តើការរួមបញ្ចូលគ្នា និងការទិញយកក្រុមហ៊ុនអាជីវកម្មខុសគ្នាដូចម្តេច?

ការរួមបញ្ចូលគ្នា និងការទិញយក គឺជាពាក្យពីរដែលមានការយល់ច្រឡំជាច្រើននៅក្នុងពិភពជំនួញ។ ពាក្យទាំងពីរនេះ ច្រើនតែសំដៅទៅលើការរួមចូលរបស់ក្រុមហ៊ុនពីរ ប៉ុន្តែមានភាពខុសគ្នា គឺទាក់ទងទៅនឹងកាលៈទេសៈដែលត្រូវប្រើ។

ការរួមបញ្ចូលគ្នាកើតឡើងនៅពេលដែលអង្គភាពពីរដាច់ដោយឡែកបញ្ចូលកម្លាំងគ្នាដើម្បីបង្កើតអង្គការរួមគ្នាថ្មី។ ទន្ទឹមនឹងនេះការទិញយកសំដៅទៅលើការកាន់កាប់អង្គភាពមួយដោយសហគ្រាសមួយទៀត។ ការរួមបញ្ចូលគ្នា និងការទិញយក អាចត្រូវបានធ្វើឡើងដើម្បីពង្រីកទីផ្សាររបស់ក្រុមហ៊ុនក្នុងការប៉ុនប៉ងបង្កើនតម្លៃរបស់ម្ចាស់ភាគហ៊ុន។

១. ការរួមបញ្ចូលគ្នា (Merger)

និយាយតាមច្បាប់ ការរួមបញ្ចូលគ្នាតម្រូវឱ្យក្រុមហ៊ុនចំនួនពីរបង្រួបបង្រួមទៅជាអង្គភាពថ្មីមួយដែលមានភាពជាម្ចាស់និងរចនាសម្ព័នថ្មី។ ការរួមបញ្ចូលគ្នាមិនតម្រូវឱ្យមានសាច់ប្រាក់តែម្តងនោះទេ ប៉ុន្តែវានឹងបន្ថយអំណាចបុគ្គលរបស់ក្រុមហ៊ុននីមួយៗ។

នៅក្នុងការអនុវត្តជាក់ស្តែង ការរួមបញ្ចូលគ្នាដែលប្រកបដោយភាពស្មើគ្នាមិនកើតឡើងញឹកញាប់នោះទេ។ វាមិនមែនជារឿងចម្លែកទេ ដែលក្រុមហ៊ុន២ មាននាយកប្រតិបត្តិ២ ផ្សេងគ្នាដែលយល់ព្រមលះបង់សិទ្ធិអំណាចខ្លះដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនោះ។ នៅពេលរឿងនេះកើតឡើងភាគហ៊ុនរបស់ក្រុមហ៊ុនទាំងពីរត្រូវបានលុបចេញហើយភាគហ៊ុនថ្មីត្រូវបានចេញក្រោមឈ្មោះនៃអត្តសញ្ញាណអាជីវកម្មថ្មី។

ការរួមបញ្ចូលគ្នាត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយថ្លៃប្រតិបត្តិការ ពង្រីកទីផ្សារថ្មី បង្កើនប្រាក់ចំណូល និងប្រាក់ចំណេញជាដើម។ ការរួមបញ្ចូលគ្នាគឺជារឿងស្ម័គ្រចិត្តរវាងក្រុមហ៊ុនទាំង២ហើយជាទូទៅកើតឡើងចំពោះក្រុមហ៊ុនដែលមានទំហំស្មើៗគ្នា។

២. ការទិញយក (Acquisition)

នៅក្នុងការទិញយក ក្រុមហ៊ុនថ្មីមិនលេចចេញជារូបរាងនោះទេ ផ្ទុយទៅវិញ ក្រុមហ៊ុនតូចគឺត្រូវបានលេបយក ហើយទ្រព្យសម្បត្តិរបស់ខ្លួនក្លាយជាផ្នែកមួយនៃក្រុមហ៊ុនធំ។ ការទិញយកពេលខ្លះត្រូវបានហៅថាការកាន់កាប់លេបយក ដែលមានអត្ថន័យអវិជ្ជមាន ដោយនេះទាក់ទងនឹងការបង្ខំលេបយកដោយមិនមានការស្ម័គ្រចិត្តពីក្រុមហ៊ុនម្ខាងទៀត។ ការទិញយកកើតឡើងនៅពេលដែលក្រុមហ៊ុនមួយកាន់កាប់រាល់ការសម្រេចចិត្តនៃការគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមហ៊ុនមួយផ្សេងទៀត។ ការទិញយកត្រូវការសាច់ប្រាក់ច្រើនដើម្បីអាចសម្រេចបាន។

ក្រុមហ៊ុនអាចទិញយកក្រុមហ៊ុនមួយផ្សេងទៀតដើម្បីទិញអ្នកផ្គត់ផ្គង់របស់ពួកខ្លួន ក្នុងរូបភាពដើម្បីបន្ថយថ្លៃដើមក្នុងមួយឯកតានៅក្នុងផលិតកម្ម។ ក្រុមហ៊ុនអាចនឹងសម្លឹងមើលការធ្វើឱ្យប្រសើរឡើងនូវចំណែកទីផ្សាររបស់ពួកគេ កាត់បន្ថយការចំណាយ និងពង្រីកលើការផលិតផលិតផលថ្មីជាដើម។ ក្រុមហ៊ុនអាចទិញក្រុមហ៊ុនមួយទៀតដើម្បីទទួលបានបច្ចេកវិទ្យារបស់ក្រុមហ៊ុននោះដើម្បីអាចជួយសន្សំការចំណាយដើមទុនលើការស្រាវជ្រាវជាដើម។ ឧទាហរណ៍: ដូចជាការទិញយកក្រុមហ៊ុន Instagram ដោយក្រុមហ៊ុន Facebook ជាដើម។

ពួកយើងបានលើកឡើងរួចមកហើយអំពីការរួមបញ្ចូលគ្នា និងការទិញយក (M&A) ដែលនេះគឺជាសកម្មភាពនៃការបង្រួបបង្រួមក្រុមហ៊ុន២ រួមទៅជាមួយគ្នា។ ប៉ុន្តែដើម្បីអ្វីទៅ?​ ហេតុអ្វីក្រុមហ៊ុនជាច្រើនមានចក្ខុដើរឆ្ពោះទៅរកផ្លូវរូបរួមមួយនេះ?

៣. ហេតុផលសម្រាប់ការរួមបញ្ចូលគ្នា និងការទិញយក (M&A)

  • ភាពស៊ីសង្វាក់គ្នា៖ ដោយការរួមបញ្ចូលគ្នានូវសកម្មភាពអាជីវកម្ម ប្រសិទ្ធភាពនៃការការដំណើរការជាទូទៅមានកើនឡើង ហើយការចំណាយក៏មានទំនោរធ្លាក់ចុះផងដែរ ព្រោះក្រុមហ៊ុននីមួយៗជាទូទៅត្រូវការចំណាយកម្លាំងរបស់ក្រុមហ៊ុនផ្សេងទៀត។
  • ការលូតលាស់៖ ការរួមបញ្ចូលគ្នាអាចផ្តល់អោយក្រុមហ៊ុនទទួលបាននូវឱកាសដើម្បីបង្កើនចំណែកទីផ្សាររបស់ខ្លួន ដែលនេះជាទូទៅកើតឡើងសម្រាប់ការទិញយកគូប្រកួតនៅក្នុងប្រភេទអាជីវកម្មដូចគ្នាដើម្បីពង្រីកទីផ្សាររបស់ខ្លួនបន្ថែម។
  • បង្កើនខ្សែសង្វាក់៖ តាមរយៈការទិញអ្នកផ្គត់ផ្គង់ ឬអ្នកចែកចាយរបស់ខ្លួន ក្រុមហ៊ុនអាចលុបបំបាត់ថ្លៃដើមទាំងមូល។ ជំនួសឲ្យការទិញគូរប្រកួតរបស់ខ្លួន នោះក្រុមហ៊ុនអាចទិញអ្នកផ្គត់ផ្គង់របស់ខ្លួន ដែលនេះអនុញ្ញាតឱ្យក្រុមហ៊ុនសន្សំលើតម្លៃដែលអ្នកផ្គត់ផ្គង់ពីមុនបានបន្ថែមលើការចំណាយរបស់ខ្លួន។ ចំពោះការទិញអ្នកចែកចាយ ក្រុមហ៊ុនច្រើនតែទទួលបានសមត្ថភាពក្នុងការដឹកជញ្ជូនផលិតផលចេញដោយចំណាយតិចជាងមុន។
  • លុបបំបាត់ការប្រកួតប្រជែង៖ ការទិញយកជាច្រើនត្រូវបានធ្វើការដើម្បីលុបបំបាត់គូប្រកួតរបស់ខ្លួន ដែលនេះត្រូវបានកើតឡើងចំពោះក្រុមហ៊ុនធំដែលមានលុយច្រើនទិញក្រុមហ៊ុនតូចៗថ្មីៗពោរពេញដោយភាពច្នៃប្រឌិតខ្ពស់។ ឧទាហរណ៍៖ ដូចជាក្រុមហ៊ុនFacebook ដែលទិញគូរប្រកួតរបស់ខ្លួនដូចជាក្រុមហ៊ុន Instagram​ ក្នុងតម្លៃ $១ ពាន់លាន និង Whatsapp ក្នុងតម្លៃ $១៩ ពាន់លានជាដើម។

សម្រួលពី៖ Investopedia


អត្ថបទទាក់ទង

អព្ភូតហេតុនៃ “ឥទ្ឋិពលកំណើនផ្គួប” ពីរឿងក្តារអុក ៦៤ ប្រឡោះការ៉េ

 

Leave a Reply

Your email address will not be published.