តើអ្វីជាក្រុមហ៊ុន The Big 4 ?

Big 4 គឺក្រុមហ៊ុនសវនកម្មគណនេយ្យធំជាងគេចំនួន ៤ និងមានសក្តានុពលបំផុតមួយនៅក្នុងពិភពលោក។ The Big 4 ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកគណនេយ្យ និងសវនកម្មដែលប្រមូលផ្តុំទៅដោយក្រុមហ៊ុនធំៗចំនួន ៤ ដែលរួមមាន PricewaterhouseCoopers (PwC), Deloitte Touche Tohmatsu (Deloitte), Ernst & Young (EY) និង Klynveld Peat Marwick Goerdeler (KPMG)។ ក្រុមហ៊ុនទាំង ៤ នេះ ដើរតួយ៉ាងសំខាន់ក្នុងការធានានិរន្តរភាព និងកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានវិបុលភាព តាមរយៈសេវាកម្មសវនកម្ម ឬសេវាផ្សេងទៀតពាក់ព័ន្ធនឹងការកត់ត្រាគណនេយ្យ ឬរបាយការណ៍ហិរញ្ញវត្ថុជាដើមក្នុងក្រុមហ៊ុនទូទាំងសកលលោក។

ដើម្បីឱ្យយល់ពី Big 4 ដែលជាក្រុមហ៊ុនសវនកម្មគណនេយ្យធំជាងគេលើពិភពលោកឱ្យបានស៊ីជម្រៅ ជាដំបូង យើងត្រូវសិក្សាពីប្រវត្តិរបស់ក្រុមហ៊ុនទាំង៤ នេះជាមុនសិន។

កាលពីឆ្នាំ១៩៨០ ពួកគេធ្លាប់ត្រូវបានគេស្គាល់ថាជា Big 8 ដោយបង្កើតឡើងដោយក្រុមហ៊ុនចំនួន៨ ក្នុងនោះមានក្រុមហ៊ុនដូចជា Arthur Young, Arthur Andersen, Coopers & Lybrand, Ernst & Whinney, Deloitte Haskins & Sells, KPMG, Touche Ross and Price Waterhouse។ បន្ទាប់មកនៅឆ្នាំ១៩៨៩ Big 8 បានក្លាយទៅជា Big 6 ដោយសារតែ ក្រុមហ៊ុន Ernst & Whinney និង Arthur Young រួមបញ្ចូលគ្នាបានប្តូរឈ្មោះទៅជា Ernst & Young និង ក្រុមហ៊ុន Deloitte Haskins & Sells រួមបញ្ចូលជាមួយ Touche Ross ហើយបានដាក់ឈ្មោះថា Deloitte Touche។ បន្ទាប់មកទៀត ក៏រួញមកត្រឹម Big 5 ឆ្នាំ ១៩៩៨ ដោយសារក្រុមហ៊ុន Price Waterhouse និង Coopers & Lybrand បានរួមបញ្ចូលគ្នាហើយប្តូរឈ្មោះទៅជា PricewaterhouseCoopers។ លុះដល់ឆ្នាំ ២០០២ អ្នកទាំង ៥ បានបាត់បង់សមាជិកម្នាក់ ដោយសារតែក្រុមហ៊ុន Arthur Andersen បានក្ស័យធន។ គួរបញ្ជាក់ដែលថា ក្រុមហ៊ុន Arthur Andersen មិនត្រឹមតែក្ស័យធនតែម្នាក់ឯងទេ ប៉ុន្តែក៏នាំយកក្រុមហ៊ុនដទៃដែលជាអតិថិជនរបស់ខ្លួនឱ្យឈានទៅដល់ក្ស័យធនរបស់ខ្លួនដែរ ដោយសារតែកំហុសឆ្គងលើការធ្វើសវនកម្ម និងសិក្សាប្រាក់ចំណូលចំណាយមិនច្បាស់លាស់។ ចាប់ពីឆ្នាំ២០០២នោះមក ក្រោមកត្តាការបញ្ចូលក្រុមហ៊ុនគ្នា និងដួលរលំ សព្វថ្ងៃពិភពលោកនៅសល់ក្រុមហ៊ុនសវនកម្មធំៗចំនួន៤ ហើយត្រូវបានគេស្គាល់ថាជា Big 4 ។

នៅឆ្នាំ២០១៩ Big 4 មានភាគហ៊ុនច្រើនជាង ៧៥% នៃទីផ្សារគណនេយ្យលើពិភពលោក ហើយប្រាក់ចំណូលរបស់ពួកគេលើសពី ១៥៤ ប៊ីលាន ដុល្លារអាមេរិក។ បើយើងងាកទៅមើលពីចំណាត់ថ្នាក់របស់ Big 4 វិញ Deloitte នៅលំដាប់ទី១ ដែលមានចំណូលសរុបប្រមាណ ៤៧,៦ ប៊ីលាន ដុល្លារអាមេរិក PwC ឈរនៅលើលំដាប់ទី២ ដែលមានចំណូលសរុបប្រមាណ ៤៣,០៣ ប៊ីលាន ដុល្លារអាមេរិក (២០២០) រីឯលំដាប់ទី៣ គឺ EY មានចំណូលសរុបប្រមាណ ៣៧,២ ប៊ីលាន ដុល្លារអាមេរិក (២០២០) និង KPMG មានចំណូលសរុបប្រមាណ ២៩,២២ ប៊ីលាន ដុល្លារអាមេរិក (២០២០)។

Big 4 accounting firms 2020 | Statista

ក្រឡេកមើលតួនាទីសំខាន់របស់ Big 4 ទៅលើវិស័យពាណិជ្ជកម្មវិញ Big 4 មានផ្តល់នូវសេវាកម្មផ្សេងៗដូចជា សវនកម្ម សេវាប្រឹក្សា ឬសេវាផ្តល់យោបល់ ផ្នែកធុរកិច្ច ផ្នែកពន្ធ ការចុះកិច្ចបញ្ជីការ ឬសេវាផ្សេងទៀតពាក់ព័ន្ធនឹងការកត់ត្រាគណនេយ្យ ឬរបាយការណ៍ហិរញ្ញវត្ថុ ប៉ុន្តែក្រុមហ៊ុនទាំង ៤ នេះ ក៏បានបន្ថែមសេវាកម្មដទៃទៀត ដើម្បីពង្រីកទីផ្សារ និងបង្កើនប្រាក់ចំណូល។ ក្រុមហ៊ុន Deloitte ដែលមានបុគ្គលិកប្រមាណ ៣១២.០០០ នាក់ និងសាខារហូតទៅដល់ ១៥០ ប្រទេសជុំវិញពិភពលោក ក៏មានផ្តល់នូវសេវាកម្មផ្សេងទៀតដូចជា សេវាផ្តល់យោបល់ផ្នែកហិរញ្ញវត្ថុ និងសេវាផ្តល់យោបល់ផ្នែកហានិភ័យ ហើយក្នុងឆ្នាំ២០២០នេះ សេវាកម្មប្រឹក្សា គឺជាសេវាកម្មមួយដែលអាចរកចំណូលបានច្រើនជាងគេរបស់ Deloitte ។ PwC ដែលមានបុគ្គលិករហូតដល់ប្រមាណ ២៧៦.០០០ នាក់ និងមានសាខារហូតដល់ ១៥៨ ប្រទេស ក៏បានផ្តល់សេវាកម្មដូចជា សេវាកម្មផ្នែកច្បាប់, Forensics, alliances and ecosystem, IFRS reporting និង Deals ។ ក្រឡេកទៅមើលក្រុមហ៊ុន EY មានសាខាចំនួន ១៥០ ប្រទេស និងមានបុគ្គលិកប្រមាណ ២៨៤.០០០ នាក់ ក៏បានបន្ថែមនូវសេវាកម្ម Transactions advisory service និង Core business service ។ ក្រុមហ៊ុន KPMG ក៏បន្ថែមនូវសេវាកម្មផ្សេងៗដូចជា tax & legal, private enterprise និង client stories។ គួរកត់សម្គាល់ដែលថា ចំពោះក្រុមហ៊ុន PWC EY និង KPMG សេវាកម្មដែលបានរកប្រាក់ចំណូលច្រើនជាងគេ គឺសេវាផ្តល់យោបល់។ យ៉ាងណាមិញ ការផ្ដល់សេវាកម្មរបស់ក្រុមហ៊ុននីមួយៗទៀតសោត គឺមិនដូចគ្នាគ្រប់សាខានៅក្នុងពិភពលោកទេ។

ជារួម Big 4 បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការធានាលាងជម្រះដង្កូវក្នុងសាច់របស់ក្រុមហ៊ុន ចូលរួមចំណែកកាត់បន្ថយអំពើពុករលួយ បញ្ចៀស ឬត្រៀមខ្លូនសម្រាប់ហានិភ័យរបស់ក្រុមហ៊ុនតាមរយៈការរៀបចំស្ថិតិនិងរបាយការណ៍ចំណូលចំណាយ និងការពិគ្រោះយោបល់ជាដើម។ Big 4 ក៏ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងគ្រឹះសេដ្ឋកិច្ចតាមរយៈការធានាឱ្យមានសកម្មភាពសេដ្ឋកិច្ចក្រោមរូបភាពចីរភាព និងស្ថិរភាព ក៏ប៉ុន្តែទន្ទឹមគ្នានឹងការលូតលាស់នៃសក្ដានុពលរបស់ Big 4 ក្រុមហ៊ុនទាំង ៤ នេះ កំពុងមានភាពចម្រូងចម្រាសមួយចំនួនជាមួយក្រុមហ៊ុនសវនកម្មដែលមិនមានមែនជាសវនកម្មគណនេយ្យដោយសារតែក្រុមហ៊ុន Big 4 បានផ្ដល់សេវាកម្មច្រើន និងលើសពីសវនកម្មគណនេយ្យ។ 


អត្ថបទទាក់ទង

ហេតុអ្វី ពេលណា និងរបៀបបង្កើតគោលនយោបាយក្រុមហ៊ុន

 

Leave a Reply

Your email address will not be published. Required fields are marked *