របៀបរៀបចំសៀវភៅផែនការអាជីវកម្ម
នៅពេលដែលយើងមានគំនិតចង់ចាប់ផ្ដើមចូលប្រឡូកនៅក្នុងការធ្វើអាជីវកម្ម ឬជំនួញ កត្តាសំខាន់គឺត្រូវសិក្សាឲ្យបានច្បាស់លាស់ពីតម្រូវការទីផ្សារ ស្របនឹងគំនិតអាជីវកម្មរបស់យើង។ បន្ទាប់ពីការសិក្សាវិភាគពីទីផ្សារ ការងារចម្បងមួយដែលមិនត្រូវរំលងនោះ គឺការសរសេរពីផែនការអាជីវកម្ម ព្រោះវាមានសារៈសំខាន់ណាស់ សម្រាប់ស្វែងរកដៃគូរវិនិយោគ ក៏ដូចជាការស្វែងរកដើមទុនបន្ថែមសម្រាប់ការចាប់ផ្ដើមអាជីវកម្ម។ ខាងក្រោមនេះជាការចង្អុលបង្ហាញពីចំណុចសំខាន់ៗដែលមាននៅក្នុងពង្រាងដើមនៃសៀវភៅផែនការអាជីវកម្ម។ នៅក្នុងពង្រាងដើមនៃផែនការអាជីវកម្ម យើងត្រូវដឹងច្បាស់ថា តើពត៌មានអ្វីដែលគួរមាន និងមិនគួរមាននៅក្នុងផ្នែកនីមួយៗនៃផែនការនោះ។
១. ក្របមុខ (Cover Page)
ក្របមុខ គឺជាទំព័រទីមួយនៃសៀវភៅផែនការអាជីវកម្ម។ ក្របនេះ គួរឆ្លុះបញ្ចាំងនូវរូបភាពនៃក្រុមហ៊ុនថ្មីរបស់យើង។ ជាទូទៅ វាឆ្លុះបញ្ចាំងភាពសាមញ្ញ ងាយអាន ងាយមើលយល់ តែមានភាពស្រស់ស្អាត។ ក្របខ្លះទៀត វាត្រូវបានគេរចនាទៅ ដោយគំនូរជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ នៅលើក្របនៃសៀវភៅផែនការអាជីវកម្មត្រូវមានពត៌មានមួយចំនួនដែលចាំបាច់ ដូចខាងក្រោម៖
- ឈ្មោះក្រុមហ៊ុន
- សង្ខេបដោយខ្លីនូវការពិពណ៌នាអំពីប្រភេទក្រុមហ៊ុន បើសិនជាឈ្មោះក្រុមហ៊ុនពុំបញ្ជាក់ឲ្យបានច្បាស់លាស់ទេ។
- ពាក្យ “ផែនការអាជិវកម្ម” (Business Plan) ដើម្បីបញ្ជាក់ពីប្រភេទឯកសាររបស់យើង។
- ថ្ងៃ ខែ ឆ្នាំ ដែលផែនការត្រូវបញ្ចប់។ វាជាជំនួយការត្រួសត្រាយឲ្យយើងសម្រាប់ដំណើរការការងារ។
មនុស្សទំនាក់ទំនាក់សំខាន់ៗ (Key Contact Person) ឬ (Logo) ឬ (Graphic) ដើម្បីឲ្យមានការទាក់ទាញខ្លះៗលើអ្នកអានក៏ដោយ ក៏យើងត្រូវទុកនូវផ្នែកខ្លះឲ្យស្ថិតនៅចំហគ្មានអក្សរដែរ។ ក្របមុខ ត្រូវតែស្អាតមិនជ្រីវជ្រួញ ហើយមានលក្ខណៈស្វាគមន៍ អ្នកអានឲ្យគេមានចេតនា ឬអារម្មណ៍ចង់បើកមើលទំព័រខាងក្នុងជាបន្តបន្ទាប់ ដូច្នេះហើយយើងមិនត្រូវចុះនូវពត៌មានច្រើនហួសហេតុនៅលើក្របមុខនោះទេ។
២. តារាងមតិកា (Contents)
គោលបំណងធំបំផុតនៃការនូវតារាងមតិកា (Table of Contents) គឺជាការជួយដល់អ្នកអាន ឲ្យមានការងាយស្រួលក្នុងការយល់នូវផ្នែកនីមួយៗនៃផែនការអាជីវកម្ម របស់យើង។ ម្យ៉ាងវាផ្តល់ឲ្យអ្នកនូវភាពរហ័សក្នុងការអាន និងសែ្វងយល់អំពីអី្វដែលបានសរសេរនៅក្នុងសៀវភៅនេះ។ មិនតែប៉ុណ្ណោះ វាក៏ផ្តល់នូវពាក្យ ឬឃ្លានាំមុខឬផើ្តមសេចក្តីបន្តិចបន្តួច ដូចដែលប្រភេទនៃព៌តមានទាំងនោះត្រូវការបញ្ជាក់ផងដែរ។ទោះ ជាយ៉ាងណាក៏ដោយបញ្ហាសំខាន់បំផុតគឺថាវាផ្តល់នូវភាពងាយស្រួល ក្នុងការអាន។
ការប្រើប្រាស់នូវតារាងមាតិកា ដោយអាស្រ័យទៅលើសេ្ដរភាពនៃការរៀបលំដាប់នៃពាក្យ ឫឃ្លាគឺជាវិធីមួយដ៏ល្អប្រសើរបំផុតក្នុងការរៀបចំនូវផ្នែកៗនៃ តារាងមាតិការមួយក្នុងគំរោងអាជីវកម្មរបស់យើង។ ចំណុចសំខាន់សំរាប់សំរាប់រៀបចំនូវមាតិកាមួយមានដូចជាៈ
- ពាក្យតារាងមាតិកា (Table of Content) ស្ថិតនៅខាងលើទំព័របំផុត
- ឈ្មោះផ្នែក ឬជំពូកនីមួយៗ
- ទំព័រ ចំនួនទំព័រនីមួយៗស្ថិតនៅ។ វាផ្តល់នូវភាពងាយស្រួយដល់អ្នកអានក្នុងស្វែងរកឃើញផ្នែកនីមួយៗ ស្ថិតនៅកន្លែងណានៃសៀវភៅ។
ប្រការគួរចៀសវាង គឺការលម្អិតនៃពត៌មានជាច្រើននៅក្នុងតារាងមាតិកា ដូចជាការដាក់ចំណងជើងតូចៗពេកជាដើម។ ចំណុចគួរឲ្យចងចាំ គឺថាតារាងមាតិកាមិនគួរឲ្យលើសពី ២ ទំព័រឡើយ។
៣. មូលសង្ខេប (Executive Summary)
មូលសង្ខេប (Executive Summary) គួរសរសេរត្រឹម ១-២ ទំព័រ ឲ្យសមាមាត្រទៅនឹងគម្រោងអាជីវកម្មរបស់យើង គឺគ្រប់គ្រាន់ណាស់ទៅហើយ។ យើងសង្ខេប តែវាមិនមែនជាសេចក្តីផ្តើមទេ។ មូលសង្ខេប (Executive Summary) ប្រសិនជាយើងសរសេរលើសពី ៣ ទំព័រឡើងទៅ វាលែងក្លាយទៅជាមូលសង្ខបហើយ។ មូលសង្ខប គួរតែមានអត្ថន័យមួយដោយខ្លួនឯងដាច់ដោយឡែក តែគ្រប់គ្រាន់។ ទោះបីជាវាសង្ខបយ៉ាងណាក៏ដោយ ក៏វាត្រូវការពិពណ៌នាខ្លីៗខ្លះដែរពីផែនការរបស់យើង។
នៅក្នុងមូលសង្ខេប អ្នកអានអាចយល់ងាយស្រួល ដោយសារយើងដកស្រង់យកផ្នែកសំខាន់ខ្លះៗ តែមិនទាំងអស់ទេ មករាប់បញ្ចូលដោយមានប្រើចំណុចត្រេ ឬពងត្រីជាជំនួយ។ ទោះបីជាយ៉ាងណាក៏ដោយ មូលសសង្ខេប គួរតែអធិប្បាយត្រួសៗពីដំណើររឿងដោយសង្ខេបខ្លី តែមិនមែនជាការដាក់រូបភាពឲ្យអ្នកអានមើលនោះទេ។
បើសិនជាយើងមានផែនការ ក្នុងការបញ្ជូននូវផែនការអាជីវកម្មរបស់យើង ទៅការស្វែងរកប្រភពផ្តល់ធនធានហិរញ្ញវត្ថុនៅខាងក្រៅ គួរតែបញ្ជូនត្រឹមមូលសង្ខេប (Executive Summary) ទៅមុនសិន ដើម្បីស្ទង់មើលពីការចាប់អារម្មណ៍របស់គេលើអាជីវកម្មរបស់យើង កាលបើអ្នកទទួលសម្រេចចិត្តថា ប្រហែលជាគេនឹងអាចផ្តល់ធនធានមកឲ្យយើង នោះទើបបញ្ជូនផែនការអាជីវកម្មទាំងមូលទៅតែម្តង។ យើងត្រូវចេះប្រើប្រាស់មូលសង្ខេប (Executive Summary) ជាគុណប្រយោជន៍មួយក្នុងការសន្សំសំចៃថវិការ។
៤.ការវិភាគទីផ្សារ (Market Analysis)
យើងសន្មត់តាំងពីដើមដំបូងថា អ្នកដែលអានផែនការរបស់យើង គឺបុគ្គលិករបស់យើង ធនាគារិក អ្នកវិនិយោគ ដែលគេមិនបានពីដឹងអ្វីសោះអំពីអាជីវកម្មរបស់យើង ឬពីគោលដៅទីផ្សាររបស់យើង។ យើងទាមទារចាំបាច់ក្នុងការផ្តល់ និងការពន្យល់ទៅគេ ឲ្យគេបានយល់ច្បាស់ពីអាជីវកម្មរបស់យើង។ បណ្តាពត៌មានចាំបាច់ដែលយើងត្រូវបញ្ចូលទៅក្នុងនោះដូចជា ៖
- តើអាជីវកម្មរបស់យើងមានទំហំប៉ុណ្ណា?
- តើអត្រាកំណើនអាជីវកម្មរបស់យើងគឺអ្វី?
- តើអ្វីជាស្តង់ដារកម្រិតចំណេញ (Standard Profit Margin)?
- តើអ្វីជាស្តង់ដារនៃបណ្តាញចែកចាយផលិតផល?
- ត់ផលិតផលរបស់យើងដូចក្នុងទីផ្សារបានប៉ុន្មានភាគរយ?
- ទិន្ន័យ និងការទស្សន៍ទាយនៃការលក់ ។ល។
ក្រោយពេលផ្តល់នូវទស្សនៈដ៏ទូលំទូលាយនៃអាជីវកម្មរបស់យើងហើយ បន្ទាប់មកត្រូវបញ្ជាក់ឲ្យជាក់លាក់អំពីស្ថានភាព ភូមិសាស្រ្តរបស់យើង ទីផ្សាររបស់យើង។ ជាមួយគ្នានឹងទំហំទីផ្សារ និងអាត្រាកំណើន យើងគួរអធិប្បាយអំពីមធ្យោបាយដែលយើងស្វែងរកជ័យជំនះដោយផ្តល់នូវតម្រូវការ និងនិន្នាការទីផ្សារ។ ចំពោះក្រុមហ៊ុនដែលនឹងធ្វើអាជីវកម្មជាលក្ខណៈជាតិ និងអន្តជាតិ យើងមិនត្រូវចំណាយពេលក្នុងការវិភាគទីផ្សារនីមួយៗនៅក្នុងប្រទេសរបស់យើងនៅពេលបច្ចុប្បន្ននោះទេ ទោះបីយ៉ាងណាក៏ដោយ ប្រសិនបើយើងមានបំណងផ្តោតទៅលើទីក្រុងណាមួយ ឬតំបន់ណាមួយជាក់លាក់ យើងអាចធ្វើការវាយតំលៃដោយម៉ត់ចត់។
៥. ការពណ៌នាខ្លីៗពីអាជីវកម្ម (Business Overview)
នៅក្នុងផ្នែកនេះ យើងអធិប្បាយយ៉ាងសង្ខេបនូវពត៌មានចាំបាច់មួយចំនួន ដូចខាងក្រោម៖
- ផលិតផល ឬសេវាកម្មដែលយើងនឹងលក់
- រយៈពេលដែលក្រុមហ៊ុនបានដំណើរការ
- ប្រទេសរបស់ក្រុមហ៊ុន
- អ្នកណាខ្លះជាម្ចាស់ក្រុមហ៊ុន
- គោលបំណងរយៈពេលវែង និងរយៈពេលខ្លីនៃអាជីវកម្ម
ប្រសិនជាយើងមានបំណងស្វែងរកថវិការ យើងគួរតែពន្យល់បន្ថែមថា ហេតុអ្វីបានជាយើងត្រូវការថវិការនោះនៅពេលឥឡូវ (ដូចជាការពង្រីកក្រុមហ៊ុន ការផ្សាយពាណិជ្ជកម្ម ការស្វែងរកទីផ្សារ កម្រៃបុគ្គលិក ការទិញគ្រឿងបរិក្ខារ ឬការរំលោះបំណុល)។
៦. ការពណ៌នាអំពីផលិតផល ឬសេវាកម្ម (Production Service Description)
យើងត្រូវតែដឹងច្បាស់ថា អ្នកដែលអានផែនការអាជីវកម្មរបស់យើង ហាក់បីដូចជាមានក្រុមហ៊ុនរបស់យើងនៅក្នុងដៃគូររបស់គេ ដែលក្រុមហ៊ុនរបស់យើងនឹងលក់អ្វីនោះ យើងទាមទារនូវពេលវេលាដើម្បីផ្តល់ឲ្យគេដឹងពីផលិតផល និងសេវាកម្មរបស់យើង។ ចំពោះអាជីវកម្មមួយចំនួន កិច្ចការនេះជាការងារសាមញ្ញបំផុត ដូចជាការចាប់ផ្តើមបើកអាជីវកម្មភោជនីយដ្ឋានជាដើម ប៉ុន្តែបើសិនអាជីវកម្មដែលផ្តោតទៅលើបច្ចេកទេសវិញ វាជាលក្ខណៈពិសេសមួយដែលទាមទារនូវការបកស្រាយពន្យល់ឲ្យបានច្បាស់ថា តើផលិតផល ឬសេវាកម្មនោះនឹងប្រពឹត្តទៅយ៉ាងដូចម្ដេច ហើយហេតុអ្វីបានជា អតិថិជនទិញផលិតផល និងសេវាកម្មនោះ ដែលការងារនេះត្រូវចំណាយ ៣-៤ ទំព័រ ក្នុងការសរសេរពន្យល់។ ទោះបីជាយ៉ាងណាក៏ដោយ ការរៀបរាប់លម្អិតច្រើនពេក អាចធ្វើឲ្យផែនការរបស់យើងមានលក្ខណៈគួរឲ្យធន់ទ្រាន់នឹងអាន។ យើងត្រូវប្រើប្រាស់ពត៌មានផលិតផល (Production Literature) ដូចដែលបានអធិប្បាយនៅក្នុងសេចក្ដីបន្ថែម (Appendix) ដែលវាអាចនឹងធ្វើឲ្យការអធិប្បាយរបស់យើងមានលក្ខណៈខ្លីសមរម្យ។ ការផ្ដោតទៅលើអធិប្បាយអំពីគុណប្រយោជន៍នៃផលិតផល និងសេវាកម្មរបស់យើង គឺជាការសំខាន់ដែលអ្នកអានអាចយល់បានយ៉ាងច្បាស់ថា តើយើងចង់បានអ្វី។ យើងត្រូវយល់ច្បាស់ថា ក្រាភិច ហើយនិងដ្យាក្រាម អាចជួយពន្យល់ពីផលិតផល និងសេវាកម្មរបស់យើងឲ្យកាន់តែច្បាស់។ ប៉ុន្តែយើងក៏ត្រូវចងចាំដែរថា ថ្វីត្បិតតែដ្យាក្រាម ឬក្រាភិចទាំងនោះជួយវាឲ្យបានស្អាតសមរម្យ តែក៏មិនត្រូវឲ្យដ្យាក្រាម ឬក្រាភិចណាមួយឆ្លងទៅទំព័រផ្សេងឡើយ។ ផែនការអារជីវកម្មដែលអាក្រក់បំផុត គឺជាផែនការដែលពោរពេញទៅដោយការនិយាយស្ដាប់មិនបាន ការនិយាយច្របូកច្របល់ ឬដដែលៗ ឬក៏ទិន្នន័យបច្ចេកទេសច្រើនហួសហេតុ។ វាមិនត្រឹមធ្វើឲ្យអ្នកអានមិនយល់នូវអ្វីដែលបានសរសេររៀបរាប់ ប៉ុន្ដែវាថែមធ្វើឲ្យគេចាប់អារម្មណ៍ទៅលើមុខងារ ឬតួនាទីទាំងនោះផងដែរ ជាពិសេសនោះ គឺគេមិនយល់ពីគុណប្រយោជន៍តែម្ដង។ ឧទាហរណ៍ រថយន្តមួយអាចបើកបានល្បឿនលើសពី ២០០គីឡូម៉ែតក្នុងមួយម៉ោង ដោយប្រើប្រាស់ប្រេងដ៏ល្អ។ រថយន្តមួយផ្សេងទៀតអាចធ្វើដំណើរឆ្លងកាត់ប្រទេសមួយបានយ៉ាងងាយស្រួល ។ ដូចច្នេះគេមានការចាប់អារម្មណ៍រថយន្តទី២ ជាងរថយន្តទី១។
៧. ការគ្រប់គ្រង និងការជ្រើសរើសបុគ្គលិក (Management & Staffing)
ក្រោយពីបានអធិបាយពីគម្រោងនៃអាជីវកម្មរួចមក យើងត្រូវកំណត់ថា តើអ្នកណាដែលជាអ្នកទទួលខុសត្រូវក្នុងការអនុវត្តន៍នូវគម្រោងនេះ។ ជាដំបូងយើងនិងមានបំនងចង់សរសេរនូវការសង្ខេបខ្លីៗ ២-៣ ល្បះពីអ្នកគ្រប់គ្រងជាន់ខ្ពស់របស់យើង (Top Manager) ដោយលំអិតនូវជំនាញ ព្រមទាំងសាវតារបស់ពួកគេ ។ យើងត្រូវមានជំនឿជឿជាក់ថា គឺអ្នកវិនិយោគជាអ្នកមានសមត្ថភាពក្នុងការធ្វើអាជីវកម្មដឲរបស់ យើងបានទទួលជោគជ័យ។ យើងក៏ត្រូវអត្ថាធិប្បាយពីតូនាទី ព្រមទាំងការទទួលខុសត្រូវលើការងាររបស់ពួគគេផងដែរ នៅក្នុងការផ្សងព្រេងថ្មីៗនេះ ដែលជាក្ដីសង្ឃឹមយ៉ាងម៉ត់ចត់ជាមួយនឹងបទពិសោធន៍របស់គេកន្លងមក។ ក្នុងនោះយើងក៏គួបញ្ចូលនូវរចនាសម្ព័ន្ធបុគ្គលិក និងការងារព្រមទាំងអធិប្បាយពីផែនការរបស់យើង ក្នុងការដាក់បន្ថែមនូវបុគ្គលិកបន្ថែមសម្រាប់ធ្វើការម៉ោងបន្ថែម (Over Time) ផង។
ពេលខ្លះជោគជ័យនៃផែនការរបស់យើង អាស្រ័យទៅលើផ្នែកនេះផងដែរ។ សម្រាប់អ្នកវិនិយោគខ្លះ រឿងនេះមិនច្រើនទេដែលដំណើរការអាជីវកម្មនឹងដំណើរទៅបាន។ ប៉ុន្តែក្រុមការងារផ្នែកគ្រប់គ្រង វាមានភាពខ្លាំងគ្រប់គ្រាន់ដើម្បីធ្វើវាឲ្យសម្រេច។ យើងត្រូវមានទំនុកចិត្តគ្រប់គ្រងក្នុងខ្លួន ក្នុងការពន្យល់យ៉ាងណាឲ្យបានច្បាស់ថា ហេតុអ្វីបានជាក្រុមការងាររបស់យើងមានភ័ព្វសំណាងដែលធ្វើឲ្យអាជីវកម្មទទួលបានជោគជ័យ។
៨. ផែនការទីផ្សារ (Marketing Plan)
ផ្នែកនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងចំណោមផ្នែកសំខាន់ៗទាំងឡាយនៃផែនការអាជីវកម្មរបស់យើង ព្រោះថាជំនួញជាច្រើនបានដួលរលំចុះ ក៏ដោយសារតែទីផ្សារមានភាពទន់ខ្សោយ (Poor Marketing)។ ក្នុងការធ្វើផែនការទីផ្សារ យើងមិនត្រូវភ្លេចទេ ក្នុងការលម្អិតនូវធាតុ P សំខាន់ទាំង៤ នៃ Marketing (ឬក៏ 3P & C) គឺផលិតផល (Production) តម្លៃ (Price) ទីផ្សារចែកចាយ (Place of Distribution) និងការផ្សព្វផ្សាយ (Promotion/Communication)។ ក្រោយពេលផលិត ឬការបង្កើតនូវផលិតផល ឬសេវាកម្មរបស់យើង ត្រូវពន្យល់ណែនាំពីការកំណត់តម្លៃនៃផលិតផល ឬសេវាកម្មរបស់យើងថា តើយើងកំណត់តម្លៃដោយរបៀបណា និងយ៉ាងដូចម្ដេចនៅពេលផលិតផលក្រុមហ៊ុនដ៏ទៃបានទៅដល់ទីផ្សាររួចទៅហើយនោះ? តើយើងមានគុណប្រយោជន៍អ្វីខ្លះក្នុងការប្រកួតប្រជែងជាមូយគូរប្រកួតរបស់យើង? បើសិនជាមាន ត្រូវពន្យល់ពីវិធីដែលអាចឲ្យយើងចំណេញនូវចំនែកទីផ្សារ (Market Share) ពីលើគូរប្រជែងរបស់យើង។ យើងក៏ត្រូវពន្យល់ដែរថា តើមនុស្សមួយចំនួនដែលមានបំណងចង់ដាក់ភាគហ៊ុនចូលក្នុងអាជីវកម្មរបស់យើង តើគេអាចចូលរកស៊ីជាមួយយើងយ៉ាងដូចម្ដេច? តើយើងលក់ភាគហ៊ុនតាមរយៈសំបុត្រ? ឬមូយតាមប្រព័ន្ធអ៊ីនធើណេត? ឬក៏ជួបផ្ទាល់ជាមួយបុគ្គលិកទាំងនោះ? ឬក៏ Retail Outlets? ហើយបន្ទាប់មក យើងពន្យល់លម្អិតនូវប្រភេទនៃវិធីសាស្ត្រក្នុងការស្វែងរកទីផ្សារ ដែលផែនការរបស់យើងប្រើប្រាស់ក្នុងការផ្សព្វផ្សាយអាជីវកម្ម ព្រមទាំងផលិតផលរបស់យើង។
៩. ផែនការដំណើរការអាជីវកម្ម (Operation Plan)
ផ្នែកនេះជាផ្នែកដែលសំខាន់បំផុតនៅក្នុងការដំណើរការសហគ្រាស ដែលមានគ្រឿងបរិក្ខាផ្សេងៗគ្នាជាច្រើន ព្រមទាំងដំណើរការដែលត្រូវការអធិប្បាយជាចាំបាច់។ ចំពោះអាជីវកម្មខាងសេវាកម្មវិញ ក៏ត្រូវអធិប្បាយដែរថា តើអាជីវកម្មរបស់យើងនឹងដំណើរការយ៉ាងដូចម្ដេច? តើក្នុងអាជីវកម្មរបស់យើងមានប៉ុន្មានផ្នែក? ហើយយើងនឹងចំណាយប៉ុន្មានទៅលើផ្នែកនីមួយៗនោះ ព្រមទាំងមធ្យោបាយបែបណា ដែលយើងនឹងចំណាយដោយការជួល (Hiring) ទិញគ្រឿងបរិក្ខារ (Buying Equipment) ការផ្លាស់ប្ដូរទីកន្លែង (Moving Location) Outsourcing Production ។ល។ បើសិនជាយើងមានការជឿជាក់ទៅលើគឿងបរិក្ខាណាមួយជាក់ជាក់ ដែលអាចបង្កើតការងាររបស់យើងបាននោះ យើងត្រូវធ្វើតារាងរាយឈ្មោះនូវគ្រឿងបរិក្ខារទាំងនោះ ហើយធ្វើការអធិប្បាយវាឲ្យបានលម្អិតផងដែរថា តើវាមានតួនាទីអី្វខ្លះ និងតួនាទីធ្វើអ្វីបានខ្លះ?
១០.ផែនការហិរញ្ញវត្ថុ (Financial Plan)
ចាប់ផ្ដើមនេះជាមួយនឹងតំរូវការហិរញ្ញវត្ថុដែល ប្រាប់អ្នកអានឲ្យបានដឹងអំពីចំនួនទឹកប្រាប់សរុបដែលត្រូវការចាំបាច់ក្នុងការចាប់ផ្ដើមអាជីវកម្ម។ ក្រោយពេលផ្ដល់នូវចំនួនទឹកប្រាក់នោះរួចមក យើងត្រូវពន្យល់ថា តើយើងយកវាទៅប្រើប្រាស់ដូចម្តេច ដូចជាការប្រើប្រាស់សម្រាប់ស្វែងរកទីផ្សារកម្រៃពលកម្មការងារ ការជួលទីកន្លែង ការទិញគឿងបរិក្ខារ ព្រមទាំងហេតុផលដែលត្រូវចំណាយវាថែមទៀត។ ពត៌មានបន្ទាប់មកទៀតដែលផ្ដល់ឲ្យនៅទីនេះ គឺសាវតារបាយការណ៍ហិរញ្ញវត្ដុ (Historical Financial Statement)។ បើសិនជាក្រុមហ៊ុនរបស់យើងបានដំណើរការជាងមួយឆ្នាំមកហើយ យើងត្រូវបញ្ជូលនូវតារាងតុល្យការ (Balance Sheet) ព្រមទាំងលំហូរសាច់ប្រាក់ (Cash Flow) ជារៀងរាល់ខែផងដែរ។
១១. សេចក្ដីបន្ថែម (Appendix)
ផ្នែកនេះគួរត្រូវបានប្រើប្រាស់សម្រាប់ជាពត៌មានដ៏សំខាន់ចាំបាច់មួយចំនួន ដែលមិនចាំបាច់ដាក់នៅក្នុងផ្នែកតួសេចក្ដីនៃផែនការទេ។ ឧទាហរណ៌៖ ដូចជាការសង្ខបនៃកិច្ចសន្យាដែលយើងបានធ្វើជាមួយក្រុមហ៊ុនដ៏ទៃ ព្រមទាំងមាត្រា ឬចំណុចទាំងឡាយណាដែលអាចជួយយើងពេលត្រូវការពត៌មាន ប្លង់នៃគំរោងទីកន្លែងអាជីវកម្ម ប្រវត្តិរូបសង្ខេបនៃអ្នកដឹកនាំសំខាន់ៗ ឬក៏ការលើកឡើងនៃការស្វែងរកទីផ្សារជាដើម។
អត្ថបទទាក់ទង