គន្លឹះសំខាន់ៗ ចំនួន៤ ក្នុងការចាប់ផ្តើមអាជីវកម្មជាមួយនឹងដើមទុនតិច
ប្រសិនបើអ្នកចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនរមួយ រឿងសំខាន់នោះ គឺថាត្រូវចាប់បើកអាជីវកម្មរបស់អ្នកពីណាទៅណា ហើយត្រូវធ្វើយ៉ាងណាដើម្បីចាប់ផ្ដើមអាជីវកម្មដោយមិនមានដើមទុន ឬដើមទុនតិចតួច។
១. ចូរចាប់ផ្ដើមដោយគំនិតរបស់អ្នក
ជំហាននេះមិនមែនជារឿងស្មុគស្មាញពិបាកយល់នោះទេ។ ដើម្បីចាប់ផ្ដើមអាជីវកម្មមួយបាន លុះត្រាតែអ្នកមានគំនិតថាអ្នកចង់ធ្វើអ្វីជាមុនសិន។ សូមយកគំនិតដែលអ្នកមានមកគិត វិភាគ និងស្រាវជ្រាវបន្ថែមឲ្យបានល្អិតល្អន់គ្រប់ជ្រុងជ្រោយ។
ជាមួយនឹងទូរស័ព្ទដែលអ្នកកំពុងតែអាននេះ អ្នកអាចប្រើ Google ដើម្បីស្រាវជ្រាវពីគំនិតដែលអ្នកគិតទុក ស្រាវជ្រាវថាតើគំនិតហ្នឹងពីមុនមក មានអ្នកគិតឃើញហើយឬនៅ ហើយប្រសិនបើមានហើយ តើអាជីវកម្មគេហ្នឹងដើរឬអត់? មានទីផ្សារប៉ុនណា? បើអ្នកធ្វើវា តើអាចមានឱកាសជោគជ័យឬអត់? ហើយតើអ្នកនឹងត្រូវប្រឈមជាមួយនឹងគូប្រកួតប្រជែងយ៉ាងណាខ្លះ?
ដំណាក់កាលនេះ ជាដំណាក់កាលគិតស្រមើស្រម៉ៃ ពង្រីកគំនិត និងវិភាគ ហើយអ្នកគួរតែចាំទុកក្នុងចិត្តនូវរឿងពីរ ប្រសិនបើអ្នកចង់ឱ្យអាជីវកម្មរបស់អ្នកជោគជ័យ។
- ទីមួយ អ្នកត្រូវតែគ្រាន់បើប្រសើរជាងអាជីវកម្មដៃគូរប្រកួតប្រជែងរបស់អ្នក ឬក៏
- ទីពីរ អ្នកត្រូវតែមានលក្ខណៈពិសេសជាងគេ និងខុសពីគេ។
ឧបមារថា អ្នកចង់លក់ការ៉េម។ គ្រាន់បើប្រសើរជាងអាជីវកម្មដែលជាដៃគូរប្រកួតប្រជែង មានន័យថា ការ៉េមរបស់អ្នកអាចមានតម្លៃធូរថ្លៃជាងគេ ឬឆ្ងាញ់ជាងគេ ឬក៏ធូរថ្លៃហើយឆ្ងាញ់ជាងគេទៀត។ ចំណែកឯ ពាក្យថាខុសគេវិញ ប្រៀបបានទៅនឹងការដែលអ្នកនិយាយថា អ្នកលក់ការ៉េមមួយបែបថ្មីមួយទៀត ឬក៏ឱ្យអតិថិជនប្រើប្រាស់កម្មវិធីតាមទូរស័ព្ទដើម្បីរចនា និងទិញការ៉េមដែលខ្លួនឯងចង់បានជាដើម។
ម៉្យាងទៀតនោះ សំណួរដែលអ្នកត្រូវសួរនោះ គឺថាតើអ្នកផ្តល់គុណតម្លៃអ្វីត្រឡប់ឱ្យអ្នកដែលចំណាយលុយមកទិញ ឬប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នកនោះ? តើអ្នកផ្ដល់គុណតម្លៃឱ្យអតិថិជនសមនឹងទឹកលុយដែលគេប្រគល់ឱ្យអ្នកឬទេ? ប្រសិនបើមិនទាន់ តើធ្វើយ៉ាងណាដើម្បីឱ្យបង្កើនគុណតម្លៃរបស់ផលិតផល ឬសេវាកម្មរបស់អ្នក? តើដៃគូរប្រកួតប្រជែងរបស់អ្នកផ្ដល់គុណតម្លៃដល់អតិថិជនគេ ដូចអ្នកឬទេ? គុណតម្លៃនៃផលិតផលអ្នកកាន់តែខ្ពស់ អត្រាជោគជ័យនៃផលិតផល ឬសេវាកម្មរបស់អ្នកកាន់តែច្រើន។
នៅមានសំណួរជាច្រើនទៀតដែលអ្នកត្រូវឆ្លើយ និងគ្រោងទុកជាមុន។ បន្ទាប់ពីអ្នកបានគ្រោងទុក គិត ពិចារណា និងអភិវឌ្ឍគំនិតរបស់អ្នកហើយ វាដល់ពេលដែលត្រូវធ្វើឱ្យគំនិតអ្នកក្លាយទៅជាការពិតហើយ។
២. ចូរធ្វើឱ្យគំនិតនោះក្លាយការពិត
បេនចាមីន ហ្វ្រែងឃ្លីន បានលើកឡើងថា “និយាយស្រួលទេ តែធ្វើបានវាលំបាក” ។ គំនិតមួយចំនួនត្រូវបានបំភ្លេច ឬកប់ចោល ដោយសារតែគិតហើយ មិនចេញទៅធ្វើ។ ហើយមនុស្សភាគច្រើន ជាប់គាំងនៅត្រង់កន្លែងហ្នឹង ដោយគេចេះតែនឹកឃើញគំនិតថ្មីៗមករហូត តែមិនដែលចេញទៅធ្វើសោះ។
ការដែលមានគំនិតជារឿងមួយល្អហើយ ប៉ុន្តែវានឹងគ្មានន័យអ្វីទាល់តែសោះឡើយ ប្រសិនបើអ្នកមិនប្រែក្លាយគំនិតនោះឲ្យទៅជាការពិត។ បើសាកល្បងហើយបរាជ័យ គ្រាន់បើជាងមិនដែលសាកសោះ។ គ្រាន់តែចាប់ផ្ដើមតាមគម្រោងដែលអ្នកគ្រោងទុកទៅ ហើយត្រូវជឿលើខ្លួនឯងថា អ្នកអាចធ្វើបាន។ អ្នកនឹងនឹកឃើញគំនិត វិធីធ្វើ វិធីដោះស្រាយបញ្ហា… នៅពេលដែលអ្នកចាប់ផ្ដើមដំណើរការគំនិតនោះ។
នៅពេលដែលអ្នកចាប់ផ្ដើមធ្វើតាមអ្វីដែលបានគ្រោងទុក និងតាមគំនិតអាជីវកម្មដែលអ្នកមាន អ្នកនឹងជួបនូវឧបសគ្គដែលអ្នកមិនរំពឹងថានឹងកើតឡើង ឧបសគ្គដែលអ្នកមិនធ្លាប់ជួបពីមុនមក។ ពេលនោះអ្នកនឹងត្រូវបង្ខំចិត្តខ្លួនឯងឱ្យនឹកនូវវិធីដោះស្រាយបញ្ហានៅចំពោះមុខ។ ជាលទ្ធផលគំនិតរបស់អ្នកអាចនឹងផ្លាស់ប្ដូរ ឬវិវត្តន៍ទៅជាអ្វីមួយទៀតដែលថ្មី ប្លែក ពិសេសជាងមុន ឬអស្ចារ្យជាងមុន។ បើអ្នកមិនធ្វើ អ្នកនៅតែមិនដឹង។
ការពិត អាចនឹងខុសខ្លាំងពីអ្វីដែលបានរំពឹងទុក។ អ្វីជាលទ្ធផលដំបូងរបស់អ្នក អាចនឹងមិនដើរតាមគម្រោងដែលគ្រោងទុក ប៉ុន្តែអ្វីដែលអ្នកអាចធ្វើបាននោះ គឺ អនុវត្ត ពិនិត្យ ហើយអភិវឌ្ឍ។ សូមចាត់ទុកវាដូចជាវដ្តមួយដែលដំណើរការចុះឡើងៗ។
ឧទាហរណ៍ ដូចជាម៉ាកទូរស័ព្ទដែលអ្នកកាន់ក្នុងដៃ បើអ្នកមើលផលិតផលទូរស័ព្ទដំបូងរបស់ក្រុមហ៊ុននោះ ហើយយកមកប្រើឥឡូវនេះ ជឿថាអ្នកប្រាកដជាមិនចូលចិត្តនោះទេ ប៉ុន្តែក្រុមហ៊ុននោះបានអភិវឌ្ឍផលិតផលរបស់គេបន្តិចម្ដងៗ ពីមុខងារមួយទៅមុខងារមួយ មួយឆ្នាំបន្តិចៗមិនចប់មិនចេះហើយ។
ពិតណាស់ អាជីវកម្មរបស់អ្នកប្រហែលជាមិនទាន់អាចទៅប្រៀបបានជាមួយក្រុមហ៊ុនលំដាប់ពិភពលោកបានទេ ប៉ុន្តែតើអ្នកនឹងដឹងអ្វីទៅ ប្រសិនបើអ្នកមិនចាប់ផ្ដើមប្រឡូកនោះ? តើអ្នកចង់ឱ្យគំនិតអ្នក នៅត្រឹមតែជាគំនិតដដែល? ឬក៏ចង់ឱ្យវាក្លាយទៅជាការពិត?
មានមនុស្សជាច្រើន មិនមានកម្លាំងចិត្តហ៊ាននឹងចាប់ផ្ដើម ដោយសារតែពួកគេគិតថាគំនិតរបស់គេនោះមិនទាន់ល្អប៉ុន្មាននោះទេ ហើយវានឹងបរាជ័យ។
៣. ចូរកុំប្រឹងឱ្យបានល្អឥតខ្ចោះ
នេះមិនមែនន័យថាផលិតផលរបស់់អ្នកធ្វើឱ្យតែរួចពីដៃនោះទេ ប៉ុន្តែការដែលប្រឹងធ្វើឱ្យបានល្អឥតខ្ចោះ ជាការធ្វើឱ្យខាតបង់ពេលវេលា។ រឿងដែលឈឺចាប់ជាងនេះទៅទៀតនោះ គឺពេលដែលអ្នកខំប្រឹងខ្លាំងហើយ តែលទ្ធផលវាមិនដូចអ្វីដែលអ្នករំពឹងទុក។
ជំនួសឱ្យការធ្វើឱ្យបានល្អឥតខ្ចោះ សូមប្រឹងធ្វើវាឱ្យលឿនតាមដែលអាចធ្វើបាន បង្ហាញទៅអ្នកដ៏ទៃ សួរពីចំណាប់អារម្មណ៍ និងទទួលយកមតិយោបល់របស់គេមកគិត អភិវឌ្ឍន៍ និងផលិតបន្តជាមួយនឹងកំណែទម្រង់ឱ្យល្អប្រសើរជាងមុន។
រឿងដែលសំខាន់បំផុតសម្រាប់ការចាប់ផ្ដើមបង្កើតអាជីវកម្មមួយ គឺការចាប់ផ្ដើមហ្នឹងតែម្ដង។ ក្រៅពីនេះ អ្នកត្រូវចេះអត់ធ្មត់ និងមានផ្នត់គំនិតដែលត្រូវ។ ប្រសិនបើគំនិតនោះមិនទាន់ដំណើរការល្អ សូមកុំទាន់បោះបង់ ចូរព្យាយាមផ្លាស់ប្ដូរវាបន្តិចម្តងៗ សម្របតាមស្ថានការណ៍បន្តិចម្តងៗ អ្នកនឹងអាចរកឃើញនូវវិធីដែលធ្វើឱ្យវាដំណើការបាន។
៤. តើការចាប់ផ្ដើមអាជីវកម្មបែបណាដែលមិនត្រូវការដើមទុន ឬក៏ត្រូវការដើមទុនតិច?
អ្នកអាចចាប់ផ្ដើមអាជីវកម្មបានដោយចំណាយដើមទុនតិច ឬក៏គ្មានដើមទុនបាន ប៉ុន្តែសួរថាងាយស្រួលឬអត់? ចម្លើយច្បាស់ជាពិបាកខ្លាំងណាស់។ ការដែលបង្កើតអាជីវកម្មមួយចេញមកបាន ជាកាលំបាកមួយទៅហើយ ទម្រាំតែបង្កើតអាជីវកម្មដោយអត់មានដើមទុនសោះ ឬដើមទុនតិច ពិតជាកាន់តែលំបាកទៅទៀត។
មិនមែនអាជីវកម្មទាំងអស់សុទ្ធតែចាប់ផ្ដើមដោយគ្នានដើមទុន ឬដើមទុនតិចបាននោះទេ។ ប៉ុន្តែសូមកុំទាន់អស់សង្ឃឹម អ្នកអាចយកគំនិត៣ខាងក្រោមនេះ ទៅគិតពិចារណាបាន៖
- ចាប់ផ្ដើមអាជីវកម្មមួយដែលទាក់ទងនឹងចំណេះដឹង ឬជំនាញរបស់អ្នក
- អាជីវកម្មនៅលើអ៊ីនធឺណេត (Facebook, Instagram, YouTube)
- ស្វែងរកអ្នកវិនិយោគ (អ្វីដែលសំខាន់ ត្រូវជឿលើគំនិតខ្លួនឯង មានលក្ខណៈច្បាស់លាស់ មានគម្រោងអាជីវកម្មត្រឹមត្រូវ)
អ្នកអាចចាប់ផ្ដើមអាជីវកម្មមួយដែលប្រើដើមទុនតិចតួចបាន ប៉ុន្តែអ្វីដែលទាញអ្នកមិនឱ្យចាប់ផ្ដើមនោះ គឺភាពឆ្នៃប្រឌិត និងភាពក្លាហានហ៊ានក្នុងការទទួលការប្រថុយប្រថានរបស់អ្នក។
យ៉ាងណាមិញ នេះគ្រាន់តែជាគំនិតខ្លះៗប៉ុណ្ណោះ។ ជាការពិតណាស់ ដំណើរការនៃការចាប់ផ្ដើមអាជីវកម្មមួយ មិនអាចរៀបរាប់ដោយអត្ថបទរៀបរាប់ដ៏ខ្លីមួយទេ។ វាទាមទារឱ្យអ្នកសិក្សារៀនសូត្រ ពិនិត្យ ស្រាវជ្រាវ និងសង្កេតទៅលើអ្វីដែលនៅជុំវិញខ្លួនឲ្យបានច្រើន។
អត្ថបទទាក់ទង
គោលការណ៍ ទាំង៦ របស់ ស៊ុនអ៊ូ (Sun Tzu) និង សិល្បៈនៃអាជីវកម្ម (The Art of Business)