
ទ្រឹស្ដីល្បែង (Game theory) គឺជាផ្នែកមួយនៃគណិតវិទ្យាអនុវត្តដែលត្រូវបានប្រើប្រាស់នៅក្នុងវិទ្យាសាស្ត្រសង្គម ដូចជាសេដ្ឋកិច្ច ក៏ដូចជាក្នុងជីវវិទ្យា វិស្វកម្ម វិទ្យាសាស្ត្រនយោបាយ ទំនាក់ទំនងអន្តរជាតិ និងជំនាញគ្រប់គ្រង។ ទ្រឹស្ដីល្បែង ទាញយកឥរិយាបថក្នុងស្ថានភាពយុទ្ធសាស្ត្រ ឬហៅថាល្បែង (ដែលជោគជ័យរបស់បុគ្គលម្នាក់ក្នុងការសម្រេចចិត្តបានមកពីការសម្រេចចិត្តរបស់បុគ្គលដទៃ) មកវិភាគតាមបែបគណិតវិទ្យា។ ទ្រឹស្ដីនេះ ជាដំបូងត្រូវបានប្រើប្រាស់ដើម្បីវិភាគការប្រកួតប្រជែងដែលបុគ្គលម្នាក់ធ្វើបានប្រសើរជាងដោយសកម្មភាពនៃបុគ្គលផ្សេងមួយទៀត (zero sum games)។ ក្រោយមក ទ្រឹស្ដីនេះ ត្រូវបានពង្រីកយកទៅប្រើប្រាស់ក្នុងការវិភាគផ្សេងៗស្មុគ្រស្មាញជាច្រើន ដូចជារវាងអ្នកលេងដែលជាមនុស្ស និងមិនមែនមនុស្ស (ដូចជាកំព្យូទ័រ សត្វ រុក្ខជាតិជាដើម)។
អត្ថបទទាក់ទង៖ ការពិតដ៏គ្រោតគ្រាតមួយចំនួនអំពីកន្លែងធ្វើការ
ទ្រឹស្ដីបែបប្រពៃណីនៃល្បែង ត្រូវបានប្រើប្រាស់ដើម្បីស្វែងរកចំណុចសមតា ដែលក្នុងចំណុចនេះ អ្នកលេងនីមួយៗបានឯកភាពទៅលើយុទ្ធសាស្ត្រមួយដែលពួកគេនឹងមិនកែប្រែ។ គោលគំនិតសមតា (equilibrium concepts) ជាច្រើនត្រូវបានបង្កើតឡើងដើម្បីស្វែងយល់ពីគំនិតនៃល្បែង។ គំនិតដែលល្បីល្បាញជាងគេ គឺសមតាណាស (Nash equilibrium) ។
ទ្រឹស្ដីល្បែង ត្រូវបានបង្កើតឡើងជាដំបូងពីការស្រាវជ្រាវរបស់ Emile Borel នៅក្នុងឆ្នាំ១៩៣៨ ក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា Applications aux Jeux de Hasard និងក្រោយមកនៅក្នុងសៀវភៅរបស់ John von Neumann និង Oskar Morgenstern ដែលមានចំណងជើងថា ទ្រឹស្ដីនៃល្បែង និងឥរិយាបថសេដ្ឋកិច្ច (Theory of Games and Economic Behavior)។ ក្រោយមកទៀត នៅទសវត្សរ៍ឆ្នាំ១៩៥០ ក៏មានការស្រាវជ្រាវយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ ទ្រឹស្ដីនេះ ត្រូវបានយកទៅប្រើប្រាស់យ៉ាងជាក់ច្បាស់ក្នុងជីវវិទ្យានៅទសវត្សរ៍ឆ្នាំ១៩៧០ ទោះជាការស្រាវជ្រាវជាច្រើនត្រូវបានធ្វើតាំងពីទសវត្សឆ្នាំ១៩៣០ មកក៏ដោយ។ ទ្រឹស្ដីនេះ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាមានសារសំខាន់សម្រាប់ជំនាញជាច្រើន។ ទ្រឹស្ដីវិទូល្បែងចំនួន ៨ នាក់ បានទទួលរង្វាន់ណូបែលនៅក្នុងវិទ្យាសាស្ត្រសេដ្ឋកិច្ច (Nobel Memorial Prize in Economic Science) ហើយលោក John Maynard Smith បានទទូលរង្វាន់សម្រាប់ការយកទ្រឹស្ដីល្បែងទៅអនុវត្តក្នុងជីវវិទ្យា។
ទម្រង់នៃល្បែង
ល្បែងដែលលើកយកមកសិក្សាក្នុងទ្រឹស្ដីល្បែង គឺជាកម្មបទដែលគេឲ្យនិយមន័យច្បាស់បែបគណិតវិទ្យា ដែលរួមមានក្រុមនៃអ្នកលេង ឬក្រុមចល័ត (យុទ្ធសាស្ត្រ) សម្រាប់អ្នកលេងទាំងនោះ និងលទ្ធផលជាក់លាក់សម្រាប់បណ្ដុំយុទ្ធសាស្ត្រ។ ល្បែងសហការ ភាគច្រើនមាននៅក្នុងទម្រង់មុខងារចរិតលក្ខណៈ ចំណែកទម្រង់ពង្រីក និងទម្រង់ធម្មតាត្រូវបានគេប្រើប្រាស់សម្រាប់ល្បែងមិនសហការ។
ទម្រង់ពង្រីក
ទម្រង់ពង្រីក ត្រូវបានប្រើប្រាស់ដើម្បីធ្វើឲ្យល្បែងមានលក្ខណៈជាក់លាក់តាមលំដាប់លំដោយ។ ល្បែងប្រភេទនេះ តែងត្រូវបានតាងដោយដើមឈើ ដែលមែកនីមួយៗតាងឲ្យជម្រើសនៃអ្នកលេងម្នាក់ ហើយមែកបន្តជាជម្រើសនៃអ្នកលេងម្នាក់ទៀត។
ទម្រង់ធម្មតា
ទម្រង់ធម្មតា ឬទម្រង់យុទ្ធសាស្ត្រ តែងតែប្រើម៉ាទ្រីសដែលបង្ហាញពីអ្នកលេង យុទ្ធសាស្ត្រ និងលទ្ធផល។
ល្បែងស្ថិតក្នុងទម្រង់ធម្មតា នៅពេលដែលអ្នកលេងនីមួយៗធ្វើសកម្មភាពដំណាលគ្នា ឬយ៉ាងហោចណាស់មិនដឹងពីសកម្មភាពរបស់អ្នកលេងដទៃ។ ប្រសិនបើអ្នកលេងដឹងព័ត៌មានពីអ្នកលេងផ្សេង នោះល្បែងត្រូវចាត់ទុកក្នុងទម្រង់ពង្រីក។
ទម្រង់មុខងារចរិតលក្ខណៈ
ក្នុងល្បែងសហការដោយលទ្ធផលអាចផ្ទេរបាន គ្មានលទ្ធផលបុគ្គលកើតឡើងទេ។ ជំនួសមកវិញ មុខងារចរិតលក្ខណៈ កំណត់លទ្ធផលនៃការចរចានីមួយៗ។ ការសន្មតស្តង់ដាថាការគ្មានការចរចានឹងទទួលបានលទ្ធផល ០ ។
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ
