តើការបង្កើតអាជីវកម្មជាមួយមិត្តភក្តិ ល្អ ឬ មិនល្អ?

តើអ្នកធ្លាប់គិតចង់ចាប់ផ្តើមមុខជំនួញណាមួយជាមួយមិត្តភក្ដិឬអត់? អ្នកប្រហែលជាធ្លាប់និយាយជាមួយមិត្តជិតដិតរបស់អ្នកពីគំនិតអាជីវកម្មណាមួយដែលអ្នកចង់បង្កើតជាមួយគ្នា។ តើអ្នកមានធ្លាប់គិតឬទេថា ការចាប់ផ្តើមអាជីវកម្មជាមួយមិត្តជិតដិត ជាការលំបាក ព្រោះពេលចាប់ផ្តើមអ្នកនឹងឈានមួយជំហានពីការដើរលេង ផឹកស៊ីជាមួយគ្នា មកជាការស្រាវជ្រាវទីផ្សារ រៀបចំចាត់ចែងការងារ ថវិកា រហូតពេលខ្លះឈានដល់មើលបំណាំប្រៀបធៀបលទ្ធផលរវាងគ្នាកើតជាជម្លោះក៏មាន។ អញ្ចឹងសួរថា តើការបង្កើតមុខជំនួញជាមួយមិត្តភក្ដិមិនអាចទៅរួចទេមែនទេ? អាចទៅរួច តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមិនចង់ឲ្យសម្ពន្ធភាពយូរឆ្នាំត្រូវរលាយដូចអំបិលត្រូវទឹកទេនោះ។ យើងនឹងលើកយកចំណុចល្អ ចំណុចមិនល្អ និងចំណុចអាក្រក់ខ្លាំងពីការចាប់ដៃគូធ្វើអាជីវកម្មជាមួយមិត្តភក្ដិមកបង្ហាញដូចខាងក្រោម៖

១. ចំណុចល្អ

  • និយាយឆាប់ចូលគ្នា៖ ជាមិត្តភក្ដិនឹងគ្នា ការប្រាស្រ័យទាក់ទងគ្នាក្នុងការងារអាចងាយយល់ព្រោះធ្លាប់យល់ចិត្តគ្នាស្រាប់។
  • យល់ពីចំណុចខ្លាំងនិងចំណុចខ្សោយគ្នាច្បាស់៖ ការយល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់គ្នាច្បាស់គឺមានភាពងាយស្រួលក្នុងការបែងចែកតួនាទី និងទំនួលខុសត្រូវថា នរណាគួរធ្វើអ្វី នរណាគួរចាត់ចែងអ្វី។ អ្នកអាចដាក់តួនាទីទៅតាមជំនាញដែលមិត្តភក្ដិរបស់អ្នកខ្លាំង និងតួនាទីដែលអ្នកជំនាញ។

២. ចំណុចមិនល្អ

  • មានបណ្តាញតែមួយ៖ បណ្តាញមានសារៈសំខាន់សម្រាប់អាជីវកម្មដំបូង។ តែការធ្វើជំនួញជាមួយដៃគូ អ្នកអាចមិនមានបណ្តាញថ្មី បើមិនបែងចែកគ្នាឲ្យច្បាស់ថា នរណាគួរទៅកន្លែងណា ជួបនរណាឲ្យច្បាស់លាស់ទេ។
  • ពិបាកទទួលបញ្ជាពីមិត្តភក្តិ៖ ធម្មជាតិរបស់មនុស្ស គឺចូលចិត្តស្តាប់ការបញ្ជាតែពីមេកើយប៉ុណ្ណោះ។ ពេលខ្លះ បើទោះជាមិត្តភក្តិអ្នកមានតួនាទីធំជាងក្នុងក្រុមហ៊ុនក៏ដោយ វាពិបាកដែរក្នុងការស្តាប់ ហើយធ្វើតាម ព្រោះធម្មតាមិត្តភក្តិច្រើនតែគិតថា ខ្លួនមានតួនាទីស្មើគ្នា។
  • អាចបែកបាក់សម្ពន្ធភាព៖ ពេលលុយចូលមកដល់ មិត្តភាព សម្ព័ន្ធភាព អាចនៅមួយឡែក។ មិត្តម្នាក់ អាចចង់បានចំណែកច្រើនជាង ដោយគិតថាខ្លួនធ្វើច្រើនជាង ល្អជាង ដោយមិនគិតលទ្ធផលជាក្រុម។ លើកលែងតែមានការបែងចែកច្បាស់រវាងមិត្តភាព និងការងារនៅពេលវេលាខុសគ្នា គឺពេលធ្វើការ និងនៅខាងក្រៅ។

៣. ដំបូន្មាន

បើចង់ចាប់ផ្តើមអាជីវកម្មជាមួយមិត្តភក្ដិ កុំចាប់ផ្តើមដោយសារគិតថា ធ្វើជាមួយមិត្តភក្តិ គឺងាយស្រួល និងរីករាយ។ ចូរគិតថា តើមិត្តភក្តិរបស់អ្នកមានជំនាញខុសពីអ្នក ដែលអាចជំរុញការងារឲ្យកាន់តែលឿន និងបានលទ្ធផលល្អឬអត់? បើអ្នកយល់គ្នា និងពូតដៃគ្នាជាធ្លុងមួយ ជោគជ័យនឹងរត់មករកអ្នកកាន់តែលឿន។

សម្រួលពី៖ Should You Start Your Next Business With a Friend?, American Express


អត្ថបទទាក់ទង

ការណែនាំចំនួន ៥ ស្ដីអំពីប្រតិបត្តិការអាជីវកម្មដំបូង

Leave a Reply

Your email address will not be published. Required fields are marked *