គោលការណ៍ ទាំង៦ របស់ ស៊ុនអ៊ូ (Sun Tzu) និង សិល្បៈនៃអាជីវកម្ម (The Art of Business)

ស៊ុនអ៊ូ  (Sun Tzu) គឺជាអ្នកសរសេរក្បួនសឹកដ៏អស្ចារ្យាមួយរូបនៅក្នុងប្រទេសចិនសម័យបុរាណ។ លើសពីនេះ គាត់​ក៏ជា​អ្នក​និពន្ធសៀវភៅដ៏ល្បីល្បាញមួយរូបដែលមានចំណងជើងថា “សិល្បៈនៃសង្គ្រាម”“The Art of War” ។ គាត់ក៏មានជំនាញខ្ពស់ក្នុងការប្រើប្រាស់អំណាចទន់ (Soft Power) និងជាអ្នកធ្វើសឹកសង្គ្រាម​យ៉ាង​ស្ទាត់ជំនាញ។ គោលការណ៍ដ៏ចំបងក្នុងការធ្វើសឹកចំពោះលោក គឺ “ការយកឈ្នះសត្រូវ​ដោយមិន​បាច់​ច្បាំង” ។ សិល្បៈនៃសង្គ្រាមនេះត្រូវបានប្រទេសជប៉ុនយកធ្វើជាគំរូយុទ្ធសាស្រ្តនយោបាយ និងសេដ្ឋកិច្ច ពីប្រព័ន្ធសក្តិភូមិ​ មកប្រព័ន្ធសហគ្រាសកម្មបន្ទាប់ពីប្រទេសនេះចាញ់សង្គ្រាម។

ក្នុងទ្រឹស្ដី ស៊ុនអ៊ូ បានចែងថា “យុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រៀបដូចគ្នាទៅនឹងទឹក។ ទឹកហូរយ៉ាងលឿន​ពី​ទីខ្ពស់ទៅកាន់ទីទាប។ ដូច្នេះនៅក្នុងសង្គ្រាម ជម្រើសដើម្បីឈ្នះសសង្រ្គាម គឺភាពបត់បែនដូចជាទឹក ប៉ុន្តែមានភាពរឹងមាំ និង​សម្រុក​ទៅកាន់ចំណុចខ្សោយរបស់ដៃគូរ។”

តាមពិតទៅ នៅក្នុងក្បួនសឹកស៊ុនអ៊ូ មានយុទ្ធសាស្ត្រទាក់ទងនឹង ចិត្តវិទ្យា ភូមិសាស្ត្រ ការដឹកនាំកងទ័ពឲ្យខ្លាំង និងការគ្រប់គ្រងធនធានផ្សេងៗ។ ដូចនេះក្រៅពីការធ្វើសឹកសង្គ្រាម យុទ្ធសាស្ត្រស៊ុនអ៊ូ អាចបម្រើគំនិតធ្វើពាណិជ្ជកម្មបានថែមទៀតផង។ នេះក៏ព្រោះតែវាផ្ដោត​សំខាន់​ទៅលើការស្វែងរកផ្លូវដ៏ងាយស្រួលបំផុត ដើម្បីសម្រេចនូវគោលដៅជាក់លាក់។ 

ខាងក្រោមនេះ គឺជាគោលការណ៍ ទាំង៦ របស់ ស៊ុនអ៊ូ និង សិល្បៈនៃអាជីវកម្ម  (6 Principles of Sun Tzu & the Art of Business) ដែលអ្នកត្រូវសិក្សាស្វែងយល់៖

១. ចាប់យកទីផ្សាររបស់អ្នកដោយមិនចាំបាច់បំផ្លាញ

ការចាប់យកទីផ្សារ ដោយមិនចាំបាច់បំផ្លាញ ឫហៅម៉្យាងទៀតថា “ឈ្នះដោយមិនត្រូវការប្រយុទ្ធ” ។ ដោយសារតែគោលដៅនៃអាជីវកម្មរបស់អ្នក គឺដើម្បីរស់រាន និងសំបូរសប្បាយ នោះអ្នកត្រូវចាប់យកទីផ្សាររបស់អ្នក។ ក្រុមហ៊ុនមួយចំនួនអាចធ្វើការនេះដោយការវាយប្រហារផ្នែកខ្លះនៃទីផ្សារ ដែលគូប្រជែងមើលរំលង ឫប្រើវិធីដោយប្រយោល។ ហើយចំណុចសំខាន់ទៀតសោត គឺ តម្លៃតែម្ដង។​ អ្នកមិនគួរប្រើតម្លៃទាបខុសពីគូប្រកួតពេកទេ ដែលជាហេតុធ្វើឲ្យគេចាប់អារម្មណ៍មកលើអ្នក។

២. ការវាយប្រហារតែចំណុចខ្សោយ ជៀសវាងវាយបកទៅលើភាពខ្លាំងរបស់គូប្រកួត

វិធីសាស្រ្តរបស់ពួកខាងលិចបានយកមកប្រើប្រាស់ក្នុងសៃវៀនប្រកួតប្រជែងអាជីវកម្ម ក្នុងនោះក្រុមហ៊ុនជាច្រើនធ្វើការវាយប្រហារដោយផ្ទាល់នៅលើចំណុចខ្លាំងរបស់គូប្រជែងរបស់ខ្លួន ដោយវិធីសាស្រ្តនេះ គ្រប់គ្នាខាតប្រាក់កាក់អស់ជាច្រើន។ ផ្ទុយទៅវិញ អ្នកគួរតែផ្តោតទៅលើភាពខ្សោយនៃគូប្រកួត ពង្រីកការលក់ស្របពេលបន្ថយធនធានប្រើប្រាស់នោះអ្នកនឹងបង្កើនប្រាក់ចំណេញបានយ៉ាងច្រើន។

៣. បង្កើនភាពឆ្លាតវៀងវៃដោយការដឹងមុនពីស្ថានការណ៍ និងមានយុទ្ធសាស្ដ្រតបត

ដើម្បីស្វែងរកចំណុចខ្សោយនៃដៃគូប្រកួតប្រជែងរបស់អ្នក វាទាមទារឲ្យមានការយល់ដឹងពីយុទ្ធសាស្រ្ត សមត្ថភាព គំនិត និងបំណងប្រាថ្នារបស់នាយកប្រតិបត្តិរបស់ដៃគូប្រកួត ព្រមទាំងដឹងយ៉ាងស៊ីជម្រៅពីចំណេះដឹង ភាពខ្លាំង ភាពខ្សោយរបស់អ្នកផ្ទាល់ជាដាច់ខាត។ វាជាប្រការសំខាន់ផងដែរ ដែលអ្នកត្រូវយល់ពីនិន្នាការកើតឡើងនៅជុំវិញអ្នក ក្នុងគោលបំណងត្រៀមជាស្រេចក្នុងការប្រយុទ្ធណាមួយ។ ផ្ទុយទៅវិញ ដើម្បីរក្សាគូប្រកួតរបស់អ្នកពីការប្រើប្រាស់យុទ្ធសាស្រ្តនេះប្រឆាំងនឹងអ្នក អ្នកគប្បីលាក់បាំងផែនការរបស់អ្នកជាសម្ងាត់ពីពួកគេ។

៤. ការប្រើល្បឿន និងការរៀបចំទុកជាមុន ដើម្បីប្រជែងលើដៃគូឱ្យបានឆាប់រហ័ស

ដើម្បីផ្លាស់ប្ដូរ ដែលមានល្បឿន មិនមែនមានន័យថា អ្នកត្រូវធ្វើកិច្ចការបន្ទាន់បំផុតនោះទេ។ ជាកស្ដែង ល្បឿនតម្រូវឱ្យមានការរៀបចំជាច្រើន។ ការកាត់បន្ថយពេលវេលានៃការសម្រេចចិត្តរបស់ក្រុមហ៊ុនអ្នក ការបង្កើនគុណភាពផលិតផលនិងការផ្គត់ផ្គង់សេវាកម្មបំរើអតិថិជន គឺសំខាន់ណាស់។ ហើយតាមរយៈការប្រកួតប្រជែង និងដឹងពីប្រតិកម្មរបស់គូប្រកួតពីសក្តានុពលរបស់អ្នក ក៏មានសារៈសំខាន់ផងដែរ។

៥. ប្រើសម្ព័ន្ធភាព និងយុទ្ធសាស្រ្តគ្រប់គ្រង “ឥទ្ធិពល” គូប្រកួតរបស់អ្នក និងធ្វើឱ្យពួកគេស្របតាមអ្នក

“ឥទ្ធិពលលើគូប្រកួតរបស់អ្នក” មានន័យថាជាការផ្លាស់ប្តូរច្បាប់នៃការប្រកួត ដោយបម្លែងគូប្រកួតមកធ្វើតាមបំណងប្រាថ្នា និងសកម្មភាពរបស់អ្នកនោះមានន័យថា ពិនិត្យស្ថានភាពគូប្រកួតពីចំងាយ តែស្ថិតនៅក្រោមការតាមដានរបស់អ្នកផ្ទាល់។ វិធីមួយនេះអាចអនុវត្តបាន តាមរយៈភាពយ៉ាងប៉ិនប្រសប់នៃប្រើបា្រស់សម្ព័ន្ធភាព។ ដោយការកសាងបណ្តាញរឹងមាំនៃសម្ព័ន្ធភាព ចលនានៃដៃគូប្រកួតប្រជែងរបស់អ្នកអាចត្រូវបានកំណត់ ហើយបូករួមទាំងការការប្រើយុទ្ធសាស្រ្តគន្លឹះក្នុងការគ្រប់គ្រងក្នុងវិស័យរបស់អ្នក អ្នកនឹងអាចធ្វើអោយដៃគូប្រជែងបត់បែនទៅតាមចង្វាក់ដែលអ្នកលេង។

៦. ការអភិវឌ្ឍខ្លួនជាអ្នកដឹកនាំប្រសើរម្នាក់ ដើម្បីបង្កើនសក្តានុពលរបស់បុគ្គលិកអ្នក

អ្នកដឹកនាំ ត្រូវមានលក្ខណៈពិសេសដែលអាចដឹកនាំក្រុមឲ្យអនុវត្តយុទ្ធសាស្រ្តទាំងនេះ និងត្រូវមានគំនិតធ្វើឲ្យបុគ្គលិកក្នុងអង្គភាពបង្ហាញពីសក្តានុពលផ្នែកខាងក្នុងរបស់ពួកគេ។ មេដឹកនាំ គួរតែមានប្រាជ្ញាឆ្លាតវាងវៃ ក្នុងការដោះស្រាយបញ្ហា ភាពស្មោះត្រង់ សេចក្តីមេត្តា ភាពក្លាហាន និងតឹងរឹងក្នុងការអនុវត្តការងារ។ មេដឹកនាំ ត្រូវតែជាមនុស្សដំបូងគេដែលធ្វើកិច្ចការលំបាកៗ គិតគូពីពីកងទ័ពរបស់ខ្លួនមុនគេបង្អស់ នោះជាការប្រតិបត្តិដែលមេដឹកនាំឲ្យទៅបុគ្គលិករបស់ខ្លួន។

សម្រួលពី៖ 6 Principles of Sun Tzu & the Art of Business


អត្ថបទទាក់ទង

ប្រវត្តិមេទ័ពសរសេរ “តម្រាពិជ័យសង្គ្រាម” ដ៏ល្បីកក្រើកប្រវត្តិសាស្ដ្រចិន (មានចំណុចដែលអាចប្រើប្រាស់ក្នុងការដឹកនាំអាជីវកម្មបាន)

 

Leave a Reply