គន្លឹះជោគជ័យ ៦យ៉ាង របស់មហាសេដ្ឋី វ៉ារិន ប៊ុហ្វេត (Warren Buffett)

បុគ្គលជោគជ័យគ្រប់រូបនៅលើពិភពលោក សុទ្ធតែត្រូវបានបំពាក់បំប៉នដោយគន្លឹះ និងគោលការណ៍ជាក់លាក់ផ្ទាល់ខ្លួន។ ពួកគេមានទម្លាប់មួយដែលមនុស្សបរាជ័យក្នុងជីវិតមិនអាចធ្វើបាន។ ចំពោះលោកមហាសេដ្ឋី វ៉ារិន ប៊ូហ្វេត វិញ ក៏មានគន្លឹះ៦យ៉ាង ដែលពាក់ព័ន្ធនឹងលំហូរហិរញ្ញវត្ថុដ៏ជោគជ័យផងដែរ។ តើគោលការណ៍ ឬគន្លឹះទាំងនោះមានអ្វីខ្លះ? យើងសូមលើកជូនមិត្តអ្នកអានដូចខាងក្រោម៖

១. នៅក្នុងការបង្កើតប្រាក់ចំណូល

លោកមហាសេដ្ឋី វ៉ារិន ប៊ូហ្វេត បាននិយាយថា៖ “ចូរកុំពឹងផ្អែកតែលើចំណូលតែមួយផ្នែក ត្រូវវិនិយោគលើផ្នែកផ្សេងៗទៀត ដើម្បីបង្កើតប្រភពចំណូលបន្តបន្ទាប់។” ជាការពិតណាស់ ប្រសិនបើលោកអ្នកពឹងផ្អែកលើប្រាក់ចំណូលតែមួយផ្នែកនោះ នៅពេលណាដែលមួយផ្នែកនោះបាត់បង់ទៅ លោកអ្នកនឹងបាត់បង់ប្រាក់ចំណូលអស់មួយរយៈ ទម្រាំនឹងអាចបង្កើតវាបានឡើងមកវិញ។

២. ចំពោះការចំណាយ

មហាសេដ្ឋីវ័យ ៨៦ឆ្នាំ រូបនេះ បានចែករំលែកអំពីបទពិសោធន៍ថា៖ “ប្រសិនបើអ្នកទិញនូវរបស់ណាដែលខ្លួនមិនត្រូវការ មិនយូរប៉ុន្មាន អ្នកនឹងត្រូវលក់របស់ដែលខ្លួនត្រូវការចាំបាច់” ។ វាជាការពិត ដែលថាការចំណាយខ្ជះខ្ជាយ ដោយគ្មានគម្រោងច្បាស់លាស់ ធ្វើទៅតាមអំពើចិត្ត វានឹងប៉ះពាល់ដល់ការចំណាយមួយដែលមានគម្រោងត្រឹមត្រូវរបស់លោកអ្នកនៅថ្ងៃណាមួយមិនខាន។

៣. ចំពោះការសន្សំសំចៃ

ជាមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោកលេខ៧ និងលំដាប់ថ្នាក់លេខ៥ របស់អាម៉េរិក (ទិន្នន័យខែសីហា ឆ្នាំ២០២០) លោកបាននិយាយថា៖ “ចូរកុំសន្សំនូវចំនួនដែលនៅសល់ក្រោយពីលោកអ្នកចាយវាយ តែត្រូវចាយវាយនូវចំនួនដែលនៅសល់បន្ទាប់ពីការសន្សំវិញ” ។ ការចាយមុនសន្សំ អាចធ្វើឱ្យប៉ះពាល់ដល់ចំនួនក្នុងការសន្សំ ហើយឈានចូលដល់ការចំណាយលើសអ្វីដែលខ្លួនមាន ដោយសារតែខ្វះការរៀបចំគម្រោងចំណាយឲ្យត្រឹមត្រូវ។

៤. ចំពោះការប្រថុយប្រថាននៅលើរឿងអ្វីមួយ

លោកមហាសេដ្ឋីដែលគ្រប់គ្រងទ្រព្យសម្បត្តិប្រហែល៧៨.៩ពាន់លានដុល្លារអាម៉េរិក (គិតត្រឹមខែសីហា ឆ្នាំ២០២០) រូបនេះ បាននិយាយថា៖ “ចូរកុំ សាកល្បងដើម្បីដឹងពីជម្រៅទឹកដោយជើងទាំងសងខាងរបស់លោកអ្នក” ។ នេះមានន័យថា បើយើងដាក់ជើងទាំងពីរចូលក្នុងទឹក ដើម្បីគ្រាន់តែចង់ដឹងពីជម្រៅ ទាំងដែលខ្លួនមិនបានដឹងពីទីតាំងនៃទឹកនោះ វានឹងអាចធ្វើឱ្យលោកអ្នកលង់ទឹកនោះបាន។ ចំពោះហិរញ្ញវត្ថុក៏ដូច្នោះដែរ លោកអ្នកមិនត្រូវចំណាយនូវចំនួនទាំងស្រុងដែលខ្លួនមានចំពោះអ្វីដែលមិនទាន់មានភាពច្បាស់លាស់នោះឡើយ។

៥. ចំពោះការវិនិយោគ

លោកមហាសេដ្ឋីវ័យចំណាស់កូន៣ រូបនេះ បាននិយាយថា៖ “ចូរកុំដាក់ស៊ុតទាំងអស់ក្នុងកន្រ្តកតែមួយ” ។ នេះវាដូចគ្នាទៅនឹងចំណុចទី៤ដែរ ដែលលោកអ្នកមិនត្រូវវិនិយោគទាំងស្រុង លើមួយមុខនោះទេ។ ប្រសិនបើផ្នែកដែលបានវិនិយោគនោះមានបញ្ហា នោះលោកអ្នកនឹងមានបញ្ហាជាក់ជាមិនខាន ព្រមទាំងបាត់ឱកាសផ្សេងៗថែមទៀតផង។

៦. ចំពោះការរំពឹងទុក

លោកមហាសេដ្ឋី វ៉ារិន ប៊ូហ្វេត បាននិយាយថា៖ “ភាពស្មោះត្រង់ គឺជាអំណោយដ៏មានតម្លៃបំផុត ចូរកុំរំពឹងថានឹងទទួលបានវាពីមនុស្សថោកទាប” ។ អ្នកនឹងមិនទទួលបានឡើយ នូវភាពស្មោះត្រង់ពីមនុស្សបោកប្រាស់។ ពួកគេមិនមែនជាដៃគូវិនិយោគដ៏វៃឆ្លាតជាមួយនឹងអ្នកឡើយ។


អត្ថបទទាក់ទង

រៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យមានប្រសិទ្ធភាព ជាមួយនឹងគន្លឹះសំខាន់ៗទាំង៣នេះ

 

Leave a Reply