សមាសភាពសំខាន់ៗចំនួន ១០ ជាមូលដ្ឋានគ្រឹះរៀបចំគម្រោងទីផ្សារ
ការបង្កើតគម្រោងទីផ្សារដ៏មានប្រសិទ្ធភាពមួយមុនដាក់ចេញផលិតផល ឬសេវាកម្មរបស់អ្នក គឺជាមូលដ្ឋានគ្រឹះក្នុងអាជីវកម្មទូទៅ។ បង្កើតគម្រោងទីផ្សារបានកាន់តែល្អ កាន់តែរកឃើញពីគន្លឹះឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីវកម្មបាន។ បើអ្នកចង់ឲ្យផលិតផល ឬសេវាកម្មរបស់អ្នកទទួលបានការគាំទ្រកាន់តែច្រើនមែននោះ អ្នកក៏មិនត្រូវមើលរំលងមូលដ្ឋានគ្រឹះគម្រោងទីផ្សារទាំង ១០ ខាងក្រោមនេះឡើយ៖
១. ស្រាវជ្រាវទីផ្សារ
ធ្វើយ៉ាងម៉េចដើម្បីស្រាវជ្រាវទីផ្សារបាន? ចម្លើយនោះ គឺត្រូវប្រមូល រៀបចំ និងសរសេរទិន្នន័យទីផ្សារឲ្យបានច្បាស់លាស់ជាទីបំផុត មុនបើកអាជីវកម្មរបស់អ្នក។ នេះរួមមាន សក្ដានុពលទីផ្សារនៅតាមរដូវកាលនីមួយៗ តម្រូវការអតិថិជន ស្ថានភាពប្រជាសាស្ត្រ ចំណែកទីផ្សារ គោលដៅទីផ្សារ ព្រមទាំងស្ថានភាពទូទៅផលិតផលរបស់ដៃគូប្រជែងរបស់អ្នកជាដើម។
២. ទិសដៅទីផ្សារ
ជំហានឆ្ពោះទៅរកទិសដៅទីផ្សារ មិនមែនកាប់បំពង់អង្គុយរង់ចាំទឹកភ្លៀងនោះទេ ហើយក៏មិនមែនចេះតែដើរទៅមុខដោយមិនមានកោះត្រើយនោះដែរ។ ការចែកចាយផលិតផល ឬសេវាកម្មរបស់អ្នកក៏ដូច្នេះដែរ។ អ្នកត្រូវសម្លឹងមើលថា អ្នកណាជាទិសដៅទីផ្សាររបស់អ្នក? បុរស ឬ ស្រ្តី? នៅកន្លែងណា? តើពួកគេចូលចិត្តធ្វើអ្វី? ពួកគេមានលទ្ធភាពស្វែងរកប្រាក់ចំណូលក្នុងកម្រិតណា? តើអ្វីទៅជាចំណោទបញ្ហានៅក្នុងការរស់នៅរបស់ពួកគេ? ការលើកឡើងសំណួរទាំងនេះ ដើម្បីរកឲ្យឃើញថា ផលិតផល ឬសេវាកម្មរបស់អ្នកមានលក្ខណៈសមស្របទៅនឹងស្ថានភាពទូទៅរបស់ពួកគេបានដល់កម្រិតណា។ តែសូមកុំភ្លេចរៀបរាប់ប្រាប់អតិថិជនទាំងនោះយ៉ាងលម្អិត និងយ៉ាងប៉ិនប្រសព្វឲ្យអស់ពីសមត្ថភាពពីផលិតផល ឬសេវាកម្មរបស់អ្នក។
៣. ផលិតផល
ចំពោះផលិតផលវិញ អ្នកត្រូវស្វែងរកចម្លើយយ៉ាងពិតប្រាកដ ថាតើផលិតផលរបស់អ្នកមានទំនាក់ទំនងដោយរបៀបណាទៅកាន់ទីផ្សារខាងក្រៅ? តើអ្វីទៅជាតម្រូវការទីផ្សាររបស់អ្នក? តើបច្ចុប្បន្ននេះអតិថិជនប្រើប្រាស់អ្វី? សំណួរទាំងនេះ នឹងធ្វើឲ្យអ្នកបានត្រៀមខ្លួនរួចរាល់ជាមុនអាចច្របាច់បញ្ចូល ផលិតផលរបស់អ្នកនៅកាន់ទីផ្សារប្រកបដោយប្រសិទ្ធភាពដោយគ្មានភាពមន្ទិលសង្ស័យ ឬភាពស្ទាក់ស្ទើរនៅក្នុងចិត្ត។
៤. ស្ថានភាពប្រកួតប្រជែង
តើធ្វើដូចម្តេចទើបអាចយកឈ្នះគូប្រជែងបាន? នេះជាសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុកមួយរវាងអ្នក និងគូប្រជែងរបស់អ្នកនៅលើទីលានអាជីវកម្ម។ សហគ្រិនទូទៅ អាចស្វែងរកឃើញចម្លើយបានច្រើនរបៀបចំពោះសំណួរមួយនេះ ប៉ុន្តែការធ្វើឲ្យផលិតផល ឬសេវាកម្មរបស់អ្នកល្អខុសពីគេ ត្រូវបានគេមើលឃើញជាទូទៅថា ជាចម្លើយមួយដ៏សមស្របបំផុត។ ដូច្នេះ អ្នកត្រូវសរសេរពីយុទ្ធសាស្ត្រធ្វើឲ្យអាជីវកម្មរបស់ខុសប្លែកពីគេ ដែលគ្មានអ្នកណាដឹងក្រៅពីអ្នក។ នេះហើយបានគេហៅថា ការធ្វើអាជីវកម្ម។
៥. បេសកកម្មទីផ្សារ
តើក្រុមហ៊ុនរបស់អ្នកបានពាំនាំមកនូវអ្វីដែលជាគុណតម្លៃតែមួយគត់ល្អដាច់គេខុសពីក្រុមហ៊ុនដទៃទៀត? សំណួរនេះ ជាហេតុផលមួយដើម្បីរំលឹកអ្នកឲ្យពិនិត្យមើលឡើងវិញ ថាតើបេសកកម្មទីផ្សារមានភាពស៊ីចង្វាក់គ្នាទៅនឹងបេសកកម្មក្រុមហ៊ុនរបស់អ្នកដែរឬទេ? ជាឧទាហរណ៍ ក្រុមហ៊ុនមួយចំនួន បានសម្រេចចិត្តសរសេរបេសកកម្មទីផ្សាររបស់ខ្លួនក្នុងរយៈពេលខ្លី ដើម្បីដោះស្រាយបញ្ហាចំពោះមុខរបស់ក្រុមហ៊ុន។ ក្រោយមក បន្ទាប់ពីបញ្ហានោះត្រូវបានដោះស្រាយ បេសកកម្មនោះ ចាប់ផ្តើមកែលំអឡើងវិញបន្តិចម្តងៗស្របតាមបេសកកម្មធំរបស់ក្រុមហ៊ុន ដែលនេះក៏ជាដំណោះស្រាយមួយល្អផងដែរ។
មានសំណួរសំខាន់ៗចំនួន ៣ ស្ដីពីបេសកកម្មរបស់ទីផ្សាររួមមាន៖
- តើអ្នកណាជាអតិថិជនស្នូលរបស់អ្នក?
- តើអ្នកលក់ផលិតផលឬ សេវាកម្មអ្វី?
- តើអ្វីទៅជាភាពខុសគ្នារវាងផលិតផល ឬសេវាកម្មរបស់អ្នកទៅនឹងក្រុមហ៊ុនដទៃ?
៦. យុទ្ធសាស្ត្រទីផ្សារ
ពាក្យថា យុទ្ធសាស្ត្រមួយម៉ាត់ស្តាប់ទៅ វាពិតជាមិនធម្មតាសម្រាប់អ្នក តែវាពិតជាមិនអាចគេចផុតនោះឡើយ ព្រោះថាបើគ្មានយុទ្ធសាស្ត្រទេនោះ ប្រៀបដូចជាទៅប្រយុទ្ធដោយគ្មានអាវុធក្នុងដៃដូច្នេះដែរ។ អញ្ចឹងហើយបានជាយុទ្ធសាស្ត្រទីផ្សារនេះ ត្រូវមានជាដាច់ខាតសម្រាប់ដំណើរការអាជីវកម្មឲ្យជោគជ័យ។ តើគេគិតទៅលើអ្វីខ្លះសម្រាប់យុទ្ធសាស្ត្រទីផ្សារនេះ?
យុទ្ធសាស្ត្រទីផ្សាររួមបញ្ចូលទាំងមូលដ្ឋានគ្រឹះសំខាន់ៗ និងសកម្មភាពនានានៃអាជីវកម្មសម្រាប់អនុវត្តក្នុងរយៈពេលវែង ដែលជាដំណោះស្រាយដោយការវិភាគទៅលើស្ថានភាពយុទ្ធសាស្ត្រដំបូង និងការបង្កើតក្រុមហ៊ុន ការវាយតម្លៃ និងជម្រើសជាយុទ្ធសាស្ត្រតម្រង់ទិសដៅទីផ្សារដែលសមស្របទៅនឹងគោលដៅរបស់ទីផ្សារ។
៧. កំណត់តម្លៃទីតាំង និងម៉ាករបស់ផលិតផល ឬសេវាកម្ម
បន្ទាប់ពីបានចុះស្រាវជ្រាវទីផ្សាររួចហើយ នេះជាពេលវេលាមួយដែលអ្នកត្រូវលៃលក ថាតើអ្នកត្រូវលក់ផលិតផល ឬសេវាកម្មរបស់អ្នកក្នុងតម្លៃប៉ុន្មាន? លក់នៅកន្លែងណា? តើត្រូវធ្វើដូចម្តេចខ្លះដើម្បីឲ្យម៉ាកផលិតផលនោះ ទទួលបានចំណាប់អារម្មណ៍កាន់តែច្រើនឡើងពីសាធារណជន?
៨. កំណត់ហិរញ្ញវត្ថុ
វាប្រាកដណាស់ដែលថា យុទ្ធសាស្ត្រទីផ្សារមួយអាចជោគជ័យបាន ត្រូវតែមានការចំណាយប្រាក់កាសទៅជាមួយផងដែរ ទោះតិចក្តី ច្រើនក្តី។ អ្នកត្រូវវាយតម្លៃថា តើទឹកប្រាក់ចំនួនប៉ុន្មានដែលអ្នកត្រូវចំណាយដើម្បីអនុវត្តលើគម្រោងទីផ្សាររបស់អ្នក? តើអាចមានវិធីសាស្ត្រផ្សេងក្រៅពីនេះដែរឬទេ ដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នកអាចពង្រីកទីផ្សារដោយមិនចំណាយប្រាក់ច្រើន តែមានប្រសិទ្ធភាព?
៩. គោលដៅទីផ្សារ
អ្វីទៅជាគោលដៅទីផ្សារ? ចម្លើយនោះ គឺគ្មានអ្វីក្រៅតែពីការទាក់ទាញអតិថិជនមកគាំទ្រផលិតផល ឬសេវាកម្មរបស់អ្នកនោះទេ។ ដូច្នេះ វាជាចំនួនមួយដែលអ្នកត្រូវកំណត់ និងធ្វើឲ្យបាននៅអំឡុងពេលណាមួយ។ ជាឧទាហរណ៍ អ្នកត្រូវកំណត់ថា តើអ្នកត្រូវការអតិថិជន ឬត្រូវលក់ផលិតផល ឬត្រូវបង្កើនប្រាក់ចំណូលចំនួនប៉ុន្មានសម្រាប់សបា្តហ៍នេះ ខែនេះ ឆ្នាំនេះ ឬ ឆ្នាំក្រោយ? ការសម្រេចឲ្យបាននូវការបំពេញតម្រូវការដល់អតិថិជន ជាករណីមួយទៀតដែលមិនអាចមើលរំលងបាន ហើយនេះ គឺជាគោលដៅទីផ្សាររបស់អ្នក។
១០. ត្រួតពិនិត្យលទ្ធផលរបស់អ្នក
ការធ្វើតេស្ត និងការវិភាគនៅលើទីផ្សារ ជាចំណុចចាប់ផ្តើមនៅក្នុងចំណុចនេះ ដែលត្រូវអនុវត្តក្នុងការស្ទាបស្ទង់លើមតិវាយតម្លៃរបស់អតិថិជន ការលក់ ចំណាប់អារម្មណ៍ ឬទិន្នន័យនានា ដើម្បីរកឲ្យឃើញថា តើផលិតផល ឬសេវាកម្មរបស់អ្នកស្ថិតនៅក្នុងកម្រិតណា?
ការស្រាវជ្រាវនៅលើទីផ្សារ ការប្រកួតប្រជែង និងការកំណត់ទីតាំងរបស់អ្នកឲ្យបានត្រឹមត្រូវ គឺជាសញ្ញាណមួយបញ្ជាក់ថា អ្នកកំពុងឈរនៅលើទីតាំងអាជីវកម្មដ៏មានប្រសិទ្ធភាពមួយអាចចែកចាយ ផលិតផល ឬសេវាកម្មរបស់អ្នកបាន។ ការបង្កើតគោលដៅសម្រាប់ចូលសមរភូមិអាជីវកម្ម នេះក៏បញ្ជាក់ផងដែរថា អ្នកអាចយល់កាន់តែច្បាស់ ថាតើអ្នកគួរតែប្រឡូកក្នុងអាជីវកម្ម ឬក៏អត់។
អត្ថបទទាក់ទង
ក្បួនសំខាន់ៗចំនួន ៥ ដើម្បីផ្សព្វផ្សាយផលិតផល ឬស្លាកសញ្ញាប្រកបដោយប្រសិទ្ឋភាព