សង្គ្រាមពង្រីកទឹកដីរបស់ចក្រភពម៉ុងហ្គោល (ឆ្នាំ១២០៦-១៣៦៨) មហាសង្គ្រាមធំបំផុតជាងគេលំដាប់ទី២ នៅក្នុងប្រវត្តិសាស្រ្តពិភពលោក

សង្គ្រាមពង្រីកទឹកដីរបស់ចក្រភពម៉ុងហ្គោល (ឆ្នាំ១២០៦-១៣៦៨) គឺមហាសង្គ្រាមធំបំផុតជាងគេលំដាប់ទី២ នៅក្នុងប្រវត្តិសាស្រ្តពិភពលោក ដែលបន្សល់សោកនាដកម្មជាច្រើនក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ សង្រ្គាមនេះបានកើតមានឡើងនៅដើមសត្សវត្សន៍ទី១៣ ដែលជាសង្គ្រាមពង្រីកវិសាលភាពទឹកដី នៃចក្រភពម៉ុងហ្គោល គ្របដណ្តប់ជាច្រើនផ្នែកនៃតំបន់អាស៊ី និងអឺរ៉ុបខាងកើត រហូតដល់ត្រឹមពាក់កណ្ដាលឆ្នាំ១៣០០។ ការវាយប្រហារ និងការឈ្លានពានទឹកដីរបស់ម៉ុងហ្គោល គឺជាជម្លោះដែលមានមនុស្សស្លាប់តាមផ្លូវច្រើនបំផុត គឺរហូតដល់ទៅ៦០លាននាក់។

សង្គ្រាមពង្រីកទឹកដីរបស់ចក្រភពម៉ុងហ្គោល បានចាប់ផ្តើមឡើងក្រោមការដឹកនាំរបស់អធិរាជ ជិនហ្គីស ខាន់ (Genghis Khan) ដែលឈ្មោះកំណើតថា តេមូឈីន (Temutchin) ជាកូនប្រុសរបស់មេក្រុមកុលសម្ព័ន្ធមួយ ក្នុងចំណោមកុលសម្ព័ន្ធជាច្រើនរបស់ម៉ុងហ្គោល ក្រោមការដឹកនាំរបស់អធិរាជអង្គនេះ ចក្រភពម៉ុងហ្គោល មានទឹកដីលាតសន្ធឹងធំបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ នៅឆ្នាំ១១៦២ (ឯកសារខ្លះថាឆ្នាំ ១១៥៥) នៅតំបន់ភ្នំ នៃដែនដីម៉ុងហ្គោល មានទារកមួយបានចាប់កំណើតឡើង។ ទារកដែលពេល ធំដឹងក្តីឡើងក្លាយទៅជាមេទ័ព និងអធិរាជដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តពិភពលោក គឺ ជិនហ្គីស ខាន់។

នៅពេលដែល ជិនហ្គីស ខាន់ ចាប់កំណើត និងធំដឹងក្តី ម៉ុងហ្គោល នៅមិនទាន់ក្លាយជាប្រជាជាតិរួបរួមគ្នាមួយនៅឡើយទេ។ ប្រជាជនម៉ុងហ្គោល រស់នៅជាក្រុមកុលសម្ព័ន្ធ ដែលរស់នៅដាច់ៗពីគ្នា ហើយពេលខ្លះធ្វើសង្រ្គាម រវាងគ្នាឯងទៀតផង។ ចាប់តាំងពីសតវត្សរ៍ទី៧ ម៉ុងហ្គោល ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ក្នុងរាជវង្សថាង និងបន្ទាប់មកទៀត ក្រោមការគ្រប់គ្រងរបស់រាជវង្ស លៀវ (Liao)។

នៅឆ្នាំ១២០៦ តេមូឈីន ដែលមានវ័យ៤៤ឆ្នាំ បានក្លាយទៅជាមេដឹកនាំម៉ុងហ្គោល ដែលរួបរួមគ្នាជាប្រជាជាតិតែមួយ គឺចក្រភពម៉ុងហ្គោល។ តេមូឈីន ត្រូវបានគេផ្តល់ងារថ្មីមួយ គឺជិនហ្គីស ខាន់ (មានន័យថាតាមភាសា ម៉ុងហ្គោលថា «ស្តេចចក្រវាល»)។

ឆ្លៀតក្នុងពេលដែលចិន កំពុងធ្លាក់ចុះទន់ខ្សោយ ដោយមានការបែកបាក់ផ្ទៃក្នុង ជិនហ្គីស ខាន់ ក៏បានសម្រេចធ្វើការវាយលុក ទៅលើចិន មុន។ នៅពេលនោះប្រទេសចិន ត្រូវបានបែងចែកជាច្រើន ចំណែកដោយមាននគរធំៗ បី គឺនគរលៀវ (Liao) នៅប៉ែកខាងជើង នគរសៀ (Xia) នៅខាងលិច និងនគរសុង (Song) នៅប៉ែកខាងត្បូង។ ជិនហ្គីសខាន់បាននាំទ័ពម៉ុងហ្គោល ប្រមាណជា៥ម៉ឺននាក់ ឆ្លងព្រំដែនសំដៅទៅវាយលុកចូលក្នុងនគរលៀវ គឺដែនដីចិនប៉ែកខាងជើង។

នៅឆ្នាំ១២១៥ កងទ័ពរបស់ជិនហ្គីស ខាន់ បានបើកប្រតិបត្តិការវាយលុក ទៅលើរាជធានីប៉េកាំង។ ក្រោយពីដណ្តើមកាន់កាប់ទីក្រុងបានហើយកងទ័ពម៉ុងហ្គោល បានដុតកម្ទេចផ្ទះសម្បែង និងសម្លាប់រង្គាលប្រជាជនស្ទើរតែអស់គ្មានសល់។ ដែនដីចិនខាងជើង ក៏ត្រូវធ្លាក់ក្រោមការត្រួតត្រារបស់ចក្រភពម៉ុងហ្គោល។

អធិរាជជិនហ្គីស ខាន់ បានបន្សល់ទុកកងទ័ពដ៏ខ្លាំង ពូកែរាប់សិបម៉ឺននាក់ ហើយគិតមកត្រឹមពេលនោះចក្រភពម៉ុងហ្គោលបានកាន់កាប់ទឹកដីដែលលាតសន្ធឹងចាប់តាំង ពីមហាសមុទ្រប៉ាស៊ីហ្វិក រហូតទៅដល់អឺរ៉ុបខាងកើត។ ទឹកដីនៃចក្រភពម៉ុងហ្គោល មានទំហំធំជាងចក្រភព ម៉ាសេដ្វាន់ របស់អាឡិចសង់ ឡឺក្រង់ (Alexandre le Grand) រហូតដល់ទៅ ៤ដង ហើយធំជាងចក្រភពរ៉ូមរហូតដល់ទៅ២ដង។


សង្គ្រាមលោកលើកទី២ (ឆ្នាំ១៩៣៩-១៩៤៥) មហាសង្គ្រាមធំបំផុតជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្រ្តពិភពលោក ដែលបន្សល់សោកនាដកម្មជាច្រើនក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ

 

One thought on “សង្គ្រាមពង្រីកទឹកដីរបស់ចក្រភពម៉ុងហ្គោល (ឆ្នាំ១២០៦-១៣៦៨) មហាសង្គ្រាមធំបំផុតជាងគេលំដាប់ទី២ នៅក្នុងប្រវត្តិសាស្រ្តពិភពលោក

Leave a Reply