តើអ្វីជាក្រុមហ៊ុន The Big 3 ?

ប្រសិនបើយើងនិយាយអំពីក្រុមហ៊ុនសវនកម្មគណនេយ្យធំជាងគេ និងមានសក្តានុពលបំផុតនៅក្នុងពិភពលោក យើងត្រូវចាប់ផ្ដើមនិយាយពី Big 4 ប៉ុន្តែនៅក្នុងវិស័យក្រុមហ៊ុនប្រឹក្សាយោបល់ដែលធំជាងគេលើពិភពលោក នោះយើងក៏គួរចាប់ផ្ដើមពី Big 3 ដែរ។ Big 3 ឬ MBB គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងដ៏មានកេរ្តិ៍ឈ្មោះ និងមានស្តង់ដារធំជាងគេបំផុតក្នុងពិភពលោក។ ហើយ Big 3 ត្រូវបានស្គាល់ថា ជាក្រុមហ៊ុនដែលផ្តល់សេវាប្រឹក្សាយោបល់ផ្នែកគ្រប់គ្រង ដែលមានចំណាត់ថ្នាក់ក្រុមហ៊ុនធំជាងគេចំនួន៣ គឺក្រុមហ៊ុន McKinsey & Company ក្រុមហ៊ុន Boston Consulting Group (BCG) និង ក្រុមហ៊ុន Bain & Company ។ ក្រុមហ៊ុនទាំង៣ នេះ ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនមានជំនាញ និងមានបទពិសោធន៍ការងារចាស់វស្សាទាក់ទងនឹងការរៀបចំយុទ្ធសាស្ត្រ និងបង្កើតវិធីច្នៃប្រតិដ្ឋ ដើម្បីដោះស្រាយកង្វល់របស់អតិថិជនពួកគេ រហូតបង្កើតបានសមិទ្ធិផលក្នុងប្រវត្ដិសាស្ត្រ និងមានបណ្ដាញខ្សែរយៈកាន់កាប់តំណែងសំខាន់ៗពាសពេញសកលោក។

types of consulting firms

មុននឹងមានក្រុមហ៊ុន Big 3 វិស័យសេវាកម្មប្រឹក្សាយោបល់ ត្រូវបានចាប់ផ្ដើមនៅក្នុងឆ្នាំ ១៨៨៦ ដោយ ក្រុមហ៊ុន Arthur D. Little ដែលផ្តល់សេវាកម្មផ្នែកបច្ចេកទេសការស្រាវជ្រាវ និងការវិភាគជូនអតិថិជន។ ក៏ប៉ុន្តែបន្ទាប់មក ក្រុមហ៊ុន Arthur D. Little បានក្ស័យធន ហើយត្រូវបានក្រុមហ៊ុន ADL Acquisition Co. LLC ទិញយកនៅឆ្នាំ២០០២។ នៅឆ្នាំ១៩២៦ វត្ដមានសមាជិកក្រុមហ៊ុនទីមួយរបស់ Big 3 គឺ ក្រុមហ៊ុន McKinsey & Company ត្រូវបានបង្កើតឡើង ដោយសាស្រ្តាចារ្យជំនាញផ្នែកគណនេយ្យនៅទីក្រុង Chicago ឈ្មោះ James McKinsey ដែលផ្តោតលើសេវាកម្មប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ រួចហើយបានផ្លាស់ប្តូរឯកទេសរបស់ខ្លួនទៅរកផ្នែកការគ្រប់គ្រងវិញ ហើយរីកលូតលាស់ល្បីរន្ទឺយ៉ាងឆាប់រហ័សជាពិសេសនៅទ្វីបអឺរ៉ុប។ នៅឆ្នាំ១៩៦២ ក្រុមហ៊ុន McKinsey & Company ចាប់ផ្តើមជួបគូប្រជែងមួយទៀតគឺក្រុមហ៊ុន Boston Consulting Group ដែលបង្តើតឡើងដោយ Bruce Henderson។ លោក Bruce Henderson ជាបុគ្គលិកចាស់របស់ក្រុមហ៊ុន Arthur D. Little ហើយពេញមួយទសវត្សរ៍ឆ្នាំ១៩៦០ Boston Consulting Group បានរីកចម្រើននិងអភិវឌ្ឍនៅបរទេស។ នៅឆ្នាំ១៩៧៣ អនុប្រធានក្រុមហ៊ុន Boston Consulting Group បានចាកចេញពីក្រុមហ៊ុននេះ ដើម្បីបង្កើតក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងរបស់ខ្លួនឈ្នោះ Bain & Company ។

គួររំឮកបន្តិចថា ក្រុមហ៊ុនទាំង៣ នេះ ជាពិសេសក្រុមហ៊ុន McKinsey & Company បានបន្សល់នូវសមិទ្ធិផលជាប្រវត្ដិសាស្ត្រ និងមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងពិភពលោកនាពេលបច្ចុបន្បន្ន។ Big 3 បានបង្កើតគំនិតល្អៗ ដើម្បីដោះស្រាយបញ្ហាស្មុគ្រស្មាញក្នុងស្ថាប័នឯកជន និងរដ្ឋ ហើយគោលគំនិតដឹកនាំទាំងនោះភាគច្រើនបានក្លាយជាគំរូ ឬម៉ូឌែលគ្រប់គ្រងផងដែរ។ នៅឆ្នាំ១៩៥០ ក្រុមហ៊ុន McKinsey បានជួយសេតវិមានសហរដ្ឋអាមេរិកក្នុងការបង្កើតរចនាសម្ព័ន្ធបុគ្គលិក ដែលកាលនោះហើយ គឺជាដើមកំណើតនៃប្រធានតួនាទីបុគ្គលិក (Chief of Staff role)។ បន្ថែមលើនេះ នៅឆ្នាំ១៩៧០ McKinsey ក៏បានបើកទំព័រពិភពលោកថ្មី ដោយបានសហការជាមួយ the Uniform Grocery Product Code Council ដើម្បីបង្កើតកូដផលិតផលដែលត្រូវបានគេហៅថា “Bar Code”។ មួយវិញទៀត កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Boston Consulting Group ក៏បានរួមចំណែកក្នុងការជួយរាជរដ្ឋាភិបាលប្រទេសអង់គ្លេសលើការងារពិគ្រោះយោបល់ ដើម្បីត្រៀមខ្លួនចាកចេញពី EU ឬ Brexit ក្រោមទឹកប្រាក់ចំនួន១០លានដុល្លារអាមរិក។ ក្រឡេកមើលខ្សែរយៈរបស់ Big 3 វិញ គឺសឹងតែអាចជះឥទ្ធិពលពិភពលោកទាំងមូល ពីព្រោះអតីតបុគ្គលិករបស់ក្រុមហ៊ុនទាំងបីនេះ បាននិងងកំពុងបម្រើការងារនៅតំណែងសំខាន់ៗទាំងក្នុងវិស័យឯកជនដូចជា Chairman, CEO, COO នៅក្រុមហ៊ុនធំៗនានា ចំណែកក្នុងវិស័យសាធារណៈវិញមានដូចជា អភិបាលក្រុង តំណាងរាស្ត្រ នាយករដ្ឋមន្ត្រី ជាដើម។ ជាក់ស្ដែង លោក Sheryl Sandberg ដែលបច្ចុប្បន្នជា COO នៅក្រុមហ៊ុន Facebook,  លោក Sundar Pichai ដែលបច្ចុប្បន្នជា CEO របស់ក្រុមហ៊ុន Alphabet Inc,  លោកស្រី Susan Wojcicki បច្ចុប្បន្នជា CEO របស់ YouTube, លោក Benjamin Netanyahu ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអ៊ែល ជាដើម សុទ្ធតែធ្លាប់ជាបុគ្គលិកចាស់របស់ Big 3។

បើយើងក្រឡេកទៅមើលពីចំណាត់ថ្នាក់របស់ Big 3 ឬ MBB ក្រុមហ៊ុនដែលឈរលើលំដាប់ទី១ គឺ ប្រាកដជាក្រុមហ៊ុន McKinsey & Company ហើយ ព្រោះ McKinsey បានកកើតឡើងមុនគេ ដោយមានចំណូលសរុបប្រមាណ ១០,៥ ប៊ីលាន ដុល្លារអាមេរិក (២០១៩) ហើយមានបុគ្គលិករហូតដល់ ៣០.០០០ នាក់ និងមានសាខារហូតដល់ជាង ១៣០ ប្រទេស។ រីឯលំដាប់ទី២ គឺ BCG ដោយមានចំណូលសរុបប្រមាណ ៨,៥ ប៊ីលាន ដុល្លារអាមេរិក (២០១៩) ហើយ BCG មានបុគ្គលិករហូតដល់ ២១.០០០ នាក់ និងមានជាង ៩០ សាខាទូទាំងពិភពលោក។ Bain & Company ឈរនៅលើលំដាប់ទី៣ ដែលមានចំណូលសរុបប្រមាណ ៤,៥ ប៊ីលាន ដុល្លារអាមេរិក (២០១៩) និងមានបុគ្គលិករហូតដល់ ៨.០០០ នាក់ ព្រមទាំងមាន ៥៩ សាខាផងដែរ។

ថ្វីត្បិតតែ Big 3 និង Big 4 មានឈ្មោះដូចគ្នាដោយខុសតែលេខ ប៉ុន្តែលេខនេះមិនមែនសម្រាប់កំណត់ ឬប្រៀបធៀបពីទំហំ និងសក្ដានុពលរបស់ក្រុមហ៊ុនទាំង២ នេះទេ។ កំណើតដំបូងនៃ Big 3 ផ្តោតសំខាន់ទៅលើសេវាកម្មប្រឹក្សាផ្ដល់យោបល់អំពីការគ្រប់គ្រងយុទ្ធសាស្ត្រ រីឯ Big 4 ផ្តោតសំខាន់លើសេវាកម្មផ្នែកសវនកម្មគណនេយ្យ។ យ៉ាងណាវិញ ក្រុមហ៊ុន Big 4 ក៏បានវិវត្តខ្លួនដោយបានបង្កើតសេវាកម្មផ្ដល់យោបល់ដែលស្រដៀងគ្នានឹង Big 3 ដែរ ដូចជាការស្វែងរកដំណោះស្រាយជូនអតិថិជន សេវាផ្តល់យោបល់ផ្នែកហានិភ័យ ការវិនិច្ឆ័យបញ្ហារបស់អតិថិជនជាដើម។


អត្ថបទទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *