ស្វែងយល់អំពីជីវិត និងស្នាដៃរបស់បិតារូបវិទ្យាសតវត្ស៏ទី២០ លោក អាល់បឺត អាញស្តាញ (Albert Einstein)

សម្រាប់ខាងផ្នែកវិទ្យាសាស្រ្ត​ អាញស្តាញ ជាអ្នកធ្វើឲ្យពិភពលោកស្គាល់ម៉ូលេគុលរបស់ទឹក ហើយនឹងអាចរកឃើញទំហំម៉ូលេគុល ជាលើកដំបូងដែលធ្វើឲ្យពិភពលោកដឹងថាពន្លឺមានគុណសម្បត្តិ​​ជាចុណ្ណភាគ ដឹងថានៅក្នុងម៉ាស់មានថាមពលមហាសាលនៅបង្កប់ ដឹងថាពន្លឺកោងបាន ថេរវេលានិងចម្ងាយផ្លូវអាចរួញឬយឺតបាន អវកាសពត់ពែនបាន ស្គាល់អន្លង់ងងឹត (Black Hole) ទំនាញ ។ល។ ទ្រឹស្តីរបស់គាត់ គឺជាគ្រឹះដ៏សំខាន់នៃតិចណូឡូជីជាច្រើនប្រភេទ ដូចជា ថ្មពិល ​ថាមពលពន្លឺព្រះអាទិត្យ អប្រិយថតរូប ប្រព័ន្ធ GPS ប្រព័ន្ធអគ្គិសនីអូតូម៉ាទិច ឧបករណ៍ត្រួត​ពិនិត្យខ្យល់ដកដង្ហើម បារ៍កូតកុំព្យូទ័រ ឌីវីឌី ទូរទស្សន៍ កែវឆ្លុះមេក្រូទស្សន៍អេឡិចត្រុង ទូរស័ព្ទដៃ ឧបករណ៍ហ្វូតូកូពី សរសៃកែវនាំពន្លឺ កាំរស្មីលេស៊ើរ៍ ថាមពលនុយក្លេអ៊ែរ វិទ្យុសកម្ម ។ល។ ចំណែក​ក្នុងរឿងចក្រវាឡ ធ្វើឲ្យយើងដឹងថាតារានិករបញ្ចេញពន្លឺបានដូចម្តេច ចក្រវាឡមាន​រូប​រាង្គ​ដូចម្តេច កើតមកពីណា ហើយនឹងសាបសូន្យទៅដូចម្តេច។ តែគួរ​ឲ្យស្តាយដែលគាត់​គិត​ទ្រឹស្តី​កម្លាំងទំនាញ​ឯកភាពមិនបានជោគជ័យ កុំអីយើងអាចបានឃើញឧបករណ៍បញ្ឈប់ពេលវេលា ឧបករណ៍បង្រួញចម្ងាយផ្លូវ ដាវលេស៊ើរ៍ រឺរថយន្តហោះដូចក្នុងរឿងភាពយន្តក៏ថាបាន ។ល។

ដោយតិចណូឡូជីរបស់អាញស្តាញ អាចនឹងធ្វើឲ្យបណ្ណល័យក្នុងអនាគតកាល​គ្មានសៀវភៅ​ក៏​ថា​បាន ព្រោះយើងអាចអង្គុយនៅក្នុងបន្ទប់តូចមួយ តែអាចចូលទៅដល់សៀវភៅទាំងអស់ក្នុង​ពិភពលោកបានត្រឹមមួយពព្រិចភ្នែកប៉ុណ្ណោះ។

រឿងដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រទូទាំងពិភពលោកមានការចំឡែកចិត្ត គឺបន្ទាប់ពីទាំងអស់គ្នាយល់​ទ្រឹស្តីសម្ព័ន្ធភាពហើយថាវាអស្ចារ្យប៉ុណ្ណា ហេតុអ្វីទើបមិនពិចារណារង្វាន់ណូបែលផ្នែករូបវិទ្យាឲ្យអាញស្តាញម្តងទៀតជាលើកទីពីរ? ដើមឡើយគណៈកម្មការពិចារណារង្វាន់ណូបែល មិនឲ្យអាញស្តាញទទួលរង្វាន់ណូបែលសម្រាប់ទ្រឹស្តីសម្ព័ន្ធភាព ព្រោះគ្មាននរណាយល់ ទាំងដែលទ្រឹស្តីនេះជ្រាលជ្រៅអាថ៌កំបាំងជាង ទ្រឹស្តីពន្លឺជាចុណ្ណភាគ ដែលធ្វើឲ្យគាត់បានទទួលរង្វាន់ជាប្រភេទដែលនិយាយបានថាមិនអាចធៀបគ្នាបានឡើយ។ អ្នកខ្លះដល់ថ្នាក់ពោលថា គាត់​សម​គួរនឹងបានទទួលរង្វាន់ណូបែលយ៉ាងហោចណាស់ ៤ដង គឺទទួលពីទ្រឹស្តីសម្ព័ន្ធភាពពិសេស ១ សម្ព័ន្ធភាពទូទៅ ១ ការរកឃើញថា ពន្លឺជាចុណ្ណភាគ ១ ហើយនឹងការរកឃើញម៉ូលេគុល ១ ទៀត។ ក្រៅពីនេះគាត់ថែមទាំងបានក្រាលគ្រឹះទ្រឹស្តីខ្វនត័ម (Quantum) អធិប្បាយការបម្លាស់ទីតាមបែបប្រោណនៀន(Brownian Motion, គឺការបម្លាស់ទីបែបគ្មានរបៀបរបស់ចុណ្ណភាគតូចៗ ដូចជា ធូលីក្នុងអាកាស កេសរផ្កាលើផ្ទៃទឹក ដែលក្រោយមក អាញស្តាញ រកឃើញថាកើតមកពីម៉ូលេគុលរបស់ទឹក ឬអាកាសរត់ជល់ចុណ្ណភាគទាំងនោះ។) អធិប្បាយរបកគំហើញ​របស់​រូបវិទូ​ជំនាន់​ក្រោយជាច្រើនរូបផ្សេងទៀត រហូតធ្វើឲ្យរូបវិទូទាំងនោះបានទទួលរង្វាន់ណូបែល។

ពួកបស្ចឹម (Westerner) លើកតម្កើងអាញស្តាញប្រដូចសាស្តា ហើយគ្មាននរណាឥច្ឆាក្នុងភាពជោគ​ជ័យរបស់គាត់ឡើយ ព្រោះជាជោគជ័យដែលបានមកពីសមត្ថភាពហួសវិស័យមនុស្សធម្មតា។ លើសពីនេះគាត់មិនឈ្លក់វង្វេងជាមួយនឹងកិត្តិយសកេរ្តិ៍ឈ្មោះដែលបានមក។ អាញស្តាញ នៅតែជាមនុស្សចាស់សក់បាស់ជ្រោង ដើរដី ចូលចិត្តអង្គុយគិតអ្វីម្នាក់ឯង សុភាព ដាក់ខ្លួន អាចលេងជាមួយក្មេងៗបានវាល់ល្ងាច។ កំឡុងពេលធ្វើដំណើរពីសកលវិទ្យាល័យត្រឡប់ទៅផ្ទះ គេឃើញគាត់ឈៀងចូលរាក់ទាក់ក្មេងៗ ជួយក្មេងជួសជុលរបស់លេង ឬទោចក្រយានជាប្រចាំ បើថ្ងៃណាបានឮសម្លេងក្មេងយំ គាត់ដើររកទាល់តែឃើញហើយចូលទៅលួងលោម។ មានគ្រាមួយ នោះ គាត់ឃើញក្មេងស្រីដែលជាកូនភ្នាក់ងារធ្វើការនៅសកលវិទ្យាល័យកំពុងអង្គុយយំ ហើយក៏សាកសួរ ទើបដឹងរឿងថា យំព្រោះមិនយល់វិជ្ជាគណិតសាស្ត្រ អាញស្តាញប្រាប់ថា គាត់ក៏មិនសូវយល់រឿងលេខដូចគ្នា តែជួនកាលបើយើងជួយគ្នាគិត អ្វីៗអាចនឹងល្អប្រសើរឡើងក៏ថាបាន ហើយគាត់ប្រើពេលរសៀលថ្ងៃនោះជួយអធិប្បាយគណិតសាស្រ្តទាល់តែក្មេងស្រីនោះយល់បាន។

អាញស្តាញ ជាមនុស្សមានពាក្យកំប្លែងជ្រៅៗ ហើយព្យាយាមតបសំបុត្រគ្រប់ច្បាប់ដែលសរសេរទៅរកគាត់ អ្នកខ្លះសតិអណ្តែតអណ្តូងគិតវត្ថុប្រឌិតក្រៅលោកបញ្ជូនមកឲ្យ ដែលមនុស្សទូទៅអានរួចនៅចង់សើច តែគាត់អានយ៉ាងយកចិត្តទុកដាក់ហើយសរសេរ​សំបុត្រតបត្រឡប់ទៅវិញ​ថា “ជួយសិក្សាមូលដ្ឋានរូបវិទ្យាឲ្យបានច្បាស់ជាងនេះបន្តិច ព្រោះ​យើងកំពុងនៅលើលោក​មួយ​នេះ” ចំ​ណែកទ្រឹស្តីរូបវិទ្យាដែលលំបាកៗ ឬនិក្ខេបទថ្នាក់បណ្ឌិតដែលគណៈកម្មការអានហើយ​មិន​យល់ ក៏តែង​បញ្ជូនទៅឲ្យគាត់វិភាគ ទើបគាត់មានចំណែកជួយធ្វើឲ្យអ្នកវិទ្យាសាស្ត្រជា​ច្រើន​នាក់​បាន​​ទទួល​រង្វាន់ណូបែល ព្រោះរបកគំហើញទាំងអស់នេះ។

បើគ្មានអាញស្តាញកើតមក ម៉្លេះពិភពលោកនឹងឈប់ទ្រឹងត្រឹមតិចណូឡូជីញូវតុនតទៅទៀត​មិន​ដឹង​ប៉ុន្មានឆ្នាំ ដូចគ្នានឹងយុគក្រិច យុគបុរាណលោកសម័យនោះ​ក៏មានត្រឹមទ្រឹស្តី​អាគិមីដេស ​(Archimedes,​ គឺជាអ្នកគណិតវិទូ តារាវិទូ ទស្សនវិទូ រូបវិទូ ហើយនឹងជាវិស្វករជនជាតិក្រិច អ្នក​ក្រាល​គ្រឹះទ្រឹស្តីកម្លាំងគម្នាស់ (Law of the Lever) គុណសម្បតិ្តវត្ថុរាវ ​ កែវរួមពន្លឺ ។ល។​ របក​គំហើញ​របស់គាត់មានឥទ្ធិពលចំពោះពិភពលោកតាំងពីកំឡុងពេលមុនគ្រឹស្តរាជរហូតដល់សតវត្សទី១៧។) អារីស្តូត មិនបានធ្វើឲ្យកើតបម្លាស់ប្តូរផ្នែកខាងតិចណូឡូជីអ្វីឡើយ។ របក​គំហើញ​របស់ញូវតុនជារឿងអស្ចារ្យបំផុតរបស់លោកយុគថ្មី រហូតមានអ្នកខ្លះលើកតម្កើងគាត់ថា​ជាបុគ្គលដែលព្រះអាទិទេពបញ្ជូនមកកើត ដើម្បីបើកអាថ៌កំបាំងរបស់ព្រះអង្គ គ្មាននរណាគិត​ស្មានដល់ថា បន្ទាប់ពីនោះព្រះអាទិទេពនឹងបញ្ជូនអភិមហាអច្ឆរិយៈម្នាក់ទៀតមកកើតផង ដែល​អាចបើកបង្ហាញអាថ៌កំបាំងរបស់អាទិទេពបានជ្រាលជ្រៅជាងមុនទៅទៀត ហើយមនុស្សម្នាក់​នោះ គឺ អាល់បឺត អាញស្តាញ។

ដើមឡើយអ្នកវិទ្យាសាស្ត្រគិតថា តិចណូឡូជីយុគញូវតុនប្រហែលជាកំពូលនៃរបកគំហើញ​ហើយ រូបវិទ្យាដល់ផ្លូវទ័លហើយ​ តែលុះពេល វ៉ុលតា (Alessandro Volta, បុគ្គលដែលនាំយកចរន្ត​អគ្គិសនីមកបម្រើប្រយោជន៍រហូតបានទទួលការលើកតម្កើងឲ្យហៅ ប៉ូតង់ស្យែលចរន្តអគ្គិសនី ថា “វ៉ុល” តាមឈ្មោះរបស់គាត់) រកឃើញថ្មពិលកំណើតចរន្តអគ្គិសនី តិចណូឡូជី ក៏លោត​ផ្លោះ​ពី​យុគ​​គ្រឿងចក្រ ច្រវ៉ាក់ ហើយនឹងស្ពឺ មកកាន់យុគអគ្គិសនី។ របស់លេង នាឡិកា ប្តូរពីមួលឡាន​មក​​ដាក់ថ្ម​វិញ គ្រឿងអង្គុលីលេខប្តូរពីការប្រើកម្លាំងផ្ទប់នៃលោហៈទៅលើក្រណាត់ទឹកមឹកមក​ជា​គ្រឿង​​​អង្គុលីលេខអគ្គិសនីជំនួសវិញ។​ តែនៅទីបំផុត បច្ចុប្បន្ននេះគ្រឿងអង្គុលីលេខ​អគ្គិសនី​ក៏​បាន​​ហួស​សម័យទៅហើយដែរ ព្រោះគ្រឿងអង្គុលី​លេខ​កុំព្យូទ័រ​ដែល​ផលិតចេញ​ពីមូលដ្ឋាន​ទ្រឹស្តី​​អាញ​ស្តាញ​​ប្រើការបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ជាង។ នៅ​ពេលអនាគត​បើមាន​ទ្រឹស្តីថ្មី​កើត​ឡើង​មក​​ទៀត ម៉ាស៊ីនថត​រូប​ឌីជីថលដែលនាំគ្នាគិតថាទាន់សម័យហើយក្នុង​ពេល​នេះក៏អាច​នឹង​ហួស​​សម័យ​ទៅ​ទៀតក៏ថា​បាន។


អត្ថបទទាក់ទង

លោក វីនស្តុន ឆឺចឈីល (Winston Churchill) ពន្យល់ប្រាប់អំពីរបៀបទទួលបានជោគជ័យ

 

Leave a Reply