ស្វែងយល់ អំពីការវិភាគ PESTLE, ការវិភាគ SWOT និងទ្រឹស្ដី​កម្លាំង​ទាំង​៥​ របស់​លោក​ Porter​

តើអ្វីទៅជាការវិភាគអាជីវកម្មដោយប្រើ PESTLE?

ការវិភាគ PESTLE គឺជាឧបករណ៍ដែលត្រូវបានប្រើដោយអ្នកធ្វើទីផ្សារដើម្បីវិភាគ និងតាមដាននូវម៉ាក្រូបរិស្ថាន ដែលមានផលប៉ះពាល់ដល់អង្គភាព។

PESTLE មានន័យថា៖

១. នយោបាយ (P => Political)

២. សេដ្ឋកិច្ច (E => Economic)

៣. សង្គម (S => Social)

៤. បច្ចេកវិទ្យា (T => Technology)

៥. ច្បាប់ (L => Legal)

៦. បរិស្ថាន (E => Environment)

១. កត្តា​នយោបាយ P (Political Factor)

នេះ​ជា​ចំណុច​​សំខាន់​មួយ​ដែល​យើង​ត្រូវ​ការ​វិភាគ​ទៅ​លើ​តួនាទី​របស់​រដ្ឋាភិបាល​នៅ​ក្នុង​សេដ្ឋកិច្ច​ ពោល​ថា​តើ​រដ្ឋាភិបាល​​អាច​ចូល​អន្តរាគមន៍​នៅ​ក្នុង​សេដ្ឋកិច្ច​កម្រិត​ណា។ ​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​​ យើង​មើល​ទៅ​លើ​ គោលនយោបាយ​របស់​រដ្ឋាភិបាល ​ស្ថិរភាព​​នយោបាយ​ក្នុង​ប្រទេស​​ ​​អស្ថិរភាព​នៅ​ក្នុង​ទីផ្សារ​ក្រៅ​ប្រទេស​ គោល​នយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​ ​គោលនយោបាយ​សារពើពន្ធ​ ​ច្បាស់​ការងារ​ ​គោល​នយោបាយ​ពាណិជ្ជកម្ម​ ​ជា​ដើម។

មិនថា​នៅ​ប្រទេស​ណា​នោះ​ទេ​ កត្តា​នយោបាយ​គឺ​ជា​រឿង​ដែល​សំខាន់​ និង​ចំណុច​ដែល​មាន​​ឥទ្ធិពល​ទៅ​លើ​​ស្ថាប័ន​​ (ឯកជន) និង​ប៉ះពាល់​ដល់​បរិយាកាស​អាជីវកម្ម​ទាំង​មូល។ ​ត្រង់​ចំណុច​នេះ​ដែរ​ ស្ថាប័ន​ ឬ​អាជីវកម្ម​ត្រូវ​តែ​​មាន​វិធានការ​ក៏​ដូច​ជា​ផែនការ​​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នា​ពេល​បច្ចុប្បន្ន​ និង​គិត​ទុក​ជា​មុន​ និង​ត្រូវ​តែ​កែ​តម្រូវ​ផែនការ​ទីផ្សារ​ស្រប​ទៅ​តាម​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល។

២. កត្តា​សេដ្ឋកិច្ច ​E (Economic Factors)

កត្តា​សេដ្ឋកិច្ច​នេះ​គឺ​ជា​ធាតុផ្សំ​ និង​សំខាន់​ទីពីរ​ដែល​មាន​ឥទ្ធិពល​មក​លើ​អាជីវកម្ម​ និង​ការ​បង្កើត​ប្រាក់​ចំណេញ​របស់​ស្ថាប័ន​ឯកជន​នីមួយៗ។ ​កត្តា​សំខាន់​ដែល​អាជីវកម្ម​ត្រូវ​ពិនិត្យ​​មើល​រួម​មាន​ ​កំណើន​សេដ្ឋកិច្ច​ អត្រា​ការប្រាក់​ អត្រា​ប្ដូរ​ប្រាក់​ ​ អតិផរណា​​ និង​ ​​កម្រិត​ប្រាក់​ចំណូល​​ប្រជាជន​ប្រជាជន​ជា​ដើម។ ​ពាក់​ព័ន្ធ​នឹង​កត្តា​សេដ្ឋកិច្ច​នេះ​ដែរ​ គេ​អាច​បំបែក​​វា​ទៅ​ជា​ពីរ​ផ្នែក​សំខាន់​ៗ​គឺ​ កម្រិត​ម៉ាក្រូ​ និង​កម្រិត​មីក្រូ។

កម្រិត​ម៉ាក្រូ​ គឺ​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គ្រប់គ្រង​​តម្រូវ​ការ​ទីផ្សារ​នៅ​សេដ្ឋកិច្ច​ប្រទេស​មួយ។ ​ត្រង់​ចំណុច​នេះ​គឺ​ចង់​សំដៅ​ទៅ​ដល់​ចំណាត់​ការ​របស់​​រដ្ឋាភិបាល​​ទៅ​លើ​ គោលនយោបាយ​​កំណត់​អត្រា​ការប្រាក់​ គោលនយោបាយ​សារពើពន្ធ​ ឬ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​​ជា​ដើម។ ដោយ​ឡែក​ បើ​និយាយ​ពី​កម្រិត​មីក្រូ​វិញ​ គឺ​សំដៅ​ទៅ​ដល់​កត្តា​ទាំង​ឡាយ​ដែល​​និយាយ​ពី​មនុស្ស​​ចំណាយ​ប្រាក់​ចំណូល។ ​ចំណុច​​មីក្រូ​នេះ​ គឺ​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ប្រភេទ​អាជីវកម្ម​ផ្គត់ផ្គង់​ឱ្យ​អតិថិជន​ចុង​ក្រោយ (B2C-Business 2 Consumers)។

៣. កត្តា​សង្គម S (Social Factors)

កត្តា​សង្គម​គឺ​ពាក់ព័ន្ធ​នឹង​សង្គម​ និង​វប្បធម៌​ ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​ម្ចាស់​អាជីវកម្ម​ ឬ ​ការ​វិភាគ​អាជីវកម្ម​ត្រូវ​តែ​គិត​ឱ្យ​ដល់។ ​​ពាក់ព័ន្ធ​នឹង​កត្តា​នេះ​ គេ​នឹង​មើល​ទៅ​លើ​ កំណើន​ប្រជាជន​ ​ប្រភេទ​អាយុ​ប្រជាជន ​កត្តា​សុខភាព​ ​ឥរិយាបថ​អ្នក​ប្រើ​ប្រាស់​ កម្រិត​នៃ​ការ​អប់រំ​ កត្តា​ប្រជាសាស្ត្រ (អាយុ​ ភេទ​ សាសនា​ ​កម្រិត​វប្បធម៌​ ប្រាក់​ចំណូល…) ​ទំនោរ​វប្បធម៌ ​បម្លាស់​ប្ដូរ​របៀប​រស់​នៅ​​ បម្លាស់​ប្ដូរ​ឥរិយាបថ។ ​ចំណុច​នេះ​គឺ​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​អាជីវកម្ម​ដែល​អ្នក​ទីផ្សារ​ត្រូវ​តែ​យល់​ឱ្យ​បាន​ច្បាស់​ទើប​អាច​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព។

៤. កត្តា​បច្ចេកវិទ្យា T (Technological Factors)

ដូច​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​រួច​ទៅ​ហើយ​ថា​ កត្តា​បច្ចេកវិទ្យា​បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​បំផុត​​សម្រាប់​អាជីវកម្ម​នីមួយៗ។ ​កត្តា​នេះ​មាន​ឥទ្ធិពល​ដោយ​​ផ្ទាល់​មក​លើ​ការ​លក់​ ក៏​ដូច​ជា​ទីផ្សារ។ ​ចំណុច​នេះ​គេ​នឹង​ពិនិត្យ​មើល​ទៅ​លើ​​ បម្លាស់​ប្ដូរ​បច្ចេកវិទ្យា​ឌីជីថល​ ឬ​ទូរស័ព្ទ​ ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ ​ការ​ស្រាវជ្រាវ​ និង​​ការ​អភិវឌ្ឍន៍​ជា​ដើម។ ​កត្តា​នេះ​ដែរ​ គេ​នឹង​ពិនិត្យ​មើល​ទៅ​លើ​កត្តា​បី​ទៀត​គឺ៖

១. រិះ​រក​វិធី​ថ្មី​ដើម្បី​ផលិត​ផលិតផល​ និង​បង្កើត​សេវាកម្ម​

២. រិះរក​វិធី​ថ្មី​ដើម្បី​ចែក​ចាយ​ផលិតផល​ និង​សេវាកម្ម​

៣. រិះរក​វិធី​ថ្មី​ដើម្បី​ទំនាក់ទំនង​ទៅ​កាន់​ទីផ្សារ​គោលដៅ​

៥. កត្តា​បរិស្ថាន​ E (Environmental Factors)

ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ​ ​ការ​វិភាគ​​អាជីវកម្ម​ក៏​គេ​យក​កត្តា​បរិស្ថាន​មក​គិត​គូរ​ផង​ដែរ។ ​កត្តា​នេះ​សំខាន់​ព្រោះ​វា​ពាក់ព័ន្ធ​នឹង​​ ភាព​កម្រ​នៃ​វត្ថុ​ធាតុ​ដើម​ កង្វះ​បរិយាកាស​ និង​បរិស្ថាន​ ការ​បញ្ចេញ​ជាតិ​កាបូន​ និង​កត្តា​ផ្សេង​ទៀត​ជា​ដើម​ ដែល​កត្តា​នេះ​ក្រុមហ៊ុន​ត្រូវ​អភិវឌ្ឍន៍​ខ្លួន​ទៅ​ជា​ក្រុមហ៊ុន​ដែល​មាន​ដំណើរការ​ដោយ​ក្រោម​សីលធម៌​ និង​​ប្រកាន់​យក​គោលការណ៍​​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព។ ​ ​នៅ​ប្រទេស​អភិវឌ្ឍន៍​ទិញ​អតិថិជន​គាំទ្រ​ក្រុមហ៊ុន​ដែល​ផលិត​នូវ​ផលិតផល​ ឬ​សេវាកម្ម​​ដែល​គិតគូរ​ទៅ​លើ​បរិស្ថាន​ ឬ​មាន​កម្មវិធី​ដើម្បី​សង្គម (Corporate Social Responsibilities) ច្រើន។

តើអ្វីទៅគឺជាការវិភាគ SWOT ?

SWOT គឺជា​​ទ្រឹស្ដី​វិភាគ​ទៅ​លើ​ធាតុ​បួន​សំខាន់ៗ​គឺ​៖

១. S មានន័យថា Strength (ចំណុច​ខ្លាំង) ​

២. W មានន័យថា Weakness (ចំណុច​ខ្សោយ)

៣. O មានន័យថា Opportunity (ឱកាស) ​

៤. T មានន័យថា Threat (​កត្តា​គំរាម​កំហែង)

ចំពោះ​ភាព​ខ្លាំង​និង​ភាព​ខ្សោយ ​គឺ​ជា​កត្តា​ដែល​កើត​មាន​នៅក្នុង​ក្រុមហ៊ុន។ រីឯ​ឱកាស​​និង​ការ​គម្រាម​កំហែង​ជា​កត្តា​ខាង​ក្រៅ។​ ការ​ដែល​អ្នក​អាច​កត់​ចំណាំ​ទៅលើ SWOT ​គឺ​មាន​ប្រយោជន៍​ដល់​ការធ្វើ​ផែនការ​អាជីវកម្ម​របស់អ្នក​​នៅជំហាន​បន្ទាប់។ ក្រោយ​ពី​ដឹង​ថា SWOT ​មាន​អ្វី​ខ្លះ​ហើយ​អ្នក​ត្រូវ​រៀន​ពី​ការ​វិភាគទៅលើ​វា។ ដើម្បី​វិភាគ SWOT អ្នកអាចធ្វើ​បាន​២របៀប ៖

របៀបទី១៖ វិភាគ​ពី​កត្តា​នីមួយៗ

Strengths

  • ចំណុច​ដែល​អ្នក​អាច​ធ្វើបាន​ប្រសើរ​ជាងអ្នក​ផ្សេងឬអ្វី​ដែល​អ្នក​មាន​ហើយ​ដៃ​គូ​ប្រកួត​ប្រជែង​អ្នក​គ្មាន
  • គុណសម្បត្តិ​ដែល​ក្រុមហ៊ុន​អ្នក​មាន
  • ចំនួន​អតិថិជនគោលដៅ
  • ថ្លៃ​ដើម​ទាប​ជាងគេដែលអ្នក​អាចដាក់ទៅបាន

Weaknesses

  • ​ចំណុច​ដែល​អ្នក​អាច​អភិវឌ្ឍ​
  • ​ចំណុចគួរ​ចៀសវាង
  • កត្តា​ដែល​នាំឲ្យ​ការលក់​របស់អ្នក​ថយចុះ

Opportunities

  • ព្រឹត្តិការណ៍ក្នុង​តំបន់
  • ឱកាស​ល្អៗ​ដែល​អ្នក​បាន​ដៅទុក
  • ទំនោរ​មួយ​ចំនួន​របស់អតិថិជន​ដែល​អ្នកធ្លាប់​ដឹង
  • ការ​ផ្លាស់​ប្តូរដូច​ជា​បច្ចេកវិទ្យា គោលនយោបាយ​របស់​រាជរដ្ឋាភិបាលទាក់ទង​នឹង​អាជីវកម្ម​របស់អ្នក បែបបទ​នៃ​ការ​រស់នៅជាដើម

Threats

  • ឧបសគ្គ​ដែល​អ្នក​ជួបប្រទះ
  • សកម្មភាព​របស់ដៃគូ​ប្រកួតប្រជែង​របស់អ្នក
  • គុណភាព​ផលិតផល ​ឬ​សេវាកម្ម​របស់អ្នក
  • បំណុលរបស់អាជីវកម្ម​អ្នក

របៀបទី២ ៖ វិភាគចំណុច​ដែល​មានឥទ្ធិពល​លើ​​ SWOT

១. កត្តា​ដែល​មានឥទ្ធិពល​ទៅលើ​ Strengths and Weaknesses

  • ដើមទុន ៖ ហិរញ្ញវត្ថុ បុគ្គលិក និង​ឧបករណ៍​ប្រើប្រាស់
  • រចនា​សម្ព័ន្ធ​ច្បាស់លាស់
  • វប្បធម៌នៅក្នុង​ក្រុមហ៊ុនដូចជា​ចេះ​សហការ យកចិត្តទុក​ដាក់ចំពោះ​អតិថិជន មាន​បទដ្ឋាន​ត្រឹមត្រូវ​ ស្លៀកពាក់តាម​ឯកសណ្ឋានជាដើម

២. កត្តា​ដែល​មានឥទ្ធិពលលើ Opportunities and Threats

  • សេដ្ឋកិច្ច​ ៖ ឡើង ឬចុះ អតិផរណា​ ភាពគ្មាន​ការងារធ្វើ​ ចំនួន​ និងតម្លៃ​កម្លាំង​ពលកម្ម​
  • សង្គម ៖ ត្រូវនឹង​ផលិតផលដែរទេ
  • នយោបាយមាន​ស្ថិរភាពឬយ៉ាងណា
  • បច្ចេកវិទ្យាមានការផ្លាស់ប្តូរ
  • បរិស្ថានដូចជា​ការប្រើប្រាស់ថង់​​ប្លាស្ទិកជាដើម។

ខាងលើនេះ​ជា​​ឧទាហរណ៍​មួយ​ចំនួន​អំពី​ចំណុច​ខ្លាំង ចំណុច​ខ្សោយ​ ឱកាស​ និង​កត្តា​គំរាម​កំហែងខ្លឹមសារ​លម្អិត​នៃ​ចំណុច​នីមួយៗ៖ ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​ គឺ​ស្ថិត​នៅ​ក្នុង​ចង្កោម​​នៃ​​កត្តា​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន។ ​មាន​ន័យ​ថា​ ​ក្រុមហ៊ុន​មាន​ចំណុច​ខ្លាំង​ ឬ​ខ្សោយ​​ដែល​ ​​​ចំណុច​ទាំង​ពីរ​នេះ​ គឺ​កើត​ឡើង​​ពី​ក្រុមហ៊ុន​ខ្លួន​ឯង។ 

អ្នកក៏អាចមើលបន្ថែមនូវឧទាហរណ៍មួយចំនួនដូចខាងក្រោម៖

S​ = Strengths ភាពខ្លាំង ៖ បុគ្គលិក​លក្ខណៈ​នៃ​អាជីវកម្ម​ដែល​ផ្តល់​ផល​ល្អ​ដល់​អ្វី​ៗផ្សេងទៀត។

    • ទុនបញ្ញា
    • ភាព​ស្មោះត្រង់ ​និង​ការតាំងចិត្ត​របស់បុគ្គលិក
    • ការ​អនុវត្ត​ការងារ​បាន​ល្អ
    • និយោជិក​ដែល​មាន​គំនិត​បង្កើត និង​មាន​ភាព​បត់បែន

W = Weaknesses ភាពខ្សោយ​ ៖ បុគ្គលិក​លក្ខណៈ​នៃ​អាជីវកម្ម​ដែល​ផ្តល់​ផលមិន​​ល្អពាក់​ព័ន្ធ​ទៅកត្តា​ផ្សេងទៀត។​ វា​ជា​ចំណុច​ដែល​អាជីវកម្ម​ត្រូវ​ពង្រឹង។

      • បុគ្គលិក​ខ្វះ​ខាត​ជំនាញ
      • ការអនុវត្តន៍ការ​គ្រប់គ្រង​ដែល​ហួសសម័យ និងភាព​ខ្វះ​ចន្លោះ​នៃ​ភាព​ជាអ្នក​ដឹកនាំ​

O​​ = Opportunities ឱកាស ៖ ជា​ធាតុ​នៅ​ក្នុង​បរិ​ស្ថាន​ដែល​អាជីវកម្ម​អាច​ទាញ​យក​ផល​ប្រយោជន៍​ពី​វា

        • ស្ថានភាព​ទីផ្សារ
        • ទីផ្សារ​ដែល​អ្នក​មិ​នទាន់​បាន​តាំងនៅ
        • ការ​បង្កើនប្រព័ន្ធ​បច្ចេកវិទ្យា
        • ការពង្រីកជាសកល

T= Threats ការគម្រាមកំហែង ៖ ជា​ធាតុ​នៅ​ក្នុង​បរិ​ស្ថាននាំឲ្យ​​អាជីវកម្មកើត​មាន​បញ្ហា​ឬ​វិបត្តិ

          • អណត្តិនិង​ការរឹត​បន្តឹង​ផ្នែក​ច្បាប់ទៅលើ​អាជីវកម្ម
          • ភាពខ្វះ​ខាតទេពកោសល្យ
          • ភាព​មិន​នឹងនរ​នៃ​សេដ្ឋកិច្ច
          • ដៃគូ​ប្រកួត​ប្រជែង

តើអ្វីទៅជា ទ្រឹស្ដី​កម្លាំង​ទាំង​៥​ របស់​លោក​ Porter​ ?

នៅ​ពេល​ដែល​យើង​និយាយ​អំពី​ជំនាញ​ ឬ​ការ​រៀប​ចំ​យុទ្ធសាស្ត្រ​សម្រាប់​អាជីវកម្ម​​ ប្រាកដ​ណាស់​ថា​ ​ទ្រឹស្ដី​មួយ​ដែល​ដើរ​តួនាទី​សំខាន់​បំផុត​ ​ហើយ​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​​នៅ​ទូទាំង​សាកល​លោក​​នោះ​គឺ​ ​ទ្រឹស្ដី​កម្លាំង​ទាំង​៥​ របស់​លោក​ Porter​ ឬ​ដែល​តាម​ភាសា​អង់គ្លេស​ថា​ Porter’s Five Forces។

តើ​កម្លាំង​​ទាំង​ ៥ របស់ Poter ​មាន​អ្វី​ខ្លះ?

១. Threat of New Entry (កត្តា​គំរាម​កំហែង​ពី​អ្នក​លោត​ចូល​ទីផ្សារ​ថ្មី) 

នេះ​គឺ​ជា​កត្តា​ខាង​​ក្រៅ មួយ​ទៀត​ដែល​យើងមិន​អាច​គ្រប់គ្រង​បាន​ផង​ដែរ។ ​ឧទាហរណ៍​យើង​កំពុង​រក​ស៊ី​ជោគជ័យ​លើ​​​វិស័យ​​អ្វី​មួយ​ស្រាប់​តែ​មាន​គូ​ប្រកួត​ដែល​​មាន​លុយ​ និង​ធនធាន​​ខ្លាំង​ជាង​យើង​ លោត​ចូល​ទីផ្សារ​​ភ្លាម​ នោះ​ច្បាស់​ណាស់​ថា​ ​វា​នឹង​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​របស់​យើង​​ជា​មិន​ខាន ហើយ​គូ​ប្រកួត​ដែល​មាន​ធនធាន​ច្រើន​ជាង​​យើង​ គេ​នឹង​បុក​ទីផ្សារ​ខ្លាំង​ជាង​យើង​ ជួល​កាល​​ង​អាច​លែង​ដល់​​យុទ្ធសាស្ត្រ​បន្ទាប​តម្លៃ​ទៀត​ក៏​ថា​បាន។

២. ​Supplier Power (កម្លាំង​អ្នក​ផ្គត់ផ្គង់)

វា​ត្រូវ​បាន​កំណត់​​ទៅ​លើ​​ថា​តើ​​ អ្នក​ផ្គត់ផ្គង់​ទំនិញ​ ឬ​សេវាកម្ម​ឱ្យ​អ្នក​ ងាយ​ស្រួល​ដើម្បី​ដំឡើង​ថ្លៃ​បាន​កម្រិត​ណា?​ ​តើ​អ្នក​មាន​​​ដៃគូ​ផ្គត់ផ្គត់​សំខាន់​ៗ​ ឬ​ធំ​ៗ​ប៉ុន្មាន? ​ហើយ​ដៃ​គូ​ទាំង​នោះ​មាន​ផលិតផល​ឬ​សេវាកម្ម​ពិសេស​ៗ​យ៉ាង​ណា​ខ្លះ? ​​បើ​អ្នក​ផ្លាស់ប្ដូរ​​​ដៃគូ​ផ្គត់ផ្គង់​វិញ​ តើ​តម្លៃ​អាច​នឹង​ថ្លៃ​ដែរ​ឬ​អត់? ​ផ្លាស់ប្ដូរ​ទៅ​ចំណេញ​ឬ​ក៏​ខាត?

នៅ​ពេល​ដែល​យើង​មាន​ដៃគូ​​ផ្គត់ផ្គង់​​​កាន់​តែ​ច្រើន​ នោះ​ យើង​កាន់​តែ​ងាយ​ស្រួល​ផ្លាស់ប្ដូរ​ និង​មាន​ជម្រើស​ច្រើនយ៉ាង។ បើ​យើង​ចង់​ប្ដូរ​ក៏​យើង​មិន​ខាត​​ តែ​បើ​អ្នក​ផ្គត់ផ្គង់​តិច​វិញ​ ណោះ​ច្បាស់​ជា​​ពួក​គេ​អាច​ក្រឡុក​​អ្នក​បាន​ជា​មិន​ខាន។ ​អ្នក​ផ្គត់ផ្គង់​តិច​ អាច​បង្វិល​តម្លៃ​បាន​គ្រប់​ពេល​ ហើយ​ច្បាស់​ណាស់​ថា​ វា​នឹង​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​របស់​អ្នក។

៣. ​ Buyer Power (កម្លាំង​របស់​អ្នក​ទិញ)

ត្រង់​ចំណុច​នេះ​​ យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា​តើ​​ កម្លាំង​របស់​អតិថិជន​អាច​ធ្វើ​ឱ្យ​តម្លៃ​របស់​​យើង​ចុះ​ដែរ​ឬ​អត់។ ពួក​គេ​អាច​ក្រឡុក​តម្លៃ​របស់​យើង​បាន​ដែរ​ឬ​យ៉ាង​ណា? អ្នក​មាន​អតិថិជន​ប៉ុន្មាន​ក្នុង​ដៃ? ​ហើយ​ថា​ តើ​អតិថិជន​ម្នាក់​ៗ​ទិញ​ច្រើន​កម្រិត​ណា? ហើយ​ប្រសិន​បើ​ពួក​គេ​លែង​​ទិញ​ទំនិញ​ឬ​សេវាកម្ម​យើង​ហើយ​រត់​​ទៅ​ទិញ​ទំនិញ​ឬ​សេវាកម្ម​របស់​គូ​​ប្រកួត​​វិញ​ តើ​ពួក​គេ​ខាត​ឬ​ចំណេញ?

មាន​ចំណុច​ពីរ​ដែល​គួរ​វែកញែក​ត្រង់​ចំណុច​នេះ។ ប្រសិន​បើ​អតិថិជន​ជា​ប្រភេទ​អតិថិជន​លក់​រាយ​ នោះ​​ក្រុមហ៊ុន​ បាត់បង់​ ១​ឬ​ ២​ ឬ​ច្រើន​ជាង​នេះ​ ក៏​មិន​មាន​បញ្ហា​ធំ​ដុំ​ដែរ​ (សម្រាប់​ប្រភេទ​អាជីវកម្ម​ផ្ដោត​ទៅ​លើ​​អតិថិជន ឬ business to consumer) ប៉ុន្តែ​បើ​ប្រភេទ​អាជីវកម្ម​ផ្ដល់​សេវាកម្ម​ឬ​ទំនិញ​ដល់​អាជីវកម្ម​ដូច​គ្នា​វិញ (business to business) ​ការ​បាត់បង់​អតិថិជន​ ១​ឬ​២​ អាច​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​ជា​មិន​ខាន។

៤. Threat of Substitution(កត្តា​គំរាមកំហែង​ពី​ទំនិញ​ជំនួស)

នេះ​ក៏ជា​កត្តា​គ្រោះ​ថ្នាក់​មួយ​ដែរ។ ​ប្រសិន​បើ​អតិថិជន​អាច​ស្វែង​រក​ទំនិញ​ជំនួស​បាន​នោះ​ ប្រហែល​ជា​​អ្នក​ជួប​បញ្ហា​​ជា​មិន​ខាន​ ប្រ​សិន​បើ​តម្លៃ​ទំនិញ​របស់​យើង​ថ្លៃ​ជាង​ទំនិញ​ជំនួស​នោះ។ ​វា​គឺ​​ជា​កត្តា​ខាង​ក្រៅ​ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន។ ​ឧទាហរណ៍​ថា​​ យើង​លក់​​ម៉ាស៊ីន​ចាស់​ស៊ីឌី​ ឬ​ឌីវីឌី​ នៅ​ពេល​ដែល​បច្ចេកវិទ្យា​កាន់​តែ​ទំនើប​ មនុស្ស​អាច​ដោត​ឡូត​បត់​ចម្រៀង​ជា​ MP3 ឬ MP4​ និង​អាច​ចាក់​តាម​ USB Flash ​​ឬ​ចាក់​តាម​ទូរស័ព្ទ​បាន​នោះ​ នោះ​​ការ​លក់​ម៉ាស៊ីន​ចាក់​ស៊ីឌី​ ឬ​វីស៊ីឌី​នឹង​ធ្លាក់​ចុះ។

៥. ​Competitive Rivalry (កម្លាំង​គូ​ប្រកួត)

ជា​ចំណុច​សំខាន់​មួយ​ដែល​​យើង​មើល​ទៅ​លើ​កម្លាំង​ និង​លក្ខណៈ​ពិសេស​របស់​គូ​ប្រកួត​ប្រជែង។ ​យើង​នឹង​សិក្សា​ថា​ តើ​មាន​គូ​ប្រកួត​ប៉ុន្មាន​នៅ​ក្នុង​ទីផ្សារ​របស់​យើង? អ្នក​ណា​ខ្លះ? ​ហើយ​លក្ខណៈ​ពិសេស​នៃ​សេវាកម្ម​​ ឬ​ផលិតផល​របស់​គេ​​ កម្រិត​យ៉ាង​ណា​ដែរ​បើ​ធៀប​នឹង​អ្នក? ​

នៅ​ក្នុង​បរិយាកាស​នេះ​ ប្រសិន​បើ​​ការ​ប្រកួត​ប្រជែង​មាន​លក្ខណៈ​តានតឹង​មែន​ទែន​នោះ​ នោះ​ក្រុមហ៊ុន​​អាច​នឹង​ឈាន​ដល់​ការ​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​លេង​ជា​មួយ​នឹង​ការ​កំណត់​​តម្លៃ​ (pricing strategy) ឬ​​​​​​​​​វាយ​លុក​តាម​រយៈ​យុទ្ធសាស្ត្រ​ទីផ្សារ (ផ្សព្វផ្សាយ)។

រឿង​មួយ​ដែល​ត្រូវចាំ​នោះ ​គឺ​ថា​ ប្រសិន​បើ​នៅ​លើ​ទីផ្សារ​មាន​គូ​ប្រកួត​​ច្រើន​នោះ​ នោះ​​អ្នក​ផ្គត់ផ្គង់​​សេវាកម្ម​ឬទំនិញ​ដល់​អ្នក​ និង​អតិថិជន​របស់​អ្នក​ អាច​ងាក​ទៅ​ទិញ​ទំនិញ​ឬ​សេវាកម្ម​ពី​​គូ​ប្រកួត​របស់​អ្នក​បាន​គ្រប់​ពេល​នៅ​ពេល​ដែល​គេ​មិន​ពេញ​ចិត្ត​ជា​មួយ​នឹង​អ្នក។

ដោយ​ឡែក ​ប្រសិន​កម្លាំង​នៃ​ការ​ប្រកួត​ប្រជែង​មាន​លក្ខណៈ​​តូច​តាច​​ ឬ​ក៏​មាន​គូ​ប្រកួត​តិច​តួច​​ នោះ​ជា​ឱកាស​​របស់​អ្នក​ក្នុង​ការ​កើប​យក​ចំណេញ​ហើយ ហើយ​កត្តា​នេះ​ក៏​អាច​និយាយ​បាន​ថា​ ជា​ចំណុច​ខ្លាំង​សម្រាប់​អ្នក​មួយ​ដែរ។

PESTLE, SWOT, Porter’s Five Forces

សរុបជារួមមក មុន​នឹង​ការ​ចាប់​ផ្ដើម​អាជីវកម្ម ការ​ប្រើ​ប្រាស់​ PESTEL ​គឺ​ជា​រឿង​ចាំបាច់​មួយ​ដើម្បី​ធានា​បាន​ថា​ អាជីវកម្ម​របស់​អ្នក​ដែល​បើក​ដំណើរការ​ មិន​ប្រឈម​នឹង​បញ្ហា​ច្រើន។ ចំណែក SWOT​ គឺ​ជា​ចំណុច​ដ៏សំខាន់​​សម្រាប់​អាជីវកម្ម​នីមួយៗ។ ​បើ​យើង​មិន​ស្គាល់​ខ្លួន​ឯង​ឱ្យ​ច្បាស់​ថា​ ខ្លាំង​ ឬ​ខ្សោយ​ប៉ុណ្ណា​ផង​ តើ​​យើង​អាច​ចាប់​យក​ឱកាស​ ឬ​គេច​ឱ្យ​ចេញ​ពី​កត្តា​គំរាម​កំហែង​ដោយ​វិធី​ណា​បាន។ ​ក្នុង​អាជីវកម្ម​ជាក់​ស្ដែង​ មាន​បញ្ហា​ជាច្រើន​ ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​អាជីវកម្ម​អាច​បោះ​ជំហ៊ាន​ទៅ​មុខ។ ចំពោះ ទ្រឹស្ដី​កម្លាំងទាំង៥ របស់លោក Porter​ ​បើ​ស្ដាប់​ទៅ​ហាក់​បី​ដូច​ជា​សាមញ្ញ ​ប៉ុន្តែ​វា​ជា​ឧបករណ៍​ដ៏​មាន​អំណាច​ដើម្បី​ស្វែង​​យល់​ពី​​ កម្រិត​នៃ​ការ​ប្រកួត​ប្រជែង​​​​នៅ​ក្នុង​បរិយាកាស​​​អាជីវកម្ម​របស់​អ្នក​ និង​ដើម្បី​កំណត់​​យុទ្ធសាស្ត្រ​​ដើម្បី​បង្កើត​​​ប្រាក់​ចំណេញ។


One thought on “ស្វែងយល់ អំពីការវិភាគ PESTLE, ការវិភាគ SWOT និងទ្រឹស្ដី​កម្លាំង​ទាំង​៥​ របស់​លោក​ Porter​

Leave a Reply

Your email address will not be published. Required fields are marked *