មូលហេតុសំខាន់ៗចំនួន ៤ ដែលអ្នកត្រូវតែកំណត់អតិថិជនឲ្យបានច្បាស់
អ្នកដឹងហើយថា មានអ្នកប្រើប្រាស់ជាច្រើនដែលមាននៅក្នុងទីផ្សារ ហើយសុទ្ធតែអាចក្លាយជាអតិថិជនរបស់អ្នក។ អ្នកណាក៏អាចក្លាយជាអតិថិជនរបស់យើង តែអ្នកខ្លះមិនអាចនោះទេ ដោយសារតែវាមានមូលហេតុច្បាស់លាស់ក្នុងរឿងនេះ ដូច្នេះហើយបានជាអ្នកត្រូវតែយល់ដឹងអំពីការផ្តោតទៅលើអតិថិជនគោលដៅ។
ខាងក្រោមនេះ ជាមូលហេតុចំនួន ៤ ដែលយើងត្រូវតែកំណត់អតិថិជនឲ្យបានច្បាស់៖
១. ជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ
ប្រព័ន្ធផ្សព្វផ្សាយ មានទាំងការប្រើអ៊ីនធឺណិត និងមិនប្រើអ៊ីនធឺណិត ដែលសុទ្ធសឹងតែមានទំហំផ្សព្វផ្សាយធំ ដូច្នេះហើយបើយើងមិនមានអតិថិជនគោលដៅច្បាស់លាស់ទេ យើងនឹងត្រូវចាយលុយច្រើន ហើយបានផលតិច។ ការជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយបានត្រឹមត្រូវ ស្របទៅតាមអតិថិជនគោលដៅ នោះយើងនឹងចាយលុយអស់តិច ចំណេញលុយ និងទទួលបានផលច្រើន។
២. ផ្តល់ពត៏មានដល់គោលដៅច្បាស់ៗ
ប្រសិនបើអ្នកជាអ្នកលក់ខោអាវតាមហ្វេសប៊ុក អ្នកប្រហែលជាភ័យខ្លាចថា បើប៊ូសផុតទៅនឹងទៅដល់អ្នកដែលមិនមានតម្រូវការខោអាវ ដូច្នេះហើយបានជាហ្វេសប៊ុកមានមុខងារដែលអាចឲ្យអ្នកជ្រើសរើសអតិថិជនតាមគោលដៅដែលអ្នកចង់បាន ដើម្បីឲ្យផលិតផលដែលអ្នកចង់លក់បានទៅដល់អ្នកដែលមានតម្រូវការពិតប្រាកដ។
៣. ផ្តល់សេវាកម្មទាន់ចិត្តដល់អតិថិជន
អ្នកនឹងមិនអាចផ្តល់សេវាបានយ៉ាងល្អ ទៅដល់អតិថិជនរបស់អ្នកនោះទេ ប្រសិនបើអ្នករវល់តែយកចិត្តទុកលើអតិថិជនគ្រប់គ្នា ដោយមិនបានផ្តោតទៅលើអតិថិជនគោលដៅ។ បើអ្នកត្រូវទៅធ្វើការណែនាំផលិតផលរបស់អ្នក ទៅឲ្យមនុស្ស១០០នាក់ ដែលក្នុងនោះមានតែ២០នាក់ប៉ុណ្នោះដែលអ្នកបានដឹងថា ជាអតិថិជនដែលមានសក្តានុពល ដូច្នេះអ្នកគួរតែប្រើប្រាស់ពេលវេលា និងថាមពលបស់អ្នក ទៅកាន់អតិថិជនគោលដៅឲ្យបានល្អបំផុត ទើបឱកាសនៃការបិទលក់មានភាគរយខ្ពស់។
៤. កាត់បន្ថយការចំណាយ
បើនិយាយឲ្យស្រដៀងនឹងចំណុចទីបីដែរនោះ គឺអ្នកអាចចំណាយលុយផ្សព្វផ្សាយទៅកាន់មនុស្សតែ២០នាក់គត់ ដូច្នេះវាប្រាកដណាស់ថា ការចំណាយនឹងអស់តិចជាងការផ្សព្វផ្សាយទៅកាន់មនុស្ស១០០នាក់។ ការកំណត់អតិថិជនគោលដៅបានត្រឹមត្រូវ អាចធ្វើឲ្យអ្នកចំណាយតិចបំផុត ហើយទទួលបានកំណើនការលក់ខ្ពស់បំផុត។
អ្នកណាក៏អាចធ្វើជាអ្នកទីផ្សារបានដែរ ប៉ុន្តែប្រសិនបើអ្នកមិនបានស្វែងយល់ពីផ្នែកនេះឲ្យបានច្រើនទេនោះ អ្នកអាចនឹងសាងកំហុសដោយមិនបានដឹងខ្លួន ខាតទាំងពេលវេលា ខាតទាំងធនធាន ហើយទទួលបានផលមិនបានដូចអ្វីដែលបានរំពឹងទុកផងដែរ។ ចូរធ្វើការស្វែងយល់ឲ្យបានច្រើន ហើយរួមផ្សំជាមួយបទពិសោធន៍របស់អ្នក នឹងជួយឲ្យអ្នកកាន់តែមានថាមពល។
អត្ថបទទាក់ទង
យុទ្ឋសាស្រ្តទាំង ៤ នៃ Ansoff Matrix សម្រាប់ធ្វើយុទ្ឋសាស្រ្តទីផ្សារ