គុណសម្បត្ដិ ២ យ៉ាង​ដែលចាំបាច់សម្រាប់អ្នកទំនាក់ទំនង​សាធារណៈដ៏ល្អម្នាក់នៅក្នុងយុគសម័យឌីជីថល

ការងារទំនាក់ទំនងសាធារណៈ ឬហៅកាត់ជាភាសាអង់គ្លេសថា PR (Public Relations) គឺជាការងារមួយដែលទាមទារនូវជំនាញនិយាយ និងការទំនាក់ទំនងល្អ ដើម្បីរកវិធីសាស្ត្រទាក់ទាញអតិថិជន និងសាធារណជនឲ្យស្គាល់ស្លាកយីហោរបស់ក្រុមហ៊ុន ឬផលិតផលរបស់ខ្លួន។

តើ​ត្រូវមានគុណលក្ខណៈអ្វីខ្លះសម្រាប់បុគ្គសាធារណៈដែល​ត្រូវមកផ្សាយ​ផលិតផល​ ឬ​សេវាកម្ម​​ឲ្យ​ក្រុមហ៊ុនអ្នក? ពិត​ណាស់ បណ្ដាញ​សង្គម បាន​នឹងកំពុង​ផ្លាស់ប្តូរឧស្សាហកម្មទំនាក់ទំនងសាធារណៈយ៉ាង​ខ្លាំង។ កន្លងមក បណ្តាអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុនពាណិជ្ជកម្មនានា​ និយមផ្ញើអ៊ីមែលទៅហៅអ្នកសារព័ត៌មាន ទស្សនាវដ្តី មកចូលរួម​ញាំ​កាហ្វេ​ និង​ចែកអាំងប៉ាវ ដើម្បីជាថ្នូរនឹងសន្លឹក​ព័ត៌មាន​ដែលសរសេរ​សរសើរផលិតផល​ និងសេវាកម្មខ្លួន។ ប៉ុន្តែ ឥឡូវនេះ ការបញ្ចេញមតិ (Comment) ពីអតិថិជន ទើប​ជា PR ដ៏មាន​ប្រសិទ្ធិភាព​អាចបណ្តាលឱ្យក្រុមហ៊ុននីមួយៗទទួលបានលុយ ​ឬខាតបង់រាប់លានដុល្លារក្នុងរយៈពេលត្រឹម​ ២-៣នាទី។

គុណសម្បត្ដិ ២ យ៉ាង​ដែលចាំបាច់សម្រាប់អ្នកទំនាក់ទំនង​សាធារណៈដ៏ល្អម្នាក់នៅក្នុងយុគសម័យឌីជីថល៖

១. ពួកគេមានចំណេះដឹង

កុំរើស​យកមនុស្ស​ដែលល្បីលើហ្វេសប៊ុក ឬ អ៊ីនស្តាក្រាម ដែលទន្ទេញ​ដូចសេក ច្រេកៗ​ដូចកញ្ចែ តែមិនមាន​គុណតម្លៃពិតនៃចំណេះ​ជំនាញក្នុងការ​ផ្សព្វផ្សាយ។ មនុស្សជាច្រើនមកហើយ បានខកចិត្ត​ដោយការស៊ីញ៉ែកុងត្រាខុស​ ដែលពេញមួយ​ឆ្នាំ​ សត្វសេកមិនអាចនាំសារបាន​ឡើយ បានត្រឹមពិរោះ​ មានគេមើលច្រើន​ តែមិនមាន​គេចង់ទិញប្រើ ឬមិនមានគេ​ឲ្យតម្លៃម៉ាកសញ្ញានោះ។ អ្នក PR ខ្លាំង​ ត្រូវតែពូកែ និង​មាន​ការចាប់អារម្មណ៍ខ្ពស់ តាមដានលឿនពីអ្វីៗដែលកំពុងកើតឡើងនៅក្នុងឧស្សាហកម្មរបស់ផលិតផលនោះ មិនថា​បច្ចេកវិទ្យា ទំនោរយុវវ័យ ជាពិសេស​នារីៗដែលជាអ្នកប្រើប្រាស់ ។ល។

ពួកគេមានជំនាញ​ទំនាក់ទំនង​ដែល​អាច​រក្សាបច្ចុប្បន្នភាពអំពីព្រឹត្តិការណ៍បច្ចុប្បន្ន និងនិន្នាការបច្ចុប្បន្នដែលអាចជះឥទ្ធិពលដល់ឧស្សាហកម្មដែលពួកគេធ្វើការផ្សព្វផ្សាយ​ឱ្យ។

សម្រាប់ហេតុផលនេះ អ្នកគួរតែស្វែងរកអ្នកដែលមានបទពិសោធន៍ ដោយប្រើឧបករណ៍ស្រាវជ្រាវ​សង្គមលឿ​ន ហើយ​ដែលមាន​គេគោរព​ជាជាង​គេ ​Likes ។

២. រហ័សរហួន បត់បែន ច្នៃ​ប្រតិដ្ឋ​

ដោយសារតែមានរឿងជាច្រើនកើតឡើងនៅលើបណ្តាញសង្គមរៀងរាល់ ២-៣នាទី ដូច្នេះ មាតិកាដដែលៗ មិនមែនជាអ្វី​ដែលអាចវាយយកទីផ្សារបានឡើ់យ។ អ្នកផ្សាយឡានទំនើបមួយ​ជាមួយ​មនុស្ស​ដែលសង្គមជាន់ខ្ពស់មិន​ឲ្យតម្លៃ​ តើ​អ្នកលក់ជាមួយអ្នកណា? អ្នកគ្រប់គ្រងការិយាល័យទីផ្សារ នឹង​មានវិបត្តិយីហោដ៏ធំ ប្រសិនពួកគេ​ខ្ជីខ្ជាក្នុងការរើស​អ្នកតំណាង​ ឬបុគ្គលសាធារណៈរបស់ខ្លួន។

មនុស្ស​សាធារណៈម្នាក់ ចាំបាច់ត្រូវតែជាអ្នកស្រាវជ្រាវដ៏ល្អ ដើម្បីទំនាក់ទំនង​ឲ្យបានត្រឹមត្រូវ និងមានសិទ្ធិអំណាចលើប្រធានបទមួយច្បាស់លាស់ និងមិនចេះតែទន្ទេញ នោះទេ។ មិនថាពួកគេស្គម ធាត់ ​ស ខ្មៅ ការស្រាវជ្រាវ និងជំនាញវិភាគ ជាចំណេះ​ដ៏រឹងមាំ ដែលសម្គាល់អ្នកទំនាក់ទំនង​សាធារណៈដ៏ខ្លាំង​ម្នាក់ជាងអ្នកណាៗទាំងអស់។

ពួកគេមិនត្រឹមតែច្បាស់ប៉ុននោះទេ ប៉ុន្តែអាចផ្លាស់ប្តូរយុទ្ធសាស្ត្រ ១៨០ ដឺក្រេ នៅពេលមាន​ហានីភ័យកើតឡើង។ ការមានប្រតិកម្មរហ័សរហួន គឺជាគុណសម្បត្ដិដ៏សំខាន់បំផុតមួយ ដែលអ្នកជំនាញផ្នែកទំនាក់ទំនង​សាធារណៈដែលស្ថិតក្រោមសម្ពាធ អាច​ធ្វើ​ឲ្យ​យីហោមួយ​នៅតែខ្ពស់បាន។ ពួកគេមិនត្រឹមតែអាចនិយាយដោយមិនមើលនោះទេ តែថែមទំាង​អាចសរសេរខ្លីៗ ងាយយល់​ ចាក់ដោត នៅលើបណ្តាញនានាផងដែរ។ ក្រុមហ៊ុនជាច្រើន បានរើសយកតារាដែលមាន​រូបរាងស្អាត ​ប៉ុន្តែនាង​ផុសរូបជាមួយ​ចំណងជើង (Caption) ដែលគ្មាន​ខ្លឹមសារ ហើយ​រូបនោះ​ បង្អួតតែរាងកាយ​នាង មិនមែន​គុណ​តម្លៃ​នៃផលិតផល​របស់អ្នកឡើយ។ PR ជា​វិជ្ជាជីវៈមួយដែលទាមទារជានិច្ចនូវគំនិតថ្មីៗ និងភាពច្នៃប្រតិដ្ឋដែល​ជាជំនាញដ៏សំខាន់ ដើម្បីនាំមនុស្សគ្រប់គ្នា​ឲ្យ​ព្រមជឿ​តាម។


អត្ថបទទាក់ទង

១០ ចំណុចដើម្បីក្លាយជាអ្នកនិយាយសាធារណៈប្រកបដោយភាពបុិនប្រសប់

Leave a Reply