តើសហគ្រិន និងសហគ្រិនភាព ជាអ្វី?
សហគ្រិនភាព
សហគ្រិនភាព គឺជាដំណើរការប្រព្រិត្តិទៅ ដែលតាមរយៈនេះបុគ្គលម្នាក់ ឬ មួយក្រុមប្រើប្រាស់ការប្រឹងប្រែងនិងមធ្យោបាយដែលបានរៀបចំដើម្បីស្វែងរកឱកាសនានាក្នុងការបង្កើតតម្លៃ និងស្វែងរកការលូតលាស់ដោយបំពេញចំណង់ និងតម្រូវការតាមរយៈនវានុវត្តន៍ និង ភាពមានតែមួយ (Uniqueness) ។ សហគ្រិនភាព គឺជាដំណើរការនៃការបង្កើតអ្វីដែលថ្មី និងទទួលយកនូវហានិភ័យ ព្រមទាំងអត្ថប្រយោជន៍នានា (Hisrich Peter, 1998)។
គំនិតយល់ច្រឡំ អំពីសហគ្រិនភាព
- សហគ្រិនភាពដែលជោគជ័យគ្រាន់តែប្រមូលយកនូវគំនិតដែលល្អប៉ុណ្ណោះ ៖ ការប្រមូលនូវគំនិតដែលល្អៗ គឺគ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះ។ ការស្វែងយល់ពីដំណាក់កាលខុសៗគ្នានៃដំណើរការបង្កើតអាជីវកម្មថ្មី គឺត្រូវចាប់ផ្តើមពីការស្វែងរកឱកាស ការប្រឈមនឹងបញ្ហានានា ការបង្កើតផែនការ និងការគ្រប់គ្រងជាដើម ទាំងនេះមិនមែនជាកិច្ចការងាយដូចការគិតទេ។
- សហគ្រិនភាព ជាការងាយស្រួល ៖ អ្នកអាចគិតថាការបង្កើតអាជវកម្មថ្មី ហាក់ដូចជាងាយស្រួល ព្រោះថាអ្នកកំពុងស្វែងរកការបំពេញមហិច្ឆិតារបស់អ្នក នោះអ្នកមានចំណង់ខ្លាំង និងភាពជោគជ័យ ប៉ុន្តែជាក់ស្តែងការបង្កើតអាជីវកម្មថ្មី មិនមែនជាការងាយស្រួលនោះទេ។ សហគ្រិនត្រូវធ្វើការផ្តេជ្ញាការងារប្រឹងប្រែង និងភាពស្វិតស្វាញនឹងការងារដើម្បីទទួលបានជោគជ័យ។
- សហគ្រិនភាព គឺជាល្បែងដែលប្រថុយនឹងហានិភ័យ ៖ ព្រោះភាពជាសហគ្រិនទាក់ទិននឹងការស្វែងរកនូវដំណោះស្រាយ និងគំនិតថ្មីៗដែលមិនឋិតថេរ នោះត្រូវតែប្រថុយប្រឋាន ពិតឬទេ ? ការអះអាងនេះមិនពិតទាំងស្រុងទេ ! ទោះបីយ៉ាងណាក៏ដោយ ក៏សហគ្រិននឹងមិនខ្លាចប្រឈមមុខនឹងហានិភ័យនោះដែរ។ ព្រោះការបង្កើតអាជីវកម្មថ្មី ត្រូវបានគិតគូរយ៉ាងប្រុងប្រយ័ត្ន ពីហានិភ័យ ហើយសហគ្រិនមានពេលវេលាគ្រប់គ្រាន់សំរាប់ការពារ និងកាត់បន្ថយហានិភ័យទាំងនោះផងដែរ។
- សហគ្រិនភាព ត្រូវបានប្រទះឃើញនៅក្នុងអាជីវកម្មខ្នាតតូចប៉ុណ្ណោះ ៖ មានមនុស្សជាច្រើនមានគំនិតយល់ច្រឡំថា ភាពជាសហគ្រិនគឺទាក់ទងតែមួយគត់ជាមួយអាជីវកម្មខ្នាតតូចប៉ុណ្ណោះ តែតាមពិតភាពជាសហគ្រិនអាចត្រូវបានប្រទះឃើញនៅក្នុងអាជីវកម្មធំៗផងដែរ។
ភាពខុសគ្នារវាងសហគ្រិនភាព និងអាជីវកម្មខ្នាតតូច
អាជីវកម្មខ្នាតតូច
- ឯករាជ្យភាព និងភាពជាម្ចាស់
- មាននិយោជិកតិចជាង ១០០នាក់
- គ្មានការអនុវត្តន៍អ្វីដែលថ្មី
- មានតែឥទ្ធិពលតិចតួចក្នុងអាជីវកម្ម
ភាពជាសហគ្រិន
- ការឆ្នៃប្រឌិត
- ទំនិញគឺការរកចំណូល និងការរីកលូតលាស់
- ស្វែងរកឱកាសថ្មី
- មានឆន្ទៈក្នុងការទទួលយកហានិភ័យ
ដំណើរការនៃការសំរេចចិត្តរបស់សហគ្រិន
ដំណើរការនៃការសំរេចចិត្តរបស់សហគ្រិនមានដូចខាងក្រោម ៖
- ផ្លាស់ប្តូរចេញពីរបៀបរស់នៅបច្ចុប្បន្ន៖ នៅក្នុងបរិយាកាសការងារពីរដែលជាករណីដ៏ប្រសើរសំរាប់បុគ្គលបង្កើតអាជីវកម្ម រួមមានការស្រាវជ្រាវអភិវឌ្ឍន៍ និង ម៉ាឃីតធីង ។
– បុគ្គលម្នាក់អាចចាកចេញពីការងារដើម្បីបង្កើតក្រុមហ៊ុនផ្ទាល់របស់គេនៅពេលដែលគេបានបង្កើតគំនិតថ្មី ហើយ តែមិនត្រូវបានទទួលយកដោយនិយោជកពួកគេ។
– អ្នកធ្វើការក្នុងវិស័យទីផ្សារ (Marketing) នៅពេលដែសសំឡឹងឃើញនូវចំណង់ ឬតំរូវការមិនទាន់បំពេញរបស់អតិថិជន ភាគច្រើនតែងតែចាកចេញពីការងាររបស់គេដើម្បីចាប់ផ្តើមអាជីវកម្មថ្មី ក្នុងបំណងបំពេញតំរូវការទាំងនោះ ។
- ឆន្ទៈនៃការបង្កើតអាជីវកម្មថ្មីៈ តាមការយល់ដឹងបានបង្ហាញថា ការចាប់ផ្តើមអាជីវកម្មថ្មីមួយ គឺជាលទ្ធផលនៃឆន្ទៈ ដែលកើតចេញមកពីវប្បធម៌ វប្បធម៌រង គ្រួសារ គ្រូបង្រៀន និងក្រុមមនុស្សដែលបុគ្គលមានចំពោះ ។
- លទ្ធភាពនៃការបង្កើតអាជីវកម្មថ្មី
– ការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលបានជួយគាំទ្រដល់អាជីវកម្ម។
– ចំណេះដឹងខាងផ្នែកទីផ្សារ រួមមានថ្លៃផលិតផល ការផ្សព្វផ្សាយលក់ និងការទំនាក់ទំនង ក៏ការជំរុញអោយមានការបង្កើតអាជីវកម្មថ្មីផងដែរ។
សារៈសំខាន់នៃសហគ្រិនភាពបច្ចុប្បន្ន
- នវានុវត្តន៍ (Innovation)
- ចំនួននៃអាជីវកម្មបង្កើតថ្មី (Number of new start-ups)
- ការបង្កើតអោយមានការងារ (Job creation)
សហគ្រិន
សហគ្រិន គឺជានរណាម្នាក់ដែលចាប់ផ្តើម និងប្រតិបត្តិការអាជីវកម្មមួយដែលថ្មី ដោយសកម្ម ជាអ្នកដែលស្វែងរកការផ្លាស់ប្តូរទៅកាន់ការរីកចំរើន វិធានការឆ្លើយតបទៅនឹង ការផ្លាស់ប្តូរទាំងនោះ ព្រមទាំងស្វែងរកឱកាសរីកចំរើនផ្សេងៗ។
សាវតាប្រជាសាស្ត្ររបស់សហគ្រិន
តាមការសិក្សាស្រាវជ្រាវបានរកឃើញកត្តាមួយចំនួនដែលទាក់ទងនឹងសាវតាប្រជាសាស្ត្ររបស់សហគ្រិន ៖
- លំដាប់កំណើតនៃគ្រួសារ (Family birth order) : ការសិក្សាជាច្រើនបានបង្ហាញថា កូនដែលមានកំណើតដំបូង មាននិន្នាការស្វែងរកនូវការទទួលខុសត្រូវកាន់តែច្រើន និង ក្លាយជាអ្នកសំរេចគោលដៅកាន់តែខ្ពស់ ដែលមានអ្នកស្រាវជ្រាវមួយចំនួន និយាយថា នេះហាក់មានទំនាក់ទំនងជាមួយការក្លាយជាសហគ្រិន។
- ភេទ (Gender) : ការសិក្សាជាច្រើនបានបង្ហាញថា បុរសហាក់មានការចាប់ផ្តើមគំនិតបង្កើតអាជីវកម្មថ្មីៗកាន់តែច្រើនបើធៀបទៅនឹងស្ត្រី។
- បទពិសោធន៍ការងារ (Work experience) : ការស្រាវជ្រាវបង្ហាញថា មានបទពិសោធន៍ការងារនៅក្នុងអាជីវកម្មខ្នាតតូច (Small business) & ធ្លាប់មានបទពិសោធន៍ជាសហគ្រិនពីមុន គឺអាចក្លាយជាសហគ្រិនយ៉ាងងាយស្រួល។
- កំរិតវប្បធម៌ (Education) : ការក្លាយជាសហគ្រិន គឺទាក់ទងយ៉ាងខ្លាំងទៅនឹងកំរិតវប្បធម៌ដែលសិក្សា។
- គ្រួសារជាសហគ្រិន (Entrepreneurial Family) : នេះទាក់ទិនទៅនឹងសាវតា នៃគ្រួសារ ដូចជាឪពុក ឬម្តាយដែលជាសហគ្រិន។
បុគ្គលិកលក្ខណៈប្រភេទណាដែលសហគ្រិនមាន ខុសពីអ្នកមិនមែនជាសហគ្រិន
- កំរិតនៃការលើកទឹកចិត្តខ្ពស់
- មានជំនឿលើខ្លួនឯង
- សមត្ថភាពដែលពាក់ព័ន្ធមានរយៈពេលវែង
- កំរិតថាមពលខ្ពស់
- អ្នកដោះស្រាយបញ្ហាអចិន្ត្រៃយ៍
- កំរិតនៃគំនិតផ្តួចផ្តើមខ្ពស់
- សមត្ថភាពដាក់ចេញគោលដៅ
- ឆន្ទៈ និងសមត្ថភាពធ្វើការដឹកនាំខ្លួនឯង
- មានភាពស្វិតស្វាញនឹងការងារបានល្អ
- ភាពប៉ិនប្រសព្វក្នុងការកែច្នៃ ។
តើសហគ្រិនមានតួនាទីធ្វើអ្វី?
សហគ្រិនមានតួនាទីត្រូវធ្វើជាបន្តបន្ទាប់តាមលំដាប់ដូចខាងក្រោម៖
- ជាដំបូងសហគ្រិនត្រូវចូលរួមវាយតំលៃសក្តានុពលសំរាប់អាជីវកម្ម និងបន្ទាប់មកត្រូវដោះស្រាយបញ្ហានានាក្នុងពេលចាប់ផ្តើម។
- ចាប់ផ្តើមដំណើរការធ្វើផែនការអាជីវកម្មថ្មី។
- ត្រូវក្រឡេកមើលពីការចាត់ចែងអាជីវកម្ម។
- ចាប់ផ្តើមដំណើរការអាជីវកម្ម
- គ្រប់គ្រងអាជីវកម្មអោយដំណើរការប្រកបដោយជោគជ័យ។ ដំណាក់កាលនេះទាក់ទិនទៅនឹងការធ្វើការសំរេច ការធ្វើផែនការសកម្មភាព ការវិភាគពីបរិស្ថាននានាដែលជាឱកាស និងការគំរាមកំហែង ព្រមទាំង ធ្វើការវាស់វែង និង វាយតម្លៃពីលទ្ធផលនានា ។
- ដំណាក់កាលចុងក្រោយ សហគ្រិន ចូលរួមក្នុងសកម្មភាពនានាដែលទាក់ទងនឹងការគ្រប់គ្រងការលូតលាស់នៃអាជីវកម្ម
ខ្ញុំចង់អោយលោកគ្រូបង្ហាញពីការងារមួយនេះអោយកាន់តែច្បាស់