តើអ្វីជាការគណនា Break-Even Point នៅក្នុងលក្ខខណ្ឌនៃការលក់?

សហគ្រិនដែលចាប់ផ្តើមអាជីវកម្មថ្មី តែងតែសួរខ្លួនឯងថា “តើការលក់កម្រិតណា ឬកំណត់តម្លៃប៉ុន្មាន ដើម្បីឲ្យក្រុមហ៊ុនរបស់ខ្ញុំទទួលបានប្រាក់ចំណេញ?” ក្រុមហ៊ុនភាគច្រើន ដែលបានបង្កើតឡើងក្នុងកំឡុង២ឆ្នាំដំបូងជាច្រើន តែងមានសំណួរស្រដៀងគ្នានេះដែរ ដោយសារតែងជួបឧបសគ្គក្នុងការលក់ និងរំហូរសាច់ប្រាក់មិនទៀងទាត់។ តើអ្នកដែលធ្លាប់ឆ្ងល់ពីសំណួរដូចខាងលើឬទេ?

ដើម្បីរកឲ្យឃើញ ប្រាក់ចំណេញរបស់ក្រុមហ៊ុន កត្តាដំបូងយើងត្រូវដឹងពីចំណុច Break-Even ជាមុនសិន។

ចំណុច Break-Even គឺជាគោលដៅនៃចំនួនលក់តិចបំផុតរបស់ក្រុមហ៊ុនរបស់អ្នក ដើម្បីរកចំណុចរួចខ្លួន បានន័យថា ចំណាយ = ចំណូល។  ដើម្បីគណនាចំណុច Break-Even ក្នុងបរិមាណការលក់ អ្នកត្រូវដឹងពីតម្លៃនៃអថេរបី៖

  • ការចំណាយថេរ (Fixed Costs)៖ ការចំណាយដែលមានភាពឯករាជ្យនៃបរិមាណការលក់ ដូចជាការចំណាយលើការជួលអគារការិយាល័យជាដើម។
  • ការចំណាយប្រែប្រួល (Variable Costs)៖ ការចំណាយដែលពឹងផ្អែកលើបរិមាណការលក់ ដូចជាតម្លៃនៃការផលិតផលិតផល ឬការចំណាយលើការផ្សព្វផ្សាយ។
  • តម្លៃលក់ចេញរបស់ផលិតផល ឬសេវាកម្ម។ 

តើអ្នកចេះគណនាចំណុច Break-Even នៅក្នុងលក្ខខណ្ឌនៃការលក់ឬនៅ?

  • ត្រូវកំណត់ថ្លៃចំណាយថេររបស់អ្នក ដោយត្រូវដឹងថា បើការចំណាយថេរកាន់តែខ្ពស់ នោះចំណុច Break-Even ក៏កាន់តែខ្ពស់។
  • កំណត់នូវការចំណាយប្រែប្រួលដែលអ្នកត្រូវការ ដើម្បីលក់ផលិតផល និងសេវាកម្ម។
  • អ្នកត្រូវប៉ានស្មាន ថាតើតម្លៃទំនិញ ឬសេវាកម្មកម្រិតណាគួរត្រូវបានលក់នៅទីផ្សារដែលអតិថិជនអាចទទួលយកបាន។

បន្ទាប់មកទៀត អ្នកអាចអាចគណនារកចំនួន ឬបរិមាណដែលអ្នកត្រូវលក់ ដើម្បីសមមូលទៅនឹងការចំណាយសរុបរបស់អ្នក ពោលគឺចំណុច Break-Even។ 

រូបមន្តគណនាចំណុច Break-Even

Break-Even Point (Units) = Fixed Costs ÷ (Revenue per Unit – Variable Cost per Unit)

ឧទាហរណ៍៖ ហាងលក់សៀវភៅមួយ ទិញសៀវភៅមកលក់ក្នុងតម្លៃទិញចូលមួយក្បាល $១៥ ហើយកំណត់តម្លៃលក់ចេញវិញ $៣០ ។ ចំណាយប្រចាំខែនៃហាងនោះមាន $១០,០០០។ វាមានន័យថា ចំណុចរួចដើម គឺ $២០,០០០ ឬក៏លក់សៀវភៅឲ្យបាន ៦៦៧ ក្បាល

តោះមកមើលថាបានតួលេខនេះមកពីណា៖

$១០,០០០ ÷ (១៥/៣០) = $២០,០០០(១៥/៣០ = ០.៥)

សម្រាប់គិតចំនួនទំនិញ៖ $២០,០០០ ÷ $៣០ = ៦៦៧ ក្បាល$១០,០០០ ÷ (៣០-១៥) = ៦៦៧ ក្បាល

អ្នកអាចនឹងគិតថារូបមន្តនេះ គឺយកចំណូលដក និងចំណាយ ភាគច្រើនយល់បែបនេះ ប៉ុន្តែការគណនាចំណុចរួចដើមនេះ គឺជាការព្យាករណ៍ពីការរកចំណូលទុកមុន។ តាមឧទាហរណ៍ខាងលើ យើងអាចបកស្រាយបានថា ហាងលក់សៀវភៅនោះ ត្រូវការលក់សៀវភៅយ៉ាងតិចឲ្យបាន ៦៦៧ ក្បាល បើមិនចង់ខាត ហើយម្ចាស់ហាងដឹងថាត្រូវកំណត់ចំនួនលក់ឲ្យបានប៉ុន្មាន និងប្រើយុទ្ធសាស្ត្រអ្វីដើម្បីលក់ឲ្យដល់ចំនួននោះ និងរកចំណេញដែលគាត់ចង់បាន។

យ៉ាងណាមិញ ដើម្បីរកឲ្យឃើញប្រាក់ចំណេញច្បាស់លាស់ គឺស្ទើរតែមិនអាចគណនាទៅរួចទេ ដោយសារតែផលិតផលមានច្រើនប្រភេទរបស់ក្រុមហ៊ុនជាមួយកម្រិតនៃប្រាក់ចំណេញខុសៗគ្នា ហើយពេលខ្លះ ត្រូវបានអតិថិជនសងប្រាក់មិនគ្រប់ ឬយឺតយ៉ាវក៏ជាបញ្ហាដែរ។ 

ដូច្នេះ សហគ្រិន ឬម្ចាស់អាជីវកម្ម គួរតែតាមដានឲ្យបានដិតដល់ទៅលើរំហូរសាច់ប្រាក់ និងកម្រិតចំណេញសុទ្ធជាភាគរយវិញ ដើម្បីធានាសុខភាពក្រុមហ៊ុនឲ្យដំណើរបានរលូន។ ត្រូវមានវិន័យ និងពិនិត្យឡើងវិញឲ្យទៀងទាត់លើការចំណាយថេរ និងការចំណាយប្រែប្រួលរបស់ក្រុមហ៊ុនអ្នក។ អ្នកអាចវាយតម្លៃយ៉ាងឆាប់រហ័សពីផលប៉ះពាល់ដែលការផ្លាស់ប្តូរទាំងនោះមាននៅលើទីតាំង Break Even Point របស់អ្នក ហើយធ្វើការសម្រេចចិត្តដោយដឹងថាតើត្រូវបញ្ជូនការចំណាយទៅលើការបង្កើនបរិមាណ ឬតម្លៃ។


អត្ថបទទាក់ទង

ដំណាក់កាលទាំង ៥ នៃវដ្តជីវិតអាជីវកម្ម (Business Life Cycle) ដែលអ្នកគ្រប់គ្រងត្រូវដឹង

 

Leave a Reply

Your email address will not be published. Required fields are marked *