តើអ្នកស្ថិតនៅប្រភេទមួយណា ក្នុងចំណោមមនុស្សបីប្រភេទ នៅក្នុងអង្គភាពអាជីវកម្មមួយ?
លោក ម៉ៃឃើល ហ្គឺបឺ (Michael Gerber) គឺជាអ្នកជំនាញផ្នែកបណ្ដុះបណ្ដាលសហគ្រិនភាពម្នាក់។ គាត់គឺជាសហស្ថាបនិក និងជាប្រធាន ក្រុមហ៊ុន Michael Gerber ជាអង្គភាពមួយដែលជួយឲ្យអាជីវកម្ម និងសហគ្រិន ទទួលបានភាពជោគជ័យ ដោយមិនគិតពីប្រភេទនៃឧស្សាហកម្មរបស់ពួកគេឡើយ។ គាត់បាននិពន្ឋសៀវភៅមួយមានចំណងជើងថា “អាថ៌កំបាំងអាជីវកម្ម” ឬជាភាសាអង់គ្លេស “The E-Myth” ឬជាភាសាអង់គ្លេសពេញថា “Entreprenuarial Myth” ។
នៅក្នុងសៀវភៅ “អាថ៌កំបាំងអាជីវកម្ម” ដែលត្រូវបានកែសម្រួលថ្មី (The E-Myth Revisited: Why Most Small Businesses Don’t Work and What to Do about It) បានលើកឡើងអំពីជំនឿខុសជាច្រើន ដែលពាក់ព័ន្ឋនឹងដំណើរការអាជីវកម្មខ្នាតតូច និងវិធីសាស្រ្តផ្សេងៗ ដើម្បីឲ្យអាជីវកម្មទទួលបានជោគជ័យ ដោយនាំអ្នកឆ្លងកាត់គ្រប់ដំណាក់កាលនៃរបៀបបង្កើតអាជីវកម្ម។
នៅក្នុងសៀវភៅនេះ បានលើកឡើងថា នៅក្នុងអង្គភាពអាជីវកម្មមួយ មានមនុស្ស ៣ប្រភេទ ដូចជា៖
១. សហគ្រិន (១០%)
- ក្នុងចំណោមបុគ្គលិកលក្ខណៈទាំងអស់របស់យើង សហគ្រិន គឺជាអ្នកច្នៃប្រតិដ្ឋ ដែលមើលឃើញពិភពលោកពោពេញទៅដោយឱកាស។ គេជាអ្នកដែលមានក្ដីសុបិនជាមួយនឹងថាមពលខ្ពស់ និងជាអ្នកមានគំនិតរវើរវាយស្រមើស្រម៉ៃច្រើន។ គេអាចមើលឃើញគ្រប់ជ្រុងជ្រោយ នៃលទ្ធភាពទាំងអស់ ដែលអាចឆ្ពោះទៅរកភាពជោគជ័យ ហើយផ្តោតសំខាន់លើអនាគត។
- ពេលខ្លះថាមពល និងការដេញតាមឱកាសឥតឈប់ឈរទាំងនោះ បង្កើតឲ្យមានភាពវឹកវរ និងភាពចលាចល។ គេព្យាយាមទាញមនុស្សឲ្យដើរតាមក្ដីស្រមៃរបស់គេ តែវាបានធ្វើឲ្យគេមានអារម្មណ៍តានតឹងនៅពេលល្បឿននៃការងារពួកគេត្រូវបានបន្ថយ ឬមានដំណើរការយឺតយ៉ាវ។
- បើគ្មានសហគ្រិន ក៏គ្មានការច្នៃប្រតិដ្ឋថ្មីៗដែរ។
២. អ្នកគ្រប់គ្រង (២០%)
- អ្នកគ្រប់គ្រង គឺជាអ្នកគិតពីលទ្ធផលដោយផ្អែកលើសកម្មភាព និងជាអ្នកចាត់ចែងបែងចែកការងារ។ អ្នកគ្រប់គ្រងមើលឃើញបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ច្រើនជាងឱកាស។
- សហគ្រិនជាអ្នកដែលច្នៃប្រតិដ្ឋ និងបង្កើតអ្វីដែលថ្មី។ អ្នកគ្រប់គ្រង គឺជាអ្នកដែលរៀបចំ ចាត់ចែងការងារ ទៅតាមលំដាប់លំដោយ។
- បើគ្មានអ្នកគ្រប់គ្រង អាជីវកម្មនឹងមិនអាចដំណើរការបានឡើយ។
៣. អ្នកបច្ចេកទេស ឬ អ្នកធ្វើ (៧០%)
- អ្នកបច្ចេកទេស ជាអ្នកគ្រប់គ្រងលំហូរការងារ និងសម្រេចកិច្ចការនានា។
- អ្នកបច្ចេកទេសមានការទើសចិត្តចំពោះភាពទន់ខ្សោយរបស់សហគ្រិន ដែលត្រូវការផ្លាស់ប្តូរគំនិតឥតឈប់ឈរ និងធ្វើឲ្យអ្នកបច្ចេកទេសធុញទ្រាន់ដោយសារអ្នកគ្រប់គ្រងជ្រៀតជ្រែកក្នុងលំហូរការងាររបស់ពួកគេ ប៉ុន្តែពួកគេសប្បាយចិត្តនៅពេលសហគ្រិន និងអ្នកគ្រប់គ្រងបង្កើតការងារបន្ថែមទៀតសម្រាប់ពួកគេ។
- បើគ្មានអ្នកបច្ចេកទេស គឺគ្មានការងារណាមួយនៅក្នុងអាជីវកម្មត្រូវបានសម្រេចនោះទេ។
ទោះបីជាមនុស្សទាំង៣ប្រភេទនេះ ហាក់ដូចជាមិនចុះសម្រុងនឹងគ្នាក៏ដោយ យើងត្រូវតែប្រើប្រាស់ភាពខ្លាំងរបស់មនុស្សប្រភេទនីមួយៗ ដើម្បីដំណើរការអាជីវកម្មឲ្យទទួលបានជោគជ័យ។ នេះហើយជាមូលហេតុ ដែលម្ចាស់អាជីវកម្មខ្នាតតូច ជាមធ្យម គឺដើរតួរជាសហគ្រិនប្រមាណ ១០% អ្នកគ្រប់គ្រង ២០% និងអ្នកបច្ចេកទេស ៧០%។
អត្ថបទទាក់ទង
ស្វែងយល់ អំពីការវិភាគ PESTLE, ការវិភាគ SWOT និងទ្រឹស្ដីកម្លាំងទាំង៥ របស់លោក Porter
One thought on “តើអ្នកស្ថិតនៅប្រភេទមួយណា ក្នុងចំណោមមនុស្សបីប្រភេទ នៅក្នុងអង្គភាពអាជីវកម្មមួយ?”