ចំណុចសំខាន់ៗចំនួន ៤ ដែលអ្នកត្រូវតែ​អភិវឌ្ឍដើម្បីធ្វើឱ្យក្រុមហ៊ុន​របស់អ្នក​រីក​ចម្រើន

ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការធ្វើ​ជំនួញ នាពេល​បច្ចុប្បន្ននេះ លោកអ្នក​ត្រូវមាន​ភាពបត់បែន​តាម​កាលៈទេសៈ និង​មាន​ជំនាញ​ក្នុង​ការធ្វើ​ផែនការអាជីវកម្ម។ មាន​មនុស្ស​ជាច្រើន​បានចាប់ផ្តើម​អាជីវកម្ម ដោយ​ពួ​គេ​គិតថា​គ្រាន់តែ​បើក​កុំព្យូទ័រ ឬ​បើកទ្វារ​ការិយាល័យ​ហើយ ​ចាប់ផ្តើម​មាន​លុយ​ហូរ​ចូល។ តាមពិតទៅ​ការរក​លុយ​ក្នុង​អាជីវកម្ម គឺ​ពិបាក​ជាងអ្វីៗដែល​ពួ​គេ​គ​គិត​ទៅទៀត។ យ៉ាងណាមិញ ដើម្បីធ្វើឱ្យក្រុមហ៊ុនរបស់អ្នករីកចម្រើន អ្នកត្រូវតែផ្តោតលើការអភិវឌ្ឍផ្នែកទាំង ៤ ខាងក្រោមនេះ ឱ្យបានយ៉ាងហោចណាស់៨០% នៃពេលវេលារបស់អ្នក  ៖

១. កំណត់ទស្សនវិស័យ

ជាការងាររបស់អ្នកដែលត្រូវកំណត់ទស្សនវិស័យសម្រាប់ក្រុមហ៊ុន។ តើក្រុមហ៊ុននេះនឹងមានស្ថានភាពដូចម្តេចនៅពេលបីឆ្នាំខាងមុខ ប្រាំឆ្នាំខាងមុខ និងដប់ឆ្នាំខាងមុខ? តើមានផលិតផលថ្មី ឬយុទ្ធសាស្រ្តថ្មីអ្វីខ្លះដែលអ្នកនឹងបង្កើតឡើង? តើក្នុងពេលដប់ពីរខែខាងមុខ ក្រុមហ៊ុនរបស់អ្នកនឹងបង្កើតវប្បធម៌អ្វីខ្លះ?

អ្នកត្រូវតែកំណត់ទស្សនវិស័យសម្រាប់អនាគតនៃពាណិជ្ជកម្មរបស់អ្នក កិច្ចការមួយនេះមិនអាចផ្ទេរឱ្យនរណាធ្វើជំនួសបានទេ។ ប្រសិនបើអ្នកមិនទទួលខុសត្រូវដឹកនាំក្រុមហ៊ុនទេ ពាណិជ្ជកម្មទាំងមូលនឹងមិនអាចទៅណាបានរហ័សឡើយ។

២. បង្កើតយុទ្ធសាស្រ្ត

ក្នុងនាមជា CEO អ្នកត្រូវតែជួយបង្កើតយុទ្ធសាស្រ្តដើម្បីប្រែក្លាយទស្សនវិស័យឱ្យទៅជាការពិត។ អ្នកមិនចាំបាច់ក្លាយជាអ្នកជំនាញគ្រប់ផ្នែកទេដើម្បីបង្កើតយុទ្ធសាស្រ្ត ប៉ុន្តែអ្នកត្រូវចូលរួមក្នុងកិច្ចការរៀបគម្រោង ឬដំណើរការអនុម័តសម្រាប់គ្រប់ផ្នែកទាំងអស់ដែលប៉ះពាល់ដល់ទស្សនវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន។ កិច្ចការទាំងអស់នេះអាចមានទាំងការកំណត់គោលដៅ វប្បធម៌ ការលក់ ការធ្វើទីផ្សារ ។ល។ ទោះជាពាណិជ្ជកម្មរបស់អ្នកកំពុងតែស្ថិតនៅក្នុងដំណាក់កាលណាក៏ដោយ អ្នកត្រូវតែស្វែងរកមនុស្សម្នាក់ដែលស្ថិតនៅក្នុងកម្រិតខ្ពស់ជាងអ្នកហើយសុខចិត្តបង្រៀនអ្នកនិងផ្តល់ដំបូន្មានដល់អ្នកក្នុងការអនុវត្តតាមផែនការឆ្ពោះទៅរកភាពរីកចម្រើន។

៣. តាមដានលំហូរសាច់ប្រាក់

ការងារជា CEO របស់អ្នកគឺត្រូវធ្វើឱ្យប្រាកដថាក្រុមហ៊ុនទាំងមូលនឹងមិនខ្វះលុយទេ។ បើទោះជាអ្នកមានមនុស្សជំនាញគ្រប់គ្រងរឿងលុយកាក់ ក៏នៅតែជាការងាររបស់អ្នកក្នុងការធ្វើឱ្យប្រាកដថាក្រុមហ៊ុនមានច្រកនិងប្រភពចំណូលមិនដាច់។ ពិនិត្យមើលកំណត់ត្រាហិរញ្ញវត្ថុឱ្យបានញឹកញាប់និងទៀងទាត់។ ប្រសិនបើអ្នកចង់ជោគជ័យរយៈពេលយូរអង្វែង អ្នកត្រូវតែដឹងច្បាស់ចរន្តលុយក្នុងក្រុមហ៊ុនរបស់អ្នកក្នុងពេលនេះ។

៤. អប់រំខ្លួនឯង

មានមនុស្សតិចនាក់ណាស់ អានសៀវភៅក្រោយពីគេរៀនចប់នៅសាលា ប៉ុន្តែនៅពេលអ្នកស្រាវជ្រាវពិភពអ្នកមាន អ្នកនឹងរកឃើញថាគេអានគ្រប់ពេលទាំងអស់។ គេជាមនុស្សរៀនចំណេះដឹងថ្មីៗជាប្រចាំ។ ដោយសារពិភពលោកទាំងមូលមានការអភិវឌ្ឍគ្រប់ផ្នែកនៃជីវិត ហើយអ្វីៗទាំងអស់ផ្លាស់ប្តូរមិនឈប់ រឿងចាំបាច់សម្រាប់សហគ្រិនគ្រប់គ្រងពាណិជ្ជកម្ម គឺត្រូវមានសមត្ថភាពតាមឱ្យទាន់ព្រឹត្តិការណ៍និងដំណើរផ្លាស់ប្តូរទាំងនេះ។

ក្រោយពីចំណាយពេល៨០% លើកកិច្ចការទាំងបួនខាងលើនេះ អ្នកអាចយកពេលដែលសល់២០% ទៀតទៅចំណាយលើកិច្ចការចាំបាច់ប្រចាំថ្ងៃដូចជាការជួបជុំជាមួយក្រុមការងារ និងដោះស្រាយបញ្ហាជាក់ស្តែងដែលកំពុងតែប្រឈមជាដើម។ ប៉ុន្តែបើអ្នកយកចិត្តទុកដាក់លើផ្នែកទាំង​ ៤ ខាងលើនេះបានកាន់តែច្រើន បញ្ហាប្រចាំថ្ងៃនឹងកើតឡើងកាន់តែតិចទៅ។


អត្ថបទទាក់ទង

វិធីសាស្រ្តចំនួន ៨ ដែលអាចផ្តល់សេវាកម្មជូនអតិថិជនរបស់អ្នកបានល្អប្រសើរ

Leave a Reply