កត្តាចម្បងៗ ចំនួន៤ ដើម្បីដឹកនាំក្រុមឲ្យទទួលបានជោគជ័យ

ពេលក្រុមធ្វើការងារបានល្អ លទ្ធផលដែលទទួលបានក៏មានប្រសិទ្ធភាពខ្ពស់ដែរ។ ថាមពលនៃការធ្វើការរួមគ្នាដែលកើតចេញពីការរួបរួមជំនាញ បទពិសោធន៍ និងការលើកទឹកចិត្តនៅក្នុងក្រុម ធ្វើឲ្យក្រុមអាចឆ្លើយតបចំពោះការប្រែប្រួលនៃបច្ចេកវិទ្យា សេដ្ឋកិច្ច និងទីផ្សារ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពស្មុគស្មាញជាច្រើនឡើង។ ក្រុមដែលមានប្រសិទ្ធភាពនឹងអាចធ្វើការសម្រេចចិត្តបានល្អប្រសើរឡើង ដំណើរការបានឆាប់រហ័សឡើង និងដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត ជាងក្រុមដែលមានជំនាញ និងសមត្ថភាពខ្ពស់តែម្នាក់ៗធ្វើការរៀងៗខ្លួន។ វាជាការពិតណាស់ថា មនុស្សជាច្រើនមានសេចក្តីសុខ និងមានកម្លាំងចិត្តដែលបានធ្វើការជាក្រុម ដោយនោះគឺជាលទ្ធផលធ្វើឲ្យពួកគេមានលទ្ធផលប្រតិបត្តិការការដ៏ឆ្នើម។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗ ចំនួន៤ ដើម្បីដឹកនាំក្រុមឲ្យទទួលបានជោគជ័យ៖

១. ចក្ខុវិស័យរួម

នៅក្នុងក្រុមការងារនីមួយៗ មិនអាចខ្វះបានឡើយនូវចក្ចុវិស័យមួយឲ្យបានជាក់លាក់។ លើសពីនេះទៅទៀត អ្នកត្រូវប្រាកដថា ចក្ចុវិស័យដែលអ្នកបានជ្រើសរើសនោះ គឺជាស្មារតីរួមរបស់សមាជិកក្រុមទាំងអស់គ្នា ព្រោះវាជាឆន្ទៈដែលមានថាមពលខ្លាំងបំផុតក្នុងការបំពេញការងារឲ្យទទួលបានជោគជ័យ។ ដូច្នេះហើយ ​អ្នកត្រូវស្វែងរកឲ្យឃើញនូវចក្ខុវិស័យដែលមានឆន្ទៈរួមគ្នា្នមួយ ដើម្បីសម្រេចឲ្យដល់គោលដៅដែលបានកំណត់។

២. ទំនួលខុសត្រូវផែនការការងារ

សមាជិកក្រុមត្រូវត្រួតពិនិត្យមើលពីប្រតិបត្តិការឲ្យបានជាប់ជានិច្ច ដើម្បីធានាបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ជាពិសេសនោះ ត្រូវបង្កើតឲ្យមានការប្រជុំដែលមានភាពចាំបាច់ដល់ការរីកចម្រើននូវសកម្មភាពរវាងអ្នកដឹកនាំ និងក្រុមការងារជាប្រចាំ ដើម្បីធានាឲ្យបាននូវដំណើរការល្អប្រសើរ។

៣. ការធ្វើសេចក្តីសម្រេចចិត្តឲ្យបានច្បាស់លាស់

ទំហំនៃលទ្ធផលនៅក្នុងក្រុមហ៊ុន នឹងកើតឡើងដោយសារការប្តេជ្ញាចិត្តរបស់សមាជិកទាំងអស់ចំពោះការសម្រេចចិត្តរបស់ក្រុម ដោយរាប់បញ្ចូលទាំងការរៀបចំផែនការជាក់លាក់ផងដែរ។ ដូច្នេះបើសមាជិកក្រុមមានការប្តេជ្ញាចិត្តជារួមយ៉ាងរឹងមាំហើយ នោះក្រុមនឹងមិនអាចទទួលបានបរាជ័យបានឡើយ។

៤. ការទុកចិត្តលើសមាជិកក្រុម

ការកសាងទំនុកចិត្ត ពិតជាមានសារៈសំខាន់ខ្លាំណាស់។ ប្រសិនបើសមាជិកក្រុមណាម្នាក់មានមន្ទិលសង្ស័យ និងគ្មានការជឿជាក់លើគ្នាទេ​  នោះការបំពេញការងារក៏មិនអាចឈានទៅដល់ការសម្រេចគោលដៅបានដែរ។​​ ការបំពេញការងារក្រុម ចាំបាច់ត្រូវមានឆន្ទៈក្នុងការជឿជាក់លើសមាជិកក្រុមដទៃទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យរបស់ក្រុមដែលបានកំណត់។

សរុបជារួមមកវិញ ការប្រកួតប្រជែងលើអាជីវកម្មផ្នែកបច្ចេកវិទ្យាថ្មីៗ និងការអភិវឌ្ឍន៍ផ្សេងៗទៀតនាពេលបច្ចុប្បន្ននេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើតការងារជាក្រុមនៅក្នុងក្រុមហ៊ុនរបស់អ្នក។ បញ្ហាប្រឈមជាច្រើនដែលអ្នកប្រឈមមុខ គឺការគ្រប់គ្រង់ក្រុមឲ្យមានប្រសិទ្ធិភាពខ្ពស់។ គន្លឹះសំខាន់ៗក្នុងការធ្វើការងារជាក្រុមឲ្យបានជោគជ័យ ត្រូវផ្តោតលើគោលដៅរួម ជាមួយការទទួលខុសត្រូវរួម នៃសមាជិកក្រុមទាំងអស់។ ជាពិសេសនោះ អ្នកត្រូវបង្កើតយុទ្ធសាស្ត្រ​ និងផែនការសំខាន់ៗឲ្យបានច្បាស់លាស់នៅក្នុងក្រុមហ៊ុនរបស់អ្នក។


អត្ថបទទាក់ទង

ភាពជាអ្នកដឹកនាំ ១០១ : រឿងដែលអ្នកដឹកនាំគ្រប់រូបចាំបាច់ត្រូវដឹង

 

Leave a Reply

Your email address will not be published. Required fields are marked *