ច្បាប់បង្កើតភាពជោគជ័យកម្រិតកំពូលទាំង ៥ ប្រការសម្រាប់អ្នកជំនួញជាពិសេស
ការលក់ គឺជាឬសគល់យ៉ាងសំខាន់ក្នុងការធ្វើឱ្យអាជីវកម្មអាចបន្តឈរជើងក្នុងទីផ្សារ។ បើសិនជាអាជីវកម្មមួយមានបរិមាណការលក់តិច ហើយនៅតែគ្មានវិធីសាស្ត្រក្នុងការដោះស្រាយនោះ វាអាចបញ្ជាក់យ៉ាងច្បាស់ថាអាជីវកម្មនោះនឹងដួលរលំក្នុងថ្ងៃណាមួយជាក់ជាមិនខាន។ កត្តានេះ បានធ្វើឱ្យម្ចាស់អាជីវកម្មទាំងអស់មានការផ្តោតសំខាន់បំផុតទៅលើការលក់ដោយមិនបានធ្វេសប្រហែសមួយវិនាទីណាឡើយ។
នៅពេលគិតដល់ការជូនអ្វីមួយ យើងច្រើនតែគិតថាជាសកម្មភាពដែលមិនគិតអំពីខ្លួនឯង។ ប៉ុន្តែអ្នកជំនាញ និងជាអ្នកនិពន្ធ មិនយល់បែបនេះទេ។ ចំពោះលោក ប៊ប ប៊ឺហ្គ (Bob Burg) មនុស្សទាំងអស់ធ្វើអ្វីក៏ដោយគឺដើម្បីប្រយោជន៍ខ្លួនឯងស្ទើរតែគ្រប់ពេល ទោះជាធ្វើដោយដឹងខ្លួនក្តីឬមិនដឹងខ្លួនក្តី។ ទោះជាយ៉ាងណា លោក ប៊ឺហ្គ មិនបាននិយាយថាជារឿងខុសឬត្រូវអ្វីទេ លោកគ្រាន់តែចង់ឱ្យមនុស្សយល់អំពីឥទ្ធិពលទាំងស្រុងនៃការឱ្យ។
តើការធ្វើជាសហគ្រិនជោគជ័យនៅក្នុងពេលកំពុងតែមានវិបត្តិមានន័យដូចម្តេច? ចំពោះលោក ប៊ឺហ្គ ទោះជាក្នុងពេលណាក៏ដោយ ក៏នៅតែមានន័យថាជាការផ្តល់ជូនគុណតម្លៃច្រើនទៅក្នុងទីផ្សារដដែល។ លោក ប៊ឺហ្គ និងលោក ចន ដេវីឌ ម៉ាន (John David Mann) សហការគ្នានិពន្ធសៀវភៅ The Go-Giver ក្នុងឆ្នាំ២០០៧ ហើយក៏ពង្រីកខ្លឹមសារនៅឆ្នាំ២០១៥ និងនិពន្ធសៀវភៅថ្មីចំនួន ៣ ចំណងជើងទៀត ក្នុងរបៀបស្រដៀងគ្នានេះគឺ The Go-Giver Influencer, Go-Givers Sell More និង The Go-Giver Leader ។ ក្រុមសៀវភៅទាំងនេះ នៅតែទទួលបានការនិយមពីអ្នកអានក្នុងពិភពពាណិជ្ជកម្ម ដោយសារគន្លឹះជោគជ័យស្ថិតនៅក្នុងការជួយមនុស្សឱ្យទទួលបានអ្វីដែលគេចង់បាន និងត្រូវការ។
ខ្លឹមសារនៃក្រុមសៀវភៅ The Go-Giver មិនមែនជារឿងនៃការឱ្យ និងការទទួលដ៏រីករាយទេ។ រឿងរ៉ាវចាប់ផ្តើមពីជីវិតរបស់អ្នកធ្វើការជំនាញវ័យក្មេងម្នាក់ដែលមិនដឹងច្បាស់ និងខកចិត្តដោយសាររឿងជោគជ័យធ្វើឱ្យគេវង្វេង។ ទិដ្ឋភាពក្នុងរឿងនេះ ក៏មិនខុសអីពីស្ថានភាពដែលមនុស្សភាគច្រើនជួបនៅក្នុងពេលមានវិបត្តិកូវីដនោះទេ។
ច្បាប់បង្កើតភាពជោគជ័យកម្រិតកំពូលទាំង៥ប្រការ សម្រាប់អ្នកជំនួញជាពិសេស
ច្បាប់ទី១៖ គុណតម្លៃ
គុណតម្លៃពិតប្រាកដរបស់អ្នក គឺកើតចេញអំពីទឹកចិត្តក្នុងការផ្តល់របស់ដែលមានតម្លៃប្រើប្រាស់ខ្ពស់ជាងប្រាក់ចំណាយដែលអ្នកទទួលបានពីអតិថិជន។
ច្បាប់ទី២៖ ផល
ប្រាក់ចំណូលរបស់អ្នកមានទំហំតិច ឬច្រើន គឺអាស្រ័យលើថាតើអ្នកអាចផ្តល់សេវាកម្មជូនមនុស្សបានច្រើនប៉ុណ្ណា និងថាតើអ្នកអាចបម្រើពួកគេបានល្អប៉ុណ្ណា។
ច្បាប់ទី៣៖ ឥទ្ធិពល
ឥទ្ធិពលរបស់អ្នកមានតិច ឬច្រើនអាស្រ័យលើថាតើអ្នកអាចយកចិត្តទុកដាក់ផ្តល់ប្រយោជន៍ឱ្យអ្នកដទៃមុនខ្លួនឯងបានច្រើនប៉ុណ្ណា។
ច្បាប់ទី៤៖ ចរិតពិត
អំណោយមានតម្លៃបំផុតដែលត្រូវតែផ្តល់ជូនអ្នកដទៃ គឺខ្លួនឯង។
ច្បាប់ទី៥៖ ទទួលផល
គន្លឹះដើម្បីធ្វើការ “ឱ្យ” នីមួយៗរបស់អ្នកមានប្រសិទ្ធភាព គឺចូរអ្នកបើកចិត្តជាប្រចាំដើម្បីទទួលផលដែលនឹងរត់មករកអ្នក។
ទោះជាអ្នកអានយល់ចំណុចមួយនេះឬអត់ ក៏គេនៅតែដឹងច្បាស់ដែរថាមានរឿងដែលកំពុងតែផ្លាស់ប្តូរ។ តើពាក្យថាសហគ្រិនផ្តល់ជូនគុណតម្លៃនោះមានន័យដូចម្តេច? នៅក្នុងកម្រិតមូលដ្ឋាន ការផ្តល់ជូនគុណតម្លៃមានន័យថាជាការផ្តល់ជូនអ្វីដែលអតិថិជនចង់បាន និងត្រូវការ។ មុននឹងព្យាយាមលក់ផលិតផលអ្វីម្យ៉ាង អ្នកជំនាញណែនាំថាត្រូវសួរខ្លួនឯងនូវសំណួរទាំងបីខាងក្រោមនេះ៖
- តើអតិថិជនពិតជាត្រូវការរបស់នេះទេ?
- តើគេចង់បានរបស់នេះទេ?
- តើគេមានលទ្ធភាពទិញទេ?
បើចម្លើយចំពោះសំណួរទាំងនេះអវិជ្ជមានទាំងអស់ មានន័យថាអ្នកមិនបានគិតដល់ប្រយោជន៍របស់គេទេ។ ការលក់ផលិតផលអ្វីមួយដល់អតិថិជនដែលមិនមានប្រយោជន៍ចំពោះគេមានភាពលំបាកខ្លាំងជាងការលក់ផលិតផលដែលផ្តល់ប្រយោជន៍។ បើអ្នកធ្វើដើម្បីតែលុយទេ អតិថិជនងាយនឹងដឹងណាស់។
ហេតុដូច្នេះហើយបានជាអ្នកជំនាញណែនាំឱ្យផ្អាកគិតរឿងប្រយោជន៍ខ្លួនឯងជាបណ្តោះអាសន្នមុននឹងអូសទាញអតិថិជន។ តាមរយៈការធ្វើបែបនេះ អ្នកអាចស្តាប់ឮកង្វល់របស់អតិថិជន និងសំណួរផ្សេងៗ ហើយឆ្លើយតបទៅគេវិញក្នុងរបៀបដែលយល់គ្នាច្បាស់។ វិធីសាស្រ្តដែលយល់សន្តានចិត្តគ្នានេះ ជាការផ្តល់ជូនគុណតម្លៃខ្ពស់បំផុតដល់អ្នកទិញ ដែលនាំឱ្យអតិថិជនកាន់តែមកគាំទ្រអ្នក។
អត្ថបទទាក់ទង