អត្ថប្រយោជន៍ទាំង ៩ នៃការចងក្រងវប្បធម៌ក្រុមហ៊ុន
វប្បធម៌ក្រុមហ៊ុន គឺជាបុគ្គលិកលក្ខណៈរបស់ក្រុមហ៊ុនមួយ។ វាកំណត់បរិស្ថានដែលនិយោជិកធ្វើការ។ វប្បធម៌របស់ក្រុមហ៊ុនរួមបញ្ចូលទាំងធាតុផ្សំជាច្រើន រួមមានបរិយាកាសការងារ បេសកកម្មរបស់ក្រុមហ៊ុន គុណតម្លៃ ក្រមសីលធម៌ ការរំពឹងទុក និងគោលដៅ។
ឧទាហរណ៍ ក្រុមហ៊ុនមួយចំនួនមានវប្បធម៌ជាក្រុមដែលមានការចូលរួមពីបុគ្គលិកនៅគ្រប់កម្រិតទាំងអស់ ខណៈដែលមានរចនាបទគ្រប់គ្រងជាប្រពៃណី និងបែបប្រពៃណី។
សហគ្រិន និងបុគ្គលិកត្រូវបានជម្រុញដោយឱកាស និងបេសកកម្មដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន។ បុគ្គលិក ជាពិសេសអ្នកក្នុងជំនាន់សហសវត្សថ្មីនេះ មិនត្រូវបានលើកទឹកចិត្តដោយប្រាក់ចំណេញសុទ្ធសាធនោះទេ។ ពួកគេចូលចិត្តធ្វើការដែលជម្រុញទឹកចិត្តរបស់ពួកគេ រួមជាមួយនឹងមនុស្សល្អៗ និងនៅក្នុងបរិស្ថានមួយដែលជម្រុញនូវការរីកចម្រើនផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។
លោក Dan Ariely សេដ្ឋវិទូផ្នែកអកប្បកិរិយា បានលើកនូវសំណួរមួយថា “តើអ្វីទៅដែលធ្វើឲ្យយើងមានអារម្មណ៍ល្អលើការងាររបស់យើង?” ចម្លើយដ៏ភ្ញាក់ផ្អើលនោះគឺថា “ពួកយើងភាគច្រើនជោគជ័យ ដោយការបង្កើតការរីកចម្រើនជាប្រចាំ និងដឹងពីគោលបំណងរបស់ខ្លួន។”
អាស្រ័យហេតុនេះហើយ ក្រុមហ៊ុនដែលមានគុណតម្លៃស្នូលរឹងមាំ (Core Value) ស្តែងឲ្យឃើញពីខ្លួនឯងបានយ៉ាងច្បាស់ ដែលអាចទាក់ទាញ និងរក្សាទុកបុគ្គលិកដែលស្រឡាញ់អ្វីដែលពួកគេធ្វើ និងបំពេញការងារយ៉ាងអស់ពីសមត្ថភាព ដោយមិនអាចប្រកែកបាន។
ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ៩ នៃការចងក្រងវប្បធម៌ក្រុមហ៊ុន៖
១. គុណតម្លៃនាំមកនូវស្ថេរភាព
នៅពេលក្រុមហ៊ុនថ្មីបង្កើនចំនួនបុគ្គលិកទ្វេដង បាត់បង់អតិថិជនដ៏ធំមួយ ទទួលមូលនិធិដ៏សំខាន់ ការប្រែប្រួលដ៏ធំខាងមុខអាចបង្កើតការព្រួយបារម្ភ និងភាពមិនច្បាស់លាស់សម្រាប់បុគ្គលិក។ ដើម្បីបញ្ជៀសបញ្ហានេះ សហគ្រិន និងអ្នកគ្រប់គ្រងក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់ជាពិសេស ក្នុងការបង្ហាញ និងពង្រឹងគុណតម្លៃស្នូលរបស់ក្រុមហ៊ុន។ ប្រការនេះផ្តល់ឲ្យបុគ្គលិកនូវសុវត្ថិភាព និងស្ថេរភាពដែលពួកគេត្រូវការ ដើម្បីបន្តភាពរីករាយ ផលិតភាព និងភាពជោគជ័យ។
២. គុណតម្លៃបង្កើតគណនេយ្យភាព
បុគ្គលិក ដែលប្រកាន់យកការទទួលខុសត្រូវទាំងស្រុងលើសកម្មភាពរបស់ខ្លួន តែងតែជាបុគ្គលិកគួរឲ្យជឿជាក់និងទុកចិត្តបាន។ នៅក្នុងក្រុមហ៊ុន ដែលបុគ្គលិកទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមក និងក្រុមហ៊ុនទាំងមូល ពួកគេខំប្រឹងធ្វើការដើម្បីបង្កើតលទ្ធផលដែលមានន័យ និងជៀសវាងធ្វើឲ្យសហការីខ្លូនអាក់អន់ចិត្ត។
៣. គុណតម្លៃបណ្តុះការលះបង់ និងភាពស្មោះត្រង់
យោងតាមគេហទំព័រ Monster.com បានឲ្យដឹងថា “ជោគជ័យដ៏យូរអង្វែងរបស់ក្រុមហ៊ុន អាស្រ័យភាគច្រើនទៅលើគុណភាព និងភាពស្មោះត្រង់របស់បុគ្គលិក។” គុណតម្លៃដ៏មុតមាំធ្វើឲ្យបុគ្គលិកផ្សារភ្ជាប់គ្នា និងរារាំងមិនឲ្យបុគ្គលិកថ្មី និងចាស់ចាកចេញពីក្រុមហ៊ុន។ បុគ្គលិកដែលស្រឡាញ់ការងារដែលពួកគេធ្វើ និងមនុស្សដែលពួកគេធ្វើការជាមួយ នឹងស្ថិតនៅក្នុងក្រុមហ៊ុនយូរ។
៤. គុណតម្លៃជម្រុញកិច្ចសហការគ្នា
កង្វះគុណតម្លៃក្នុងកន្លែងការងារ អាចធ្វើឲ្យបុគ្គលិកដាច់ចេញពីគ្នា។ ផ្ទុយទៅវិញ ក្រុមហ៊ុនដែលមានគុណតម្លៃរឹងមាំធ្វើឲ្យបុគ្គលិករួមគ្នា។ បុគ្គលិកដែលចង់សម្រេចបេសកកម្មមិនសូវមានភាពអាត្មានិយមនោះទេ ហើយថែមទាំងគាំទ្រគ្នាទៅវិញទៅមកទៀតផង។ ក្រុមដែលរួមសហការគ្នា បង្កើតលទ្ធផលបានកាន់តែល្អ ដោយសារពួកគេធ្វើការរួមគ្នា។
៥. គុណតម្លៃកំណត់សេវាកម្មអតិថិជន
មានមូលហេតុដែល ក្រុមហ៊ុន Zappos ផ្តល់សេវាកម្មអតិថិជនបានល្អបំផុត។ គុណតម្លៃស្នូលរបស់ក្រុមហ៊ុននេះ គឺ “ផ្តល់ជូនភាពល្អអត់ខ្ចោះ (WOW) ដល់អតិថិជនតាមរយៈសេវាកម្ម។” ក្រុមហ៊ុនដែលជ្រើសរើសផ្តល់អទិភាពដល់សេចក្តីត្រូវការបស់អតិថិជន អាចប្រែក្លាយអតិថិជនមិនពេញចិត្ត ទៅជាអ្នកគាំទ្រដ៏ស្មោះត្រង់នឹងផលិតផលរបស់ខ្លួនបានយ៉ាងងាយស្រួល។
៦. គុណតម្លៃជួយដល់ការលក់ផលិតផលរបស់អ្នក
នៅពេលអតិថិជនទទួលយកគុណតម្លៃរបស់ក្រុមហ៊ុន ពួកគេងាយនឹងគាំទ្រក្រុមហ៊ុនរបស់អ្នក។ ស្មារតីសប្បុរសរបស់ក្រុមហ៊ុន Warby Parker បានសាយភាយទៅគ្រប់អតិថិជនរបស់ខ្លួន។ រាល់វ៉ែនតាដែលពួកគេលក់បាន ពួកគេបរិច្ចាកមួយទៀតទៅឲ្យអង្គការសប្បុរសធម៌។ ដោយមានតម្លៃទាប អតិថិជនគិតថាវាមានតម្លៃថោកជាងធម្មតា ដែលអាចផ្តល់ជូនទៅអ្នកដែលត្រូវការ និងអាចបានទិញវ៉ែនតាទាន់សម័យមួយទៀត។
៧. គុណតម្លៃរៀបចំគោលដៅផ្ទាល់ខ្លួនឲ្យត្រូវនឹងគោលដៅក្រុមហ៊ុន
ជាជាងចាត់វិធានការដើម្បីសុវត្ថិភាពការងាររបស់ខ្លួន ឬធានាការឡើងតំណែងរបស់ខ្លួន បុគ្គលិកចំណាយពេលកាន់តែច្រើនឡើងផ្តោតលើគំនិតផ្តួចផ្តើមដែលនឹងជួយក្រុមហ៊ុនទទួលបានការរីកចម្រើនកាន់តែប្រសើរ។ បុគ្គលិកកំពុងបំពេញការងារប្រើវិធីសាស្រ្តគ្រប់ចំនុចដើម្បីដោះស្រាយបញ្ហា និងកំណត់អទិភាពកិច្ចការដែលត្រឹមត្រូវសម្រាប់ក្រុមហ៊ុន។
៨. គុណតម្លៃបង្កើនការយល់ដឹងពីខ្លួនឯង
បេសកកម្មច្បាស់់លាស់ផ្តល់អំណាចបុគ្គលិក ដើម្បីងាយស្រួលបែងចែកអ្វីខុសអ្វីត្រូវ។ ប្រការនេះក៏ជួយអ្នកគ្រប់គ្រងនិងបុគ្គលិករៀនពីកំហុសរបស់ខ្លួន ដើម្បីក្លាយជាមនុស្សកាន់តែប្រសើរ និងធ្វើការងាររបស់ខ្លួនកាន់តែល្អ។
៩. គុណតម្លៃជម្រុញការសន្ទនាវែកញែក និងការប្រឆាំង
ក្រុមហ៊ុនជោគជ័យត្រូវការតុល្យភាព ដោយមានព័ត៌មានតបដែលចេញពីគ្រប់សមាជិកនៃក្រុមហ៊ុន។ ការសន្ទនាដោយបើកចំហរប្រព្រឹត្តទៅបាន នៅពេលសមាជិកក្រុម ញ៉ាំងឲ្យសមាជិកម្នាក់ៗពិចារណាពីរបៀបដែលសេចក្តីសម្រេចចិត្តថ្មីមានឥទ្ធិពលលើគុណតម្លៃស្នូល និងការរីកចម្រើនយូរអង្វែងរបស់ក្រុមហ៊ុន។
ក្រុមហ៊ុនថ្មី ដែលសង្ឃឹមថានឹងបង្កើតមុខជំនួញដែលអតិថិជន វិនិយោគិន និងបុគ្គលិកស្ញើចសរសើរ គួរតែបង្កើត និងជម្រុញគុណតម្លៃរឹងមាំរបស់ក្រុមហ៊ុនជាប្រចាំ។
សម្រួលពី៖ Entrepreneur
អត្ថបទទាក់ទង