តើពាក្យចំណូល ចំណេញ ចំណេញសុទ្ឋ និងថ្លៃដើម មានន័យដូចម្តេច?

អាជីវកម្ម (ច្បាប់) សកម្មភាពសេដ្ឋកិច្ចរបស់បុគ្គល ដែលមានគោលបំណងទាញយកប្រាក់ចំណូលអំពីផលិតកម្ម និងការផលិត និងលក់ទំនិញការផ្គត់ផ្គង់សេវា ភតិសន្យា ឬ លក់ទ្រព្យសម្បត្តិ ឬ សកម្មភាពផ្សេងទៀត។

អ្នក​មាន​ផែនការ​អាជីវកម្ម​ល្អ មាន​ដើមទុន​​គ្រប់គ្រាន់ មាន​ធនធាន​មនុស្ស​​ជំនាញៗ ប៉ុន្តែ​បើ​កដំណើរការ​​អាជីវកម្ម​ហើយ គ្មាន​ប្រសិទ្ធភាព​​គ្រប់គ្រង​ប្រាក់​ចំណូល ​ចំណាយ​​របស់​អ្នក វា​មិន​ខុស​​អី​ពី​ស្រី​កញ្ជើធ្លុះ​នោះ​ឡើយ។ ទោះបី​ជា​រក​ប្រាក់​ចំណូល​​បាន​ច្រើន​ប៉ុណ្ណា​ក៏ដោយ ក៏​មិន​អាច​សល់​ដែរ​ ហើយ​ទី​បំផុត​អាច​នឹង​ខាត​​បង់​ ឬ ជំពាក់​បំណុល​គេ​ជាក់​ជា​មិនខាន នេះ​ជា​អ្វី​​ដែល​អ្នក​​​ត្រូវ​ដឹង​ថា ​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹមត្រូវ គឺ​​ជា​មូលដ្ឋាន​គ្រឹះ​​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​សម្រាប់​​​​គ្រប់គ្រង​អាជីវកម្ម​ឲ្យ​រីក​លូតលាស់​ទៅ​មុខ​បាន​។ 

បើនិយាយពីចំណូលមានច្រើនប្រភេទ មានដូចជាចំណូលគ្រួសារ ចំណូលអង្គការ និងចំណូលអាជីវកម្មជាដើម ប៉ុន្តែខាងក្រោមនេះយើងសូមលើកយកចំណូលក្នុងអាជីវកម្មជាគំរូ។

១. ចំណូល

ចំណូល គឺជាតួរលេខសរុបមួយដែលរកបានពីការលក់ផលិតផល ឬ សេវាកម្មដែលជាប់ទាក់ទងនឹងប្រតិបត្តិការនៃក្រុមហ៊ុន។ ចំណូល តែងតែត្រូវបានគេសរសេរនៅលើគេ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

រូបមន្ត

ចំណូល – ថ្លៃដើម = ចំណេញសុទ្ឋ

នៅដំណាក់កាលទីមួយ គេយក ចំណូល ដក ចំណាយទៅលើថ្លៃដើមផលិត ហើយគេនឹងរកឃើញ ចំណេញសុទ្ឋ។ ចំណេញសុទ្ឋ គឺជាតួរលេខចំណេញដែលទទួលបានក្រោយពីទូរទាត់ជាមួយថ្លៃដើម ប៉ុន្តែវាមិនទាន់ត្រូវបានគេទូទាត់ជាមួយនឹងចំណាយក្នុងប្រតិបត្តិការអាជីវកម្មនោះទេ ដូចជា ចំណាយលើទឹកភ្លើង ថ្លៃប្រាក់ខែបុគ្គលិក ថ្លៃធ្វើទីផ្សារ និងចំណាយចាំបាច់ផ្សេងៗទៀត។

២. ចំណេញ 

ចំណេញ គឺជាតួរលេខចំណេញសរុបចុងក្រោយដែលត្រូវបានទទួលស្គាល់ ក្រោយពីដកជាមួយនឹងចំណាយទាំងអស់នៅក្នុងប្រតិបត្តិការអាជីវកម្ម រួមទាំងការចំណាយលើការរំលស់ និងបង់ពន្ធផងដែរ។ ផ្ទុយពីចំណូល ដែលជាធាតុនៅលើគេ ប៉ុន្តែ ចំណេញ គឺជាធាតុដែលនៅក្រោមគេ។

៣. ចំណេញសុទ្ឋ

ចំណេញសុទ្ឋ គឺជាតួលេខប្រាក់ចំណេញដែលបានមកពីការដកថ្លៃដើមផលិត ពោលគឺមិនទាន់ដកចំណាយក្នុងប្រតិបត្តិការនៅឡើយទេ ដូចដែលអ្នកឃើញក្នុងឧទាហរណ៍ ចំណេញ-ខាតខាង ក្រោមស្រាប់។ ចំណែក ចំណេញសុទ្ធ គឺជាតួលេខទទួលបានបន្ទាប់ពីយកចំណេញដុល ដកគ្នាជាមួយចំណាយក្នុងប្រតិបត្តិការ។

ថ្លៃដើមសំដៅលើអ្វី? ឧទាហរណ៍ អ្នកទិញទំនិញ ក្នុងតម្លៃ ៣,០០០ ដុល្លារ ដើម្បីយកទៅលក់រាយបន្ត បានចំណូលមកវិញ ៨,០០០ ដុល្លារ។ ៨០០០-៣,០០០ =  ៥,០០០ ដុល្លារ ជាចំណេញសុទ្ឋ ប៉ុន្តែអ្នកនៅមានចំណាយផ្សេងៗទៀតក្នុងប្រតិបត្តិការដូចជា ថ្លៃជួលតូប ថ្លៃទឹកភ្លើង ថ្លៃបុគ្គលិក ថ្លៃអ៉ីនធើណិត…។

៤. របៀបគណនាថ្លៃដើម

បើនិយាយពីពាក្យថ្លៃដើម ស្តាប់ទៅវាមានន័យថាថ្លៃដើមនៃទំនិញដែលយើងទិញ ឬ ផលិតបន្ទាប់ពីលក់ឲ្យអតិថិជន។ ប៉ុន្តែវាមិនដូច្នោះទេ វាត្រូវបានគេគណនាតាមស្តង់ដាគណនេយ្យ ដោយមានរួមបញ្ចូលការចំណាយដទៃទៀត ដូចជាថ្លៃដឹកជញ្ជូន និងថ្លៃធ្វើដំណើរជាដើម។ ប៉ុន្តែ ថ្លៃដើម មិនត្រូវបានបូកជាមួយថ្លៃចំណាយក្នុងប្រតិបត្តិការដូចជា ចំណាយលើប្រាក់ខែបុគ្គលិក ថ្លៃទឹកភ្លើង និងថ្លៃជួលជាដើមនោះទេ។ ការដឹងអំពីថ្លៃដើម គឺសំខាន់ណាស់ ជាពិសេសសម្រាប់អ្នកបើកហាងលក់ទំនិញ ព្រោះវាជួយយើងក្នុងការប្រៀបធៀបតម្លៃជាមួយគូប្រជែងរបស់យើង។ ឧទាហរណ៍ថា យើងបើកលក់ហាងលក់រាយ មានហាងមួយរកស៊ីដូចយើងដែរ ហើយគេលក់នៅជាប់យើង គេទិញទំនិញពីកន្លែងលក់ដុំមួយបានធូថ្លៃជាងយើង ដើម្បីយកមកលក់បន្ត។ នេះហើយគឺជាបញ្ហា យើងលក់ចាញ់គេដោយសារតែយើងលក់ក្នុងតម្លៃថ្លៃជាងគេ ព្រោះថ្លៃដើមដែលយើងទិញតមកពីគេថ្លៃដែរ។ 

រូបមន្ត

ថ្លៃដើម = ទំនិញដើមគ្រា + ថ្លៃទំនិញទិញចូលថ្មីក្នុងគ្រា – ទំនិញចុងគ្រា

ឧបមាថា អ្នកបើកហាងថ្មីលក់កាបូប ហើយនៅពេលបិទបញ្ជីចុងខែ អ្នកចង់ដឹងថាក្នុងរយៈពេលមួយខែហ្នឹង មានថ្លៃដើមប៉ុន្មាន ដើម្បីយកទៅគណនាចំណេញខាត។ ប្រសិនបើបើកដំបូង អ្នកចាយលុយ $១០,០០០ ទិញកាបូបដាក់លក់ អញ្ចឹង $១០,០០០ នេះត្រូវបានកត់ត្រាជាទំនិញដើមគ្រា។ នៅពាក់កណ្តាលខែ អ្នកទិញកាបូបចូលថែម គិតជាលុយអស់ $៣,០០០ ទៀត ហើយនៅចុងខែអ្នករាប់ទំនិញទៅ ឃើញសល់ទំនិញគិតជាលុយស្មើរ $៦,០០០ ដូច្នេះមានន័យថា ថ្លៃដើមរបស់អ្នកក្នុងខែទីមួយមានចំនួន $៧,០០០ ។ (១០,០០០ + ៣,០០០ – ៦,០០០ = $៧,០០០)

ប្រសិនបើអ្នកទិញកាបូបមួយតម្លៃ $២០ ពីអ្នកលក់ដុំ ហើយអ្នកត្រូវចំណាយថ្លៃដឹកជញ្ជូនវាចំនួន $២ ទៀត អញ្ចឹងថ្លៃដើមនៃកាបូបនោះឡើងដល់ $២២ ។ ហើយនៅពេលដែលអ្នកទិញកាបូបដដែលនោះលើកក្រោយ ប៉ុន្តែវាឡើងថ្លៃដល់ $២៥ ហើយអ្នកចំណាយលើថ្លៃដឹកជញ្ជូន $២ ដដែល ដូច្នេះថ្លៃដើមនៃកាបូបនោះក៏កើនដល់ $២៧ ដែរ។ ប៉ុន្តែអ្នកមិនត្រូវកែថ្លៃដើមរបស់កាបូបដែលអ្នកទិញលើកទីមួយនោះទេ។ 

ទោះបីជាយ៉ាងណា វានៅមានរបៀបចាត់ចែងថ្លៃដើម តាមដែលអ្នកគណនេយ្យរបស់អ្នកប្រើប្រាស់ នៅពេលដែលទំនិញត្រូវបានលក់ចេញ។ វិធីធំពីរនៃការគណនាមាន “ទំនិញទិញចូលមុន-ដាក់លក់មុន” និង “ទំនិញទិញចូលក្រោយ-ដាក់លក់មុន”។ 

  • ទំនិញទិញចូលមុន-ដាក់លក់មុន៖ សំដៅលើទំនិញដែលយើងទិញចូលមុន ឬទំនិញចាស់ យើងត្រូវដាក់វាលក់មុន។ ទំនិញប្រើប្រាស់ដែលមានកំណត់ថ្ងៃផុតកំណត់ នៅពេលយើងទិញវាចូលមុន យើងត្រូវដាក់លក់វាមុន ហើយទំនិញទិញចូលក្រោយ ដាក់លក់ក្រោយ ជៀសវាងសល់ទំនិញចាស់នាំឲ្យផុតកំណត់ប្រើប្រាស់។
  • ទំនិញទិញចូលក្រោយ-ដាក់លក់មុន៖ សំដៅលើទំនិញដែលយើងទិញចូលក្រោយ តែយើងដាក់វាលក់មុន។ ទំនិញទាំងនោះគឺជាទំនិញដូចជាខោរអាវ និងអាហារស្រស់ជាដើម។ បើយើងបើកហាងលក់ខោរអាវទាន់សម័យ យើងមិនអាចដាក់តាំងម៉ូតចាស់នៅមុខហាងទេ យើងតែងតែដាក់តាំងម៉ូតដែលទិញចូលថ្មី។ បើយើងលក់បន្លែ ផ្លែឈើ ឬសាច់ស្រស់ យើងមិនអាចដាក់តាំងបន្លែ ឬសាច់ដែលសល់យូនៅមុខគេនោះទេ។ 

ស្តុកទំនិញច្រើនពេក ធ្វើឲ្យមានបញ្ហាលំហូរសាច់ប្រាក់

នៅកម្ពុជា មានម្ចាស់ហាងលក់ទំនិញជាច្រើនមិនសូវយល់អំពីការគ្រប់គ្រងទំនិញឲ្យបានត្រឹមត្រូវ។ ពួកគាត់មិនមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ មិនបានកត់ត្រាចំនួនទំនិញទិញចូល-លក់ចេញ មិនដែលរាប់ទំនិញ និងមិនដឹងទំនិញបាត់ជាដើម។

បើយើងទិញទំនិញស្តុកច្រើនពេក ខណៈការលក់នៅយឺត យើងនឹងមានបញ្ហាក្នុងការបង្វិលសាច់ប្រាក់ ហើយបើទំនិញនោះឆាប់ខូចទៀត ពេលយើងលក់មិនទាន់ យើងនឹងខាតបង់ទាំងស្រុង។ 

ស្តុកទំនិញតិចពេក ធ្វើឲ្យមានបញ្ហាលក់

មូលហេតុដែលហាងលក់ទំនិញបាត់បង់អតិថិជន គឺដោយសារតែអស់ទំនិញនៅពេលអតិថិជនទៅទិញ។ អ្នកប្រហែលជាមានអារម្មណ៍មិនល្អ នៅពេលដែលអ្នកទៅទិញទំនិញនៅហាងដែលអ្នកតែងតែទៅ តែបែរជាអ្នកលក់ថាអស់វាបាត់ទៅហើយ។

នៅពេលយើងស្តុកទំនិញតិចពេក ហើយមិនមានទំនិញលក់គ្រប់នៅពេលអតិថិជនមកទិញ ពួកគេនឹងទៅទិញកន្លែងផ្សេង ហើយបើហាងនោះល្អជាងអ្នក អតិថិជននឹងបោះបង់អ្នកចោល។ ដូច្នេះ ការស្តុកទំនិញច្រើនពេកក៏មិនល្អ ហើយតិចពេកក៏មិនល្អ។ អ្នកគួររៀនសូត្រតាមហាងលក់រាយធំៗនៅតាមផ្សារទំនើប ថាពួកគេគ្រប់គ្រងទំនិញដូចម្តេច។ ពួកគេតែងតែរាប់ទំនិញដែលដាក់លក់ ដើម្បីដឹងថាទំនិញណាខ្លះជិតអស់ ទើបពួកគេទិញចូលបន្ថែមកុំឲ្យអស់ទាន់ ហើយទំនិញណាដែលសល់ច្រើន ពួកគេបិទស្លាកបញ្ចុះតម្លៃ ដើម្បីឲ្យឆាប់អស់។


អត្ថបទទាក់ទង

ការណែនាំចំនួន ៥ ស្ដីអំពីប្រតិបត្តិការអាជីវកម្មដំបូង

Leave a Reply

Your email address will not be published. Required fields are marked *