ស្វែងយល់ អំពី អាថ៌កំបាំងនៃប្រាសាទនាគព័ន្ធ ដែលត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧

នាគព័ន្ធ ( បា. នាគ + ពន្ធ ) ឈ្មោះ​សិលា​ប្រាសាទ​បុរាណ​មួយ ក្នុង​ពួក​ប្រាសាទ​ថ្ម នៅ​មហានគរ​ ( នគរ​ធំ = អង្គរ​ធំ ) ក្នុង​ខែត្រ​សៀមរាប មាន​លទ្ធិ​ពុទ្ធសាសនិកអាចរិយវាទ ( លទ្ធិ​មហាយាន ) ជា​ព័ស្ដុតាង ដោយ​មាន​រូប អវលោកិតេស្វរៈ និម្មិត​ខ្លួន​​ជាសេះ​វលាហក ស្រង់​មនុស្ស​ដែល​លង់​ទឹក​ក្នុង​មហាសាគរ ( ភពវដ្ត​សំសារ ) ឲ្យ​​រួច​រស់​​មាន​ជីវិត : ប្រាសាទនាគព័ន្ធ ។ ឈ្មោះ​បទ​ភ្លេង​បុរាណ​របស់​ខ្មែរ​មួយ​មេ : ​ភ្លេង​នាគព័ន្ធ ។

តាមបាលី_  សំស្ក្រឹត 

ប្រាសាទនាគព័ន្ធ =“តីថ៌” គឺកន្លែងរំដោះ លាងជម្រះនូវអំពើ បាបទាំងឡាយ។

ខ្លឹមសារសង្ខេប 

  • ឈ្មោះ ៖ ប្រាសាទនាគព័ន្ធ
  • អ្នកកសាង ៖ ព្រះបាទជ័យវរ្ម័នទី៧
  • កាលបរិច្ឆេទកសាង ៖ សតវត្សទី១២ ឆ្នាំ១១៩១
  • ឧទ្ទិសថ្វាយ ៖ ព្រះពុទ្ធសាសនាមហាយាន
  • ស្ថាបត្យកម្ម ៖ រចនាបថបាយ័ន
  • ទីតាំង ៖ ក្រុងអង្គរ ខេត្តសៀមរាប

ការធ្វើកំណាយ

ម៉ូរ៉ាយស៍ ហ្គាយសិ៍ (Maurice Glaize)

ប្រាសាទនាគព័ន្ធត្រូវបានគេស្គាល់តាំងពីចាប់ផ្តើមការសិក្សាស្រាវជ្រាវស្ថាបត្យកម្មកម្ពុជាមក គឺនៅមុនឆ្នាំ ១៨៦៦ ប៉ុន្តែត្រូវបានកាប់ឆ្ការយកព្រៃចេញពីប្រាសាទដោយលោក ហ្វារុត (Farut) នៅចន្លោះឆ្នាំ ១៨៦៦-១៨៧៦ បន្ទាប់មកត្រូវបានសម្អាត និងរៀបចំផ្តំថ្មឡើងវិញដោយលោក ម៉ាឆែល (H. Marchal) ពីឆ្នាំ ១៩២២-១៩២៤ និងលោក ម៉ូរ៉ាយស៍ ហ្គាយសិ៍ (Maurice Glaize) ពីឆ្នាំ ១៩៣៨-១៩៣៩ ។ កាលពីមុនមានដើមជ្រៃធំមួយយដើមដុះព័ន្ធជុំវិញប្រាង្គកណ្តាល ប៉ុន្តែត្រូវខ្យល់បក់វាយបំបាក់បំផ្លាញឱ្យដួលនៅឆ្នាំ ១៩៣៥។ នៅឆ្នាំ ១៩១១ លោក លុយណេ ដឺ ឡាស្ហុងគីយែរ បាននិយាយថា មានតែរូបសំណាក់ពីរប៉ុណ្ណោះ ដែលប្រទះឃើញនៅទីនោះ គឺក្បាលមនុស្សនៅបន្ទប់ខាងកើត និងក្បាលដំរីនៅបន្ទប់ខាងជើង។ ប៉ុន្តែរូបក្បាលសេះត្រូវបានរកឃើញដោយលោក ហ្សង់ ដឺ ម៉េកឃ្វីនេម (Jean de Mecquenem) នៅខែឧសភា ឆ្នាំ ១៩១២ រីឯក្បាលតោត្រូវបានរកឃើញនៅក្នុងឆ្នាំ ១៩២២ ដោយលោក ម៉ាឆែល (H. Marchal) ហើយធ្វើកំណាយនាំឱ្យលោករកឃើញរូបមួយទៀត គឺព្រះពោធិសត្វលោកេស្វរៈ។

លក្ខណៈទូទៅ

ប្រាសាទនាគព័ន្ធមានឈ្មោះដើមថា ប្រាសាទរាជស្រី ត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័ន ទី ៧ នៃចុងសតវត្ស ទី ១២ ប៉ុន្តែគេស្គាល់ជាទូទៅថាប្រាសាទនាគព័ន្ធ ។ តាមការបកស្រាយអំពីស្រះទឹក និងប្រាសាទជាធាតុផ្គុំគ្នានៅប្រាសាទនាគព័ន្ធបានបង្ហាញយ៉ាងជាក់ច្បាស់នៅក្នុងសិលាចារឹកជាភាសាសំស្រ្កឹតនៃប្រាសាទព្រះខ័នថា ប្រាសាទនាគព័ន្ធជាកោះដ៏ប្រសើរឧត្តុង្គឧត្តម និងមានសោភ័ណភាព ដោយសារស្រះទឹកសម្រាប់ដុសលាងជម្រះកាយសាសនិកដែលបានមកដល់ទីនេះ ហើយប្រើប្រាស់ទូកសម្រាប់ឆ្លងមហាសាគរនៃជីវិត។ នៅក្នុងផ្នែកមួយនៃអត្តបទរបស់លោក ជីវ តាក្វាន់ បានឱ្យដឹងថា នៅទិសខាងជើងកំពែងនគរចម្ងាយប្រមាណ ៥ លី មានប្រាសាទមាសរាងបួនជ្រុងនិងមានបន្ទប់ថ្មជាច្រើនរយ ហើយនៅក្នុងនោះគេឃើញមានរូបព្រះពុទ្ធមាស រូបសឹង្ហមាស រូបដំរី រូបតោ រូបសេះ និងវត្ថុដទៃផ្សេងៗទៀតធ្វើអំពីស្ពាន់ច្រើនឥតគណនា។ ប្រាសាទនាគព័ន្ធត្រូវបានសាងសង់អំពីថ្មភក់ ស្ថិតនៅចំកណ្តាលបារាយណ៍ខាងជើងឈ្មោះ ជយតដាត ឬវាលរាជតដាក ។ បារាយណ៍នេះមានទំហំ ៣៥០០ ម៉ែត្រគុណ ៩០០ ម៉ែត្រ ។ សព្វថ្ងៃមានផ្លូវចេញចូលនៅទិសខាងជើង ។

សិលាចារឹក

តាមសិលាចារឹកលេខ K-៩០៨ ប្រាសាទនាគព័ន្ធមានឈ្មោះដើមថា រាជស្រី ជាភាសាបាលី ឬសំស្រ្កឹត ដែលមកពីពាក្យ រាជ+ស្រី មានន័យថា វត្ថុជាមង្គលរបស់ស្តេច ដែលត្រូវបានស្ថាបនានៅក្នុងចុងសតវត្សរ៍ ទី ១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័ន ទី៧

អ្នកកសាង 

ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះ ត្រូវគេបានសាងសង់នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ​ ៨ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីពេទ្យ ។ យើងដឹងហើយថានៅរជ្ជព្រះបាទជ័យវម្ម៌ទី៧ មានការរីកចម្រើនខ្លាំងរីកដុះដាលចាត់ទុកថាជាយុគមាស។ ក្នុងនោះយើងឃើញថាផ្នែកអក្សរសាសស្ត្រមានសន្ទុះយ៉ាងខ្លាំង ព្រមទាំងការបង្កើតមន្ទីរទេព្យឲ្យរស់រានមានជីវិតឡើងជាលើកដំបូងផងដែរ។

វេជ្ជសាស្ត្រសម័យបុរាណ 

បុព្វបុរសសម័យដើមលោកបានសិក្សាគម្ពីរជាច្រើន ហើយយករបស់ក្នុងគម្ពីរនោះមកបង្កើតឲ្យលេចចេញជារូបរាងឡើង។ ក្នុងការព្យាបាលមនុស្សយើងត្រូវដឹងពីរូបផ្គុំបង្កើតរូបរាង្គមនុស្សជាមុនសិន។ រូបមនុស្ស សត្វក្នុងលោកផ្សំទើងដោយធាតុ៤សំខាន់ គឺ ធាតុទឹក ធាតុដី ធាតុភ្លើង និងធាតុខ្យល់។ ធាតុទាំងបួននេះមិនអាចខ្វះមួយណាបានឡើយ បើអ្នកណាមនុស្សនោះប្រាកដជាមិនប្រក្រតីបង្កើតឲ្យឈឺរឺស្លាប់បាន។ ក្នុងការព្យាបាលជំងឺយើងមាន៖

  • ប្រភេទថ្នាំ ៖ មានឬសឈឺ ស្មៅ ដើមរុក្ខជាតិជាដើម។
  • ប្រភេទមន្ដអាគម ៖ ការព្យាបាលដោយប្រើមន្ដអាគម ស្តោះ ផ្លុំ ទឹកមន្ដ…
  • ប្រភេទពិធីកម្ម ៖ សូត្រមន្តយោងព្រះគ្រោះ…

នៅក្នុងប្រាសាទដូនតាយើងបង្គប់នូវបច្ចេសទេសព្យាបាលជំងឺយ៉ាងអាថ៌កំបាំងបំផុត។ មានការបកស្រាយខុសៗគ្នាទៅតាមការយល់ឃើញរបស់ទស្សនៈអ្នកប្រាជ្ញរៀងៗខ្លួន។ ក្នុងការព្យាបាលជំងឺនោះដូនតាយើងបានផ្សាភ្ជាប់ទៅនឹងលក្ខណៈអាទិទេពនិយម ព្រមទាំងក្បាលទេពទាំងបួនសម្រាប់ព្យាបាលមមុស្ស។

ក្បាលទេពទាំងបួន 

  • ក្បាលមនុស្ស ៖ ខាងកើត ធាតុដី
  • ក្បាលសេះ ៖ ខាងលិច ធាតុខ្យល់
  • ក្បាលសិង្ហ ៖ ខាងត្បូង ធាតុភ្លើង
  • ក្បាលដំរី ៖ ខាងជើង ធាតុទឹក

របៀបព្យាបាល 

ការព្យាបាលនេះមិនពិបាកទេ គ្រាន់តែស្គាល់ឆ្នាំ ស្គាល់ធាតុនៃអ្នកជំងឺនោះបានហើយ។ ឧទាហរណ៍៖ ឆ្នាំឆ្លូវ ធាតុដី ត្រូវយកទៅព្យាបាលនៅទិសខាងកើត គឺឲ្យផឹក ងូតទឹកដែលហូរចេញពីក្បាលមនុស្ស។

រឿងនិទានទាក់ទងនឹងក្បាលសេះ 

មានរឿងនិទាន​មួយ​ថា មានហ្វូងមនុស្សប្រុសមួយក្រុមបានជិះសំពៅឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំណាចមួយ។ វាបានបង្កព្យុះភ្លៀងធ្វើឲ្យសំពៅលិចលង់។ នាយសំពៅឈ្មោះសេមហៈក៏បានបន់ស្រន់អស់ទេព្ដាឲ្យជួយ។ ដោយសារបារមីព្រះពោធិសត្វលោកេស្វរៈ ព្រះអង្គបានប្រមើមើលឃើញមនុស្សកំពុងជួបភ័យអន្ដរាយ ពេលនោះទ្រង់ក៏ប្រើឲ្យអាមាត្យមួយអង្គក្លែងជាសេះបាលហៈទៅជួយអ្នកលិចលង់សំពៅនោះ។ អ្នកលិចលង់ទាំឡាយក៏បានតោងជើង និង​កន្ទុយសេះ ហើយ​សេះ​នោះ​បាន​នាំ​ពួក​គេ​មកដល់ត្រើយបានសុខសាន្ដទៅ។

ឯកសារយោង៖

វចនានុក្រមជួន ណាត

Maurice Glaize ១៩៦៣

លោក ហ្សក សឺដែស្ត ឆ្នាំ១៩៤៧ ទំព័រទី៦៧

ឯកសារ ជីវ តាក្វាន់ ឆ្នាំ១៩៧៣ ទំព័រទី១២

សៀវភៅ ដែនដីអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី៤ ឆ្នាំ២០១៧ ដោយលោក ស៊ឹម ភក្ត្រា ទំព័រទី១២


អត្ថបទទាក់ទង

តើអ្នកដឹងទេ! ថាពាក្យសម្បថរបស់ព្រះមហាក្សត្រខ្មែរ នៅសិលាចារឹកប្រាសាទភិមានអាកាស មានន័យដូចម្តេច?

Leave a Reply