រចនាសម្ព័ន្ធគ្រប់គ្រងអង្គលេខ នៃរាជបណ្ឌិត្យសភាកម្ពុជា «អង្គការលេខរបស់រាជបណ្ឌិត្យសភាកម្ពុជា»

ផ្អែកតាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃរាជបណ្ឌិត្យសភាកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជាមានរចនាសម្ព័ន្ធគ្រប់គ្រងអង្គលេខដូចខាងក្រោម៖

១. ក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិត្យសភាកម្ពុជា

២. ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

៣. ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យដែលមានលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យជាសេនាធិការ

៤. ទីប្រឹក្សានិងជំនួយការ

៥. អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា

៦. អគ្គលេខាធិការដ្ឋាន។

រាជបណ្ឌិត្យសភាកម្ពុជាមានវិទ្យាស្ថាន និងអង្គភាពចំណុះចំនួន ៩ (ប្រាំបួន) ដូចខាងក្រោម៖

១. វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ

២. វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

៣. វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

៤. វិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម

៥. វិទ្យាស្ថានភាសាជាតិ

៦. វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

៧. វិទ្យាស្ថានសិក្សាចិន

៨. ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប និង

៩. ក្រុមប្រឹក្សាជាតិភាសាខ្មែរ។

នេះបើយោងតាមអង្គការលេខនៃរាជបណ្ឌិត្យសភាកម្ពុជាដែលមានកំណត់ក្នុងឧបសម្ព័ន្ធ១នៃអនុក្រឹត្យខាងលើ។

សូមបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស នៃទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ដូចតទៅ៖

– គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ

– ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា

– រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស

– បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ

– ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា

– ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស

– លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ

– អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ

– ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌

– ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ

– ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់– អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕

ប្រភព៖ រាជបណ្ឌិតសភាកម្ពុជា – Royal Academy of Cambodia

 

Leave a Reply