យុទ្ធសាស្រ្តទីផ្សារចំនួន ៤ ដោយភ្ជាប់នឹងបញ្ញាសិប្បនិមិត្ត (AI)

បញ្ញាសិប្បនិម្មិត (Artificial Intelligence ហៅកាត់ AI) គឺជាផ្នែកមួយនៃវិទ្យាសាស្រ្តកុំព្យូទ័រ ដែលផ្ដោតទៅលើការបង្កើតនូវម៉ាស៊ីនវ័យឆ្លាតវៃដែលអាចធ្វើការ និងឆ្លើយតបដូចទៅនឹងមនុស្ស។ ឬក៏អាចថាម្យ៉ាងទៀតបានថា ភាពឆ្លាតវៃសប្បនិម្មិតគឺជាការធ្វើឲ្យកុំព្យូទ័រ មនុស្សយន្ត ឬកម្មវិធីសូហ្វែអាចគិតដោយភាពឆ្លាតវៃ ដូចទៅនឹងការគិតរបស់មនុស្ស។

វាត្រូវបានបង្កើតឡើងដោយការសិក្សាទៅលើរបៀបដែលមនុស្ស គិត រៀន សម្រេចចិត្ត ធ្វើការដោះស្រាយបញ្ហា ហើយយកលទ្ធផលទាំងនេះទៅសិក្សាលើការអភិវឌ្ឍកម្មវិធីឆ្លាតវៃ។ បញ្ញាសប្បនិម្មិត បានក្លាយជាផ្នែកមួយដ៏សំខាន់នៃឧស្សាហកម្មបច្ចេកវិទ្យា។ ចំណុចសំខាន់នៃបញ្ញាសិប្បនិមិត្ត រួមចញ្ចូលដោយការសរសេរកូដកុំព្យូរទ័រ ដើម្បីដោះស្រាយនូវលក្ខណៈមួយចំនួន ដូចជាចំណេះដឹង ការស្វែងរកហេតុផល ការដោះស្រាយបញ្ហា សមត្ថភាពយល់ដឹង ការសិក្សា ការរៀបចំគម្រោង និងសមត្ថភាពគ្រប់គ្រង និងផ្លាស់ប្ដូររបស់របរផ្សេងៗ។

ខាងក្រោមនេះ យើងនឹងបង្ហាញលោកអ្នក អំពីការប្រើយុទ្ធសាស្រ្តទីផ្សារ ដោយភ្ជាប់នឹងបញ្ញាសិប្បនិមិត្ត។

១. តើអ្វីជាការធ្វើទីផ្សារបញ្ញាសិប្បនិមិត្ត?

វាគឺជាការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីធ្វើការសម្រេចចិត្តដោយស្វ័យប្រវត្តិ ដោយផ្អែកលើការប្រមូលទិន្នន័យ ការវិភាគទិន្នន័យ និងការសង្កេតបន្ថែមពីអតិថិជន ឬនិន្នាការសេដ្ឋកិច្ចដែលអាចជះឥទ្ធិពលដល់ការខិតខំប្រឹងប្រែងផ្នែកទីផ្សារ។

២. អត្ថប្រយោជន៍នៃការប្រើបញ្ញាសិប្បនិមិត្ត

  • បញ្ញាសិប្បនិមិត្ត ជាទីកន្លែងដ៏ល្អមួយសម្រាប់ធ្វើការផ្សព្វផ្សាយ និងការផ្ដល់សេវាកម្មដល់អតិថិជន ហើយធ្វើឱ្យអតិថិជនមានការសប្បាយចិត្តក្នុងការបញ្ជាទិញ ដោយងាយស្រួលក្នុងការស្វែងរកអ្វីដែលពួកគាត់ចង់បាន។ ឧទាហរណ៍ជាក់ស្ដែង៖  ក្រុមហ៊ុន Vee24 បានប្រើ AI ជាជំនួយក្នុងការធ្វើទីផ្សារ ហើយជាលទ្ធផល វាបានជួយដល់អ្នកទីផ្សារបានយល់កាន់តែច្បាស់ពីតម្រូវការរបស់អតិថិជនគោលដៅ បង្កើនឱ្យមានអតិថិជនចូលរួមក្នុងការស្វែងរកអ្វីដែលគេចង់បាន ធ្វើឱ្យ Web page មានភាពជាក់លាក់ជាងមុន និងបង្កភាពងាយស្រួលដល់អតិថជនដោយអាចសួរព័ត៌មានលម្អិត តាមរយៈ Chat, Phone, Video ឬតាមវិធីផ្សេងៗតាមប្រព័ន្ធអនឡាញ។ ហើយក៏បានជួយដល់ក្រុមអ្នកលក់ ងាយស្រួលក្នុងការឆ្លើយតប និងជួយប្រឹក្សាបន្ថែមជាមួយអតិថិជន។
  • បញ្ញាសិប្បនិមិត្ត ក៏ជួយឱ្យដំណើរការនៃការលក់កាន់តែល្អ ដោយការប្រើទិន្នន័យលម្អិតបំផុតអំពីបុគ្គលផ្ទាល់ ការបង្ហាញពីទីតាំងភូមិសាស្រ្តជាក់លាក់ និងធ្វើឱ្យការផ្តល់ជូនផលិតផលឬសេវាកម្មដល់អតិថិជនមានគុណភាពខ្ពស់បំផុត។
  • បញ្ញាសិប្បនិមិត្ត ជួយឱ្យការទូទាត់លើការបញ្ជាទិញបានកាន់តែរលូន និងមានទំនុកចិត្តខ្ពស់ ដោយអាចទូទាត់តាម ABA ឬមធ្យោយបាយទូទាត់ផ្សេងទៀត ទៅតាមជម្រើសដ៏ល្អសម្រាប់អតិថិជន។
  • បញ្ញាសិប្បនិមិត្ត ជួយដោះស្រាយបញ្ហាផ្សេងៗ និងបំពេញតម្រូវការរបស់អតិថិជន​បាន ២៤ម៉ោង ក្នុងមួយសប្ដាហ៍ ដូចជាពេលវេលានៃការដឹកទំនិញ ផ្ដល់សេវាកម្ម និងជួយឆ្លើយតបរាល់ចម្ងល់អតិថិជន។

៣. ប្រើយុទ្ធសាស្រ្តទីផ្សារបញ្ញាសិប្បនិមិត្ត

យុទ្ធសាស្រ្តទីផ្សារបញ្ញាសិប្បនិមិត្ត មានតួនាទីសំខាន់ ២ ៖

ទី១. កម្រិតវៃឆ្លាតនៃការស៊ើបការណ៍ខ្ពស់ពីអតិថិជនគោលដៅ

ទី២. តម្រាបតាមចំណាក់ថ្នាក់នៃផលិតផលឬសេវាកម្ម ឬការឆ្លើយតបដោយវៃឆ្លាត ដូចជាការបង្កើត Chatbot ។

ដើម្បីកាន់តែលម្អិតបន្ថែមពី យុទ្ធសាស្រ្តទីផ្សារបញ្ញាសិប្បនិមិត្ត ចូរឈ្វេងយល់ពីប្រភេទនៃការភាពវៃឆ្លាតតាមប្រព័ន្ធអនឡាញ ចំនួន ២ ខាងក្រោម៖

  • ស្វ័យប្រវត្តិកម្មកិច្ចការ (Task automation) ៖ សំដៅលើការបង្កើតសារចិត្តសាស្រ្ត ដូចជាការសរសេរស្វាគមន៍ទៅកាន់អតិថិជនថ្មីៗ ឬការឆ្លើយតបរាល់ចម្ងល់អតិថិជនដែលម្ចាស់អាជីវកម្មបានកំណត់ដោយស្វ័យប្រវត្តិ តាម Facebook page ឬតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។
  • ម៉ាស៊ីនសិក្សា (Machine learning) ៖ សំដៅលើបច្ចេកទេសដ៏មានប្រជាប្រិយបំផុតនាពេលអនាគត ដោយវាមានតួនាទីសំខាន់ ក្នុងការប្រមូលទិន្នន័យជាច្រើនដើម្បីសិក្សាចរិតលក្ខណៈនៃការប្រើប្រាស់របស់អតិថិជនលើបណ្ដាញសង្គម។ ដូច្នេះវាអាចដោះស្រាយបញ្ហាលើការសម្រេចចិត្តដ៏ស្មុគស្មាញក្នុងការទិញរបស់អតិថិជន តាមរយៈការសម្របនិងបញ្ចូលនូវទិន្នន័យផ្សេងៗដែលត្រូវជាមួយនឹងតម្រូវការជាក់ស្ដែងរបស់អតិថិជនគោលដៅ។

លើសពីនេះ ម៉ាស៊ីនសិក្សា (Machine Learning) បានជំរុញការទិញតាមការផ្សាយពាណិជ្ជកម្មក្នុងប្រព័ន្ធអនឡាញ ផ្តល់យោបល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងគំរូនៃការលក់នៅក្នុងប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM) ។

៤. ឈ្វេងយល់ពីប្រភេទទាំង ៤ របស់យុទ្ធសាស្រ្តទីផ្សារបញ្ញាសិប្បនិមិត្ត

  • កម្មវិធីម៉ាស៊ីនសិក្សាប្រតិបត្តិការដោយឯករាជ្យ (Stand-alone machine-learning apps) ៖ សំដៅលើការបង្កើតឱ្យមានកម្មវិធីក្នុងការប្រឹក្សាយោបល់ជាលក្ខណៈផ្ទាល់ខ្លួន។
  • កម្មវិធីម៉ាស៊ីនសិក្សាបញ្ចូលគ្នា (Integrated machine-learning apps) ៖ សំដៅលើការបង្កើតឱ្យមានកម្មវិធីវាស់ស្ទង់ទិន្នន័យនៃការលក់ដាច់ជាងគេនៅក្នុងប្រព័ន្ធគ្រប់គ្រងអតិថិជន (CRM) លក់ផលិតផលតាមអនឡាញ បណ្ដុះបណ្ដាលពីការលក់ ការផ្ដល់ប្រឹក្សាយោបល់ និងការទិញតាមប្រព័ន្ធផ្សព្វផ្សាយអនឡាញ។
  • កម្មវិធីស្វ័យប្រវត្តិកិច្ចការប្រតិបត្តិការដោយឯករាជ្យ (Stand-alone task-automation apps) ៖ សំដៅលើការផ្ដល់សេវាកម្មដល់អតិថិជន ដោយផ្ញើសារស្វ័យប្រវត្តិជាលក្ខណៈ Chatbots នៅក្នុង Facebook Messenger ។
  • កម្មវិធីស្វ័យប្រវត្តិកម្មកិច្ចរួមបញ្ចូលគ្នា (Integrated task-automation apps) ៖ សំដៅលើការគ្រប់គ្រងព័ត៌មានអតិថិជន (CRM) ដើម្បីទំនាក់ទំនងជាមួយអតិថិជនជាលក្ខណៈប្រព័ន្ធ។

សម្រួលពី៖ How to Design an AI Marketing Strategy: What the technology can do today—and what’s next by Thomas H. Davenport, Abhijit Guha, and Dhruv Grewal, From the Magazine (July–August 2021), Harvard Business Review


អត្ថបទទាក់ទង

យុទ្ធសាស្ត្រវិភាគទីផ្សារ​ 5Cs ដែលអ្នកគួរស្វែលយល់

 

Leave a Reply

Your email address will not be published. Required fields are marked *