តើទីផ្សារសេរី​មានលក្ខណៈយ៉ាងណាខ្លះ?

ប្រព័ន្ធសេដ្ឋកិច្ច (Economic System) គឺជាប្រព័ន្ធនៃផលិតកម្ម ការចាត់ចែងធនធាន និងការបែងចែក ទំនិញ និងសេវាកម្មនៅក្នុងសង្គមមួយ ឬតំបន់ភូមិសាស្ត្រណាមួយ។ ប្រព័ន្ធសេដ្ឋកិច្ចនៅលើសាកលលោកត្រូវបាន បែងចែកចេញជា ៤ ប្រភេទធំៗគឺ ប្រព័ន្ធសេដ្ឋកិច្ចប្រពៃណី (Traditional Economic System) ប្រព័ន្ធសេដ្ឋកិច្ចផែនការ (Planned Economic System) ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System) និង ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ (Mixed Economic System)។

ទីផ្សារសេរី គឺជាប្រព័ន្ធសេដ្ឋកិច្ចដែលមនុស្សគ្រប់គ្នាអាចចូលរួមសកម្មភាពនៃការជួញដូរបានដោយសេរី គ្មានការលូកដៃ ឬកំណត់ថ្លៃដោយរដ្ឋាភិបាល និងមិនមែនម៉ូណូប៉ូល តែវាស្ថិតនៅក្រោមអន្តរាគមន៍ពីរដ្ឋដដែល  ខណៈដែលមានបញ្ហាណាមួយកើតឡើងនៅលើទីផ្សារ ដូចជាការលក់បង្ខូចថ្លៃជាដើម។

នៅក្នុងប្រព័ន្ធទីផ្សារសេរី អ្នកលក់ និងអ្នកទិញអាចធ្វើប្រតិបត្តិការជួញដូរដោយសេរី នៅពេលដែលពួកគេព្រមព្រៀងគ្នាលើតម្លៃនៃទំនិញឬសេវាកម្ម។ ជាឧទាហរណ៍ សន្មត់ថាអ្នកលក់មានបំណងចង់លក់ម៉ូតូរបស់ខ្លួនក្នុងតម្លៃ $២.២០០ ហើយអ្នកទិញមានបំណងទិញម៉ូតូនោះក្នុងតម្លៃ $២.០០០។ ប្រតិបត្តិការនៃការលក់ទិញនេះ នឹងកើតមានឡើង នៅពេលដែលពួកគេព្រមព្រៀងគ្នានៅក្នុងតម្លៃណាមួយនោះ។

គេអាចចាត់ទុកទីផ្សារនៃប្រទេសមួយថាជាទីផ្សារសេរី ដរាបណាមានការចូលរួមលក្ខណៈទាំង ៨ ខាងក្រោមនេះ៖

១. ការគ្រប់គ្រងទីផ្សារសេរី

ការគ្រប់គ្រងទីផ្សារសេរីនៅទីនេះ មានន័យថា ជាការបង្កើតឲ្យមានទីផ្សារ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ និងជួយរកប្រភពចំណូលជូនអ្នកផ្គត់ផ្គង់ មានយុត្តិធម៌ និងជាទីផ្សារមួយដ៏មានប្រសិទ្ធិភាព។ ក្នុងន័យនេះដែរ រដ្ឋដើរតួនាទីជាអ្នកគ្រប់គ្រងលើច្បាប់មូលបត្រ បរិស្ថាន ការការពារសិទ្ធិ និងអត្ថប្រយោជន៍អ្នកប្រើប្រាស់ និងព្យាយាមជំរុញឲ្យមានការប្រកួតប្រជែងកាន់តែច្រើន តែលើកលែងការព្យាយាមប្រកួតដោយការលក់បង្ខូចថ្លៃ។ វាផ្ទុយពីសេដ្ឋកិច្ចផែនការដែលធ្វើការគ្រប់គ្រង កំណត់ថ្លៃទំនិញ ឬសេវាកម្មលើទីផ្សារ រដ្ឋជាអ្នកកំណត់ផលិត និងសម្រេចចិត្តផ្តល់ការងារ។

២. ជំរុញឲ្យមានការប្រកួតប្រជែង និងប្រឆាំងនូវការដណ្តើមផ្តាច់មុខទីផ្សារ

មានកត្តាជាច្រើនដែលជាអ្នករារាំងដល់សកម្មភាពនៃការប្រកួតប្រជែងលើទីផ្សារ ដូចជាម៉ូណូប៉ូល ឬការលក់ផ្តាច់មុខ ឬការឃុបឃិតគ្នារវាងអ្នកផ្គត់ផ្គង់ដើម្បីគាបយកផលចំនេញពីអតិថិជន។ វាត្រូវមានការលូកដៃពីរដ្ឋដើម្បីការពារផលប្រយោជន៍អតិថិជន និងអ្នកប្រើប្រាស់។ 

៣. ការផ្គត់ផ្គង់

មិនថាអ្នកជានរណា មកពីណា សុទ្ធតែអាចសម្រេចចិត្តចាប់ផ្តើមអាជីវកម្ម និងផ្គត់ផ្គង់ទំនិញ សេវាកម្ម វិនិយោគកម្លាំងពលកម្ម (ជាអ្នកជួលមនុស្សមកធ្វើការងារ) ក្នុងទីផ្សារបានទាំងអស់។ វាមានភាពខុសគ្នាពីសេដ្ឋកិច្ចផែនការដែលរដ្ឋជាអ្នកសម្រេចចិត្តផលិត ផ្គត់ផ្គង់ ឬជ្រើសរើសថានរណាអាចបំពេញការងារបាន។ ការផ្គត់ផ្គង់កើនឡើង ខណៈដែលមានតម្រូវការអតិថិជនកើនឡើង។

៤. តម្រូវការ

មនុស្សគ្រប់គ្នា អាចចូលទៅក្នុងទីផ្សារដើម្បីទិញទំនិញ សេវាកម្ម ដាក់ពាក្យបំរើការងារបានគ្មានរបាំងរារាំងអ្វីឡើយ។ តម្រូវការទំនិញរបស់អតិថិជនគឺវាអាស្រ័យលើការចង់បាន តម្រូវការចាំបាច់ និងការចូលចិត្តរបស់គាត់។  

៥. ថ្លៃ

តម្លៃនៃ ផលិតផលនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីមានភាពប្រកួតប្រជែងដែលកំណត់ដោយការផ្គត់ផ្គង់និងតម្រូវការ។ ថ្លៃទំនិញនឹងកើនឡើងនៅពេលណាតម្រូវការកើនឡើង តែការផ្គត់ផ្គង់នៅថេរឬថយចុះ។ តែតម្លៃទំនិញនឹងចុះទាបខណៈដែលតម្រូវការទំនិញតិចនៅលើទីផ្សារ តែការផ្គត់ផ្គង់ច្រើន។

៦. ធាតុចេញ

គុណភាពនៃធាតុចេញរបស់ទំនិញឬសេវាកម្ម វាក៏ត្រូវបានកំណត់ដោយការផ្គត់ផ្គង់ និងតម្រូវការដែរ មានន័យថានៅពេលដែលការផ្គត់ផ្គង់ និងតម្រូវការមានបរិមាណប្រហាក់ប្រហែលគ្នា វាគ្មានអតិរេកឬឱនភាពនៃការផ្គត់ផ្គង់ឡើយ។ នៅពេលនោះវាក៏គ្មានកើតឡើងនូវការខូចថ្លៃទំនិញខ្លាំងដែរ ព្រោះវាមិនមានការសល់ ឬខ្វះទំនិញលើទីផ្សារ។

៧. ទំនិញទូទៅ ឬទំនិញសាធារណៈ

វាជាបញ្ហាចោទមួយលើការគ្រប់គ្រងទំនិញសាធារណៈ (Common Goods) ដូចជាទន្លេ បឹង បួរ ខ្យល់ ជាដើម ព្រោះគ្មានឯកជនណាមកត្រួតត្រាជាកម្មសិទ្ធិលើទំនិញឯកជននេះបានទេ។ ដូច្នេះហើយ ទំនិញសាធារណៈទាំងនោះ អាចនឹងត្រូវរងការបំផ្លិចបំផ្លាញ ឬការទន្ទ្រានដោយខុសច្បាប់ក៏មាន។

៨. ព័ត៌មាន

ក្នុងសេដ្ឋកិច្ចទីផ្សារសេរី ព័ត៌មានត្រូវបានចែករំលែក ហើយរដ្ឋក៏ព្យាយាមធ្វើយ៉ាងណាឲ្យព័ត៌មានដែលគួរតែជាអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ឬអតិថិជន បានទៅដល់ពួកគេយ៉ាងពិតប្រាកដដើម្បីគេងាយស្រួលក្នុងការសម្រេចចិត្ត។ តែក៏នៅមានសិទ្ធិរក្សាព័ត៌មានសំងាត់មួយចំនួន ដើម្បីទុកផ្លូវរស់ដល់អ្នកផ្គត់ផ្គង់ទាំងឡាយចៀសវាងការលួចព័ត៌មានដើម្បីប្រកួតប្រជែង។

ជាការពិតណាស់ មូលដ្ឋានគ្រឹះទ្រឹស្តីនៃសេដ្ឋកិច្ចទីផ្សារ ត្រូវបានបង្កើតឡើង និងអភិវឌ្ឍដោយអ្នកសេដ្ឋកិច្ចសម័យបុរាណ មានដូចជា លោក អាដាម ស្មីត (Adam Smith—1723-1790) លោក ដេវីត រីកាដូ (David Ricardo—1772-1823) និង លោក ហ្សង់ បាទីស សេ (Jean-Baptiste Say—1767-1832) ជាដើម។ ពួកគេជឿជាក់ថា ការគាំពារនិយម និងការធ្វើអន្តរាគមន៍ពីរដ្ឋាភិបាលនឹងនាំឱ្យកើតមានឡើងនូវអប្រសិទ្ធិភាពសេដ្ឋកិច្ច (Economic Inefficiencies) ដែលកិច្ចការនេះនឹងធ្វើឱ្យជីវភាពប្រជាជនកាន់តែលំបាក។


អត្ថបទទាក់ទង

២៨ ចំណុចសំខាន់ៗដែលអាចបង្កើនចំណេះដឹងទីផ្សាររបស់អ្នក

 

Leave a Reply

Your email address will not be published. Required fields are marked *