សមាសភាព​សំខាន់ៗ​ចំនួន​ ១០ ជា​មូលដ្ឋានគ្រឹះ​​រៀប​ចំ​គម្រោង​ទីផ្សារ

ការ​បង្កើត​គម្រោង​ទីផ្សារ​​ដ៏​​មាន​ប្រសិទ្ធភាព​​មួយ​មុន​ដាក់​ចេញ​ផលិតផល ឬសេវាកម្ម​​​របស់​អ្នក គឺ​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​​​អាជីវកម្ម​ទូទៅ​។ ​បង្កើត​គម្រោង​ទីផ្សារ​បាន​កាន់តែ​ល្អ កាន់តែ​​​រក​ឃើញ​ពី​​គន្លឹះ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​​ក្នុង​អាជីវកម្ម​បាន។ បើ​​អ្នក​ចង់​​ឲ្យ​ផលិតផល ឬសេវាកម្ម​របស់​អ្នក​ទទួល​បាន​ការ​គាំទ្រ​​កាន់តែ​ច្រើន​​​​​មែន​នោះ អ្នក​ក៏​មិន​ត្រូវ​មើល​រំលង​មូលដ្ឋានគ្រឹះ​​គម្រោង​ទីផ្សារ​ទាំង​ ១០​ ខាងក្រោម​នេះ​​ឡើយ៖

១. ស្រាវជ្រាវ​ទីផ្សារ

ធ្វើ​យ៉ាងម៉េច​ដើម្បី​ស្រាវជ្រាវ​ទីផ្សារ​បាន? ចម្លើយ​​​នោះ​ គឺ​ត្រូវប្រមូល រៀបចំ និង​សរសេរ​ទិន្នន័យ​ទីផ្សារ​​​ឲ្យ​បាន​ច្បាស់លាស់​ជា​ទីបំផុត​ មុន​បើក​អាជីវកម្ម​របស់​អ្នក។ នេះ​រួម​មាន ​សក្ដានុពល​ទីផ្សារ​​នៅ​តាម​រដូវ​កាល​នីមួយៗ តម្រូវការ​អតិថិជន ស្ថានភាព​ប្រជាសាស្ត្រ ចំណែក​ទីផ្សារ គោលដៅ​ទីផ្សារ ព្រម​ទាំង​ស្ថានភាព​ទូទៅ​ផលិតផល​​របស់​ដៃគូ​ប្រជែង​របស់​អ្នក​ជា​ដើម។

២. ទិសដៅ​ទីផ្សារ

ជំហាន​ឆ្ពោះ​ទៅ​រក​ទិសដៅ​ទីផ្សារ​ ​មិនមែន​​​កាប់​បំពង់​អង្គុយ​​រង់ចាំ​ទឹកភ្លៀង​នោះ​ទេ ហើយ​ក៏​មិនមែន​ចេះ​តែ​​​​ដើរ​ទៅ​​មុខ​ដោយ​មិន​មាន​កោះ​ត្រើយ​នោះ​ដែរ។ ការ​ចែកចាយ​ផលិតផល ឬសេវាកម្ម​​របស់​អ្នក​ក៏​ដូច្នេះ​ដែរ។ ​អ្នក​ត្រូវ​​សម្លឹង​មើល​ថា អ្នក​ណា​ជា​ទិសដៅ​ទីផ្សារ​របស់​អ្នក? បុរស​ ឬ​ ស្រ្តី? នៅ​កន្លែង​ណា? តើ​ពួកគេ​ចូលចិត្ត​ធ្វើ​អ្វី? ពួកគេ​មាន​លទ្ធភាព​ស្វែង​រក​ប្រាក់​ចំណូល​ក្នុង​កម្រិត​ណា? តើ​អ្វី​ទៅ​ជា​​ចំណោទ​បញ្ហា​​នៅ​ក្នុង​ការ​​រស់​នៅ​របស់​ពួកគេ? ការ​លើកឡើង​សំណួរ​ទាំង​នេះ ដើម្បី​រក​​ឲ្យ​ឃើញ​ថា ផលិតផល ឬសេវាកម្ម​របស់​អ្នក​មាន​លក្ខណៈ​សមស្រប​ទៅ​​នឹងស្ថានភាព​ទូទៅ​របស់​ពួកគេ​បាន​ដល់​កម្រិត​ណា។ តែ​សូម​កុំ​ភ្លេច​រៀបរាប់​ប្រាប់​អតិថិជន​ទាំង​នោះ​យ៉ាង​លម្អិត និង​យ៉ាង​​ប៉ិនប្រសព្វ​ឲ្យ​អស់​ពី​សមត្ថភាព​ពី​ផលិតផល​ ឬសេវាកម្ម​របស់​អ្នក។​​​

៣. ផលិតផល

ចំពោះ​ផលិតផល​វិញ អ្នក​ត្រូវ​ស្វែង​រក​ចម្លើយ​យ៉ាង​ពិត​ប្រាកដ​​ ថា​តើ​​ផលិតផល​របស់​អ្នក​មាន​ទំនាក់ទំនង​​​​ដោយ​របៀបណា​ទៅ​កាន់​ទីផ្សារ​ខាងក្រៅ? តើ​អ្វី​ទៅ​ជា​តម្រូវ​ការ​ទីផ្សារ​របស់​អ្នក? តើ​បច្ចុប្បន្ន​នេះ​អតិថិជន​​ប្រើប្រាស់​អ្វី? សំណួរទាំង​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ត្រៀម​ខ្លួន​​រួចរាល់​​ជា​មុន​អាច​​​ច្របាច់​បញ្ចូល​ ផលិតផល​របស់​អ្នក​នៅ​កាន់​ទីផ្សារ​ប្រកប​ដោយ​ប្រសិទ្ធភាព​​ដោយ​គ្មាន​ភាព​​មន្ទិលសង្ស័យ ឬភាព​ស្ទាក់ស្ទើរ​នៅ​ក្នុង​ចិត្ត។

៤. ស្ថានភាព​ប្រកួតប្រជែង

តើ​​ធ្វើ​ដូចម្តេច​ទើប​អាច​យក​ឈ្នះ​គូប្រជែង​បាន? នេះ​ជា​សមរភូមិ​​ប្រយុទ្ធ​យ៉ាង​ក្តៅ​គគុក​មួយ​រវាង​អ្នក​​ និង​គូប្រជែង​​របស់​អ្នក​នៅ​លើ​ទីលាន​​​អាជីវកម្ម​​។ សហគ្រិន​ទូទៅ ​អាច​ស្វែង​រក​​ឃើញ​ចម្លើយ​​​​បាន​​ច្រើន​របៀប​​ចំពោះ​សំណួរមួយ​នេះ ប៉ុន្តែ​​ការ​ធ្វើ​ឲ្យ​ផលិតផល​​ ឬសេវាកម្ម​របស់​អ្នក​ល្អ​​​​ខុស​ពី​គេ ត្រូវ​បាន​គេ​មើល​ឃើញ​​ជា​ទូទៅ​ថា ជា​ចម្លើយ​​មួយ​ដ៏​សមស្រប​បំផុត​​។ ​ដូច្នេះ អ្នក​ត្រូវ​សរសេរ​ពី​យុទ្ធសាស្ត្រ​​​​​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ខុស​ប្លែក​ពី​គេ​ ដែល​គ្មាន​អ្នក​ណា​ដឹង​ក្រៅ​ពី​​អ្នក។ នេះ​ហើយ​បាន​គេ​ហៅ​ថា ការ​ធ្វើ​អាជីវកម្ម​។

៥. បេសកកម្ម​​​ទីផ្សារ​

តើ​​ក្រុមហ៊ុន​​របស់​អ្នក​បាន​ពាំនាំ​មក​នូវ​​អ្វី​ដែល​ជា​គុណ​តម្លៃ​តែមួយគត់​ល្អ​ដាច់គេ​​​​​ខុស​ពី​ក្រុមហ៊ុន​ដទៃ​ទៀត? សំណួរ​នេះ ជា​ហេតុផល​​មួយ​​ដើម្បី​រំលឹក​​អ្នក​ឲ្យ​​ពិនិត្យ​មើល​ឡើង​វិញ​​​ ថា​តើ​បេសកកម្ម​ទីផ្សារ​​​មាន​ភាព​ស៊ីចង្វាក់គ្នា​ទៅ​នឹង​បេសកកម្ម​​ក្រុមហ៊ុន​​របស់​អ្នក​ដែរ​ឬ​ទេ? ជា​ឧទាហរណ៍ ​ក្រុមហ៊ុន​មួយ​ចំនួន​ បាន​សម្រេច​ចិត្ត​សរសេរ​បេសកកម្ម​​ទីផ្សារ​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ខ្លី ​​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខរបស់​ក្រុមហ៊ុន។ ក្រោយ​មក​ បន្ទាប់​ពី​បញ្ហា​​នោះ​ត្រូវ​បាន​ដោះស្រាយ បេសកកម្ម​នោះ​ ចាប់​ផ្តើមកែលំអ​ឡើងវិញ​បន្តិចម្តងៗ​ស្របតាម​​បេសកកម្ម​ធំ​របស់​ក្រុមហ៊ុន ដែល​នេះ​ក៏​ជា​ដំណោះស្រាយ​មួយ​ល្អ​ផង​ដែរ។ ​​​

មាន​សំណួរសំខាន់ៗ​​ចំនួន​ ៣ ស្ដីពី​បេសកកម្ម​របស់​ទីផ្សារ​​រួមមាន៖

  • តើ​​អ្នកណា​ជា​អតិថិជន​ស្នូល​របស់​អ្នក?
  • តើ​​អ្នក​លក់​​ផលិតផល​ឬ សេវាកម្ម​អ្វី?
  • តើ​​អ្វី​ទៅ​ជា​ភាព​ខុសគ្នា​រវាង​ផលិតផល ឬសេវាកម្ម​របស់​អ្នក​​​ទៅ​នឹង​ក្រុមហ៊ុន​ដទៃ? ​

៦. យុទ្ធសាស្ត្រ​​ទីផ្សារ

ពាក្យ​ថា យុទ្ធសាស្ត្រ​មួយ​ម៉ាត់​ស្តាប់​ទៅ​ វា​ពិត​ជា​មិន​ធម្មតា​​​សម្រាប់​​អ្នក តែ​វា​ពិត​ជា​មិន​អាច​គេច​ផុត​នោះ​​ឡើយ ព្រោះ​ថា​បើ​គ្មាន​យុទ្ធសាស្ត្រ​ទេ​នោះ ប្រៀប​ដូច​ជា​ទៅ​ប្រយុទ្ធ​​​ដោយ​គ្មាន​អាវុធ​ក្នុង​ដៃ​ដូច្នេះ​ដែរ។ អញ្ចឹង​ហើយ​បាន​ជា​​យុទ្ធសាស្ត្រ​ទីផ្សារ​នេះ ​ត្រូវ​មាន​ជា​ដាច់ខាត​សម្រាប់​ដំណើរ​ការ​អាជីវកម្ម​ឲ្យ​ជោគជ័យ។ តើ​​គេ​គិត​ទៅ​លើ​អ្វី​ខ្លះ​សម្រាប់​យុទ្ធសាស្ត្រ​​ទីផ្សារ​នេះ?

យុទ្ធសាស្ត្រ​​​​ទីផ្សារ​រួម​បញ្ចូល​ទាំង​មូលដ្ឋាន​គ្រឹះ​​សំខាន់ៗ​ និងសកម្មភាព​នានា​នៃ​អាជីវកម្ម​សម្រាប់​អនុវត្ត​ក្នុង​រយៈ​ពេល​វែង​ ដែល​ជា​ដំណោះស្រាយ​​ដោយ​ការ​វិភាគ​ទៅ​លើ​​​ស្ថានភាព​យុទ្ធសាស្ត្រ​ដំបូង និង​ការ​បង្កើត​​ក្រុមហ៊ុន ការ​វាយតម្លៃ និង​ជម្រើស​ជា​យុទ្ធសាស្ត្រ​តម្រង់​ទិស​​ដៅ​ទីផ្សារ​ដែល​សម​ស្រប​ទៅ​នឹង​គោលដៅ​របស់​ទីផ្សារ។​

​​៧. កំណត់​តម្លៃទីតាំង និងម៉ាក​របស់​ផលិតផល​ ឬសេវាកម្ម

បន្ទាប់​ពី​បាន​ចុះ​ស្រាវជ្រាវ​ទីផ្សារ​​រួច​ហើយ នេះ​ជា​ពេលវេលា​មួយ​ដែល​អ្នក​ត្រូវ​លៃលក​ ថា​តើ​អ្នក​ត្រូវ​លក់​ផលិតផល ឬសេវាកម្ម​​របស់​អ្នក​ក្នុង​តម្លៃ​ប៉ុន្មាន? លក់​នៅ​កន្លែង​ណា? តើ​ត្រូវ​ធ្វើ​​ដូចម្តេច​ខ្លះ​ដើម្បី​ឲ្យ​ម៉ាក​ផលិតផល​នោះ​ ទទួល​​​បាន​​​ចំណាប់អារម្មណ៍​កាន់តែ​ច្រើន​ឡើង​ពី​​សាធារណជន​? 

​៨. កំណត់​ហិរញ្ញវត្ថុ​

វា​ប្រាកដ​​ណាស់​ដែល​ថា យុទ្ធសាស្ត្រ​​ទីផ្សារ​មួយ​អាច​ជោគជ័យ​បាន​ ត្រូវ​តែ​មាន​ការ​ចំណាយ​​​​ប្រាក់​កាស​ទៅ​ជា​មួយ​ផង​ដែរ ទោះ​​តិច​ក្តី ​ច្រើន​ក្តី។ អ្នក​ត្រូវ​វាយ​តម្លៃ​ថា តើ​ទឹក​ប្រាក់​​ចំនួន​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​ចំណាយ​ដើម្បី​អនុវត្ត​លើ​គម្រោង​ទីផ្សារ​របស់​អ្នក? តើ​​អាច​​មាន​វិធីសាស្ត្រ​ផ្សេង​ក្រៅ​ពី​នេះ​ដែរ​ឬ​ទេ ដើម្បី​ធ្វើ​​ឲ្យ​អាជីវកម្ម​របស់​អ្នក​អាច​ពង្រីក​ទីផ្សារ​ដោយ​មិន​ចំណាយ​ប្រាក់​ច្រើន តែ​មាន​ប្រសិទ្ធភាព?

៩. គោលដៅ​ទីផ្សារ

អ្វី​ទៅ​ជា​គោលដៅ​ទីផ្សារ? ចម្លើយ​នោះ ​គឺ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​ទាក់ទាញ​អតិថិជន​មក​គាំទ្រ​ផលិតផល ​ឬសេវាកម្ម​របស់​អ្នក​នោះ​ទេ។ ដូច្នេះ ​វា​ជា​ចំនួន​មួយ​ដែល​អ្នក​ត្រូវ​កំណត់ និង​ធ្វើ​ឲ្យ​បាន​នៅ​​អំឡុង​ពេល​ណា​មួយ។ ជា​ឧទាហរណ៍​ អ្នក​ត្រូវ​កំណត់​ថា តើ​អ្នក​ត្រូវ​​ការ​​អតិថិជន ឬ​ត្រូវ​លក់​ផលិតផល ឬត្រូវ​បង្កើន​ប្រាក់​ចំណូល​ចំនួន​​ប៉ុន្មាន​សម្រាប់​សបា្តហ៍​នេះ ខែ​នេះ ឆ្នាំ​នេះ ឬ ឆ្នាំ​ក្រោយ?​ ការ​សម្រេច​ឲ្យ​បាន​នូវ​ការ​បំពេញ​តម្រូវ​ការ​ដល់​អតិថិជន ​ជា​ករណី​មួយ​ទៀត​ដែល​មិន​អាច​មើល​រំលង​បាន ហើយ​នេះ​ គឺ​ជា​គោលដៅ​ទីផ្សារ​របស់​អ្នក។​​

១០. ត្រួតពិនិត្យ​លទ្ធផល​​របស់​អ្នក

ការ​ធ្វើតេស្ត និង​ការ​​វិភាគ​​នៅ​លើ​​ទីផ្សារ​ ជា​ចំណុច​ចាប់ផ្តើម​នៅ​​ក្នុង​ចំណុច​នេះ ដែល​ត្រូវ​​អនុវត្ត​ក្នុង​ការ​ស្ទាបស្ទង់​លើ​​មតិ​វាយតម្លៃ​​របស់​អតិថិជន ការ​លក់ ចំណាប់អារម្មណ៍​ ឬទិន្នន័យ​នានា ដើម្បី​រក​ឲ្យ​ឃើញ​ថា​ តើ​ផលិតផល ឬសេវាកម្ម​​របស់​អ្នក​ស្ថិត​នៅ​ក្នុង​កម្រិត​ណា?

ការ​ស្រាវជ្រាវ​នៅ​លើ​ទីផ្សារ ការ​ប្រកួតប្រជែង និង​ការ​កំណត់​ទីតាំង​​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ គឺ​ជា​​សញ្ញាណ​មួយ​បញ្ជាក់​ថា អ្នក​កំពុង​ឈរ​នៅ​លើ​ទីតាំង​​អាជីវកម្ម​ដ៏​មាន​ប្រសិទ្ធភាព​មួយ​អាច​​ចែកចាយ ​ផលិតផល ឬសេវាកម្ម​របស់​អ្នក​បាន។ ការ​បង្កើត​​គោលដៅ​សម្រាប់​​ចូល​សមរភូមិ​អាជីវកម្ម នេះ​​ក៏​បញ្ជាក់​ផង​ដែរ​ថា អ្នក​អាច​យល់​កាន់តែ​ច្បាស់​​ ថា​តើ​អ្នក​​គួរតែ​​​​ប្រឡូក​ក្នុង​​​អាជីវកម្ម​ ឬ​ក៏​អត់។


អត្ថបទទាក់ទង

ក្បួនសំខាន់ៗចំនួន ៥ ដើម្បីផ្សព្វផ្សាយផលិតផល ឬស្លាកសញ្ញាប្រកបដោយប្រសិទ្ឋភាព

 

Leave a Reply