគិត វាអនុញ្ញាតឲ្យគាត់ប្រមើរមើលជាមុន នូវលទ្ធផលនៃសកម្មភាព ដោយគេក៏ពុំចាំបាច់ត្រូវតែអនុវត្តន៏តាមគម្រោងដែលបានបង្កើតឡើងនោះដែរ។ លើសពីនេះ មនុស្សអាចរៀនពីបទពិសោធន៏អ្នកដទៃ សមត្ថភាព ឬមុខងារនេះគេហៅវាថា រៀនដោយសង្កេត (Vicarious Learning)។​ ចំពោះ យន្តការការចាត់របៀបរបបខ្លួនឯង ឧទាហរណ៏ដូចជា ការសង្កេតដោយខ្លួនឯង និងការវិនិច្ឆ័យសកម្មភាពមនុស្ស អនុញ្ញាតឲ្យគេចាត់ចែងឥរិយាបថ ឬប្រតិកម្មជាសាមញ្ញធម្មតា ដោយមានមូលដ្ឋានគ្រឹះលើការយល់ឃើញរបស់អ្នកដទៃ ពោលគឺអ្នកដទៃជាអ្នកវាយតម្លៃលើការប្រព្រឹត្តិរបស់មនុស្សម្នាក់ទៀត។ លើសពីនេះទៅទៀតនោះ សមត្ថភាព ឬមុខងារក្នុងការការជះត្រឡប់​ ឬឆ្លុះបញ្ចាំងឥរិយាបទ និងបទពិសោធន៏ ឬការពិនិត្យវិនិច្ឆ័យលើបញ្ញា ហើយធ្វើការវិនិច្ឆ័យដោយខ្លួនឯង នាំដល់ការបង្កើតជំនឿលើខ្លួនឯង (ឧទាហរណ៏ ការជឿជាក់លើខ្លួនឯង ការស្រលាញ់ ឬអោយតម្លៃខ្លួនឯង ការគិតដោយខ្លួនឯង) មូលដ្ឋានគ្រឹះទាំងនេះ​ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីកំណត់ពេលដែលគេគិតថា ការកែប្រែនៃគំនិត និងឥរិយាបថ ឬប្រតិកម្ម​ វាសាកសមនឹងត្រូវប្រើ​ (Bandura, 1986; Pajares, 2002)

យ៉ាងណាមិញ មានមុខងារដ៏សំខាន់មួយក្នុងការជឿជាក់លើខ្លួនឯង (Self-Belief) គេហៅវាថា ការជឿជាក់លើសមត្ថភាព ដោយវាត្រូវបានគេចាត់ទុកថាជាបេះដូងសំខាន់នៃទ្រឹស្តីសង្គមពុទ្ធិ ហេតុដូចនេះហើយ វាទាមទាឲ្យមានការពន្យល់បន្ថែម។

 


អត្ថបទទាក់ទង

ឧបសគ្គដែលរារាំងការសម្រេចបាន ពុទ្ធិ 

 

ស្វែងយល់អំពីទ្រឹស្តីនៃការសិក្សា ឬ Learning Theory

Leave a Reply

Your email address will not be published. Required fields are marked *