គន្លឹះសំខាន់ៗចំនួន ៥ ដើម្បីបង្រៀនកូនៗរបស់លោកអ្នកឲ្យចេះសន្សំ និងរកលុយ

គេតែងនិយាយថា ក្មេងប្រៀបដូចជាក្រណាត់ដែលសស្អាត គ្មានស្នាមប្រលាក់ ប៉ុន្តែបើសិនជាក្រណាត់សនោះ ត្រូវបានលាបពណ៌អីហើយ នោះវានឹងចេញពណ៌នោះ។​ សង្គម​គ្រួសារ​ គឺបានដើរតួយ៉ាងសំខាន់ក្នុងការអប់រំកូនៗដែលប្រៀបបានជា​សាលារៀន​ដំបូង​ និង​សំខាន់​ជាងគេ​បង្អស់​ក្នុង​ការ​តម្រង់​ទិស​ក្មេងៗ។ ក្មេងៗជាវ័យមួយដែលងាយនឹងទទួលយកអ្វីៗពីការណែនាំពីមនុស្សចាស់ជុំវិញខ្លួនគេ។ ​ក្នុង​អំឡុង​វ័យ​ក្មេង​ខ្ចី​នៅ​ឡើយ មិន​ថា​ជា​គំរូ​ល្អ​ ឬ​អាក្រក់ វាអាចនឹង​មាន​ឥទ្ធិពល​ទៅលើ​ដំណាក់កាល​ជីវិត​របស់​ពួកគេ​នៅ​ពេល​ពេញវ័យ​។​ សង្គម​គ្រួសារ​នេះ​ឯង​ដែល​ក្មេងៗ​រៀន​សូត្រ​បាន​ច្រើន​ជាងគេ​លើស​ពី​សង្គម​ដទៃ។ នេះ​មានន័យ​ថា ​នៅ​ពេល​កូន​តូចៗ​របស់​អ្នក​នៅ​មាន​ភាព​ទន់ជ្រាយ​ទៅលើ​ការ​យល់ដឹង​ពី​ពិភព​ជុំវិញ​ពួកគេ​នេះ ការ​បង្រៀន​ពី​អ្នក​ក្នុង​នាម​ជា​ឪពុក​ម្ដាយ អាច​មាន​ឥទ្ធិពល​ខ្លាំងក្លា​ទៅលើ​ផ្នត់​គំនិត​កូនៗ​របស់​អ្នក​នៅ​ពេល​អនាគត។​ ខាងក្រោមនេះ ជាគន្លឹះចំនួន ៥ ដើម្បីបង្រៀនកូនៗរបស់លោកអ្នកឲ្យចេះសន្សំ និងរកលុយ៖

 ១. បង្រៀនលក់

ព្យាយាមនិងសាកល្បងឲ្យកូនៗរបស់អ្នកសាកលក់ផលិតផលអ្វីមួយដូចជាផ្លែឈើ ចាប់ហួយ ឧបករណ៍ចាស់ៗ និងផលិតផលតូចតាចមួយចំនួនទៀតនៅខាងមុខផ្ទះរបស់អ្នក។វាមិនមែនជាអ្វីដែលអ្នកត្រូវដាក់កំហិតដល់ពួកគេនោះទេតែគ្រាន់តែធ្វើឲ្យពួកគេចេះរៀនលក់ ចេះរកលុយ និងរកវិធីសាស្ត្រទាក់ទាញអតិថិជនដោយខ្លួនឯងប៉ុណ្ណោះ។សកម្មភាពនេះពីមួយថ្ងៃទៅមួយថ្ងៃពួកគេនឹងកាន់តែដុះគំនិតរកស៊ីល្អប្រសើរឡើងហើយនៅពេលធំដឹងក្តី ពួកគេនឹងមានបទពិសោធន៍ពេញខ្លួនតែម្តង។

២. បង្រៀនពួកគេឲ្យចេះសន្សំ

នៅតូចៗពួកគេមិនមានលទ្ធភាពរកប្រាក់ចំណូលបាននោះទេហេតុដូច្នេះបើអ្នកមានប្រាក់ជារង្វាន់ដល់ពួកគេអ្នកគួរតែធ្វើឲ្យពួកគេយកប្រាក់នោះទៅសន្សំទុក។តែបើពួកគេចេះរកលុយដោយខ្លួនឯងបានទៀតគឺកាន់តែប្រសើរហើយអ្នកត្រូវតែឈរនៅពីក្រោយដើម្បីបង្ហាញផែនការសន្សំដល់ពួកគេ។អ្នកអាចទិញកូនជ្រូកសន្សំប្រាក់ឲ្យពួកគេចំនួន២ ដូចជាកូនជ្រូកសម្រាប់សន្សំប្រាក់ទុក និងកូនជ្រូកសម្រាប់ចំណាយទិញសម្ភារៈផ្សេងហើយបន្ទាប់មកឲ្យពួកគេដាក់ប្រាក់ចូលទៅក្នុងកូនជ្រូកសន្សំប្រាក់ទាំងនេះ។

៣. កំណត់ផែនការចំណាយរបស់ពួកគេ

នៅទីនេះអ្នកត្រូវឲ្យកូនៗរបស់អ្នកអង្គុយចុះហើយសន្ទនាជាមួយពួកគេពីប្រាក់ដែលត្រូវចំណាយដើម្បីធ្វើឲ្យពួកគេចេះមានទំនួលខុសត្រូវមិនចាយវាយខ្ជះខ្ជាយ។អ្នកអាចបង្ហាញពីផែនការចំណាយដ៏មានប្រសិទ្ធភាពដោយមិនត្រូវឲ្យពួកគេធ្វើតាមអំពើចិត្តនោះទេ ឬសាកល្បងបង្ហាញពីពួកគេពីខ្ទង់ចំណាយរបស់អ្នកជារៀងរាល់ថ្ងៃដូចជា អាហារ ស្លៀកពាក់ សិក្សា និង សម្ភារៈគេហដ្ឋានជាដើម។នេះនឹងធ្វើឲ្យពួកគេចេះចាប់ផ្តើមគ្រប់គ្រងហិរញ្ញវត្ថុបានល្អប្រសើរ។

៤. ដាក់កូនជ្រូកសន្សំប្រាក់នៅបន្ទប់គេង

ការដាក់កូនជ្រូកសន្សំប្រាក់នៅក្នុងបន្ទប់គេងគឺជាជម្រើសដ៏ល្អមួយសម្រាប់ប្រៀនកូនៗរបស់អ្នកឲ្យចេះសន្សំប្រាក់។អ្នកត្រូវដើរតួសំខាន់នៅក្នុងរឿងនេះដើម្បីទាក់ទាញក្រសែភ្នែកកូនៗរបស់អ្នកយកគំរូតាមប្រៀបដូចជាយកចិត្តទុកដាក់ទៅនឹងកូនជ្រូកនេះ ឲ្យតម្លៃវាខ្លាំង និង ដាក់ប្រាក់មួយថ្ងៃម្តងៗ។នេះនឹងធ្វើឲ្យពួកគេចងចាំនិងចាប់ផ្តើមរៀនសូត្រពីការសន្សំប្រាក់។

៥. លើកទឹកចិត្តឲ្យចេះរកលុយបន្ថែម

កូនៗរបស់អ្នកអាចចាយប្រាក់ខ្ជះខ្ជាយដែលនេះទាមទារឲ្យអ្នកចេះអន្តរាគមន៍កំណត់ការចំណាយរបស់ពួកគេ។ អ្នករកជួយពួកគេបានដូចជាឲ្យពួកគេចេះធ្វើការងារផ្ទះនិងខិតខំរៀនសូត្រដើម្បីទទួលបានប្រាក់រង្វាន់ជាដើម។ ក្រៅពីនេះបើកូនៗរបស់អ្នកអាចចេះលក់ផលិតផលផ្សេងៗបានទៀតនោះវាកាន់តែប្រសើរ ទោះបីជាពួកគេរកប្រាក់ចំណូលបានតិចក្តីច្រើនក្តីអ្នកត្រូវលើកទឹកចិត្តពួកគេឲ្យរកលុយបន្ថែមទៀតកាន់តែច្រើនឡើង។នេះហើយជាគំនិតស្វែងរកលុយនៅពេលដែលពួកគេធំដឹងក្តី។

សរុបមកវិញ នៅក្នុងអត្ថបទខាងលើនេះ យើងគ្រាន់តែយកផ្នែកមួយនៃបំណិនជីវិតនៃការអប់រំកូនតូចៗរបស់អ្នកតែប៉ុណ្ណោះ នោះគឺការបង្រៀនរបៀបនៃការប្រើប្រាស់លុយនៅពេលពួកគេនៅក្មេង។ យើងសង្ឃឹមថា គន្លឹះមួយចំនួនដូចបានរៀបរាប់នឹងបង្រៀនកូនៗរបស់លោកអ្នកឲ្យចេះសន្សំ និងរកលុយប្រកបដោយប្រសិទ្ឋភាព។


អត្ថបទទាក់ទង

ប្រូម៉ូសិន ៤ ប្រភេទដែលជាស្នូលនៃយុទ្ធសាស្ត្រទីផ្សារសម្រាប់បង្កើនការយល់ដឹងអំពីការលក់ផលិតផល ឬសេវាកម្ម

Leave a Reply

Your email address will not be published. Required fields are marked *