ស្វែងយល់អំពីវេទិកាសេដ្ឋកិច្ច World Economic Forum

វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ជាជំនួបប្រជុំជារៀងរាល់ឆ្នាំរវាងអ្នកជំនួញ រដ្ឋាភិបាល មេដឹកនាំសង្គមផ្សេងៗមកពីបណ្ដាប្រទេសនានា ដើម្បីពិភាក្សាជុំវិញប្រធានបទទាក់ទងទៅនឹងពិភពលោក តំបន់ និងឧស្សាហកម្មជាដើម។ ខាងក្រោម​នេះ យើង​នឹង​ស្វែងយល់​ទាំងអស់គ្នា​ថា តើ​អ្វី​ទៅជា​វេទិកា​សេដ្ឋកិច្ចពិភពលោក (World Economic Forum)? 

១. អំពី​វេទិកា (About the Forum)​ ​

វេទិកា​សេដ្ឋកិច្ចពិភពលោក (World Economic Forum) គឺជា​មូលនិធិ​មិន​យកប្រាក់​កម្រៃ (non-profit foundation) មួយ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ (Geneva) ប្រទេស​ស្វី​ស​។ វេទិកា​នេះ ​ត្រូវ​បានទទួលស្គាល់​ថា​ ជា​អង្គការ​អន្តរជាតិ​មួយ ដែលមាន​បេសកកម្ម​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើងនូវ​រដ្ឋ​ទាំងឡាយ​នៅលើ​សាកល លោក ដោយ​ចូលរួម​យ៉ាងសកម្ម​ក្នុង​វិស័យ​ពាណិជ្ជកម្ម នយោបាយ សិក្សាធិការ និង ភាពជា​អ្នកដឹកនាំ​នៅក្នុងសង្គម​។ របៀបវារៈ​នានា​នៃ​វេទិកា​នេះ​ គឺ​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​សាកលលោក តំបន់ និង ឧស្សាហកម្ម​។ 

២. ប្រវត្តិ​ដោយ​សង្ខេប (Brief History)​ ​

វេទិកា​សេដ្ឋកិច្ចពិភពលោក (World Economic Forum) ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៧១ ដោយ លោក Klaus Schwab (​ជា​ជនជាតិ​អាឡឺម៉ង់ និង ជា​សាស្ត្រាចារ្យ​ផ្នែក​ពាណិជ្ជកម្ម​នៅ​សាកលវិទ្យាល័យ​ហ្សឺ​ណែវ (University of Geneva)​។ ឈ្មោះ​ដើម​របស់​វេទិកា​នេះ​ គឺ វេទិកា​គ្រប់គ្រង​អឺរ៉ុប (European Management Forum) ហើយ​វា​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​វេទិកា​សេដ្ឋកិច្ចពិភពលោក (World Economic Forum) វិញ នៅ​ឆ្នាំ ១៩៨៧​។​​ ​នៅ​រដូវក្តៅ​ក្នុង​ឆ្នាំ ១៩៧១ លោក Klaus Schwab បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​កំពូលៗ​ចំនួន ៤៤៤ នាក់មក ពី​បណ្តា​ក្រុមហ៊ុន​អឺរ៉ុប​ខាងលិច (Western European firms) មកកាន់​ស​ន្និសិទ​គ្រប់គ្រង​អឺរ៉ុប (European Management Symposium) ដែល​បាន​រៀបចំឡើង​នៅក្នុង​មជ្ឈមណ្ឌល​សភា​ដេ​វ៉ូស (Davos Congress Centre) ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​គណៈកម្មការ​អឺរ៉ុប (European Commission) និង សមាគម​ឧស្សាហកម្ម​អឺរ៉ុបដទៃ​ផ្សេងទៀត (European industrial associations)​។ ការអញ្ជើញ​នេះ​គឺ​ក្នុង​គោលបំណង​ណែនាំ​ក្រុមហ៊ុនអឺរ៉ុប ​អំពី​ការអនុវត្ត​ការគ្រប់គ្រង​ពាណិជ្ជកម្ម​របស់​ជនជាតិ​អាមេរិកាំង​។ បន្ទាប់មក​ គាត់​បាន​បង្កើត​វេទិកា​នេះ​ឡើងជាអង្គ​ការមិន​យកប្រាក់​កម្រៃ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ (Geneva) ហើយ​បាន​ទាក់ទាញ​មេដឹកនាំពាណិជ្ជកម្ម​អឺរ៉ុប​ទៅកាន់​ទីក្រុង​ដេ​វ៉ូស (Davos) សម្រាប់​ការប្រជុំ​ប្រចាំឆ្នាំ​ដែល​ធ្វើឡើង​នៅ​រៀងរាល់​ខែមករា​។​​ ​ក្រៅពី​ការប្រជុំ​ប្រចាំឆ្នាំ​ដែល​ត្រូវធ្វើឡើង​នៅ​ទីក្រុង​ដេ​វ៉ូស (Davos) អង្គការ​មួយ​នេះ ​ក៏មាន​រៀបចំ​កិច្ចប្រជុំថ្នាក់​តំបន់​ពី​ប្រាំមួយ​ទៅ​ប្រាំបី​ដង​ក្នុង​មួយឆ្នាំៗ​ផងដែរ​។ តួយ៉ាង កិច្ចប្រជុំ​ថ្នាក់​តំបន់​នោះ តែងតែ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​តំបន់​មួយចំនួន​ ដូចជា​តំបន់​អា​ហ្វ្រិ​ច អាស៊ី​ខាងកើត អាមេរិក​ឡាទីន ប្រទេស​ចិន និង អារ៉ាប់​រួម (United Arab Emirates) ជាដើម​។ លើសពីនេះទៅទៀត មូលនិធិ​មួយ​នេះ ​បាន​បង្កើត​នូវ​កម្រង​នៃ​របាយការណ៍​ស្រាវជ្រាវជាច្រើន ព្រមទាំង​ជួយ​ជ្រោមជ្រែង​សមាជិក​របស់ខ្លួន​នៅក្នុង​វិស័យ​ជាក់លាក់​មួយចំនួន​។

៣. សមាជិកភាព (Membership)​ ​

មូលនិធិ​មួយ​នេះ ​ត្រូវបាន​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​សមាជិក​ជា​ក្រុមហ៊ុន​ចំនួន ១០០០ ហើយ​សមាជិក​ទាំងនោះ ជាធម្មតា គឺជា​ក្រុមហ៊ុន​លំដាប់​ថ្នាក់​ពិភពលោក​ដែលមាន​ផលរបរ (turnover) ច្រើនជាង​ប្រាំ​ពាន់​លាន​ដុល្លារអាមេរិក​។​ ​សមាជិកភាព​ត្រូវបាន​ចាត់ថ្នាក់​ដោយ​កម្រិត​នៃ​ការចូលរួម​ជាមួយនឹង​សកម្មភាព​នានា​របស់​វេទិកា ដោយថ្លៃ​សមាជិកភាព​អាច​កើនឡើង​អាស្រ័យទៅលើ​ការចួលរួម​ក្នុង​កិច្ចប្រជុំ គម្រោង និងការកើនឡើង​ដោយ​បុព្វហេតុនានា​។ គិត​ត្រឹម​ឆ្នាំ ២០១១ ថ្លៃ​សមាជិកភាព​ប្រចាំឆ្នាំ​គឺ  $៥២ ០០០ សម្រាប់​សមាជិក​ជា​បុគ្គល​ធម្មតា (individual member) $២៦៣ ០០០ សម្រាប់​ដៃគូ​ឧស្សាហកម្ម និង $៥២៧ ០០០ សម្រាប់​ដៃគូ​យុទ្ធសាស្ត្រ​។ ក្នុង​ឆ្នាំ ២០១៤ វេទិកា​សេដ្ឋកិច្ចពិភពលោក បាន​បង្កើន​ថ្លៃ​ប្រចាំឆ្នាំ​ចំនួន ២០% ដែល​តម្លៃ​សម្រាប់​ដៃគូ​យុទ្ធសាស្ត្រ បាន​កើនឡើង​ពី $៥២៧ ០០០ ទៅដល់ $៦២៨ ០០០​។

សូម​បញ្ជាក់​ថា កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ ស្ដីពី​អាស៊ាន រយៈពេល ៣​ថ្ងៃ​ ក្នុង​រាជ​ធានី​ភ្នំពេញ ពីថ្ងៃទី​១០ ដល់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧ ក្រោម​ប្រធាន​បទ “យុវជន បច្ចេក​វិទ្យា និង​ការ​រីក​ចម្រើន” ដែល​មាន​ការ​ចូលរួម​ពី​មេដឹកនាំ ​និង​វិនិយោគិន​កំពូលៗ ប្រមាណ​ជាង ៧០០​នាក់។


អត្ថបទទាក់ទង

សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស (The Universal Declaration of Human Rights)

Leave a Reply