អ្នកត្រូវមានជំនាញគ្រឹះទាំង ៥ នេះដើម្បីក្លាយជាសហគ្រិនដ៏មានសក្តានុពលមួយរូប
សហគ្រិន គឺជាបុគ្គលម្នាក់ដែលមិនធ្វើការងារឲ្យក្រុមហ៊ុនផ្សេង ហើយបង្កើត និងធ្វើអាជីវកម្មតូចមួយ តាមរយៈរកប្រាក់វិនិយោគ និងទទួលយករាល់ហានិភ័យ និងរង្វាន់នៃការរកស៊ី។ សហគ្រិនត្រូវបានគេមើលឃើញជាទូទៅថាជាអ្នកច្នៃប្រឌិត ជាមនុស្សមានប្រភពនៃគំនិតថ្មី ផលិតផលថ្មី និងសេវាកម្ម ឬដំណើរការថ្មី។
សហគ្រិន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ ពួកគេគឺជាមនុស្សដែលមានជំនាញ និងគំនិតផ្តួចផ្តើមដែលចាំបាច់ដើម្បីប្រមើលមើលពីតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត ក៏ដូចជានាំយកគំនិតថ្មីៗល្អៗទៅកាន់ទីផ្សារ។ សហគ្រិនដែលទទួលបានជោគជ័យក្នុងការចាប់ផ្ដើមអាជីវកម្ម ត្រូវបានទទួលរង្វាន់ដោយមានប្រាក់ចំណេញ និងកិត្តិនាម។ អ្នកទាំងឡាយដែលបរាជ័យ ក៏ទទួលរងការបាត់បង់ផងដែរ។
តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាសហគ្រិនជោគជ័យម្នាក់? តើមានជំនាញអ្វីខ្លះ ដែលអ្នកចាំបាច់ធ្វើជាស្ពានឆ្ពោះទៅកាន់គោលដៅនេះ? ខាងក្រោមនេះ គឺជាជំនាញគ្រឹះសំខាន់ៗចំនួន ៥ ដែលជាមូលដ្ឋានសម្រាប់ចម្លងអ្នកពីមនុស្សសាមញ្ញទៅជាសហគ្រិនជោគជ័យ៖
១. ជំនាញលក់ (Sales Skills)
នៅក្នុងសៀវភៅ Rich Dad Poor Dad បានលើកឡើងថា “សមត្ថភាពលក់ គឺជាជំនាញទី១ក្នុងអាជីវកម្មរបស់ខ្លួន។ ប្រសិនអ្នកគ្មានជំនាញនេះទេ កុំខកចិត្តបើអ្នកមិនអាចក្លាយជាអ្នកគ្រប់គ្រងអាជីវកម្មបាន។” សមត្ថភាពមួយដ៏សំខាន់ក្នុងចំណោមសមត្ថភាពផ្សេងទៀតរបស់សហគ្រិន គឺជំនាញលក់។ តែជារឿងមួយ គួរឲ្យសោកស្តាយដែលមនុស្សភាគច្រើនមិនចូលចិត្តជំនាញមួយនេះ។ ហេតុអ្វី? ពីព្រោះពួកគេក្លាយទទួលបានការបដិសេធន៍ពីអតិថិជនមកវិញ។ ទោះបីជាបែបនេះក្តី ភាពជាសហគ្រិន អ្នកមិនត្រូវចាត់ទុកបញ្ហានេះ ជារនាំងឧបសគ្គក្នុងអាជីវកម្មរបស់អ្នកនោះឡើយ ហើយត្រូវសំលៀងជំនាញមួយនេះឲ្យកាន់តែមុតបន្ថែមទៀតបានកាន់តែច្រើនកាន់តែល្អ។
២. ជំនាញភាពជាអ្នកដឹកនាំ (Leadership Skills)
លោក Sam Walton មហាសេដ្ឋីអាមេរិកពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៨ បាននិយាយថា “មេដឹកនាំដ៏ឆ្នើម គឺជាបុគ្គលម្នាក់ដែលអាចដឹកនាំមនុស្សទូទៅឆ្ពោះទៅរកគោលដៅរបស់ខ្លួនប្រកបដោយភាពជឿជាក់។ មនុស្សដែលមានជំនឿលើខ្លួនឯង នឹងសម្រេចបានសមិទ្ធផលរបស់ខ្លួន។” បញ្ហាប្រឈមមុខមួយរបស់សហគ្រិនដែលមានគំនិតកាន់តែខ្ពស់ និង មានគោលដៅហិរញ្ញវត្ថុកាន់តែធំគឺទំនួលខុសត្រូវ។ អ្នកត្រូវតែឈានមុខគេលើចំណុចនេះ ត្បិតអីមនុស្សទូទៅភ័យខ្លាចទៅនឹងកិច្ចការអ្វីដែលហួសពីសមត្ថភាពរបស់ខ្លួន និងមិនយល់ព្រមទទួលយកភារកិច្ចរបស់អ្នកដោយងាយស្រួលនោះឡើយ ហើយពួកគេនឹងឈរនៅជ្រុងម្ខាងដាច់ដោយឡែកពីអ្នក។ ប៉ុន្តែអ្នកត្រូវចាំថា អ្នកអាចជោគជ័យដោយម្នាក់ឯងបាន ប៉ុន្តែអ្នកមិនអាចជោគជ័យលើគោលដៅធំៗដោយម្នាក់ឯងបានឡើយ។ ដូច្នេះភាពជាសហគ្រិន អ្នកគឺជាប្រធានក្រុមបាល់ទាត់ក្នុងទីលានប្រកួត។
៣. ជំនាញវិនិយោគ (Investing Skills)
J. Paul Getty ជាមហាសេដ្ឋីអាមេរិក បានពោលថា “ទិញនៅពេលមនុស្សគ្រប់គ្នាកំពុងតែលក់ និងគ្រប់គ្រងការលក់នៅពេលដែលមនុស្សគ្រប់គ្នាកំពុងតែទិញ។” នេះមិនមែនជាពាក្យស្លោកមួយដ៏គួរឲ្យចាប់អារម្មណ៍នោះឡើយ។ ប៉ុន្តែ វាពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ធ្វើឲ្យការវិនិយោគមួយទទួលបានជោគជ័យ។” មិនថា អ្នកពូកែ ឬក៏សមាជិកក្នុងក្រុមរបស់អ្នកឆ្លាតយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនឈោងឆក់យកឱកាសល្អមួយបានទាន់ពេលវេលាទេនោះ នេះក៏មិនប្រាកដថា អ្នកជាសហគ្រិនជោគជ័យនោះដែរ។ ដូច្នេះ ពេលខ្លះអ្នកអាចគ្រាន់តែហុចដាវឲ្យសហគ្រិនផ្សេងទៀតសំលៀងដាវឲ្យអ្នកចាក់ ក៏អាចធ្វើឲ្យអាជីវកម្មរបស់អ្នកជោគជ័យបានដែរ។
ប៉ុន្តែខណៈដែលមានឧបសគ្គមួយចំនួនបានលង់ខ្លួននៅក្នុងឱកាសទាំងនោះ អ្នកត្រូវចោទសួរខ្លួនឯងថា តើអ្នកប្រាប់ពីឱកាសវិនិយោគដ៏ល្អទៅមនុស្សគ្មានសមត្ថភាពម្នាក់ដោយរបៀបណា? តើអ្នកអាចកំណត់អត្តសញ្ញាណពីក្រុមមនុស្សមានសមត្ថភាព និង អសមត្ថភាពដោយរបៀបណា? តើអ្នកអាចប្រែក្លាយឧបសគ្គសម្រាប់លើកទឹកចិត្តការវិនិយោគដោយរបៀបណា? តើអ្វីទៅជាវិធីសាស្ត្រដ៏ល្អបំផុតសម្រាប់ការវិនិយោគ? តើកាលៈទេសៈណាទើបជាពេលវេលាដ៏ល្អសម្រាប់ទិញ និងលក់? តើអ្នកអាចកំណត់ពីទំនោរនៃតម្រូវការរបស់អតិថិជនដោយរបៀបណា? ទាំងនេះ គឺជាសំណួរសំខាន់ៗដែលអ្នកត្រូវដឹង។
៤. ជំនាញគណនេយ្យ (Accounting Skills)
Warren Buffett មហាសេដ្ឋីអាមេរិក បានលើកឡើងថា “គណនេយ្យ គឺជាភាសាអាជីវកម្ម។” កង្វះខាតជំនាញគណនេយ្យ គឺជាហេតុផលមួយទៀតដែលធ្វើឲ្យអ្នកពិបាកឈានឆ្ពោះក្លាយជាអ្នកមានបាន។ ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្ម ឬ ក្នុងជីវិតអ្នកយ៉ាងហោចណាស់អ្នកត្រូវដឹងជំនាញគណនេយ្យនេះ។ អ្នកត្រូវដឹងពីភាពខុសគ្នានៃទ្រព្យសកម្ម (Asset) និង ទ្រព្យអកម្ម (Liability ឬបំណុល) ប្រាក់ចំណេញដុល (Gross Profit ឬ ប្រាក់ចំណេញមិនទាន់ទូទាត់) និង ប្រាក់ចំណេញសុទ្ធ (Net Profit ឬប្រាក់ចំណេញក្រោយពីការទូទាត់រួច)។ សំខាន់ជាងនេះទៅទៀត អ្នកត្រូវដឹងថា តើនៅពេលណាអ្នកត្រូវចំណាយ ឬកាត់បន្ថយការចំណាយកាន់តែច្រើនជាងនេះ?
៥. ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ (Financial Management Skills)
លោក Robert Kiyosaki បានសរសេរក្នុងសៀវភៅ Rich Dad Poor Dad ថា “ទម្លាប់ខុសគ្នារវាងអ្នកមាននឹងអ្នកក្រ គឺថាអ្នកមានចូលចិត្តចំណាយប្រាក់ដើម្បីវិនិយោគ និងចាយប្រាក់ដែលសល់ពីការសន្សំ ផ្ទុយពីអ្នកក្រដែលចូលចិត្តចាយប្រាក់ និងសន្សំប្រាក់បន្ទាប់ពីការចំណាយ។” ជំនាញគ្រប់គ្រងហិរញ្ញវត្ថុនេះត្រូវបានគេមើលឃើញពិតជាមានសារសំខាន់ជាមូលដ្ឋានគ្រឹះធ្វើឲ្យលោកអ្នកអាចក្លាយជាអ្នកមាន។ បើគ្មានជំនាញមួយនេះ កុំស្រមើស្រមៃឲ្យសោះថា អ្នកអាចក្លាយជាអ្នកមានបាន។ អ្នកឈ្នះក្នុងល្បែងជាអ្នកមាន គឺជាអ្នកដែលដឹងពីវិធីសាស្ត្រនៃការស្វែងរកប្រាក់ចំណូល គ្រប់គ្រង និងបែងចែកហិរញ្ញវត្ថុ។
ជាការក្រើនរំលឹកដល់ប្រិយមិត្តអ្នកអាន ក៏ដូចជាសហគ្រិនទាំងឡាយ ដើម្បីក្លាយជាសហគ្រិនមួយរូបប្រកបដោយភាពជោគជ័យក្លាយជាអ្នកមានប្រាក់ស្តុកស្តម្ភសម្រាប់ខ្លួនឯង លោកអ្នកត្រូវការជំនាញជាច្រើនទៀតដែលកំពុងមានសក្តានុភាពនៅពេលបច្ចុប្បន្ន។ ប៉ុន្តែលោកអ្នកត្រូវចាំថា ជំនាញសំខាន់ៗទាំង៥ខាងលើនេះ ពិតជាចាំបាច់ និងសំខាន់បំផុតសម្រាប់អ្នក ក្លាយជាអ្នកមានបាន។
អត្ថបទទាក់ទង