យុទ្ឋសាស្រ្តសំខាន់ៗ ចំនួន៣ ក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មឲ្យដំណើរការរលូន

ដំណើរការអាជីវកម្មផ្ទាល់ខ្លួនផ្ដល់ឱកាសឲ្យអ្នកសាកល្បងនូវបទពិសោធន៍នានាយ៉ាងមានសេរីភាព។ អ្នកអាចប្រើឱកាសនេះដើម្បីដឹកនាំក្រុមហ៊ុនតាមរបៀបដែលអ្នកចង់បានហើយបង្វិលចង្កូតឧស្សាហកម្មតាមទិសដៅថ្មីដែលអ្នកគិតថាល្អ។ ទោះជាយ៉ាងណាក៏ដោយ មុននឹងឈានដល់សេរីភាពនេះ គឺចាំបាច់តម្រូវឲម្ចាស់អាជីវកម្មបង្កើតវិន័យខ្ពស់។

សូម្បីតែគំនិតជំនួញដ៏អស្ចារ្យបំផុតក៏អាចនឹងបរាជ័យដែរ បើស្ថាបនិកមិនបានបង្កើតផែនការអាជីវកម្ម បញ្ជីថវិកា ការតាមដានវឌ្ឍនភាព និងវាយតម្លៃជាទៀងទាត់។ ជាពិសេស Startup គឺជាអាជីវកម្មដែលបង្កើតឡើងថ្មី ហើយគេបានចាត់ទុកថាអាជីវកម្មប្រភេទនេះ ជាអាជីវកម្មមួយដែលមានគ្រោះថ្នាក់បំផុត ប្រសិនបើសហគ្រិនមិនមានចក្ខុវិស័យ និងយុទ្ធសាស្ត្រក្នុងការដឹកនាំអាជីវកម្មរបស់ខ្លួនឱ្យបានច្បាស់លាស់នោះ។

យ៉ាងណាមិញ នៅពេលអ្នកចំណាយពេលវេលាដើម្បីរៀបចំផែនការ និងតារាងពេលវេលាច្បាស់លាស់ជាមុន នោះអាជីវកម្មរបស់អ្នកនឹងស្ថិតក្នុងស្ថានភាពមួយដែលមានការរីកចម្រើនព្រមទាំងឈានទៅរកការពង្រីកងម៉ាកយីហោរបស់ខ្លួន។ ខាងក្រោមនេះ គឺជាយុទ្ឋសាស្រ្តសំខាន់ៗ ចំនួន៣ ក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មឲ្យដំណើរការរលូន៖

១. ការចាប់ផ្តើម

ផែនការអាជីវកម្ម គឺជាជាឧបករណ៍ដ៏សំខាន់ជាងគេបង្អស់ នៅពេលអាជីវកម្មរបស់អ្នកចាប់ផ្ដើមផ្លែផ្កាដំបូងចេញពីគំនិត រហូតឈានដល់ដំណើរការ។ វាគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ស្ថាបនិកអាជីវកម្មថ្មីថ្មោង និងលើកដំបូង ហើយវាក៏ជាកាតព្វកិច្ចដែលស្ថាបនិកត្រូវធ្វើតាំងពីដំបូង និងបន្ដជានិរន្ដន៍។

ផែនការអាជីវកម្ម តម្រូវឱ្យអ្នកគិតអំពីឱកាសទីផ្សារ របៀបដែលអ្នកផ្តល់សេវាកម្មទៅកាន់អតិថិជន បញ្ហាប្រឈមឬដៃគូប្រកួតប្រជែង និងផែនការហិរញ្ញវត្ថុរបស់អ្នក។ ប្រសិនបើអ្នកមិនដឹងថាត្រូវចាប់ផ្តើមពីទីណាទេ នោះអ្នកអាចទាញយកគំរូប្លង់ធុរកិច្ចជាច្រើនដែលអាចរកបាននៅតាមអនឡាញដើម្បីជាពន្លឺក្នុងការសរសេរ។

ផែនការអាជីវកម្ម ក៏អនុញ្ញាតឲ្យអ្នកកំណត់ទិសដៅប្រាកដនិយមមួយ ដោយផ្អែកលើការស្រាវជ្រាវពីក្រុមហ៊ុនដទៃទៀតដែលមានទំហំ និងឧស្សាហកម្មដូចគ្នា។ សម្លេងលើកទឹកចិត្តភាគច្រើន នឹងប្រាប់អ្នកឲ្យកំណត់គោលដៅខ្ពស់ ដើម្បីសម្រេចភាពជោគជ័យ ប៉ុន្តែតាមពិតទៅអ្នកគួរតែចាប់ផ្តើមជាមួយគោលដៅសាមញ្ញដែលងាយសម្រេច ដើម្បីធានាថាអ្នកអាចរៀបចំ និងបំពេញតាមសេចក្តីប្រាថ្នារបស់ខ្លួនបាន។ ផែនការអាជីវកម្ម គួរតែធ្វើបច្ចុប្បន្នភាពឲ្យបានទៀងទាត់ ដូច្នេះអ្នកអាចពង្រីកគោលដៅបន្ថែមបាន ប្រសិនបើអ្នកទទួលបានជោគជ័យតាំងពីដំបូង។

២. ថវិកាសម្រាប់អាជីវកម្ម

ចាប់តាំងពីដើមដំបូងមក ម្ចាស់អាជីវកម្ម ត្រូវមានភាពប្រាកដនិយមទាំងថវិកា និងគោលដៅ។ ការរៀបចំផែនការជាក់ស្តែង អាចជាឧបសគ្គ ព្រោះអ្នកត្រូវប៉ាន់ប្រមាណអំពីការលក់ក្នុងមួយឆ្នាំ ក៏ដូចជាតម្លៃដែលត្រូវការដើម្បីធ្វើវិនិយោគក្នុងការលក់ទាំងនោះ។ មិនខុសពីផែនការអាជីវកម្មទេ អ្នកអាចចាប់ផ្ដើមជាមួយគំរូលើអ៊ីនធឺណិតដែលនឹងជួយអ្នកប៉ាន់ប្រមាណអំពីចំណាយ និងចំណូលសម្រាប់មុខជំនួញនេះ។

ដើម្បីចាប់ផ្តើម អ្នកគួរតែកំណត់គោលដៅនៃការលក់ ប្រាក់ចំណូលដុលដែលអ្នកប៉ុនប៉ង។ នៅពេលដែលទទួលបានតួរលេខហើយ នោះអ្នកគួរតែប៉ាន់ស្មាននូវប្រាក់ចំណេញ ឬប្រាក់ចំណូលដែលក្រុមហ៊ុនរបស់អ្នកនឹងទទួលបានបន្ទាប់ពីបែងចែកលើការចំណាយនានា។ នៅពេលអ្នកដឹងថា អ្នកចង់ដាក់ប្រាក់ប៉ុន្មានដើម្បីការសន្សំ នោះអ្នកក៏អាចរកឃើញការចំណាយផ្សេងៗដូចជា ថ្លៃជួល សេវាអ៊ីនធឺណេតជាដើម ការចំណាយអថេរដូចជាសារពើភ័ណ្ឌដែលអ្នកមានដើម្បីស្តុក និងការចំណាយសម្រាប់ប្រាក់ខែបុគ្គលិក។ អ្នកប្រហែលជាត្រូវកែប្រែប្រាក់ចំណេញខ្លះ បន្ទាប់ពីបានបូកសរុបការចំណាយទាំងអស់ ប៉ុន្តែថវិកាទាំងនោះក៏ចាំបាច់ត្រូវធ្វើឲ្យមានតុល្យភាពក្នុងការបែងចែកផងដែរ។

៣. ធ្វើឱ្យវាកើតឡើង

យុទ្ធសាស្ត្រអាជីវកម្មមិនបញ្ឈប់នៅត្រឹមតែផែនការប្រចាំឆ្នាំប៉ុណ្ណោះទេ។ ម្ចាស់ជំនួញគួរតែឆ្លាក់ចេញនូវបញ្ជីការងារដែលត្រូវធ្វើប្រចាំថ្ងៃ។ សកម្មភាពនីមួយៗដែលអ្នកដាក់ចេញដើម្បីជោគជ័យ គួរតែជួយឲ្យអ្នកខិតទៅជិតគោលដៅសរុបប្រចាំឆ្នាំ។

បញ្ជីការងារ ត្រូវធ្វើអាចមានដូចជាការងារប្រចាំថ្ងៃ ការខិតខំប្រឹងប្រែងប្រចាំសប្តាហ៍ ឬប្រចាំខែ។ ប៉ុន្តែប្រសិនបើអ្នកកំណត់គោលដៅរយៈពេលវែង អ្នកគួរតែបំបែកវាទៅជាចំណុចតូចៗដែលងាយនឹងសម្រេចបាន ដូច្នេះអ្នកមិនមានសម្ពាធពេកដោយសារការងារនោះទេ។ អ្នកអាចកំណត់អាទិភាពសម្រាប់ការងារទាំងនេះបាន ដើម្បីប្រាកដថាអ្នកអនុវត្តតាម៖ ចាប់ផ្តើមជាមួយនឹងការងារដែលពិបាក និងមានភាពប្រកួតប្រជែងនៅពេលចាប់ផ្ដើមថ្ងៃថ្មី ឬនៅពេលដែលអ្នកសកម្មខ្លាំង បន្ទាប់មកប្តូរទៅកាន់ភារកិច្ចដែលងាយស្រួលធ្វើនៅពេលជិតដល់ម៉ោងសម្រាក។

ក្នុងនាមជាសហគ្រិន និងស្ថាបនិកដែលព្យាយាមបែកមែកសាខានៅក្នុងមុខជំនួញ ពួកគេគួរតែបន្តត្រួតពិនិត្យការរីកចម្រើនផ្ទាល់ខ្លួន ដើម្បីបង្កើនអាជីវកម្ម និងភាពជាអ្នកដឹកនាំផ្ទាល់។ អ្នកដឹកនាំដែលមានជំនាញគ្រប់គ្រងយ៉ាងរឹងមាំ នឹងបង្កើតបរិយាកាសធុរកិច្ចឲកាន់តែរីកចម្រើន និងក្លាយទៅជាគំរូដ៏ល្អមួយសម្រាប់បុគ្គលិករបស់ពួកគេ។


អត្ថបទទាក់ទង

ការប្រើប្រាស់ Balance Scorecard សម្រាប់ក្រុមហ៊ុន Start-up

 

Leave a Reply