វិធីសាស្រ្ត ៩ យ៉ាង ដើម្បីជ្រើសរើសសហស្ថាបនិកអាជីវកម្មរបស់អ្នក
ការជ្រើសរើសដៃគូពាណិជ្ជកម្ម ឬសហស្ថាបនិក គឺជាការសម្រេចចិត្តដ៏សែនពិបាកមួយសម្រាប់សហគ្រិនទាំងឡាយ។ វាជាចំណុចស្នូលដ៏ធំមួយដែលមានសារៈសំខាន់ជាងផលិតផល ការស្វែងរកទីផ្សារ និងម្ចាស់ភាគហ៊ុនរបស់អ្នកទៅទៀត។
ស្ថាបនិកសម្រាប់ក្រុមហ៊ុនដែលចាប់ផ្ដើមដំបូង មានគ្នាត្រឹមតែពីរនាក់ គឺល្អ និងសាកសមបំផុត ហើយចាំបាច់អ្នកទាំងពីរ ត្រូវតែមានប្រវត្តិធ្លាប់ធ្វើការជាមួយនឹងគ្នា មានអាយុស្របាលគ្នា មានប្រភពហិរញ្ញវត្ថុក្នុងចំនួនប្រហាក់ប្រហែលគ្នា និងជាពិសេស គឺមានការគោរពចំពោះគ្នាទៅវិញទៅមក។ ក្នុងនោះត្រូវមានម្នាក់ជាមនុស្សដែលពូកែផលិត ឬអភិវឌ្ឍន៍ផលិតផល និងសេវាកម្ម ចំណែកម្នាក់ទៀតជាមនុស្សដែលពូកែក្នុងការលក់ផលិតផល និងសេវាកម្មទាំងនោះ។
ខាងក្រោមនេះ ជាគន្លឹះខ្លះៗ ដែលនឹងជួយធ្វើជាឧបករណ៍ត្រួសត្រាយផ្លូវ សម្រាប់ផ្ដល់ជាគំនិតដល់សហគ្រិនថ្មីថ្មោង ក្នុងការជ្រើសរើសដៃគូពាណិជ្ជកម្មរបស់ខ្លួន៖
១. ត្រូវជ្រើសរើសមនុស្សដែលអ្នកធ្លាប់ធ្វើការ ឬមានទំនាក់ទំនងជាមួយកាលពីមុនមក
ការជ្រើសរើសសហស្ថាបនិកសម្រាប់មុខជំនួញមួយ គឺប្រៀបបីដូចជាការជ្រើសរើសគូស្រករសម្រាប់ជីវិតរបស់យើងដូចគ្នាដែរ។ យើងមិនអាចរៀបការជាមួយនឹងមនុស្សណាម្នាក់ ដែលយើងទើបតែជួបបាននោះទេ អ្វីៗត្រូវចាប់ផ្ដើមពីការទាក់ទង និងមើលចិត្តគ្នាជាមុនសិន។ បទពិសោធន៍នៃការធ្វើការជាមួយនឹងគ្នារវាងមនុស្សពីរនាក់ និងលទ្ធភាពក្នុងឆ្លងកាត់ដំណាក់កាលលំបាកៗជាមួយនឹងគ្នាបាន នោះជាអ្វីដែលដៃគូជំនួញត្រូវការពីគ្នាទៅវិញទៅមក។
២. ស្ថាបនិកត្រូវមានគោលបំណងស្របគ្នា
ប្រសិនបើស្ថាបនិកម្នាក់ ចង់ផលិតនូវផលិតផលដែលល្អបំផុត ប៉ុន្តែម្នាក់ទៀតបែរជាចង់តែស្វែងរកផលចំណេញ ឬធ្វើដើម្បីតែកេរ្ដិ៍ឈ្មោះនិងភាពល្បីល្បាញ នោះអ្វីៗវានឹងមិនអាចទៅរួចឡើយ។ ពេលដែលលោកអ្នកមានគោលបំណងចង់សហការជាមួយនឹងនរណាម្នាក់ សូមត្រួតពិនិត្យអោយបានហ្មត់ចត់ ថាតើគោលបំណងពិតប្រាកដរបស់មនុស្សម្នាក់នោះគឺជាអ្វី ដោយសំអាងទៅលើសកម្មភាព របស់គេ ជាជាងស្ដាប់នូវអ្វីដែលគេនិយាយ។
៣. កុំបញ្ឈប់ការស្វែងរកដៃគូដែលសាកសមជាមួយនឹងអ្នក
ប្រសិនបើអ្នកមានអារម្មណ៍ថា អ្វីៗហាក់មិនដំណើរការទៅតាមអ្វីដែលអ្នកចង់បាននោះទេ សូមកុំបញ្ឈប់ ត្រូវបន្តស្វែងរកដៃគូដែលអ្នកមានអារម្មណ៍ថាសាកសមនឹងខ្លួនឯង ក៏ដូចជាធ្វើអោយមុខជំនួញរបស់អ្នកអាចដំណើរការទៅមុខបាន។ ស្ថានភាព និង វប្បធម៌នៅក្នុងក្រុមហ៊ុនមួយគឺជាឥទ្ធិពលដែលទទួលបាន ពីអត្តចរិតរបស់ស្ថាបនិកដោយផ្ទាល់។
៤. ក្រុមហ៊ុនដែលមានស្ថាបនិកចំនួនពីររូប គឺសាកសមបំផុត
លេខពីរ គឺជាលេខដែលសាកសមបំផុត ក្នុងការបង្កើតពាណិជ្ជកម្មថ្មី។ ជាឧទាហរណ៍សាកល្បងគិតពី៖
- ក្រុមហ៊ុន Apple ដែលបង្កើតឡើងដោយលោក Steve Jobs និងលោក Steve Wozniak
- ក្រុមហ៊ុន Microsoft ដោយលោក Paul Allen និងលោក Bill Gates
- ក្រុមហ៊ុន Oracle ដោយលោក Larry Ellison និង លោក Ray Lane
- ក្រុមហ៊ុន HP ដោយលោក Bill Hewlett និងលោក Dave Packard
- ក្រុមហ៊ុន Google ដោយលោក Larry Page និងលោក Sergey Brin។
ក្រុមហ៊ុនដែលបង្កើតដោយស្ថាបនិកតែម្នាក់ ក៏អាចដំណើរការទៅមុខបានដែរ តែត្រូវឆ្លងកាត់ព្យុះភ្លៀង និងឧបសគ្គច្រើនជាងក្រុមហ៊ុនដែលបង្កើតដោយស្ថាបនិកពីរនាក់។ ចំណែកក្រុមហ៊ុនដែលមានស្ថាបនិកបីនាក់ ក៏មានលទ្ធភាពប្រហាក់ប្រហែលនឹងក្រុមហ៊ុនដំណើរការដោយស្ថាបនិកតែម្នាក់ដែរ។ ក៏ប៉ុន្តែនៅក្នុងក្រុមហ៊ុនដែលមានស្ថាបនិកបីនាក់ បញ្ហាផ្ទៃក្នុង ជួនកាលអាចចោទឡើងជាបញ្ហា ជាឧទាហរណ៍ដូចជាការបោះឆ្នោតទម្លាក់មនុស្សម្នាក់ ឬការដណ្ដើមកៅអីថ្នាក់ដឹកនាំជាដើម ។ល។ ទោះបីជាយ៉ាងណា បញ្ហាទាំងអស់នេះ ក៏អាចមានលទ្ធភាពដោះស្រាយបានដែរ ដោយការចរចារ និងដោះស្រាយតាមសន្តិវិធី។
ចំណែកសម្រាប់ក្រុមហ៊ុនដែលមាន ស្ថាបនិក៤នាក់វិញ ការបែងចែកការគ្រប់គ្រង និងដំណើរការនៃការងារពិតជាស្មុគស្មាញ ហើយប្រាកដណាស់ ស្ថានភាពក្នុងក្រុមហ៊ុនគឺពិតជាមិននឹងនរ។ ហើយបើសិនជាក្រុមហ៊ុនមួយ មានស្ថាបនិកចាប់ពី៥នាក់ឡើងវិញ គឺរឹតតែមិនចាំបាច់និយាយតែម្ដង។ អ្វីដែលជាចំនុចដែលត្រូវកត់ចំណាំនោះគឺ ប្រសិនបើក្រុមហ៊ុនដែលមានស្ថាបនិក ចាប់ពី៤ ទៅ៥នាក់ឡើង អាចទទួលបានជោគជ័យ នោះគឺដោយសារតែមានស្ថាបនិកចំនួន២រូប ដែលមានអាទិភាពនិងសិទ្ធអំណាចធំជាងគេនៅក្នុងក្រុមហ៊ុននោះ។
មូលហេតុដែលក្រុមហ៊ុន មានស្ថាបនិកពីរនាក់ងាយនឹងទទួលជោគជ័យនោះ គឺដោយសារតែការឯកភាព និងយល់ស្របយោបល់អាចមានលទ្ធភាពកើតឡើងបាន គ្មានការប្រកាន់ ឬបែងចែកបក្សពួក ផលប្រយោជន៍ងាយស្រួលក្នុងការបែងចែក និងជាពិសេសភាគហ៊ុនរបស់ស្ថាបនិកគឺខ្ពស់ទៅតាមប្រាក់ចំណេញ។
៥. ស្ថាបនិកម្នាក់ត្រូវតែពូកែបង្កើតផលិតផល ចំណែកម្នាក់ទៀតត្រូវតែពូកែលក់ និងផ្សព្វផ្សាយ
ស្ថាបនិកដែលពូកែក្នុងការបង្កើត ពេលខ្លះអាចមានលទ្ធភាពផលិតគម្រូ និងបង្កើតដោយសម្រេចនូវផលិតផលមួយ តាំងពីដើមរហូតដល់ចប់បាន។ ចំណែកស្ថាបនិកដែលពូកែផ្សព្វផ្សាយ អាចមានលទ្ធភាពលក់អោយអតិថិជន ស្វែងរកដៃគូ អ្នកវិនិយោគ និងបុគ្គលិកបានយ៉ាងជំនាញ។
អ្នកដែលមានតួនាទីក្នុងការផ្សព្វផ្សាយ មិនចាំបាច់មានជំនាញជាអ្នកលក់ ឬ ពាណិជ្ជករនោះទេ ជួនកាលគាត់អាចមានបទពិសោធន៍ជាអ្នកបច្ចេកទេស ក៏ប៉ុន្តែគាត់ត្រូវតែមានលទ្ធភាពប្រើប្រាស់ជំនាញបញ្ចុះបញ្ចូល។ ជាឧទាហរណ៍លោក Bill Gates និងលោក Steve Jobs មិនមែនជាអ្នកលក់ទេ ប៉ុន្តែពួកគាត់គឺជាអ្នកផ្សព្វផ្សាយ។
៦. សហគ្រិនដែលជោគជ័យ ត្រូវមានបីចំណុចគឺ ភាពឈ្លាសវៃ ថាមពល និងសុច្ចរិតភាព
ការជ្រើសរើសដៃគូពាណិជ្ជកម្ម គឺមិនមែនជ្រើសរើសមនុស្សដែលយើងធំដឹងក្ដីមកជាមួយគ្នា ឬជាមនុស្សដែលយើងចូលចិត្តបំផុតនោះទេ។ ប៉ុន្តែគឺជាមនុស្សដែលពោរពេញទៅដោយចំណុចសំខាន់បី នោះគឺ ភាពឈ្លាសវៃ ថាមពល រួមនឹងសុច្ចរិតភាព។ សម្រាប់ខ្លួនអ្នកផ្ទាល់ អ្នកក៏ត្រូវតែទាមទារអោយមាននូវចំណុចសំខាន់ទាំងបីនេះដែរ ហើយអ្នកទាំងពីរត្រូវតែធ្លាប់សហការ ឬធ្វើការងារជាមួយនឹងគ្នា ចំណុចនេះគឺដើម្បីអ្នកអាចមានលទ្ធភាពវាយតម្លៃសមត្ថភាពរបស់ដៃគូអ្នកផងដែរ។
៧. ជ្រើសរើសមនុស្សដែលល្អ
ជៀសវាងការជ្រើសរើសមនុស្សដែលគិតខ្លី និងគ្មានទស្សនវិស័យវែងឆ្ងាយ។ ត្រូវជ្រើសរើសមនុស្សដែលមានវិជ្ជាជីវៈ និងសីលធម៌ខ្ពស់ ឬជាមនុស្សដែលមានជំនឿថា មនុស្សដែលល្អពិតជាអាចទទួលបានជោគជ័យនៅទីបំផុត។ ចំណុចដែលគួរប្រុងប្រយ័ត្ននោះ គឺការជ្រើសរើសបុគ្គលដែលនឹងក្លាយទៅជា ស្ថាបនិកផ្នែកផ្សព្វផ្សាយ និងផ្នែកលក់របស់អ្នក។
៨. អ្វីដែលសហគ្រិនភាគច្រើនមិនបានដឹង និងចាប់អារម្មណ៍
ចំណុចនេះគឺស្ថាបនិកដែលជាអ្នកផ្សព្វផ្សាយ ហើយគ្មានចំណេះដឹងផ្នែកបច្ចេកទេស តែងតែជ្រើសរើសសហស្ថាបនិកផ្នែកបច្ចេកទេសដែលខុស ដូចជាជ្រើសរើសដោយមើលទៅលើបទពិសោធន៍ជាដើម។ល។ ចំណែកស្ថាបនិកដែលជាអ្នកបច្ចេកទេសវិញ តែងតែជ្រើសរើសសហស្ថាបនិកផ្នែកផ្សព្វផ្សាយ ដោយយោងទៅលើសញ្ញាប័ត្រអនុបណ្ឌិតផ្នែកពាណិជ្ជកម្មរបស់ពួកគេទៅវិញ។
អ្វីដែលសហគ្រិនថ្មីថ្មោងគួរធ្វើនោះគឺ ស្វែងយល់អោយបានច្រើនពីភាគីម្ខាងទៀត ដើម្បីទទួលបាននូវគំនិតដែលពេញលេញ ហើយប្រសិនបើអ្នកយល់ថាម្នាក់នោះមិនសាកសមនោះទេ ត្រូវស្វែងរកដៃគូដទៃទៀត។
ចំពោះសំណួរដែលសួរថា ប្រសិនបើមនុស្សដែលសាកសមនឹងអ្នកហើយនោះ មានមុខជំនួញឬពាណិជ្ជកម្មផ្ទាល់ខ្លួនរួចហើយ តើអ្នកគួរធ្វើបែបណា? ងាយស្រួលបំផុត អ្នកគ្រាន់តែស្នើអោយពួកគេជួយអ្នកត្រឹម Part-time ក៏បាន ពីព្រោះនៅពេលដែលគំនិតពាណិជ្ជកម្មរបស់អ្នកមានភាពទាក់ទាញ មនុស្សដែលអ្នកជ្រើសរើសនឹងបញ្ឈប់គំនិតរបស់ពួកគេ ហើយចូលរួមជាមួយអ្នកដោយពេញលេញ។
៩. ត្រូវចងចាំថាការបែកបាក់ គឺពិតជាអារម្មណ៍ដែលពិបាកនឹងទទួលយក
ប្រសិនបើអ្នកមានអារម្មណ៍ចង់ចែកផ្លូវជាមួយនឹងដៃគូពាណិជ្ជកម្មរបស់អ្នក ពីព្រោះអ្វីៗហាក់មិនដំណើរការតាមដែលអ្នកចង់បាន គួរតែធ្វើវាឲ្យបានលឿន ពេលអ្នកស្ថិតក្នុងដំណាក់កាលដំបូង ជ្រើសរើសទិញយកភាគហ៊ុនដែលអាចធ្វើឲ្យក្រុមហ៊ុននៅតែអាចដំណើរការទៅបាន ហើយធ្វើការជ្រើសរើសមនុស្សដែលល្អសាកសមជាងដៃគូចាស់របស់អ្នក ដើម្បីមកបំពេញតួនាទីដែលខ្វះខាត។ ចូរបង្កើតនូវប្រព័ន្ធតម្លៃភាគហ៊ុនរបស់ស្ថាបនិក ( Founder Vesting) សម្រាប់ស្ថាបនិកដែលចង់ចាកចេញ ហើយលក់ភាគហ៊ុនរបស់ខ្លួន ដើម្បីកុំឲ្យការបែកបាក់កាន់តែមានភាពស្មុគស្មាញ និងរញ៉េរញ៉ៃ។ ចំណុចសំខាន់បន្ទាប់ដែលអ្នកត្រូវចងចាំ គឺត្រូវស្វែងរកដៃគូថ្មី ហើយកុំព្យាយាមធ្វើវាតែម្នាក់ឯងឲ្យសោះ ពីព្រោះការដំណើរការក្រុមហ៊ុនតែម្នាក់ឯង ប្រៀបបីដូចជាការមើលថែកូន ដោយគ្មានប្ដី ឬប្រពន្ធយ៉ាងដូច្នោះដែរ។
សម្រួលពី៖ AngelList (July 14, 2017), How To Pick A Co-Founder
អត្ថបទទាក់ទង