វិធានការចំនួន ៤ ដើម្បីរឹតបន្តឹងអាជីវកម្មដែលមានទីផ្សារផ្ដាច់មុខ
ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ គឺជាប្រព័ន្ធសេដ្ឋកិច្ចមួយដែលរាល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច និងការកំណត់តម្លៃលើទំនិញ និងសេវាត្រូវបានធ្វើឡើងដោយការព្រមព្រៀងគ្នារវាងអ្នកលក់ និងអ្នកទិញ ដែលគោលការណ៍នេះ រដ្ឋាភិបាល អាចធ្វើអន្តរាគមន៍តិចតួច ឬក៏មិនមានផង។ ផ្អែកទៅលើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ កម្ពុជា គឺជាប្រទេសមួយដែលអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលបើកទូលាយឱ្យពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរីនៅលើទីផ្សារ លើកលែងតែទំនិញ ឬសេវាកម្មទាំងឡាយណាដែលត្រូវបានហាមឃាត់ដោយច្បាប់។
ទីផ្សារផ្ដាច់មុខ (Monopoly Market) សំដៅដល់ទីផ្សារផ្គត់ផ្គង់ទំនិញ ឬសេវាកម្មដែលគ្មានគូរប្រកួតប្រជែង ហើយមានអ្នកផ្គត់ផ្គង់តែមួយដែលអាចគ្រប់គ្រងទីផ្សារផ្ដាច់មុខ។ ស្របពេលជាមួយគ្នានោះ វាបានន័យថា ឥទ្ធិពលលើការកំណត់តម្លៃនៅក្នុងទីផ្សារនឹងស្ថិតក្នុងដៃអ្នកផ្គត់ផ្គង់ផ្ដាច់មុខតែម្នាក់ រីឯឱកាសនៃការឈានចូលក្នុងទីផ្សារពីចំណូលថ្មីក៏ទាប ដោយសាររបាំងរបស់ទីផ្សារនោះអាចត្រូវបានកំណត់ដោយរដ្ឋាភិបាល ឬក្នុងលក្ខខណ្ឌជាម្ចាស់នៃកម្មសិទ្ធិអ្វីមួយ ឬដោយសារកត្តាពាក់ព័ន្ធផ្សេងទៀត។ ការដែលគ្មានដៃគូប្រកួតប្រជែងនឹងមានឥទ្ធិពលដល់សេដ្ឋកិច្ច ដែលមានអាជីវកម្មខ្នាតតូច និងមធ្យម ជាពិសេសគឺអ្នកប្រើប្រាស់។ ផលប៉ះពាល់ដែលអាចកើតមានឡើងមានដូចជា អ្នកទិញមិនមានជម្រើសក្នុងការសម្រេចចិត្តលើគុណភាពផលិតផល និងសេវាកម្ម ព្រមទាំងតម្លៃ ហើយក៏ប៉ះពាល់ដល់ដៃគូសហការផ្សេងៗក្នុងអាជីវកម្មផងដែរ។ បើនិយាយឲ្យចំ គឺអ្នកលក់ផ្ដាច់មុខមានសិទ្ធិអំណាចធំក្នុងការផ្គត់ផ្គង់ទំនិញ ក៏ដូចជាសេវាកម្មទៅតាមចិត្ត ឬយុទ្ធសាស្រ្តរបស់ពួកគេ។
តើមានអ្វីកើតឡើងបើទីផ្សារមានអ្នកផ្គត់ផ្គង់តែមួយ?
យ៉ាងណាមិញ បើបណ្ដោយឲ្យអ្នកលក់ផ្ដាច់មុខគ្រប់គ្រងទីផ្សារតាមចិត្តបែបនេះក្នុងរយៈពេលយូរ ច្បាស់ណាស់ថានឹងមានបញ្ហាជាច្រើនដែលគ្រប់គ្នាត្រូវប្រឈម។ ដូចនេះដើម្បីទប់ស្កាត់មិនឲ្យមានទីផ្សារផ្ដាច់មុខបែបនេះ ឬរឹតបន្តឹងអាជីវកម្មដែលមានទីផ្សារផ្ដាច់មុខ វិធានការដែលអាចធ្វើបានមានដូចជា៖
១. បទប្បញ្ញត្តិទៅលើការរួមបញ្ចូល
ជាការពិតណាស់ ក្នងវិស័យធុរកិច្ច ក្រុមហ៊ុនធំៗមានធនធានគ្រប់គ្រាន់ក្នុងការបង្កើតអំណាចទីផ្សារ និងពង្រីកនូវការគ្រប់គ្រងរបស់ខ្លួនតាមរយៈការទិញភាគហ៊ុនឬទិញក្រុមហ៊ុនផ្សេងៗក្នងវិស័យដូចគ្នាឬពាក់ព័ន្ធគ្នានោះតែម្ដង ដែលគេហៅថាការរួមបញ្ចូលនិងការទិញយក (Merger and Acquisition)។ ការរួមបញ្ចូលនិងទិញយកក្រុមហ៊ុននឹងធ្វើឲ្យក្រុមហ៊ុនធំនោះមានអំណាចលើទីផ្សារឈានដល់ការផ្ដាច់មុខទីផ្សារ។ ហេតុដូចនេះរដ្ឋាភិបាលត្រូវឃ្លាំមើល ហើយចាត់វិធានការនិងបទប្បញ្ញត្តិទៅលើការរួមបញ្ចូលនេះដើម្បីគ្រប់គ្រងស្ថានភាពក្នុងទីផ្សារ។ ជាក់ស្ដែងនៅប្រទេសថៃបានចេញប្បញ្ញត្តិថ្មីនៅខែកញ្ញា ២០២០ស្ដីពីច្បាប់នៃការរួមបញ្ចូលរបស់ក្រុមហ៊ុនធំៗ ជាហេតុ CP Group បានទិញយក Tesco’ Asia របស់ក្រុមហ៊ុនអង់គ្លេស។ ខណ:ពេលដែល CPGroup បានគ្រប់គ្រង 7 Eleven, Makro Cash និង Kerry ដឹកជញ្ជូនផងដែរ។ ដូចនេះទោះបីជា CP បានផ្ដាច់មុខលើទីផ្សារណាមួយក៏មានច្បាប់រឹតបន្តឹងនិងគ្រប់គ្រងពីលើដែរ។
២. បំបែកអំណាចទីផ្សារ
វិធានការមួយនេះគឺរដ្ឋាភិបាលជាអ្នកជ្រៀតជ្រែកទាំងស្រុង និងបំបែកមិនឲ្យមានដំណើរការលក់ផ្ដាច់មុខទេបើសិនជារដ្ឋាភិបាលសង្កេតឃើញថាទីផ្សារផ្ដាច់មុខនោះមានភាពប៉ះពាល់ខ្លាំងដល់អ្នកប្រើប្រាស់ និងដំណើរការសេដ្ឋកិច្ច។ ដូចករណីរដ្ឋាភិបាលថៃបានសិក្សាថា បើទីផ្សារនៃក្រុមហ៊ុនណាមួយក្តោបក្ដាប់លើសពី៧៥%នៃទីផ្សារសរុប នោះរដ្ឋាភិបាលថៃត្រូវបំបែកអំណាចទីផ្សារនោះដើម្បីការពារអំណាចរបស់អ្នកទិញ។
៣. ការកំណត់តម្លៃស្តង់ដារ
ការគ្រប់គ្រងតម្លៃដែលចេញពីរដ្ឋាភិបាលពិតជាសំខាន់ព្រោះជំនួញផ្ដាច់មុខបានធ្វើអោយអ្នកប្រើប្រាស់គ្មានជម្រើស។ ដូចនេះតម្លៃអាចធ្វើឲ្យមានផលប៉ះពាល់ដល់មហាជនដែលជាអ្នកប្រើប្រាស់ហើយអាចធ្វើឲ្យមានការចម្រូងចម្រាស់ឈានទៅរកការប្ដឹងប្តល់។ វិធីសាស្ត្រនេះអាចធ្វើអោយមានរបាំងទីផ្សារកាន់តែខ្ពស់ ហើយក្រុមហ៊ុនទាំងអស់នឹងអាចយកចិត្តទុកដាក់ទៅលេីផលិតកម្មព្រមទាំងសេវាកម្មបានប្រសេីរជាងមុន។
ឧទាហរណ៍ បើថ្លៃទឹកភ្លើងត្រូវបានឡើងថ្លៃមិនមានស្ដង់ដារត្រឺមត្រូវទេ នោះវានឹងប៉ះពាល់ដល់ហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់យ៉ាងខ្លាំង ដោយសារវាជាចំណាយមួយចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ ដូច្នេះតម្លៃត្រូវបានកំណត់ជាស្ដង់ដារ ដោយមានការឯកភាពពីសំណាក់រដ្ឋាភិបាលផងដែរ។
៤. ចាត់វិធានការដែលមានភាគហ៊ុនរដ្ឋ
ដើម្បីឲ្យក្រុមហ៊ុនដែលមានទីផ្សារផ្ដាច់មុខស្ថិតក្រោមការគ្រប់គ្រងត្រឹមត្រូវ រដ្ឋាភិបាលក៏អាចចេញវិធានការបែងចែកនិងកំណត់ភាគហ៊ុនរបស់ក្រុមហ៊ុនឯកជនឲ្យចូលគ្នាជាមួយរដ្ឋ ដែលអាចជា ៥០% ឯកជន ៥០%រ ដ្ឋឬ ៤០% ឯកជន និង ៦០% រដ្ឋ។ ការកំណត់បែបនេះ នឺងធ្វើឲ្យក្រុមហ៊ុននោះក្លាយជាកម្មសិទ្ធិរដ្ឋ និងមានសិទ្ធិក្នុងការសម្រេចណាមួយ ទៅតាមភាគហ៊ុនដែលរដ្ឋមាន។
ដោយឡែកនៅប្រទេសកម្ពុជាមិនទាន់មានការរឹតបន្តឹងច្បាស់លាស់ណាមួយទាក់ទងនឹងការប្រយុទ្ធប្រឆាំងទីផ្សារផ្ដាច់មុខនៅឡើយ។ នៅឆ្នាំ២០១៧ ខែមីនា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឳសានវាទជាថ្មីដល់ក្រុមហ៊ុនទូរសព្ទចល័តទៅលើការឃោសនាប្រកួតប្រជែង ទៅលើតម្លៃសេវាកម្មរបស់ខ្លួនដោយផ្ដល់នូវប្រូម៉ូសិនច្រើនលើសលប់ ដែលធ្វើឲ្យខូចតម្លៃទីផ្សារ និងបង្កឲ្យមានភាពរញ៉េរញៃសម្រាប់អ្នកប្រើប្រាស់។
ខាងលើ គឺជាវិធានការដែលរដ្ឋាភិបាលអាចធ្វើបានក្នុងការគ្រប់គ្រងទីផ្សារផ្ដាច់មុខ យ៉ាងណាមិញសម្រាប់អ្នកប្រើប្រាស់ អ្វីដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់ផលប៉ះពាល់ពីក្រុមហ៊ុនផ្ដាច់មុខ គឺការសម្រេចចិត្តប្រើប្រាស់ផលិតផលនិងសេវាកម្ម ឲ្យសមស្របនិងដោយការពិចារណា។ អ្នកប្រើប្រាស់មិនគួរគិតតែពីប្រយោជន៍ក្នុងពេលបច្ចុប្បន្ន ដោយគាំទ្រតែក្រុមហ៊ុនឬអ្នកលក់ដែលផ្ដល់អត្ថប្រយោជន៍សន្ធឹកសន្ធាប់ លក់តម្លៃទាប ឬផ្ដល់នូវការចំណេញផ្សេងៗក្នុងរយៈពេលខ្លី ប៉ុន្តែក្នុងរយៈពេលយូរបែរជាផ្ដល់នូវផលប៉ះពាល់ទៅវិញ។
ជារួមមក ការលុបបំបាត់ទីផ្សារផ្ដាច់មុខ មិនអាចលុបបំបាត់ទាំងស្រុងបានទេ ដូច្នេះដំណោះស្រាយដែលអាចអនុវត្តបាន គឺក្នុងនាមជាអ្នកប្រើប្រាស់ យើងមានសិទ្ធិក្នុងការសម្រេចចិត្តគាំទ្រ និងប្រើប្រាស់ផលិតផល និងសេវាកម្មឲ្យត្រឹមត្រូវ ហើយក្នុងករណីមានការផ្ដាច់មុខណាមួយមិនសមស្រប គឺត្រូវប្រើវិធានការលើការរឹតបន្តឹងដើម្បីឲ្យមានតុល្យភាពនៅក្នុងគោលដៅសេដ្ឋកិច្ច។
អត្ថបទទាក់ទង