តើលក្ខខណ្ឌថ្មីសម្រាប់និយមន័យសហគ្រាសធុនតូច និងមធ្យមថ្មី នៅកម្ពុជាមានអ្វីខ្លះ?

សហគ្រាស ជាអង្គភាព ឬ គ្រឹះស្ថានដែលមានគោលដៅស្វែងរកប្រាក់ចំណេញ រួមមានសហគ្រាសសាធារណៈ និងសហគ្រាសឯកជន រួមទាំងគ្រឹះស្ថានហិរញ្ញវត្ថុ និងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងមីក្រូសហគ្រាសផងដែរ។

និយមន័យនៃសហគ្រាសធុនតូច និងមធ្យម ត្រូវបានកំណត់ថ្មី ដោយបែងចែកជា ៣ វិស័យ រួមមាន កសិកម្ម ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម។ (យោងតាមសេចក្តីថ្លែងការណ៍របស់ទីស្តីការគណៈរដ្ឋមន្រ្តី)

និយមន័យក្នុងការកំណត់សហគ្រាសធុនតូច និងមធ្យមបច្ចុប្បន្ន ត្រូវផ្អែកលើ ចំនួនបុគ្គលិក ទំហំផលរបរ ឬ ទំហំទ្រព្យសកម្មរបស់ស្ថាប័ន។ (លិខិតដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូរ៉ាក់ស៊ី)

សម្រាប់លក្ខខណ្ឌទី ២ (ចំណូល) ក្រសួង ស្ថាប័នពាក់ព័ន្ធ អាចប្រើប្រាស់លក្ខខណ្ឌមួយណាក៏បាន ប៉ុន្តែករណីផលរបរប្រចាំឆ្នាំ និងទ្រព្យសកម្ម មិនមានសង្គតិភាពក្នុងការកំណត់សហគ្រាសជា SMEs ត្រូវយកលក្ខខណ្ឌដែលមានកម្រិតខ្ពស់ជាងគេ ខណៈដែលការកំណត់និយមន័យ ត្រូវបែងចែកលម្អិតទៅតាមវិស័យសំខាន់ៗ ដូចខាងក្រោម៖

សម្រាប់វិស័យកសិកម្ម សហគ្រាសខ្នាតតូច ត្រូវបានកំណត់សម្រាប់ស្ថាប័នដែលមានបុគ្គលិកចន្លោះពី ៥ ទៅ ៤៩ នាក់ ជាមួយនឹងផលរបរប្រចាំឆ្នាំចាប់ពី ៦២ ២៥០ ដុល្លារ ទៅ ២៥០ ០០០ ដុល្លារ។ ទំហំទ្រព្យសកម្មសម្រាប់សហគ្រាសខ្នាតតូច ត្រូវបានកំណត់ពី ៥០ ០០០ ទៅ ២៥០ ០០០ ដុល្លារ។ សហគ្រាសធុនមធ្យម ត្រូវបានកំណត់សម្រាប់ស្ថាប័នដែលមានបុគ្គលិកចន្លោះពី ៥០ ទៅ ១៩៩ នាក់ ដែលមានផលរបរប្រចាំឆ្នាំពី ២៥០ ០០១ ទៅ ១ ០០០ ០០០ ដុល្លារ។ ទំហំទ្រព្យសម្បត្តិសម្រាប់សហគ្រាសធុនមធ្យម ត្រូវបានកំណត់ពី ២៥០ ០០១ ទៅ ៥០០ ០០០ ដុល្លារ។

សម្រាប់សហគ្រាសធុនតូច និងមធ្យម វិស័យឧស្សាហកម្ម សហគ្រាសខ្នាតតូច ត្រូវបានកំណត់សម្រាប់ស្ថាប័នដែលមានបុគ្គលិកចន្លោះពី ៥ ទៅ ៤៩ នាក់ ដែលមានផលរបរប្រចាំឆ្នាំចាប់ពី ៦២ ៥០០ ទៅ ៤០០ ០០ ម៉ឺនដុល្លារ។ ទំហំទ្រព្យសកម្មសម្រាប់សហគ្រាសខ្នាតតូច ត្រូវបានកំណត់ពី ៥០ ០០០ ទៅ ៥០០ ០០០ ដុល្លារ។ សហគ្រាសធុនមធ្យម ត្រូវបានកំណត់សម្រាប់ស្ថាប័នដែលមានបុគ្គលិកចន្លោះពី ៥០ ទៅ ១៩៩ នាក់ ដែលមានផលរបរប្រចាំឆ្នាំពី ៤០០ ០០១ ទៅ ២ ០០០ ០០០ ដុល្លារ។ ទំហំទ្រព្យសកម្មសម្រាប់សហគ្រាសមធ្យម ត្រូវបានកំណត់ពី ៥០០ ០០១ ទៅ ១ ០០០ ០០០ ដុល្លារ។

សម្រាប់សហគ្រាសធុនតូច និងមធ្យម វិស័យសេវាកម្ម និងពាណិជ្ជកម្ម សហគ្រាសខ្នាតតូច ត្រូវបានកំណត់សម្រាប់ស្ថាប័នដែលមានបុគ្គលិកចន្លោះពី ៥ ទៅ ៤៩ នាក់ ដែលមានផលរបរប្រចាំឆ្នាំចាប់ពី ៦២ ៥០០ ទៅ ២៥០ ០០០ ដុល្លារ។ ទំហំទ្រព្យសកម្មសម្រាប់សហគ្រាសខ្នាតតូច ត្រូវបានកំណត់ពី ៥០ ០០០ ម៉ឺនទៅ ២៥០ ០០០ ដុល្លារ ខណៈដែលសហគ្រាសធុនមធ្យម ត្រូវបានកំណត់សម្រាប់ស្ថាប័នដែលមានបុគ្គលិកចន្លោះពី ៥០ ទៅ ៩៩ នាក់ ដែលមានផលរបរប្រចាំឆ្នាំពី ២៥០ ០០១ ទៅ ១ ៥០០ ០០០ ដុល្លារ។ ទំហំទ្រព្យសម្បត្តិសម្រាប់សហគ្រាសមធ្យម ត្រូវបានកំណត់ពី ២៥០ ០០១ ទៅ ៥០០ ០០០ ដុល្លារ។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីបានបន្ថែមថា ក្រសួងទេសចរណ៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវរៀបចំបទប្បញ្ញត្តិអន្តរក្រសួង ដើម្បីផ្ទេរសមត្ថកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាស្ថាប័នតែមួយក្នុងការផ្ដល់អាជ្ញាប័ណ្ណដឹកជញ្ជូនភ្ញៀវទេសចរណ៍។ អាជ្ញាប័ណ្ណដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ដែលផ្ដល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយពុំចាំបាច់តម្រូវឲ្យមានការស្នើសុំអាជ្ញាបណ្ណពីក្រសួងទេសចរណ៍ថែមទៀតនោះទេ។

ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល ត្រូវដាក់បញ្ជូលការផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មភោជនីយដ្ឋាន និងវិញ្ញាបនបត្របញ្ជាក់អនាម័យភោជនីយដ្ឋាន និងអាហារដ្ឋាន ទៅក្នុងថ្នាលអនឡាញ CamDX ។ ខណៈការធ្វើអធិការកិច្ច ត្រូវអនុវត្តរួមគ្នា និងតែមួយលើកដូចការអនុវត្តក្នុងវិស័យផ្សេងទៀត។ ក្រសួងទេសចរណ៍ ត្រូវធ្វើវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីកែសម្រួលប្រព័ន្ធចំណាត់ថ្នាក់ធុរកិច្ចទេសចរណ៍ដែលជា SMEs ពីលក្ខខណ្ឌតម្រូវមកជាលក្ខខណ្ឌស្ម័គ្រចិត្ត។

លិខិតដដែលបានបន្ថែមទៀតថា ក្រសួងសុខាភិបាល ត្រូវលុបចោលការផ្ដល់វិញ្ញាបនបត្របញ្ជាក់ការដាក់លក់ផលិតផលចំណីអាហារ និងវិញ្ញាបនបត្របញ្ជាក់អនាម័យផលិតផលចំណីអាហារលើកលែងចំពោះផលិតផលឱសថ អាហារបំប៉ន និងគ្រឿងសំអាង។

ក្រសួងសុខាភិបាល ត្រូវផ្ទេរសមត្ថកិច្ចនៃការផ្ដល់វិញ្ញាបនបត្របញ្ជាក់អនាម័យ ផលិតផលចំណីអាហារ ជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនិវានុវត្តន៍ ដែលមានសមត្ថភាព និងមន្ទីរពិសោធន៍គ្រប់គ្រាន់លើការត្រួតពិនិត្យអនាម័យ គុណភាព និងសុវត្ថិភាពម្ហូបអាហារកែច្នៃ។

ការផ្ដល់វិញ្ញាបនបត្របញ្ជាក់អនាម័យចំពោះផលិតផលចំណីអាហារដែលបានផលិត និងចែកចាយក្នុងស្រុក និងសម្រាប់ការនាំចេញ ត្រូវធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្ត។ ចំណែកផលិតផលនាំចូល ការផ្ដល់វិញ្ញាបនបត្របញ្ជាក់អនាម័យផលិតផលចំណីអាហារ ត្រូវអនុវត្តចំពោះផលិតផលដែលមានហានិភ័យខ្ពស់ប៉ុណ្ណោះ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវពង្រឹង និងពន្លឿនយន្តការរដ្ឋបាលក្នុងការផ្តល់អាជ្ញាប័ណ្ណសម្រាប់ចុះបញ្ជីផលិតផល (ច.ប.ផ) ដល់ SMEs។

លិខិតបន្តថា អំពីអធិការកិច្ចជាប្រចាំ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវដឹកនាំ និងសម្របសម្រួលក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកែសម្រួលប្រកាសអន្តរក្រសួងស្តីពីការបង្កើតក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យឧស្សាហកម្មទេសចរណ៍ ដោយបន្ថែមសមាសភាពពីក្រសួងសុខាភិបាលទៅក្នុងក្រុមអធិការកិច្ចអន្តរក្រសួង។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវដឹកនាំ និងសម្របសម្រួលជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្រកាសអន្តរក្រសួង ស្ដីពីការបង្កើតក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកសិកម្ម។

លិខិតនោះបានបន្ថែមទៀតថា អំពីអធិការកិច្ចពេលមានបញ្ហា ឬ តាមពាក្យបណ្ដឹង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវផ្តោតលើម្ហូបអាហារ និងផលិតផលនៅទីកន្លែងផលិតកម្ម។ ក្រសួងសុខាភិបាល ត្រូវផ្តោតលើផលិតផលឱសថ អាហារបំប៉នសុខភាព និងគ្រឿងសំអាងនៅកន្លែងផលិតកម្ម និងទីផ្សារ ព្រមទាំងអនាម័យនៅកន្លែងប្រើប្រាស់ចុងក្រោយ (ភោជនីយដ្ឋាន)។ ក្រសួងពាណិជ្ជកម្ម ត្រូវផ្តោតលើផលិតផលម្ហូបអាហារដែលដាក់លក់នៅលើទីផ្សារ។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ផ្តោតលើផលិតផលក្លែងម៉ាកសញ្ញាលើទីផ្សារ និងទីកន្លែងផលិតកម្មដែលត្រូវដឹកនាំដោយក្រសួង ស្ថាប័នមានសមត្ថកិច្ចខាងលើនៅពេលចុះធ្វើអធិការកិច្ច។


អត្ថបទទាក់ទង

តើអ្វីទៅជាអាជីវកម្មបរិយាប័ន្ន?

 

Leave a Reply

Your email address will not be published. Required fields are marked *