មេរៀនសំខាន់ៗ ចំនួន៣ កំឡុងវិបត្តិកូវីដ១៩ ដែលអ្នកគួរចងចាំសម្រាប់គ្រប់គ្រងហានិភ័យនៅថ្ងៃក្រោយ

វិបត្តិកូវីដកំពុងតែបង្កជាវិបត្តិសេដ្ឋកិច្ចសកល ដែលនឹងអូសបន្លាយរយៈពេលយូរ ទម្រាំនឹងស្ថានភាពត្រឡប់មករកភាពប្រសើរវិញ។ មានមេរៀនមួយចំនួនដែលយើងកំពុងពិសោធន៍ផ្ទាល់ និងគួរចងចាំសម្រាប់គ្រប់គ្រងហានិភ័យនៅថ្ងៃក្រោយ។

ទី១៖ កុំច្រឡំរវាងគុណភាពបុគ្គលិក និងចំនួនបុគ្គលិក

អ្នកជំនួញថ្មីៗច្រើនតែយល់ច្រឡំថាក្រុមហ៊ុនមានបុគ្គលិកច្រើន ជាក្រុមហ៊ុនធំធាត់ និងអស្ចារ្យ។ តែក្រុមហ៊ុនដែលរឹងមាំ គឺក្រុមហ៊ុនដែលមានបុគ្គលិកល្អៗទៅវិញទេ។ បុគ្គលិកល្អ ជាបុគ្គលិកដែលស្រលាញ់ក្រុមហ៊ុន មានសមត្ថភាពធ្វើការងារបានច្រើន (Multitasks) និងមានភាពបត់បែនខ្ពស់។ នៅក្នុងពេលមានវិបត្តិ ក្រុមហ៊ុនដែលមានការបត់បែនរហ័ស អាចបង្កើតប្រភពចំណូលផ្សេងដោយប្រើក្រុមការងារចាស់ដែលមានហើយស្រាប់។

មេរៀនសម្រាប់ថ្ងៃមុខ៖

  • រើសបុគ្គលិកផ្តោតលើឥរិយាបថមនុស្ស កុំចេះតែរើសប្រញាប់បំពេញតម្រូវការប្រតិបត្តិការក្នុងពេលខ្លី
  • បង្រៀនឲ្យបុគ្គលិកចេះជំនាញច្រើន និង មិនរើសអើងការងារ
  • មានបុគ្គលិកល្អតិច ប្រសើរជាងមានបុគ្គលិកអសកម្មច្រើន ដែលនឹងធ្វើឲ្យប៉ះពាល់ផលិតភាពក្រុមទាំងមូល

ទី២៖ កុំទុកពងទាំងអស់ក្នុងកន្ត្រកតែមួយ

កុំទុកពងទាំងអស់ក្នុងកន្ត្រកតែមួយ (Do Not Put All Your Eggs in One Basket) ពំនោលនេះមានតាំងតែពីឆ្នាំ1605 ជារបស់លោក Miguel Cervantes ហើយត្រូវបានគេលើកឡើងញឹកញាប់ណាស់ពេលនិយាយដល់ការធ្វើជំនួញ និង វិនិយោគ។ សម្រាប់អ្នករកស៊ីជើងចាស់ ដែលបានឆ្លងកាត់រឿងរ៉ាវច្រើនពីភាពស្រពេចស្រពិលក្នុងជំនួញ និង វិបត្តិសកលផ្សេងៗ នេះមិនមែនជារឿងថ្មីទេ។ តែសម្រាប់អ្នករកស៊ីថ្មីៗ កូវីដ១៩ បានពន្យល់ន័យរបស់គតិនេះច្បាស់ជាងពេលណាៗទាំងអស់។ ក្នុងពេលនេះ ម្ចាស់អាជីវកម្ម ដែលមានអាជីវកម្មតែមួយមុខ ឬដែលមានប្រភពចំណូលតែមួយមុខ កំពុងស្ថិតក្នុងភាពរងគ្រោះខ្លាំង។ មេរៀនសម្រាប់ថ្ងៃមុខ៖

  • គួរកុំវិនិយោគទុនទាំងអស់លើរបររកស៊ីតែមួយ
  • គួរបង្កើនប្រភពចំណូលឲ្យលើសពី១ប្រភពដូចជា ជួលផ្ទះ សន្សំប្រាក់នៅធនាគារ ចងការ ទិញភាគហ៊ុន ឬវិនិយោគលើក្រុមហ៊ុនផ្សេងៗដែលមានដំណើរការល្អ
  • គួរមានជំនួញបន្ថែមក្នុងវិស័យដែលមានតម្រូវការមិនចេះរីងស្ងួតដូចជា ម្ហូបអាហារ សុខាភិបាល អប់រំ ហិរញ្ញវត្ថុ…។ល។

ទី៣៖ ភាពមិនទៀងទាត់ជាច្បាប់ធម្មជាតិដែលគ្រប់គ្រងជីវិតអាជីវកម្ម

ម្សិលមិញល្អ ថ្ងៃនេះកាន់តែល្អ មិនប្រាកដថាថ្ងៃស្អែកនៅតែល្អនោះទេ។ គ្មានអ្នកណា ប៉ាន់ស្មានសោះថានឹងមានមេរោគសកលនេះកើតឡើងយ៉ាងសាហាវក្នុងសម័យនេះទៅហើយ។ ក៏គ្មានអ្នកសេដ្ឋវិទូឯណាបានព្យាករណ៍ទុកពីវិបត្តិសេដ្ឋកិច្ចដែលបង្កដោយជំងឺនេះដែរ។ អ្វីៗសុទ្ធតែកើតឡើងដោយឥតព្រាងទុក និង មិនគួរឲ្យជឿ។ កុំនិយាយដល់អាជីវកម្មខ្នាតតូច និង មធ្យម សូម្បីអាជីវកម្មខ្នាតយក្សលំដាប់អន្តរជាតិក៏កំពុងរៀបចំប្រកាសក្ស័យធុនជាបណ្តើរៗ ហើយបើគ្មានអន្តរាគមន៍ពីរដ្ឋាភិបាលទេ គ្មានអ្វីនឹងស្រោចស្រង់មិនឲ្យជំនួញទាំងនោះដួលរលំបានទេ។ មេរៀនសម្រាប់ថ្ងៃមុខ៖

  • វិធានការដោះស្រាយវិបត្តិត្រូវតែមាន (Risk Management Plan)។ វិធានការកាន់តែលំអិត ហានិភ័យកាន់តែទាប។
  • ទុនបម្រុងត្រូវតែមាន៖ អាជីវកម្មមួយមានទុនបម្រុងសម្រាប់បង្វិលប្រតិបត្តិការ យ៉ាងហោច១២ខែ ដើម្បីបង្ការព្រឹត្តិការណ៍ឥតព្រាងទុកណាមួយដែលធ្វើឲ្យចំណូលធ្លាក់យ៉ាងគំហុក។
  • បំណុលមិនគួរធំហួសមាឌ៖ សុទិដ្ឋិនិយមត្រូវអមជាមួយការគណនា ដោយឥតលម្អៀង។ បំណុលមិនចាំបាច់គួរកាត់បន្ថយ រីឯបំណុលសំខាន់សម្រាប់ពង្រីកអាជីវកម្មត្រូវធ្វើក្នុងទំហំណាមួយដែលមិនប៉ះពាល់ដល់ប្រតិបត្តិការ ក្នុងករណីចំណូលស្រាប់តែធ្លាក់ចុះ។
  • ចំណាយមិនត្រូវហ៊ឺហា៖ មិនខុសពីជីវភាពបុគ្គល ជំនួញដែលចាស់ទុំមិនគួរមានចំណាយហ៊ឺហា ខ្ជះខ្ជាយ មិនសន្សំសំចៃ ពិសេសពេលដែលក្រុមហ៊ុនកំពុងរកចំណូលបានច្រើន។ កុំភ្លេចថាជីវិតរបស់អាជីវកម្មក៏មិនខុសពីឆាកជីវិតរបស់មនុស្សដែរ គឺមានការចាប់កំណើត លូតលាស់ នៅទ្រឹង និង សាបសូន្យ។ ហេតុនេះ ពេលកំពុងលូតលាស់ កុំភ្លេចសន្សំសម្រាប់ពេលអាជីវកម្មចាស់ នៅទ្រឹង និង ចាប់ផ្តើមធ្លាក់ចុះវិញ។

Leave a Reply

Your email address will not be published. Required fields are marked *