សិក្សាគន្លឹះសំខាន់ៗទាំង៥នេះ ដើម្បីឱ្យការវិនិយោគទទួលបានភាពជោគជ័យ
តើអ្វីទៅជាការវិនិយោគទុន?
តាមន័យសេដ្ឋកិច្ច៖ វិនិយោគ គឺជាការធ្វើប្រតិបត្តិការដើម្បីបង្កើតមូលធន មានដូចជាទ្រព្យ ក្នុងការរក្សាស្ថេរភាព សម្រាប់បម្រើសេចក្តីត្រូវការ និងចាំបាច់។ ការវិនិយោគនេះមានគោលដៅផងដែរដើម្បីបង្កើតតម្លៃនៃបេតិកភណ្ឌ។ តាមន័យនេះ ការវិនិយោគមានដូចតទៅ៖
- ការបង្កើតជាសហគ្រាស បរទេសដែលមាន បុត្រសម្ព័ន្ធ ការិយាល័យតំណាង និងសាខា
- ការទិញសហគ្រាសដែលមានរួចជាស្រេច
- ចូលដើមទុនសម្រាប់សហគ្រាសបង្កើតថ្មី
- ចូលដើមទុនសម្រាប់សហគ្រាសដែលមានស្រាប
តាមន័យគតិយុត្ត៖ វិនិយោគជាប្រតិបត្តិការប្រើប្រាស់នូវឧបករណ៍គតិយុត្ត ដើម្បីធ្វើឲ្យសេដ្ឋកិច្ចក្នុងសង្គមដំណើរការបានល្អ។ វាអាចជាការនង្កើតឡើងតាមរយៈប្រើប្រាស់ទុន ឬហ៊ុនដែលជាដើមទុនសម្រាប់បង្កើតគ្រោងសេដ្ឋកិច្ច ដែលបានផ្តល់ឲ្យអ្នកវិនិយោគទុនបានទួលនូវផលចំណេញ ក្នុងគម្រោងរបស់អ្នកវិនិយោគទាំងនោះ។
តាមច្បាប់អន្តរជាតិ៖ ការវិនិយោគទុនគឺជាការជាប់កិច្ចសន្យារវាងវិនិយោគិនបរទេស និងវិនិយោគិនខ្មែរ លើទឹកដីណាមួយតាមកិច្ចព្រមព្រៀងជាមុន ទោះនៅទីណាក៏ដោយដោយអនុលោមតាមច្បាប់ និងបញ្ញាត្តិរបស់ភាគីចុះកិច្ចសន្យា។
យ៉ាងណាមិញ ដើម្បីឱ្យការវិនិយោគទទួលបានភាពជោគជ័យ អ្នកអាចសិក្សានូវគន្លឹះសំខាន់ៗទាំង៥ខាងក្រោមនេះ៖
១. ស្គាល់ពីកត្តាភូមិសាស្ត្រ ៖ អ្នកត្រូវដឹងថាទីកន្លែង ប្រទេស តំបន់ ដែលនឹងវិនិយោគមានអំណោយផលអ្វីខ្លះពីធម្មជាតិ ដូចជា អាកាសធាតុ ខ្យល់ ភ្លៀង រុក្ខជាតិ ដី រ៉ែ និងទឹក។ វាជាកត្តាដែលធ្វើឱ្យអ្នកដឹងថាមុខជំនួញអ្វីវាសាកសមនឹងទីតាំងនោះ។
២. ស្គាល់ពីហេដ្ឋារចនាសម្ព័ន្ធ ៖ អ្នកត្រូវយល់ដឹងពីស្ថានភាពផ្លូវថ្នល់ ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន។ ជាពិសេសត្រូវស្គាល់អំពីប្រព័ន្ធទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ និងប្រព័ន្ធអគ្គិសនី និងការផ្គត់ផ្គង់ភ្លើង ដែលប្រើប្រាស់នៅក្នុង តំបន់ ឬប្រទេសនោះ។
៣. ស្គាល់ពីកត្តាប្រជាសាស្រ្ត ៖ អ្នកត្រូវដឹងអំពីចំនួនប្រជាជន ដង់ស៊ីតេ ចំណង់ចំណូលចិត្ត ប្រពៃណីទំនៀមទម្លាប់ ជំនឿ សាសនា និងវប្បធម៌ ការធ្វើបែបនេះអាចឱ្យអ្មកដឹងបរិមាណផលិតផល ឬសេវាកម្មដែលនឹងផលិតក្នុង១ខែ ឬ ១ឆ្នាំ ឬមួយវត្តនៃការវិនិយោគ។
៤. ស្គាល់ពីស្ថានភាពសេដ្ឋកិច្ច ៖ អ្នកត្រូវស្គាល់ពីស្ថានភាពជីវភាព ការងារ មុខរបរ ប្រាក់ចំណូល ប្រាក់ចំណាយ ប្រព័ន្ធធនាគារ លំហូរសាច់ប្រាក់របស់មនុស្សក្នុងតំបន់ ឬប្រទេស ដែលអ្នកនឹងធ្វើការវិនិយោគ។
៥. ស្គាល់ពីស្ថានភាពនយោបាយ ៖ អ្នកត្រូវស្គាល់គោលការណ៍ ច្បាប់ទម្លាប់ និងគោលនយោបាយរបស់រដ្ឋាភិបាល នៃប្រទេសនោះ ដូចជា ច្បាប់របស់ប្រទេស ច្បាប់ពាណិជ្ជកម្ម ច្បាប់ការងារ គោលការណ៍ពន្ធ និងច្បាប់ផ្សេងៗ។ល។
អត្ថបទទាក់ទង
ស្វែងយល់ អំពីការវិភាគ PESTLE, ការវិភាគ SWOT និងទ្រឹស្ដីកម្លាំងទាំង៥ របស់លោក Porter