តើអ្វីទៅជាអាជីវកម្មបរិយាប័ន្ន?

អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម ពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុន ដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ។ ការរួមបញ្ចូល ប្រជាជនក្រីក្រទៅក្នុងខ្សែច្រវាក់តម្លៃរបស់អាជីវកម្មណាមួយ ឬការផ្សារភ្ជាប់ពួកគេក្នុងរូបភាពជាអ្នកផ្គត់ផ្គង់ ពលករ  អ្នកលក់រាយ អ្នកប្រើប្រាស់ ឬម្ចាស់ភាគហ៊ុន គឺមិនមានន័យថាអាជីវកម្មប្រភេទនេះ​ ជាអាជីវកម្មបរិយាប័ន្ននោះទេ ដោយសារការចូលរួមចំណែកទាំងនោះអាចមានការកេងចំណេញ ឬមិនបានផ្តល់នូវដំណោះស្រាយជាលក្ខណៈប្រព័ន្ធ សម្រាប់ការជួយបង្កើនប្រាក់ចំណូល និងការលើកកម្ពស់ស្ថានភាពជីវភាពរស់នៅរបស់ប្រជាជនក្រីក្រអោយបានប្រសើរ ឬអាចមានលទ្ធភាពក្នុងការចាកចេញពីភាពក្រីក្រនៅឡើយ។

ក្រុមហ៊ុនដែលមានអាជីវកម្មបរិយាប័ន្ន ត្រូវបានបែងចែកជា  ប្រភេទ ដូចខាងក្រោម៖

  • គំរូអាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតដោយក្រុមហ៊ុនខ្នាតមធ្យម និងខ្នាតធំ ដែលផ្តល់ការ ជះឥទ្ធិពលធំដល់សង្គម។
  • គំនិតផ្តួចផ្តើមអាជីវកម្មបរិយាប័ន្ន កើតចេញពីក្រុមហ៊ុនខ្នាតតូច និងសហគ្រាសសង្គមរកប្រាក់ចំណេញ។ ក្រុមហ៊ុន និងសហគ្រាសទាំងនោះ ជះឥទ្ធិពលតិចតួចដល់សង្គម និងមានលទ្ធភាពជោគជ័យតូចខាងពាណិជ្ជកម្ម។ ជារឿយៗ ទាំងនេះក៏អាចជាប្រភេទធុរកិច្ចៗថ្មីផងដែរ។
  • សកម្មភាពអាជីវកម្មបរិយាប័ន្ន ភាគច្រើនកើតចេញពីក្រុមហ៊ុនខា្នតធំ (គំរូអាជីវកម្មបរិយាប័ន្ន) ក្រុមហ៊ុនខ្នាតតូច និងសហគ្រាសសង្គមរកប្រាក់ចំណេញ ក៏ដូចជាក្រុមហ៊ុនខ្នាតធំដែលបង្ហាញ ទំនួលខុសត្រូវសង្គមជាយុទ្ធសាស្ត្រ ដោយ មិនមែនជាការផ្តល់អំណោយម្តងម្កាល ប៉ុន្តែសាកល្បងចាប់យកគំរូអាជីវកម្មបរិយាប័ន្ន ដែលមាននិរន្តរភាពជាងមុន។

ប្រភេទអាជីវកម្ម ដែលរកប្រាក់ចំណេញ និងមានចលករសង្គម

ក្រុមមនុស្សដែលជាគោលដៅ គឺជាក្រុមមនុស្សដែលស្ថិតនៅកម្រិតរបារពីរ៉ាមីត (BoP) ភាគច្រើនមានប្រាក់ចំណូលទា​ប នៅបាតពីរ៉ាមីត ៤០% និងមិនត្រូវបានរាប់បញ្ចូលក្នុងផ្នែកសង្គមនិងប្រព័ន្ធសេដ្ឋកិច្ច ដែលមានចំនួនច្រើនជាង ប្រជាជនក្រីក្រខ្លាំង។ ខណៈពេលដែលលទ្ធផលគោលដៅមានភាពចាំបាច់ ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នក៏រួមបញ្ចូល និង លក់ទៅកាន់ក្រុមមនុស្សដែលមានជីវភាពធូរធារផងដែរ។

ការផ្តល់នូវឥទ្ធិពលវិជ្ជមានដល់សង្គម៖ គោលបំណងផ្នែកសង្គមរបស់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន គឺត្រូវផ្តល់នូវ ដំណោះស្រាយដ៏ពេញលេញ (មិនមែនត្រឹមតែជាការប៉ាន់ស្មាន ឬការចូលរួមចំណែកតូចតាច) ឆ្លើយតបទៅនឹង បញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប។ ចំពោះក្រុមមនុស្ស B40/BoP អាជីវកម្មបរិយាប័ន្ន  ផ្តល់នូវដំណោះស្រាយសម្រាប់ប្រជាជនក្រីក្រ តាមរយៈបណ្តាញច្បាស់លាស់ពីរផ្សេងគ្នា៖

  • ឱកាសរកប្រាក់ចំណូលខ្ពស់លើសអត្រាធម្មតា ឬអត្រាជាមធ្យមទូទៅ
  • ផ្តល់ផលិតផល សេវាកម្មពាក់ព័ន្ធ មានតម្លៃសមរម្យ ដល់ជនក្រីក្រ ដើម្បីលើកកម្ពស់ស្ថានភាព ជីវភាពរស់នៅប្រចាំថ្ងៃ។

ភាពច្នៃប្រតិដ្ឋរបស់បណ្តាក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន៖ សម្រាប់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន ភាពជោគជ័យនៃ ការធ្វើធុរកិច្ច នឹងនាំមកនូវការផ្តលឥទ្ធិពលជាវិជ្ជមានដល់សង្គមទៅវិញទៅមក។ ដើម្បីនាំមកនូវផលវិជ្ជមានជូនដល់ ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប ក៏ដូចជាការរកប្រាក់ចំណេញ ដល់ក្រុមហ៊ុនក្នុងអត្រាខ្ពស់ក្នុងពេលតែមួយ ក្រុមហ៊ុនដែលស្ថិតក្នុងប្រភេទជាគំរូអាជីវកម្មបរិយាប័ន្ន ប្រភេទគំនិតផ្តួចផ្តើម និងប្រភេទសកម្មភាពអាជីវកម្មបរិយាប័ន្ន ត្រូវតែមានភាពច្នៃប្រឌិតខ្ពស់។ ឧទាហរណ៍៖ ទម្រង់អាជីវកម្មរបស់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នជាច្រើន បានបង្ហាញ យ៉ាងច្បាស់លាស់នូវការខិតខំដល់ការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពផ្នែកយេនឌ័រ។  ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន មួយចំនួនទៀត ក៏បានយកចិត្តទុកដាក់ទៅលើដំណោះស្រាយបញ្ហា បរិស្ថានផងដែរ បើទោះជាគោលបំណងចម្បងនៃ អាជីវកម្មបរិយាប័ន្ន គឺការផ្តោតទៅលើប្រជាជនក្រីក្រ  មិនមែនបរិស្ថាន ឬការប្រែប្រួលអាកាសធាតុក្តី។

អាជីវកម្មបរិយាប័ន្នភាគច្រើនជាសហគ្រាសធុនមធ្យម៖ សហគ្រាសទាំងនោះមានប្រាក់ចំណូលប្រចាំឆ្នាំចន្លោះពី ១ ទៅ ១០លានដុល្លារអាមេរិក។ ធុរកិច្ចថ្មី និងក្រុមហ៊ុនខ្នាតតូច ដែលមានប្រាក់ចំណូលក្រោម 0,១ លានដុល្លារអាមេរិក មិនត្រូវបានចាត់ទុកជាអាជីវកម្មបរិយាប័ន្ននោះទេ។ ក្រុមហ៊ុនខ្នាតធំមួយចំនួនមានបន្ទាត់អាជីវកម្មបរិយាប័ន្ន ដែលខុសប្លែក ពីអាជីវកម្មគោលរបស់ពួកគេ។

ការវិនិយោគអាជីវកម្មបរិយាប័ន្ន មានលក្ខណៈខុសពីទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) និង សហគ្រាសសង្គម (SE) អាជីវកម្មបរិយាប័ន្នខុសគ្នាពីសហគ្រាសសង្គម ពិសេសលើវិសាលភាពនៃការផ្តល់ឥទ្ធិពលជាវិជ្ជមានដល់សង្គម និងភាពជោគជ័យរបស់អាជីវកម្មផ្ទាល់ បើធៀបទៅនឹងការឧបត្ថម្ភ ឬបរិច្ចាគទំហំប្រាក់ចំណូលរបស់សាជីវកម្មសហគ្រាស​សង្គម។ ភាពខុសគ្នាផ្នែកទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម និងអាជីវកម្មបរិយាប័ន្ន គឹស្ថិតត្រង់លក្ខណៈវិសេសរបស់អាជីវកម្មបរិយាប័ន្នផ្ទាល់ ដែលផ្តោតភាពជោគជ័យនៃអាជីវកម្ម ការផ្តល់វិសាលភាពធំធេងដល់សង្គម​មានលក្ខណៈជាប្រព័ន្ធ។ ការសិក្សាគួរឱ្យកត់សម្គាល់មួយរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ថា វាជា​ភាពចាំបាច់មួយក្នុងការជំរុញសហគ្រាសសង្គមឱ្យក្លាយជាអាជីវកម្មបរិយាប័ន្ននៅថ្ងៃអនាគត។

អាជីវកម្មបរិយាប័ន្នខុសពីអាជីវកម្មគោល៖ ភាពខុសគ្នានៃអាជីវកម្មបរិយាប័ន្ន និងអាជីវកម្មគោលស្ថិតលើភាពជាក់លាក់ក្នុងការនាំមកនូវភាពវិជ្ជមានជូនដល់សង្គម និងក្រុមមនុស្ស BoP/B40។​ គ្រប់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នត្រូវ តែជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវ (ផ្នែកពន្ធដារ ការប្រកាន់ខ្ជាប់ទៅនឹង ការការពារផលប្រយោជន៍សង្គម និងបរិស្ថាន ការគោរពគោលការណ៍អភិបាលកិច្ចសាជីវកម្មបានល្អ) ប៉ុន្តែមិនមែនក្រុមហ៊ុនទូទៅទាំងឡាយ ដែលមានទំនួលខុសត្រូវ ត្រូវបានចាត់ទុកថាជាប្រភេទអាជីវកម្ម បរិយាប័ន្នដោយស្វ័យប្រវត្តិនោះទេ។ អាជីវកម្មបរិយាប័ន្ន ក៏មានភាពខុសប្លែកពី ការវិនិយោគសក្តានុពល ដោយសារអាជីវកម្មបរិយាប័ន្នផ្តោតជាសំខាន់ទៅលើផលប្រយោជន៍របស់ប្រជាជនក្រីក្រ (និងផ្តោតតិចតួចប៉ុណ្ណោះលើបរិស្ថាន ឬធុរកិច្ចថ្មីខាងបច្ចេកវិទ្យា)។

អាជីវកម្មបរិយាប័ន្នត្រូវបានផ្តួចផ្តើមឡើង ដើម្បីជួយផ្តល់ដំណោះស្រាយសង្គម សម្រាប់ប្រជាជននៅកម្រិតរបារពីរ៉ាមីត BoP និងទាមទារឱ្យមាននវានុវត្តន៍ខ្ពស់ ដើម្បីទទួលបានជោគជ័យ

ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នផ្លាស់ប្តូរសេដ្ឋកិច្ច៖  ដោយសារក្រុមហ៊ុន ឬអាជីវកម្មបែបបរិយាប័ន្នចូលរួមដល់ការផ្តល់ផល វិជ្ជមានដល់សង្គមក្នុងវិសាលភាពធំធេង ការច្នៃប្រឌិត ភាពជោគជ័យនៃអាជីវកម្មផ្ទាល់ រួមចំណែកដល់ការជំរុញ កំណើនសេដ្ឋកិច្ច និងសម្របខ្លួនដោយជោគជ័យទៅនឹងការផ្លាស់ប្តូរក្នុងរបត់ ទីផ្សាររយៈពេលវែង (ចីរភាព និងភាពធន់) ក្រុមហ៊ុនទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការនៃការផ្លាស់ប្តូរ និងទ្រទ្រង់ដល់សេដ្ឋកិច្ច។ ហេតុដូចនេះ បានជាបណ្តាអាជីវកម្ម រដ្ឋាភិបាល និងប្រជាជនទូទៅ មានចំណាប់អារម្មណ៍ជាខ្លាំងក្នុងការចូលរួមជំរុញ ប្រែក្លាយអាជីវកម្ម គោលទូទៅ ព្រមទាំងសហគ្រាស សង្គមបែបប្រពៃណី ឱ្យផ្លាស់ប្តូររូបរាងទៅជាការប្រកបអាជីវកម្មបែបបរិយាប័ន្ន។ ការផ្លាស់ប្តូរត្រូវបានជំរុញ ដោយ គោលនយោបាយអាជីវកម្មបរិយាប័ន្ន

អាជីវកម្មបរិយាប័ន្នបង្កើតស្ថានភាព “ឈ្នះ ឈ្នះ ឈ្នះ” ចំពោះគ្រប់ភាគី៖ អាជីវកម្មបរិយាប័ន្ន ពិតជាបាន ជួយដោះស្រាយនូវបញ្ហាសង្គម និងការរកប្រាក់ចំណូលបន្ថែម ក៏ដូចជាការជួយដល់ជីវភាព រស់នៅរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប។ អាជីវកម្មទាំងនោះជាយុទ្ធសាស្ត្រឈ្នះៗ សម្រាប់គ្រប់ភាគី រួមមាន៖

  • សម្រាប់រាជរដ្ឋាភិបាល៖ ការជំរុញ និងលើកកម្ពស់បរិយាប័ន្នសង្គម តាមរយៈការចូលរួម របស់វិស័យឯកជន
  • សម្រាប់ប្រជាជនក្រីក្រ៖ ក្នុងការទទួលបាននូវការជួយគាំទ្រដែលមានលក្ខណៈជាប្រព័ន្ធនិងមាននិរន្តរភាព និងករណី អាជីវកម្ម
  • សម្រាប់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នផ្ទាល់៖ ការសម្រេចបាននូវប្រាក់ចំណូលអាជីវកម្មខ្ពស់ជាងមុន បង្កើនឱកាសទីផ្សារ ថ្មីៗ និងខ្សែច្រវាក់ផ្គត់ផ្គង់ល្អជាងមុន។

របាយការណ៍ស្តីអំពីស្ថានភាពទីផ្សារអាជីវកម្មបរិយាប័ន្នកម្ពុជា ត្រូវបានរៀ​បចំឡើងក្រោមការគាំទ្រពីសំណាក់ ESCAP និង IBAN ក្នុងឆ្នាំ២០១៩-២០២០ និងបានប្រកាសនៅខែមីនា ឆ្នាំ២០២១។

រាជរដ្ឋាភិបាល និងដៃគូសហការ បានរៀបចំ  កម្មវិធីអាជីវកម្មបរិយាប័ន្ន  មួយចំនួន និងគ្រោងនឹងបន្តទៀត។ សូម ចុចទីនេះ ដើម្បីស្វែងយល់អំពីកម្មវិធីប្រកាសជាផ្លូវការនូវរបាយការណ៍ស្ថានភាពទីផ្សារអាជីវកម្ម​បរិយាប័ន្ននៅកម្ពុជា និង​កិច្ចប្រជុំ​ លើកទី១ នៃគណៈកម្មាធិការតម្រង់ទិសអាជីវកម្មបរិយាប័ន្ន។

គោលគំនិតអាជីវកម្មបរិយាប័ន្ន យុទ្ធសាស្ត្រក្នុងការជំរុញការអនុវត្ត ការវិនិយោគបណ្តាក់ទុនទៅលើអាជីវកម្មបរិយាប័ន្ន និងបណ្តាក្រុមហ៊ុនដែលមានគំរូអាជីវកម្មបរិយាប័ន្ន​ ត្រូវបានយកមកពិភាក្សាយ៉ាងទូលំទូលាយនៅកម្ពុជា។ សម្រាប់ការ ស្វែង​យល់បន្ថែម សូម ចុចទីនេះ

សេចក្តីសង្ខេបដូចមានភ្ជាប់មកជាមួយនេះ ក៏មាននូវតំណភ្ជាប់ទៅកាន់ សេចក្តីប្រកាសព័ត៌មាន និងព័ត៌មានសំខាន់ៗ ផ្សេងទៀត។

ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

 

Leave a Reply

Your email address will not be published.