តើ Founder, Chairman, និង CEO ខុសគ្នាដូចម្តេចខ្លះ?

យើងច្បាស់ជាធ្លាប់ឃើញព័ត៌មានច្រើនណាស់​ទាក់ទងនឹង CEO ខ្លះបានទទួលតំណែងទៅជា Chairman ឬ បុគ្គលខ្លះដែលជា Founder ផង ជា CEO ផង និងជា Chairman ទៀត។ តើតួនាទីទាំងអស់នឹងដូចគ្នាឬយ៉ាងណា? មួយណាធំជាងមួយណា? ហើយខុសគ្នាត្រង់ណាខ្លះ?

ក្នុងអត្ថបទនេះ យើងនឹងធ្វើការលើកឡើងភាពខុសគ្នារវាងតំណែងទាំងនេះ យ៉ាងណាមិញយើងធ្វើការផ្តោតសំខាន់ និងរៀបរាប់ច្រើន ទៅលើកិច្ចការរបស់ នាយកប្រតិបត្តិ​  (CEO) ដូចខាងក្រោម៖

១. Founder ឬខ្មែរយើងហៅថាស្ថាបនិក គឺអ្នកចាប់ផ្តើមគំនិតដំបូងបង្អស់ក្នុងការបង្កើតក្រុមហ៊ុនឡើង។ ស្ថាបនិកគឺជាម្ចាស់ក្រុមហ៊ុន និងជាទូទៅនឹងតែងតាំងខ្លួនធ្វើជា​ CEO ដើម្បីគ្រប់គ្រងក្រុមហ៊ុនទាំងមូលតែម្តង រហូតដល់ក្រុមហ៊ុនធំទៅអាចដំណើរការបានដោយខ្លួនឯង នោះស្ថាបនិកអាចឈានជើងចេញពីការដឹកនាំក្រុមហ៊ុន ដោយជួលបុគ្គលមានសមត្ថភាពមកធ្វើជាCEO ឲ្យក្រុមហ៊ុនរបស់ខ្លួន។

២. CEO ឬជានាយកប្រតិបត្តិ គឺជាអ្នកគ្រប់គ្រង់ធំបំផុតនៅក្នុងក្រុមហ៊ុន។ ​​

នាយកប្រតិបត្តិជាទូទៅផ្ទេរការទទួលខុសត្រូវផ្នែកផ្សេងៗដូចជា ហិរញ្ញវត្ថុ យុទ្ធសាស្ត្រ ទីផ្សារ ល ទៅឲ្យប្រធានផ្នែកនីមួយៗក្នុងការប្រតិបត្តិជាក់លាក់ ហើយនាយកប្រតិបត្តិជាអ្នកសម្រេចអ្វីគ្រប់យ៉ាងនៅក្នុងក្រុមហ៊ុនចុងក្រោយបំផុត។ នាយកប្រតិបត្តិត្រូវទទួលខុសត្រូវចំពោះក្រុមប្រឹក្សាភិបាលចំពោះការប្រតិបត្តិរបស់ក្រុមហ៊ុន។​ ចំពោះបុគ្គលិកនៅក្នុងក្រុមហ៊ុនធម្មតា នាយកប្រតិបត្តិគឺជាមេធំបំផុតហើយ ប៉ុន្តែចំពោះនាយកប្រតិបត្តិគឺនៅមានមេធំមួយដំណាក់ទៀត នោះគឺសមាជិកក្រុមប្រឹក្សាភិបាល និងជាពិេសេ​ប្រធានក្រុមប្រឹក្សាភិបាល។

តួនាទីសំខាន់ៗទាំង៦ របស់នាយកប្រតិបត្តិ (CEO) សម្រាប់ក្រុមហ៊ុនដែលទើបបើកដំណើរការ៖ 

ក. លំហូរសាច់ប្រាក់

ប្រសិនបើអស់ប្រាក់ សាជីវកម្មអ្នកនឹងដួល។វាគឺជាការងាររបស់នាយកប្រតិបត្តិ ក្នុងការគ្រប់គ្រងចំណូល ចំណាយ និង​រកហិរញ្ញប្បទានពីខាងក្រៅដើម្បីរក្សាភាពរីកចម្រើនទៅមុខរបស់អាជីវកម្ម។

ការត្រៀមខ្លួនជាមុនដើម្បី គ្រប់គ្រងលំហូរសាច់ប្រាក់ប្រកបដោយ​ប្រសិទ្ធភាពគឺជាវប្បធម៌នៃសាជីវកម្ម ដែលដឹកនាំដោយតារាងមេទ្រិចដ៏រឹងមាំមួយ។ ដោយគ្មានតារាងមេទ្រិចដែលអាចទុកចិត្តបានពីគ្រប់ជ្រុងជ្រោងនោះទេ នាយក​ប្រតិបត្តិ នឹងមិនដឹងអំពីវិធីដ៏ត្រឹមត្រូវដែលប៉ះពាល់ដល់ចំណូលនិងចំណាយឡើយ ហើយគេមិនដឹងពីឪកាសដែលអាចរីកចំរើនបានឡើយ។

ខ. ចក្ខុវិស័យនៃផលិតផល

អ្នក​មានទំនួលខុសត្រូវខ្ពស់ ក្នងុការកំណត់ចក្ខុវិស័យនៃផលិតផលក្នុងក្រុមហ៊ុនអោយមានភាពប្រសើរឡើង ដែលជាលទ្ធផលជួបពិភាក្សាជាមួយអតិថិជនជាដើម។ ការរៀបចំកិច្ចប្រជុំជារៀងរាល់ខែគឺជាការរៀបចំដ៏ល្អ ដើម្បីរឹឮកដល់​ក្រុមការងារឲ្យអំពីអ្វីដែលអ្នកកំពុងតែធ្វើ។ចូរចងចាំថា ភាគច្រើនពេលដែលបុគ្កលិកពេញចិត្តនិងការងារ គឺដោយសារ គេដឹងថា ការងាររបស់ពួកគេនឹងចូលរួមចំណែកយ៉ាងខ្លាំងដល់គោលបំណងក្រុម។

គ. ការពង្រឹងសាមគ្គីភាពនៃក្រុមការងារ

ប្រសិនគ្មានកាពីទែនពូកែ ដើម្បីកាន់កាប់ចង្កូតកប៉ាល់ទេនោះយើងមានឱកាសតិចតួចណាស់ដែលអាចបន្តការធ្វើដំណើរ​ ទៅដល់គោលដៅដែលចង់បាន។

នាយកប្រតិបត្តិដ៏ល្អម្នាក់តែងតែសួរថាតើ ដាក់មនុស្សត្រូវតាមតួនាទីហើយឬនៅ។តើមានតួនាទីណាមួយដែលត្រូវរៀបចំឡើងវិញដែរឬទេ? តើមានទង្វើមិនល្អរបស់សមាជិកណាម្នាក់ ដែលកំពុងតែប៉ះពាល់ដល់ការអនុវត្តរបស់សមាជិកផ្សេងទៀតនៅក្នុងក្រុមការងារដែរឬទេ?តើអ្នក​ទាំងនោះចូលចិត្តការងាររបស់ពួកគេដែរឬទេ?តើយើងចាំបាច់ត្រូវមានកន្លែងដែលមានសុវត្ថិភាពមួយ​សម្រាប់ការពង្រឹងសាមគ្គីភាពនៃក្រុមការងារសាជីវកម្មនៅពេលធ្វើការងារលំបាកដែរឬទេ?តើយើង​ចាំបាច់ត្រូវបង្កើតការងារថ្មីៗសម្រាប់បំពេញកង្វះខាងដែរឬទេ?

ការពង្រឹងប្រសិទ្ធភាពនៃសកម្មភាពរបស់ក្រុមការងារគឺជាសកម្មភាពដ៏លំបាកមួយប៉ុន្តែវាផ្តល់មកវិញ​នូវការតបស្នងដ៏ធំធេងពីព្រោះអ្នកបានដាក់បុគ្គលបានត្រឹមត្រូវ។

ឃ. ការគ្រប់គ្រងវិនិយោគិន

នៅពេលដែលអ្នកចាប់ផ្តើមយកដើមទុនពីខាងក្រៅជាលើកដំបូងនៅរំពេចនោះ អ្នកមានថៅកែថ្មីម្នាក់៖ ម្ចាស់ភាគហ៊ុនរបស់អ្នក។វានឹងកាន់តែលំបាកឡើយនៅពេលដែលអ្នកបន្តបង្កើនដើមទុននៅក្នុង​អាជីវកម្មរបស់អ្នក។ការបន្តផ្តល់ព័ត៌មាន និងជំនួយដល់វិនិយោគិនរបស់អ្នក និងធ្វើឲ្យពួកគេរីករាយគឺជា​កិច្ចការដែលបន្ទាបខ្លួនដែលនាយកប្រតិបត្តិអាចធ្វើដើម្បីពង្រឹងឱកាសនៃភាពជោគជ័យរបស់ពួកគេ។

នាយកប្រតិបត្តិដ៏ល្អម្នាក់ដឹងអំពីពេលដែលត្រឹមត្រូវនិងលក្ខណៈនៃការធ្វើបច្ចុប្បន្នភាពយ៉ាងត្រឹមត្រូវសម្រាប់បញ្ជូនទៅកាន់វិនិយោគិន ។ គេមានបញ្ជីរៀបរាប់អំពីជំនាញនានារបស់វិនិយោគិនគ្រប់រូបដូច្នេះគេអាចចងចាំថាគាត់អាចស្នើសុំជំនួយពីអ្នកណានៅពេលត្រឹមត្រូវ។ គេមិនបណ្តោយឲ្យរយៈពេលជាច្រើនខែកន្លងទៅដោយមិនបានហៅទូរសព្ទម្ដងទៅវិនិយោគិនឡើយ។

ការទទួលបានការគោរពនិងចំណាប់អារម្មណ៍ពីវិនិយោគិន អាចបង្កើតអោយមានការគាំទ្រវត្តមាន របស់អ្នក​ហើយពួកគេនឹងអាចជាភ្នាក់ងារលក់ ប្រសិនបើយើងអាចទាក់ទាញចិត្តរបស់គេបាន។

ង. ការគ្រប់គ្រងកេរ្ដិ៍ឈ្មោះ

ការបង្កើត និងថែរក្សាម៉ាកសញ្ញាដ៏រឹងមាំទាំងដើម្បីខ្លួនអ្នកផ្ទាល់ និងដើម្បីក្រុមហ៊ុន គឺ​ជាសកម្មភាពគ្រប់គ្រងគំនិតនៃភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងទំនាក់ទំនង។ សកម្មភាពទាំងនេះ​ ងាយស្រួលនឹងត្រូវបានគេអើពើប៉ុន្តែវាអាចជួយបង្កើនភាពអាចជឿទុកចិត្តលើអ្នកបាននៅក្នុងខ្សែភ្នែកនៃទីផ្សារក្រុមហ៊ុន។

អាចសម្រេចថាតើម៉ាកសញ្ញាណាមួយដែលអ្នកមាន​បំណងបង្កើតឡើងហើយតើអ្នកនឹងបន្តប្រកាន់ខ្ជាប់នូវម៉ាកសញ្ញានោះប្រកបដោយទំនុកចិត្តដល់​កម្រិតណា។ មិនយូរមិនឆាប់ពេលវេលាដែលអ្នកបានចំណាយដើម្បីពង្រឹងកេរ្ដិ៍ឈ្មោះ និងបង្កើនការវិនិយោគ​ផ្ទាល់ខ្លួនគឺជាការវិនិយោគដ៏មានតម្លៃ។

ច. ការអភិវឌ្ឍសាជីវកម្ម

នៅពេលអ្នកកំពុងឈ្ងោកមុខធ្វើការងារលើផលិតផលនិងក្រុមការងាររបស់អ្នក វាអាចងាយស្រួលនឹងបំ​ភ្លេចអំពីការគ្រប់គ្រងទីកន្លែង ដែលក្រុមហ៊ុនឈរនៅក្នុងឧស្សាហកម្ម។អ្នក​អាចទទួលបានឱកាសជាច្រើន លុះត្រាតែអ្នកមានការទំនាក់ទំនងដ៏ត្រឹមត្រូវ។ ឧទាហរណ៍៖តើអ្នកគួរបង្កើតភាពជាដៃគូ ជាមួយក្រុមហ៊ុនដទៃទៀតនៅក្នុងមជ្ឈដ្ឋានរបស់អ្នកដែរឬទេ? រៀបចំសម្រាប់ការទិញយកក្រុមហ៊ុនក្នុងពេលខាងមុខ?តើអ្នកគួរស្វែងរកឱកាសអភិវឌ្ឍតូចតាច​ដោយខ្លួនអ្នកផ្ទាល់ដែរឬទេ?

ការបន្តស្រាវជ្រាវ និងទំនាក់ទំនងជាមួយមនុស្សសំខាន់ៗនៅក្នុងទីផ្សារនឹងអាចជួយអ្នក​ត្រួសត្រាយផ្លូវដើម្បីដើរទៅរកផ្លូវចេញដ៏ជោគជ័យ។ ការមានទំនាក់ទំនងកាន់តែច្រើន​ជាមួយតួអង្គសំខាន់ៗនៅក្នុងឧស្សាហកម្មរបស់អ្នករួមទាំងក្រុមហ៊ុនធំៗ ការិយាល័យច្បាប់ និងភា្នក់ងារវិនិយោគទុន (VCs) អ្នកនឹងអាចទទួលបានភាពជោគជ័យកាន់តែខ្លាំងនៅក្នុងការនាំផ្លូវខ្លួនអ្នកទៅកាន់ច្រកចេញ​ណាមួយ។

បន្ថែមលើសពីនេះ បើយោងតាមការសិក្សាស្រាវជ្រាវពីសកលវិទ្យាល័យធុរកិច្ចហាវឺដ (Harvard Business School) ទទួលបានមកពីនាយកប្រតិបត្តិដែលគ្រប់គ្រងក្រុមហ៊ុនធំៗដែលទទួលបានប្រាក់ប្រចាំឆ្នាំ ១៣,១ ពាន់លានដុល្លារអាមេរិក (ប៊ីលលាន) ក្នុងមួយឆ្នាំខាងក្រោមនេះ គឺជាតារាងទិន្នន័យបង្ហាញអំពីការបែងចែកពេលវេលា និងសកម្មភាពអាទិភាពរបស់នាយកប្រតិបត្តិ៖

  • ការត្រួតពិនិត្យមើលការងារនិងដំណើរការក្រុមហ៊ុន ២៥ ភាគរយ
  • ទំនាក់ទំនងជាមួយមនុស្ស ២០ ភាគរយ
  • ធ្វើផែការយុទ្ធសាស្រ្ត ២១ ភាគរយ
  • ការរៀបចំនិងសម្រួលវប្បធម៌ក្នុងក្រុមហ៊ុន ១៦ ភាគរយ
  • អនុវត្តផែនការ ៤ ភាគរយ
  • ការរួមបញ្ចូលក្រុមហ៊ុមនិងការស្វែងយល់ ៤ ភាគរយ
  • ការអភិវឌ្ឍជំនាញរបស់ខ្លួន ៣ ភាគរយ
  • ការគ្រប់គ្រងវិបត្ត ឬបញ្ហានានា ១ ភាគរយ

ខាងក្រោមនេះគឺជាឱបសគ្គដែលនាយកប្រតិបត្តតែងតែជួប៖

  • ការសម្របសម្រួលនិងការផ្លាស់ប្ដូរវប្បធម៌ក្នុងក្រុមហ៊ុន ៥០ ភាគរយ
  • បែងចែកពេលវេលានិងផ្ដល់មតិយោបល់ត្រលប់ ៤៨ ភាគរយ
  • អភិវឌ្ឍក្រុមដឹកនាំជាន់ខ្ពស់ ៤៧ ភាគរយ
  • គ្រប់គ្រងហិរញ្ញវត្ថុក្នុងរយៈពេលខ្លីដើម្បីដំណើរការក្រុមហ៊ុនរយៈពេលវែង ៤០ ភាគរយ
  • គ្រប់គ្រងហានិភ័យដល់គ្រួសារនិងជីវិតផ្ទាល់ខ្លួន ៣៥ ភាគរយ
  • គ្រប់គ្រងសុខភាពរាងកាយ ៣១ ភាគរយ
  • ទំនាក់ទំនងជាមួយអ្នកពាក់ពន្ធក្នុងក្រុមហ៊ុន ២៣ ភាគរយ
  • ទំនាក់ទំនងជាមួយមនុស្សក្រៅក្រុមហ៊ុន ២៥ ភាគរយ
  • គ្រប់គ្រងស្ត្រេស្ត ២០ ភាគរយ
  • ទំនាក់ទំនងជាមួយដៃគូមិត្តភក្ដិ ១៨ ភាគរយ។

៣. Chairman ឬជាប្រធាននៃសមាជិកក្រុមប្រឹក្សាភិបាល បើនិយាយឲ្យងាយយល់បំផុតគឺជាម្ចាស់ ឬម្ចាស់ភាគហ៊ុនធំៗរបស់ក្រុមហ៊ុននោះ។ ក្រុមប្រឹក្សាភិបាលត្រូវបានជ្រើសរើសដោយម្ចាស់ភាគហ៊ុន និងទទួលខុសត្រូវក្នុងការការពារផលប្រយោជន៍របស់វិនិយោគិនដូចជាប្រាក់ចំណេញ និងស្ថេរភាពរបស់ក្រុមហ៊ុនជាដើម។

ជាធម្មតាសមាជិកក្រុមប្រឹក្សាភិបាលជួបគ្នាប៉ុន្មានដងក្នុងមួយឆ្នាំដើម្បីកំណត់គោលដៅរយៈពេលវែង ពិនិត្យមើលលទ្ធផលហិរញ្ញវត្ថុ វាយតំលៃការអនុវត្តការងាររបស់នាយកប្រតិបត្តិ និងបោះឆ្នោតលើយុទ្ធសាស្ត្រសំខាន់ៗដែលស្នើដោយនាយកប្រតិបត្តិ។ ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាល មានសិទ្ធបោះឆ្នោតចាត់តាំង ឬបណ្តេញអ្នកគ្រប់គ្រងថ្នាក់លើដូចជានាយកប្រតិបត្តិបាន។ ប្រធានក្រុមប្រឹក្សាភិបាលជាធម្មតាមានអំណាចយ៉ាងខ្លាំងក្នុងការរៀបចំរបៀបវារៈរបស់ក្រុមប្រឹក្សា និងកំណត់លទ្ធផលនៃការបោះឆ្នោត ប៉ុន្តែគាត់ជាទូទៅមិនដើរតួនាទីសកម្មក្នុងការគ្រប់គ្រងប្រចាំថ្ងៃរបស់ក្រុមហ៊ុនទេ។

សរុបមក​ ស្ថាបនិកគឺគ្រាន់តែជាចំណងជើងសម្រាប់បុគ្គលដែលផ្តួចផ្តើមគំនិតបង្កើតក្រុមហ៊ុនប៉ុណ្ណោះ ខណះដែលនាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាភិបាលគឺជាតួនាទីដឹកនាំក្រុមហ៊ុន ដែលនាយកប្រតិបត្តិដឹកនាំសរុបទូទៅនៅការងារប្រចាំថ្ងៃ ខណះដែលប្រធានក្រុមប្រឹក្សាភិបាលសម្រេចយុទ្ធសាស្ត្ររយះពេលវែង និងការបែងចែកប្រាក់ចំណេញជាដើម។

ឧទាហរណ៍៖

  • Mark Zuckerberg គឺជាស្ថាបនិក Facebook ផង នាយកប្រតិបត្តិផង និងជាប្រធានក្រុមប្រឹក្សាភិបាលផងដែរ។
  • Bill Gates គឺជាស្ថាបនិករបស់ Microsoft និងជាធ្លាប់ជានាយកប្រតិបត្តិ (លាលែងនៅឆ្នាំ ២០០៨) និងធ្លាប់ជាប្រធានក្រុមប្រឹក្សាភិបាល ​(លាលែងនៅឆ្នាំ ២០២០)។

តើអ្នកដឹងទេ ​ក្រុមហ៊ុន Microsoft មានប្រវត្តិកំណើតដូចម្តេច?

 

 

Leave a Reply