តើអ្វីជាភាពខុសប្លែកគ្នារវាងអ្នកមាន និងអ្នកក្រ?
ភាពខុសប្លែកគ្នាដ៏ធំមួយរវាងអ្នកមាន និងអ្នកក្រ គឺផ្នែកបញ្ញា ឬភាពវៃឆ្លាត។ ប៉ុន្តែ មិនមែនជាប្រភេទនៃភាពវៃឆ្លាតវដែលបានកំណត់ដូចនៅសាលានោះទេ។ អ្នកអាចត្រូវបានចាត់ទុកថាជាមនុស្សឆ្លាតនៅសាលារៀន ប្រសិនបើអ្នកមានការចងចាំបានល្អ និងរៀនអាន រៀនសរសេរបានលឿនជាងគេ ប៉ុន្តែនៅក្នុងពិភពលោកពិតជាក់ស្តែងវិញ អ្នកត្រូវការជំនាញផ្សេងៗទៀត ទើបអាចនាំមុខគេបាន។
អ្នកមានពិតប្រាកដ មិនមែនជាអ្នករកប្រាក់ដើម្បីតែបង់ទឹកភ្លើងនោះទេ នេះគឺជាការយល់ច្រឡំមួយ។ អ្នកមាន គឺមានទ្រព្យដែលអាចបង្កើតលុយឲ្យចូលក្នុងហោប៉ៅរបស់ពួកគេ ដែលពួកគេមិនចាំបាច់ត្រូវតែធ្វើការហត់នឿយគ្រប់ពេលនោះទេ។ ហើយអ្នកត្រូវមានការអប់រំដ៏ត្រឹមត្រូវ មួយដើម្បីឈានដល់ចំណុចនេះ។
បើអ្នកចង់ក្លាយជាអ្នកមាន អ្នកត្រូវតែស្វែងយល់ពីការ បង្កើតទ្រព្យដែលល្អបំផុតសម្រាប់ខ្លួនអ្នក។ ចូរធ្វើការសិក្សាស្រាវជ្រាវឲ្យបានលម្អិត ហើយបើអ្នកមើលឃើញឱកាស ចូរកុំខ្លាចក្នុងការខ្ចីបំណុលមកបង្កើតទ្រព្យ។ អ្នកត្រូវតាំងចិត្តឲ្យបានមុតមាំជាមួយនឹងគោលដៅរបស់អ្នក។
ចូរកុំខ្លាចបំណុល ត្រូវយកវាមកបង្កើតជាទ្រព្យ។ មិនមែនរាល់បំណុលសុទ្ធតែអាក្រក់ទាំងអស់នោះទេ។ មនុស្សជាច្រើនមានគោលគំនិតមួយគិតថា ខំប្រឹងធ្វើការដើម្បីជៀសឆ្ងាយពីបំណុល នោះអ្នកនឹងអស់បញ្ហាដែលត្រូវព្រួយហើយ។ ប៉ុន្តែសម្រាប់សហគ្រិន បំណុលប្រហែលជាមិត្តដ៏ល្អបំផុតរបស់គេ។ គ្មានអ្នករកស៊ីណាដែលថាមិនជំពាក់បំណុលនោះទេ។
សម្រាប់សហគ្រិន ភាពវៃឆ្លាត គឺគ្មានអ្វីក្រៅពីសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យ និងបញ្ហាហិរញ្ញវត្ថុ រៀនពីកំហុសដែលបានកើតឡើង និងបន្តអភិវឌ្ឍន៍សមត្ថភាពជាដរាប។ សហគ្រិន គឺកសាងអាជីវកម្ម របស់គេពីចំណុចសូន្យ។
ដូច្នេះ តើអ្នកទៅរៀនយកជំនាញទាំងនេះពីណា? តាមពិតទៅជំនាញទាំងនេះ អ្នកអាចរៀនសូត្របានពីអ្នកធ្លាប់មានពិសោធន៍ជោគជ័យផ្នែកអាជីវកម្មផ្ទាល់ ពីមិត្តភក្តិ ឬចូលរួមសិក្សាវគ្គខ្លីៗពីអ្នកឯកទេស។ បន្ទាប់មកយក ចំណុចជាក់ស្តែងទាំងនោះមកអនុវត្ត។
សម្រួលចេញពីសៀវភៅ៖ Second Chance ដោយ Robert Kiyosaki