អ្នកអាចជាមនុស្សដែលជោគជ័យផ្នែកហិរញ្ញវត្ថុនៅពេលអនាគត បើអ្នកមានលក្ខណៈសម្បត្តិពិសេសៗ១៩ចំណុចនេះ
មនុស្សយើងទាំងអស់ក្នុងលោកយើហនេះ មិនថាអ្នកមាន ឬអ្នកក្រ គឺសុទ្ឋតែមាន២៤ម៉ោងក្នុងមួយថ្ងៃដូចគ្នា។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកមានខុស ពីអ្នកក្រនោះ គឺស្ថិតនៅត្រង់ថា តើមនុស្សពីរនាក់នេះមានទម្លាប់ និងផ្នត់គំនិតបែបណាដើម្បីប្រើប្រាស់ពេលវេលាទាំងនេះឲ្យមានប្រយោជន៍សម្រាប់បង្កើតប្រាក់ចំណូលរបស់ខ្លួន។ យ៉ាងណាមិញ អ្នកនឹងក្លាយជាអ្នកដែលជោគជ័យផ្នែកហិរញ្ញវត្ថុនៅពេលអនាគតប្រសិនបើអ្នកមើលឃើញខ្លួនឯងថា អ្នកមានចំណុចទាំងអស់ខាងក្រោមនេះ៖
១. ចេះរកលុយតាំងពីក្មេង
ផ្នត់គំនិតធ្វើជាអ្នករកស៊ី ដោយផ្តើមចេញពីការចេះរកប្រាក់ចំណូលតាំងពីក្មេង គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលធ្វើឲ្យបុគ្គលម្នាក់ក្លាយជាអ្នកជោគជ័យផ្នែកហិរញ្ញវត្ថុនៅពេលធំឡើង។ មហាសេដ្ឋី Mark Cuban ធ្លាប់លក់ថង់ដាក់សម្រាមតាំងពីអាយុ ១២ឆ្នាំ ពេលធំឡើងលោកក៏ក្លាយជាមហាសេដ្ឋី។
២. ជាមនុស្សមានមហិច្ឆតាធំ
ខណៈដែលមនុស្សទូទៅមានក្តីស្រមៃចង់រកលុយត្រឹមខ្ទង់ម៉ឺនដុល្លារ មនុស្សដែលមានផ្នត់គំនិតជាអ្នកជោគជ័យផ្នែកហិរញ្ញវត្ថុ គឺមានមហិច្ឆតាចង់រកលុយរាប់ពីរាប់លានដុល្លារឡើងទៅ ពោលគឺចង់រកលុយឲ្យបានកាន់តែច្រើនគ្មានដែនកំណត់។
៣. ជាមនុស្សទាក់ទាញ
ការស្រាវជ្រាវមួយរបស់ សាកលវិទ្យាល័យ Texas បានឲ្យដឹងថា មនុស្សដែលមានភាពទាក់ទាញ អាចរកចំណូលលើសពីមនុស្សទូទៅយ៉ាងហោចណាស់ក៏ពី ៣% ទៅ ៤% ដែរ។
៤. ជាមនុស្សសកម្ម
មនុស្សសកម្ម គឺជាប្រភេទមនុស្សដែលមិនចូលចិត្តនៅទំនេរ សកម្មនឹងការងារ ចេះឆក់យកឱកាស មិនពឹងលើព្រេងវាសនា ទាំងនេះគឺជាសញ្ញាណល្អនៅក្នុងការកសាងទ្រព្យសម្បត្តិ។
៥. ជាមនុស្សមិនចូលចិត្តបង្អែបង្អង់យូរ
មនុស្សដែលមានផ្នត់គំនិតចូលចិត្តចាប់ផ្តើមធ្វើអ្វីភ្លាមៗ មិនចេះបង្អែបង្អង់យូរ មិនដេករង់ចាំឱកាស ឬពេលវេលាល្អបំផុតមកដល់ មិនយូរមិនឆាប់បុគ្គលនេះនឹងអាចក្លាយជាជោគជ័យផ្នែកហិរញ្ញវត្ថុ។
៦. ជាមនុស្សផ្ដោតលើការរកចំណូលបន្ថែមឲ្យកាន់តែច្រើនជាជាងគិតតែពីសន្សំលុយ
នេះគឺជាលក្ខណៈសម្បត្តិមួយទៀតរបស់អ្នកជោគជ័យផ្នែកហិរញ្ញវត្ថុ ព្រោះនៅពេលដែលបុគ្គលនោះដាស់តឿនខ្លួនឯងឲ្យរកប្រាក់ចំណូលឲ្យបានកាន់តែច្រើន ជាងចំណាយ តាមរយៈចំណេះដឹងវិនិយោគពីប្រាក់សន្សំរបស់ខ្លួនដើម្បីឲ្យលុយចេញទៅរកលុយដោយខ្លួនឯង។
៧. ជាមនុស្សមានគំនិតទូលំទូលាយ
មនុស្សដែលមានគំនិតទូលំទូលាយ មានគំនិតច្នៃប្រឌិត មើលអនាគតបានវែងឆ្ងាយ ស្គាល់ពីឱកាសរកលប្រាក់ចំណូល ស្គាល់ពីទីផ្សារច្បាស់លាស់ និងស្គាល់ពីមនុស្សដែលត្រូវទំនាក់ទំនងដើម្បីកសាងភាពជោគជ័យលើទ្រព្យសម្បត្តិរបស់ខ្លួន។
៨. មានចំណងមិត្តភាព និងមនុស្សរាប់អានច្រើននៅមហាវិទ្យាល័យ
សាកលវិទ្យាល័យ Essex របស់អង់គ្លេសបានរកឃើញថា មនុស្សដែលមានមិត្តភាពរាប់អាន ឬអ្នកស្គាល់ច្រើនជាពិសេសនៅថ្នាក់មហាវិទ្យាល័យមានឱកាសជោគជ័យដល់ទៅ ១០% ខ្ពស់ជាងមនុស្សទូទៅ។
៩. អាចរស់នៅតាមបែបសាមញ្ញ
លក្ខណៈសម្បត្តិរួមមួយទៀតដែលមើលឃើញជាទូទៅនៅក្នុងចំណោមក្រុមអ្នកជោគជ័យផ្នែកហិរញ្ញវត្ថុ គឺពួកគេជាមនុស្សសាមញ្ញ មិនចូលចិត្តប្រើប្រាស់របស់ថ្លៃៗសម្ញែងអួតដាក់អ្នកដទៃនោះឡើយ។
១០. ជាមនុស្សមិនប្រើអារម្មណ៍មកគ្រប់គ្រងការចំណាយរបស់ខ្លួន
ខណៈដែលអ្នកក្រភាគច្រើនចូលចិត្តទិញរបស់ថ្លៃៗ តែមិនចាំបាច់ លក្ខណៈសម្បត្តិបែបអ្នកជោគជ័យផ្នែកហិរញ្ញវត្ថុវិញ គឺពួកគេមិនប្រើអារម្មណ៍មកគ្រប់គ្រងការចំណាយរបស់ខ្លួនឡើយ។ ដោយសារតែការកសាងទ្រព្យវាជារឿងលំបាក ការសន្សំសំចៃលើការចាយវាយ មិនទិញរបស់ឥតប្រយោជន៍ គឺជាគ្រឹះដ៏សំខាន់មួយក្នុងការកសាងភាពមានបាននៅពេលអនាគត។
១១. មានមនុស្សជំនិត ឬគ្រូបង្គោលសម្រាប់ណែនាំផ្លូវ
មនុស្សដែលមានអ្នកប្រឹក្សា ឬគ្រូបង្គោលសម្រាប់ជួយតម្រង់ផ្លូវអប់រំចិត្តសាស្ត្រ គោលដៅជីវិត និងរបៀបធ្វើជំនួញរកលុយនឹងមានពន្លឺក្នុងការទទួលបានមាគ៌ាភាពជោគជ័យហិរញ្ញវត្ថុ។
១២. ជាមនុស្សមិនអណ្ដែតអណ្ដូងញាំញីនឹងរឿងអតីតកាលឥតប្រយោជន៍
រស់នៅតាមបែបអ្នកជោគជ័យផ្នែកហិរញ្ញវត្ថុ គឺយកការបរាជ័យ និងបទពិសោធន៍មិនល្អពីអតីតកាល មកបម្លែងទៅជាភាពជោគជ័យនៅពេលបច្ចុប្បន្ន និងពេលអនាគត។ មនុស្សដែលមិនអណ្ដែតអណ្ដូងញាំញីនឹងរឿងអតីតកាលឥតប្រយោជន៍ គឺជាមនុស្សដែលមានឆន្ទ:ល្អ ចិត្តរឹងប៉ឹង និងផ្តោតលើរឿងវិជ្ជមាននៅពេលអនាគតជាចម្បង។
១៣. ជាមនុស្សមានគោលដៅច្បាស់លាស់
អត្តចរិតរបស់អ្នកជោគជ័យផ្នែកហិរញ្ញវត្ថុ គឺចូលចិត្តធ្វើអ្វីមួយតាមផែនការច្បាស់លាស់ ដូចជាការរៀបចំគោលដៅរកប្រាក់ចំណូល ក្នុងរយៈពេលខ្លី និងរយៈពេលវែង។ មនុស្សបែបនេះមានយុទ្ធសាស្ត្រ និងមធ្យោបាយដើម្បីសម្រេចគោលដៅតាមអ្វីដែលខ្លួនចង់បាន។
១៤. ជាមនុស្សដែលស្គាល់ពីចំណុចខ្លាំងរបស់ខ្លួន
លក្ខណៈសម្បត្តិរបស់មនុស្សដែលជោគជ័យហិរញ្ញវត្ថុ គឺជាមនុស្សដែលមិនមែនព្យាយាមធ្វើការអ្វីដែលមិនមែនជាទេពកោសល្យរបស់ខ្លួន។ គ្រប់អ្នកមាននៅលើលោកយើងនេះសុទ្ធតែជាមនុស្សដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន។ ពួកគេស្រលាញ់ពេញចិត្តនូវមុខរបរការងារ ឬជំនាញដែលខ្លួនកំពុងធ្វើ ហើយខិតខំអភិវឌ្ឍវាឲ្យកាន់តែរីកចម្រើនជាលំដាប់។
១៥. ជាមនុស្សមានសុទិដ្ឋិនិយម
មនុស្សដែលមានសុទិដ្ឋិនិយម នឹងគិតពីរឿងវិជ្ជមាននៅក្នុងជីវិត។ មនុស្សដែលមានផ្នត់គំនិតវិជ្ជមាន នឹងមើលឃើញរឿងរ៉ាវល្អៗនៅជុំវិញខ្លួន។ មនុស្សប្រភេទនេះទទួលស្គាល់បញ្ហាប្រឈមដែលនឹងកើតមានឡើង មិនត្អូញត្អែរ ឬយកលេសច្រើន ហើយចេះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាទាំងនោះដែលជាបច្ច័យល្អជួយដល់ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ។
១៦. ជាមនុស្សចេះញាំស្រា តែមិនជក់បារី
សាកលវិទ្យាល័យ Columbia បានរកឃើញថា មនុស្សស្រីដែលចេះទទួលទានស្រា មានឱកាសជោគជ័យ ២១% ជាងមនុស្សស្រីដែលមិនទទួលទានស្រា។ ទោះបីជាយ៉ាង មិនថាមនុស្ស ឬមនុស្សប្រុសនោះទេ ខ្ញុំមិនលើកទឹកចិត្តឲ្យទទួលទានស្រា ឬគ្រឿងស្រវឹងនោះទេ ជាពិសេសការទទួលទានរហូតមានបញ្ហាសុខភាព ក៏ដូចជាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ដើម្បីគ្រាន់តែទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុនោះទេ។
១៧. ជាមនុស្សក្លាហាន និងមានទំនុកចិត្តលើខ្លួនឯង
មនុស្សដែលមានទំនុកចិត្តលើខ្លួនឯង មិនភ័យខ្លាច ឬតក់ស្លុតទៅនឹងបញ្ហាប្រឈមដែលនឹងកើតមាននៅជុំវិញខ្លួនឯងនោះឡើយ។ មនុស្សប្រភេទនេះជឿលើសមត្ថភាពរបស់ខ្លួន និងអាចតតាំងបានគ្រប់កាលៈទេសៈដោយយកគំនិតបញ្ញារបស់ខ្លួនធ្វើជាយានសម្រាប់ដោះស្រាយបញ្ហាចំពោះមុខដែលនេះ គឺជាគុណសម្បត្តិទូទៅរបស់អ្នកជោគជ័យផ្នែកហិរញ្ញវត្ថុ។
១៨. ជាមនុស្សចូលចិត្តតាមដានព្រឹត្តិការណ៍នៅពេលបច្ចុប្បន្ន
ការអានសៀវភៅ កាសែត សារព័ត៌មាន និងឯកសារផ្សេងៗ គឺជាចំណង់ចំណូលចិត្តមួយរបស់អ្នកជោគជ័យផ្នែកហិរញ្ញវត្ថុហើយ។
១៩. ជាមនុស្សដែលសិក្សារៀនសូត្រជាប្រចាំ
មនុស្សដែលមានផ្នត់គំនិតជាអ្នកជោគជ័យផ្នែកហិរញ្ញវត្ថុ នឹងបែងចែកពេលវេលាមួយផ្នែកមកសិក្សារៀនសូត្រស្រាវជ្រាវអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែម។ អ្នកជោគជ័យផ្នែកហិរញ្ញវត្ថុ តម្កល់ផ្នត់គំនិតមួយ គឺបន្តសិក្សារៀនសូត្រជាប់រហូតមិនឈប់ឈរ (Life Long Learning) ទោះបីជាស្ថិតនៅក្នុងវ័យណាក៏ដោយ។
តើអ្នកមានប៉ុន្មានចំណុច ក្នុងចំណោម១៩ចំណុចខាងលើ? សូមដាក់ពិន្ទុឲ្យខ្លួនអ្នក និងរកចំណុចដែលអ្នកមានទៅរក្សា ពង្រឹង ពង្រីកបន្ថែម ហើយបង្កើត និងអភិវឌ្ឈចំណុចដែលអ្នកមិនទាន់មាន។
លោក Bill Gates បាននិយាយថា៖ “វាមិនមែនជាកំហុសរបស់អ្នក ប្រសិនបើអ្នកកើតជាអ្នកក្រ ប៉ុន្តែវាជាកំហុសរបស់អ្នក ប្រសិនបើអ្នកស្លាប់ជាអ្នកក្រ។” ដូចនេះ ទ្រព្យសម្បត្ដិ គឺជាជម្រើសមួយ ដែលយើងទាំងអស់គ្នាត្រូវតែធ្វើឱ្យបាន។
អត្ថបទទាក់ទង
សម្រង់សម្តីដ៏មានអត្ថន័យ ២០ឃ្លា របស់ ណាប៉ូឡេអុង ហ៊ីល អ្នកនិពន្ឋជនជាតិអាមេរិកដ៏ល្បីល្បាញ